ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ប្តេជ្ញានឹងបន្តផ្គត់ផ្គង់រថយន្តឱ្យបានគ្រប់អធិការដ្ឋាននគរបាលក្រុង-ស្រុក-ខណ្ឌនៅត្រឹមឆ្នាំ ២០២១ ខណៈដែលកាលពីថ្ងៃពុធ លោកបានប្រគល់រថយន្តម៉ាក Ford Ranger Pickup ២២ គ្រឿង ឱ្យទៅស្នងការដ្ឋាននគរបាលខេត្ត និង ៣ គ្រឿង ដល់អធិការដ្ឋាននគរបាលក្រុង និងខណ្ឌសម្រាប់ធ្វើកិច្ចប្រតិបត្តិការប្រចាំថ្ងៃជាអ្វីដែលលោកហៅថា ជាផ្នែកមួយនៃកំណែទម្រង់កងកម្លាំងនគរបាល។
ក្នុងពិធីប្រគល់រថយន្តជូនដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត លោក ស ខេង ថ្លែងថា៖ «ខ្ញុំនឹងប្តេជ្ញាដើម្បីនឹងបន្តផ្គត់ផ្គង់ឡាននេះឱ្យបានគ្រប់ស្រុក-ក្រុង-ខណ្ឌ ដែលយើងមានប្រមាណ ២០០ (គ្រឿង)។ អ៊ីចឹងចាប់ពីលើកក្រោយនេះទៅនឹងចែកតាមស្រុក។ អ៊ីចឹងខេត្តកុំដណ្តើមទៀត! ដណ្តើមក៏មិនឱ្យដែរ! ឱ្យទៅស្រុក! ព្រោះស្រុក ម៉ូតូក៏យើងអត់បានឱ្យ។ យើងឱ្យទៅប៉ុស្តិ៍ (ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់)។ រាជធានី ខេត្ត មានឡានហើយ»។
លោកឧបនាយករដ្ឋមន្ត្រីថ្លែងថា ក្នុងរង្វង់រយៈពេល ៣ ទៅ ៤ ខែខាងមុខនេះ លោកនឹងដោះស្រាយឱ្យស្រុក- ក្រុង អាចទទួលបានរថយន្តចំនួន ៥០ គ្រឿងទៀត ហើយក្នុងឆ្នាំនេះលោកនឹងខិតខំដោះស្រាយឱ្យក្រុង-ស្រុក អាចទទួលបានរថយន្តយ៉ាងហោចណាស់ ១០០ គ្រឿង។ លោកថ្លែងថា៖ «សុំឱ្យអគ្គភ័ស្តុភារដាក់គម្រោងឆ្នាំ ២០២១ ដើម្បីនឹងបំពាក់ថែម ១០០ ទៀតដើម្បីឱ្យ ២០២១ ឱ្យចប់។ នេះជាផ្នែកមួយនៃកំណែទម្រង់កងកម្លាំងនគរបាលរបស់យើង»។
បើតាមលោក ស ខេង បច្ចុប្បន្នប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនីមួយៗមានម៉ូតូ ៤ គ្រឿង។ ប៉ុន្តែការផ្តល់រថយន្តត្រូវបានផ្តល់អាទិភាពដល់កងកម្លាំងនៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនៅតាមព្រំដែន ព្រោះបើមិនមានមធ្យោបាយធ្វើដំណើរទេ ពួកគេនឹងជួបការលំបាកក្នុងការធ្វើសកម្មភាព។ ព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយហើយ ប៉ុន្តែព្រំដែនកម្ពុជា-វៀតណាម និងឡាវមិនទាន់បានដោះស្រាយនៅឡើយទេ។ លោកថា នឹងបន្តដោះស្រាយនៅតាមព្រំដែនទាំង ២ នេះដែលមិនទាន់មានរថយន្តទៅតាមលទ្ធភាពជាក់ស្តែងនៃថវិកា។
លោកបន្តថា ក្រសួងមហាផ្ទៃមិនទាន់ដោះស្រាយបានចប់សព្វគ្រប់នូវអគារសម្រាប់ធ្វើការនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដែលកំពុងខ្វះខាត ប៉ុន្តែលោកកំពុងជំរុញបន្ថែមទៀតដោយបានផ្តល់នូវអគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំនួនជាង ៣០ ក្នុង ១ ឆ្នាំ ដែលលោកអះអាងថា ជិតគ្រប់ចំនួនហើយ។
លោក ស ខេង ក៏បានក្រើនរំឭកដល់មន្ត្រីនគរបាលឱ្យបំពេញតួនាទីតាមវិជ្ជាជីវៈរបស់នគរបាលដោយត្រូវស្មោះត្រង់ចំពោះតួនាទីរបស់នគរបាលដើម្បីបម្រើជាតិ និងប្រជាពលរដ្ឋមិនមែនបម្រើខ្លួនឯង បក្ខពួកខ្លួន និងក្រុមគ្រួសារខ្លួននោះទេ។
លោកបញ្ជាក់ថា៖ «មានន័យថា យើងមិនលើកលែងចំពោះបុគ្គលណាទាំងអស់ដែលប្រព្រឹត្តខុស ទោះបីបងខ្ញុំ ក្មួយខ្ញុំ ពូខ្ញុំ មាខ្ញុំ មីងខ្ញុំក៏ដោយ ឱ្យតែខុសច្បាប់ យើងត្រូវតែអនុវត្តច្បាប់។ នោះដែលគេហៅថា វិជ្ជាជីវៈ។ ប៉ុន្តែបើបងខ្ញុំ ពូខ្ញុំ មាខ្ញុំ ធ្វើខុស ខ្ញុំបែរជារកវិធីបិទបាំង ទម្លាក់កំហុសដាក់អ្នកដទៃ អាហ្នឹង គេហៅថាមិនមែនវិជ្ជាជីវៈទេ»។
បើតាមលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិដែលបានថ្លែងក្នុងពិធីនោះកាលពីឆ្នាំមុនក្រសួងមហាផ្ទៃបានផ្តល់ម៉ូតូបន្ថែម ១ ៦៤៦ គ្រឿង ដល់គ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស និងម៉ូតូ ១ គ្រឿង ដល់ការិយាល័យកិច្ចការប៉ុស្តិ៍រដ្ឋបាលនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។ បច្ចុប្បន្នប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ដែលមានស្នាក់ការធ្វើការមានចំនួន ១ ៥៤៣ ប៉ុស្តិ៍ និងពុំទាន់មានស្នាក់ការធ្វើការមាន ១០៣ ប៉ុស្តិ៍។
លោក នេត សាវឿន ថ្លែងថា គិតពីខែតុលាឆ្នាំ ២០១៩ មកទល់បច្ចុប្បន្នតាមរយៈការស្នើសុំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិលោក ស ខេង បានបញ្ជាទិញនូវរថយន្តចំនួន ៤៥ គ្រឿង។ លោកបញ្ជាក់ថា រថយន្តទាំងនោះត្រូវ«បានធ្វើការបែងចែកជូនដល់វរសេនាតូចការពារព្រំដែនចំណុះទិសភូមិភាគ ៤ ភូមិភាគ ៥ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃនូវរថយន្តម៉ាក Mazda Pickup ចំនួន ១៦ គ្រឿង និង ៤ គ្រឿងទៀត ជូនដល់ក្រុមល្បាតត្រួតពិនិត្យបទល្មើសចរាចរណ៍ផ្លូវគោកតាមផ្លូវជាតិលេខ ៤ និងផ្លូវជាតិលេខ ៥»៕