ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានបដិសេធថាលោកមិនបានបញ្ជទៅអភិបាលរាជធានី-ខេត្ត ឲ្យណែនាំសមត្ថកិច្ចធ្វើការរារាំង ឬគាបសង្កត់ប្រជាពលរដ្ឋណាម្នាក់ មិនឲ្យចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌដូចការបកស្រាយបំផ្លើសមួលបង្កាច់របស់បុគ្គល និងសារព័ត៌មានមួយចំនួនដែលមាននិន្នាការប្រឆាំងនោះឡើយ។
បើតាមសារជាសំឡេងរបស់លោក ស ខេង បានផ្ញើទៅអភិបាលរាជធានី-ខេត្តកាលពីថ្ងៃទី ១០ ខែកញ្ញាលោកមានប្រសាសន៍ថា៖ «សូមជម្រាបជូន លោកជំទាវឯកឧត្តម អភិបាលរាជធានី-ខេត្តទាំងអស់មេតា្តជ្រាបថា ពួកប្រឆាំងក្រៅច្បាប់នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌហ្នឹង វាបានណែនាំឲ្យគ្នីគ្នាគេចុះទៅតាមវត្តឲ្យបានច្រើនពេលភ្ជុំបិណ្ឌដើម្បីជាឱកាសជួបជុំគ្នាហើយនិងគេពិភាក្សា ឬក៏រៀបចំផែនការខ្មៅរបស់គេនោះ។ ដូច្នេះហើយឥឡូវនេះ យើងនាំគ្នារៀបចំតាមខ្ញុំ រៀបចំមន្ត្រីចុះតាមវត្តហើយម្យ៉ាងបុណ្យភ្ជុំបិណ្ឌ ម្យ៉ាងទៀតគឺយើងត្រូវគ្រប់គ្រងសភាពការណ៍ឲ្យបានល្អផង»។
យោងតាមគេហទំព័រ ហ្វេសប៊ុករបស់លោក ស ខេង កាលពីថ្ងៃទី ១៧ ខែកញ្ញាលើកឡើងថា សំឡេងរបស់លោកដែលបានផ្ញើទៅអភិបាលរាជធានី- ខេត្តគឺមិនបានបញ្ជាឲ្យរារាំង ឬគាបសង្កត់ប្រជាពលរដ្ឋណាម្នាក់មិនឲ្យចូលរួមប្រារព្ធពិធីបុណ្យនោះទេ។
លោកបញ្ជាក់ថា៖ «កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៩ ខ្ញុំព្រះករុណាខ្ញុំ បានផ្ញើសារសំឡេងទៅអភិបាល រាជធានី-ខេត្ត ណែនាំឲ្យខិតខំ និងគ្រប់គ្រងសភាពការណ៍ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងឱកាសដែលប្រជាពលរដ្ឋទូទាំងប្រទេសកំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ...មានបុគ្គល និងសារព័ត៌មានមួយចំនួនដែលមាននិន្នាការប្រឆាំងបានយកទៅធ្វើអាជីវកម្ម បកស្រាយបំផ្លើស និងមួលបង្កាច់ក្នុងន័យថាខ្ញុំព្រះករុណាបានរារាំង ឬគាបសង្កត់ប្រជាពលរដ្ឋក្នុងការធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនាទៅវិញ»។
លោកបានបន្ថែមថា៖ «នេះជាចេតនាអាក្រក់ដែលខ្ញុំព្រះករុណាខ្ញុំមិនទទួលយកបានឡើយ។ ក្នុងនាមជាអ្នកទទួលខុសត្រូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសម្រាប់ប្រទេសជាតិខ្ញុំព្រះករុណាខ្ញុំ មានសិទ្ធិ និងកាតព្វកិច្ចតាមផ្លូវច្បាប់ក្នុងការដាក់ចេញបទបញ្ជា ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសម្រាប់គ្រប់គ្រងព្រឹត្តិការណ៍នានា»។
