ព្រះសីហនុ: រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង កាលពី​ម្សិលមិញ​បាន​អះអាង​ថា កំណើន​ជនជាតិ​បរទេស​នៅ​ខេត្ត​ព្រះសីហនុ​បាន​ធ្វើឲ្យ​មាន​ការ​បារម្ភ​ខ្លាំង​ពី​ផលប៉ះពាល់​ទឹក​សមុទ្រ ​ខណៈ​ទឹក​សមុទ្រ​កម្ពុជា​កំពុង​មាន​ការ​គាំទ្រ និង​ជា​ទីពេញនិយម​ពី​ពលរដ្ឋ​ខ្មែរ​ និង​បរទេស​ក្នុង​ការ​ទៅ​​កម្សាន្ដ​។

ការ​ថ្លែង​បែប​នេះ​បាន​ធ្វើ​នៅក្នុង​កម្មវិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ មន្ត្រី​ក្រោម​ឱវាទ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ។

លោក ស ខេង បាន​ថ្លែង​ថា​ខេត្ត​ព្រះសីហនុ​កំពុង​មាន​ការវិនិយោគ ហើយ​​ភ្ញៀវ​ទេសចរ​បាន​ទៅ​ទី​នោះ​​មិន​ក្រោម​ជាង ៧ ម៉ឺន​នាក់​ទេ ពិសេស​ចិន​។

លោក​ថា​វា​ជា​ធម្មតា​ទេ​ទោះ​ជនជាតិ​ណា​ក៏​ដោយ ក៏​មាន​មនុស្ស​ល្អ និង​អាក្រក់​ស្រប​ពេល​​​ដែល​ខេត្ត​ព្រះសីហនុ​នៅ​​មិន​​ទាន់​បាន​រៀបចំ​ខ្លួន​ឲ្យ​បាន​ល្អ​តាម​ការ​វិវឌ្ឍ​នេះ។ដូច្នេះ​វា​កើតឡើង​នូវ​បញ្ហា​មួយ​ចំនួន​ដូចជា ​បទល្មើស​កាប់​សម្លាប់ ការ​ប្រើ​គ្រឿង​ញៀន បញ្ហា​បរិស្ថាន​ជាដើម។

លោក​បញ្ជាក់​ថា៖ «អ្វី​ដែល​យើង​បារម្ភ​បំផុត​ខ្លាច​ថា ទឹកសមុទ្រ​ដែល​កំពុង​តែ​ជា​ទី​និយម​របស់​ពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​បរទេស​ដែល​កោត​សរសើរ​ថា​ល្អ​នោះ ប្រសិន​បើ​យើង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​​គ្រប់​ជ្រុងជ្រោយ​ទេ វា​អាច​ធ្វើ​ឲ្យ​ទឹកសមុទ្រ​ក្លាយ​ជា​ប្រើ​លែង​កើត ...ក្នុង​តួនាទី​ទទួល​ខុសត្រូវ​របស់​ក្រសួង​មហាផ្ទៃ យើង​បាន​ចាត់​ស្នើឱ្យ​មាន​ក្រុម​ការងារ​ចុះ​ទៅ​អង្កេត​ស្រាវជ្រាវ​ហើយ»​។

ជាមួយ​គ្នា​នេះ​លោក ស ខេង បាន​បន្ថែម​ថា៖ «សម្រាប់​ក្រសួង​មហាផ្ទៃ​ដែល​មាន​ការទទួល​ខុសត្រូវ​ច្រើន ​អ៊ីចឹង​ស្នើ​ថា​យើង​នឹង​រៀបចំ​ក្រុម​ការងារ​មួយ ដើម្បី​ទៅ​គាំទ្រ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ក្នុង​នោះ ខ្ញុំ​គិត​ថា​មាន​អគ្គនាយកដ្ឋាន ៤ ដែល​ដើរតួ អគ្គរដ្ឋបាល អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ហើយ​និង​ក្រុម​អ្នក​ច្បាប់។ រៀបចំ​ជា​ក្រុម​មួយ​ហៅថា​ក្រុម​ប្រតិបត្តិការ ឬ​ក៏​ក្រុម​គាំទ្រ។ ប៉ុន្តែ​មិនមែន​ថា​ក្រុម​គាំទ្រ​ទៅ​ធ្វើ​ជំនួស​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ទេ​ ក៏​ប៉ុន្តែ​ទៅ​គាំទ្រ​ជួយ​ដោះស្រាយ​នូវ​បញ្ហា​ទាំង​ឡាយ​ណា​ដែល​ខេត្ត​មិន​មាន​លទ្ធភាព រាប់​ទាំង​ការបង្ក្រាប​បទល្មើស​ទាំង​នោះ​ផង»​។

កាលពី​ថ្ងៃ​ទី ១១ ខែ​កញ្ញា​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​លោក ជួន ណារិន្ទ បាន​ព្រមាន​ដល់​ម្ចាស់​អាជីវកម្ម​ផ្ទះ​សំណាក់​ សណ្ឋាគារ កាស៊ីណូ ក្លិប​កម្សាន្ត​ និង​ម៉ាស្សា សរុប​ ៨៤ នាក់​ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ ៦៣ នាក់ ចិន ២០ នាក់ និង​កូរ៉េ ១ នាក់​ឲ្យ​គោរព​ច្បាប់​​កម្ពុជា​ដោយ​មិន​ត្រូវ​យក​ទីតាំង​​ប្រព្រឹត្ត​ល្មើស​ទេ។

លោក​ថា​ចំពោះ​ម្ចាស់​ក្លិប​ឌីស្កូ ខារ៉ាអូខេ ទីតាំង​ត្រូវ​មាន​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ រីឯ​សន្តិសុខ​ឯកជន​ត្រូវ​មាន​ឯកសារ​​ច្បាស់លាស់​។

លោក​បាន​បញ្ជាក់​ថា៖ «ម្ចាស់​អាជីវកម្ម​មិន​ត្រូវ​ដើរ​ចែកចាយ​ប័ណ្ណ​រូបភាព​អាសអាភាស មិន​ត្រូវ​ឆ្លៀត​ឱកាស​យក​ទីតាំង​ទៅ​រកស៊ី​ប្រព្រឹត្ត​បទល្មើស​ខុស​ច្បាប់ ជួញដូរ​មនុស្ស និង​ជួញដូរ ប្រើប្រាស់ គ្រឿងញៀន បើក​បនពេស្យាចារ​ដាច់​ខាត ​បើ​ពុំ​នោះ​ទេ​នឹង​ចាត់​វិធានការ​ដោយ​គ្មាន​ការ​លើក​លែង»​។

ទាក់ទិន​នឹង​បញ្ហា​នេះ​កាលពី​ថ្ងៃ​ទី ១០ កញ្ញា​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជនជាតិ​ចិន​ ៤ នាក់​បញ្ជូន​ទៅ​តុលាការ​រឿង​ចាប់​បង្ខាំង​ជនជាតិ​ចិន ២ នាក់​ធ្វើ​ទារុណកម្ម​ក្នុង​កាស៊ីណូ​ដើមត្នោត​នៅ​ភូមិ​​ ៤​ សង្កាត់ ៤ ក្រុង-ខេត្ត​ព្រះសីហនុ។ នោះ​តាម​របាយការណ៍​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​។

លោក ស៊ឹង សែនករុណា មន្ត្រី​អង្កេត​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​បាន​យល់ថា​កម្ពុជា​មាន​ច្បាប់​គ្រប់គ្រាន់​សម្រាប់​ចាត់​វិធានការ​ និង​គ្រប់គ្រង​ជនបរទេស​ ប៉ុន្ដែ​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​មាន​ការ​ខ្វះ​ចន្លោះ ឬ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្វើឲ្យ​កើត​បទល្មើស​ក្នុង​តំបន់​។

លោក​ថា៖ ​«យើង​មើល​ឃើញ​វា​កើតឡើង​តែ​រឿង​ដដែល​ប្រៀប​ដូច​បក់​ផ្សែង​ដោយ​មិន​បាន​ពន្លត់​ភ្លើង​អ៊ីចឹង​ដែរ។ ដូច្នេះ​បើ​ទោះ​ជា​មន្ត្រី​មាន​ការ​បារម្ភ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​មិន​ទាន់​មាន​ជំនឿ​ចិត្ត​ពេញលេញ​ដែរ»​៕