ប៉ុន្តែលោកថាលោកមានសិទ្ធិចេញបញ្ជាឲ្យមន្ត្រីក្រោមឱវាទក្នុងការគ្រប់គ្រង សភាពការណ៍ ហើយសកម្មភាពទាំងឡាយណាដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាពស្ថិរភាពនយោបាយ បំផុសបំផុលឲ្យមានអំពើហិង្សាចលនាបំបែកបំបាក់ផ្ទៃក្នុងជាតិឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវមានវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតហើយលោកក៏បានឆ្លៀតឱកាសអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមថែរក្សាសុខសន្តិភាពផងដែរ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកថ្លែងថា ការបកស្រាយរបស់ស្ថាប័នព័ត៌មាន ឬស្ថាប័នសិទ្ធិមនុស្សទៅលើសារ ឬក៏ទង្វើរបស់មន្ត្រីជាន់ខ្ពស់គឺជាសិទ្ធិសេរីភាពប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ ហើយការបញ្ចេញមតិរបស់ពួកគេគឺមិនបានរំលោភបំពានច្បាប់នោះទេ។
លោកថា៖ «សម្រាប់អ្នកដែលយើងធ្វើការផ្នែកសង្គមស៊ីវិល យើងពិនិត្យមើលទៅទិដ្ឋភាពបែបហ្នឹង និងដោយផ្អែកលើមូលដ្ឋានសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ គេធ្វើការវាស់វែងទៅលើសិទិ្ធសេរីភាព ឬច្បាប់ជាតិ និងអន្តរជាតិ ដើម្បីវាយតម្លៃទៅសាររបស់គាត់ (ថ្នាក់ដឹកនាំ)។ វាមិនមែនជាការបកស្រាយខុសនោះទេដោយសារនេះគឺជាការមើលឃើញរបស់បុគ្គលមួយចំនួន»។
លោកបន្ថែមថាការចេញសារបកស្រាយរបស់លោក ស ខេង ធ្វើឡើងដើម្បីលុបបំបាត់ការចោទប្រកាន់ និងការរិះគន់ផ្សេងៗដោយសារតែមានអ្នករិះគន់លើសាររបស់លោកថា បានរំលោភសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
ប៉ុន្តែលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថាសាររបស់លោក ស ខេង មិនមានចំណុចណាមួយដែលបង្ហាញថា លោកមានចេតនារារាំងប្រជាពលរដ្ឋមិនឲ្យចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនោះទេតែបែរជាមានបុគ្គល និងសារព័ត៌មានមួយចំនួនយកទៅផ្សព្វផ្សាយខុសពីខ្លឹមសារពិតប្រាកដរបស់លោកតាមបណ្តាញសង្គម។
លោកថ្លែងថា៖ «ខ្ញុំបានឮសាររបស់សម្តេច ក្រឡាហោម តាមវិទ្យុបារាំងហើយសាររបស់លោកនោះគឺក្នុងន័យផ្តល់ការណែនាំទៅដល់ថ្នាក់រាជធានី-ខេត្ត ឲ្យយកចិត្តទុកដាក់ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយនិងឃ្លាំមើលការប្រមូលផ្តុំខុសច្បាប់ ដែលទទួលលោក សម រង្ស៊ី ហើយសារនេះមិនមានចំណុចណាមួយដែលបង្ហាញថា សម្តេចក្រឡាហោម មានចេតនារារាំងប្រជាពលរដ្ឋ មិនឲ្យចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនោះទេ»។ «នៅស្រុកយើង សម្បូរអ្នកដែលយកសាររបស់ថ្នាក់ដឹកនាំបកស្រាយរួមទាំងកាសែត មួយចំនួន និងអ្នកប្រើប្រាស់បណ្តាញសង្គម។ ពួកគាត់ពេលខ្លះធ្វើការបកស្រាយខុសពីខ្លឹមសារ ឬសាច់រឿងខុសពីគំនិតដើមរបស់លោក»។
ការណែនាំរបស់លោក ស ខេង នាពេលថ្មីៗនេះគឺធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានប្រកាសវិលមកកម្ពុជាវិញហើយបានអំពាវនាវឲ្យពលរដ្ឋចូលរួមស្វាគមន៍គាំទ្ររូបលោក៕