ព្រះ​សីហនុៈ លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​ប្រកាស​ចាត់​វិធាន​ការ​លើ​បុគ្គ​ល​​ពាក់​ព័ន្ធ​នៃ​ឧបទ្ទវ​ហេតុ​រលំ​បាក់​សំណង់​អគារ ​៧​ ជាន់​ នៅ​ខេត្ត​ព្រះ​សីហនុ យក​មក​ទទួល​ខុស​​ត្រូវ​តាម​ផ្លូវ​ច្បាប់ ស្រប​ពេល​អាជ្ញាធរនឹង​បញ្ចូន​ជន​សង្ស័យ​ជា​ជន​ជាតិ​ចិន ៣ នាក់ និង​ខ្មែរ​ម្នាក់ ​ជាអ្នក​ទទួល​ខុសត្រូវលើ​សំណង់​អគារ​នេះ​ទៅ​តុលាការ ខណៈ​សង្គម​ស៊ីវិល ទាមទារ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ពីមន្ត្រី​រដ្ឋាភិបាលចំពោះ​ ការ​បណ្តែត​បណ្តោយ​ឲ្យ​មាន​ការ​សាង​សង់​​អគារ​ដែល​បណ្តាល​​​ឲ្យ​​រលំបាក់​សង្កត់​មនុស្ស​ស្លាប់​និង​របួស​ជាង​ ៤០​ នាក់​នេះ។

គិត​មក​ដល់​ល្ងាច​ម្សិល​មិញ មាន​ជន​រង​គ្រោះយ៉ា​ង​ហោច​ណាស់​ ១៩ នាក់ ហើយត្រូវ​បាន​រក​ឃើញ​ថា បាន​បាត់​បង់​ជីវិត និង​ ២៤ នាក់​ទៀត បាន​រង​របួស​ធ្ងន់​ស្រាល​ ក្នុង​ឧបទ្ទវហេតុ​ រលំ​បាក់​សំណង់​អគារ ​៧ ជាន់​ នៅ​ខេត្ត​ព្រះ​សីហនុបន្ទា​ប់​​ពី​ក្រុម​អ្នកជួយ​សង្គ្រោះ បាន​បន្តការ​រុក​រក​ទាំង​​ថ្ងៃ ទាំង​យប់​ ចាប់​តាំងពី​អគារ​នេះ បាន​រលំ​បាក់​កាល​ពី​ព្រឹកព្រលឹម​​ថ្ងៃ​សៅរ៍​មក នៅ​ពេល​ដែល​កម្មករ​សំណង់​ជា​ច្រើន​នាក់​ ​កំពុង​ស្នាក់​នៅ​បណ្តោះ​​អាសន្ន​ក្នុង​អគារ​នេះ។

លោក ស ខេង បាន​ចេញ​លិខិ​ត​​​មួយកាល​ពីម្សិល​មិញ ដោយ​បាន​ចូល​រួម​សោក​ស្តាយ និង​ចែក​រំលែក​មរណ​ទុក្ខ​ដល់​ក្រុម​គ្រួសារ ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​ហេតុ​កការ​ណ៍​នេះ។ ជា​មួយ​គ្នា​នេះ លោកក៏បាន​បញ្ជា​ក់​​ថា ក្រុមការ​ងារ​របស់​អាជ្ញាធរ​មាន​សមត្ថកិ​ច្ច កំពុង​បន្តខិត​ខំ​យ៉ាង​សស្រោកសស្រាំ​ដោយ​បាន​ប្រមូល​ផ្តុំ​កម្លាំង និង​មធ្យោបាយ ដើម្បី​ពន្លឿន​ប្រតិ​បត្តិការ​ស្វែង​រក និង​ជួយ​សង្គ្រោះជន​រង​គ្រោះ​​ដែល​បាត់​ខ្លួន ហើយ​ជន​ដែល​ជាប់​ពាក់​ព័ន្ធ នឹង​មិន​អាច​រួច​ខ្លួន​ឡើយ។

លោក​បញ្ជាក់​ថា៖ «ទន្ទឹម​នេះ តាម​រយៈ​យន្ត​ការអ​ន្តរ​ក្រសួង ខ្ញុំ​នឹង​ចាត់​វិធាន​ការ​ជាក់​​ស្តែង​ ចំពោះ​មុខ​ដទៃ​ទៀត ដោយ​ត្រូវ​បន្ត​ជំរុញ​ស្រាវ​ជ្រាវ និង​ស្វែង​រក​ឲ្យ​ឃើញ​នូវ​ដើម​ហេតុ ​ដែល​នាំឲ្យ​កើត​មាន​សោកនា​ដកម្មដ៏អាណោច​​អាធ័មនេះ ព្រម​ទាំង​ចាត់​វិធាន​ការ​លើ​បុគ្គល​ពាក់​ព័ន្ធ​ដើម្បី​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់»។

លោក ជួន ណា​រិន្ទ ស្នងការខេត្ត​ព្រះ​សីហនុ បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ពីម្សិល​មិញ​ថា យ៉ាង​ហោច​ណាស់ មាន​ជនរង​គ្រោះ​ចំនួន ១៨ នាក់ ដែល​ត្រូវ​បាន​ រក​ឃើញ​ស្លាប់ ពីគំនរ​អគារ​បាក់ និង​មាន​ចំនួន ២៤ នាក់ បាន​រង​របួស។

លោក​បន្ត​ថា បើគ្មាន​ឧបសគ្គ​ណាទេ​នោះ ក្រុម​ការងារ​ នឹង​បន្តការ​រុក​រក ដើម្បី​ស្វែង​រក​ជន​រង​គ្រោះ​ទាំង​យប់​បន្ត​ទៀត។ ជា​មួយ​គ្នា​នេះ លោក ជួន ណារិន្ទ ក៏​ឲ្យ​ដឹង​ផង​ដែរ​ថា ជន​សង្ស័យ​ជា​ជន​ជាតិ​ចិន ៣ នាក់ និង​ខ្មែរ​ម្នាក់ ដែល​ជាអ្នក​ទទួល​ខុស​ត្រូវ លើ​សំណ​ង់​អគារ​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​តុលា​ការ ដើម្បី​ចាត់ការ​តាម​នីតិវិធី។

លោក​បញ្ជាក់​ថា​៖ «អ្នក​ទាំង​ ៤ នាក់​ហ្នឹង ខ្ញុំគ្រាន់​តែឃាត់​ខ្លួន​បណ្តោះ​អាសន្ន ដើម្បី​ធ្វើ​ការតាម​នីតិវិធី ដោយ​មិន​ទាន់​មាន​​ការ​ចោទ​ប្រកាន់​ពី​បទ​ល្មើ​ស​​ណាមួយ​ទេព្រោះ​ទុក​ឲ្យស្ថាប័​ន​តុលាការជាអ្នក​ចោទ​លើ​រឿង​​នេះ ព្រោះរឿង​នេះ ត្រូវ​មាត្រា​ខ្លះ ដើម្បី​ធ្វើការ​ចោទ​ប្រកាន់ ព្រោះ​ពួក​គាត់​ជាអ្នក​ទទួល​ខុស​ត្រូវ​អគារ​ហ្នឹង»។

ទោះ​បីយ៉ាង​ណា លោក​មិន​បាន​ឆ្លើយ​តប​នោះទេ​ នៅ​ពេល​សួរ​ថា តើ​នឹង​មាន​មន្ត្រី​កម្រិត​ណា នឹង​ជាប់​ពាក់​ព័ន្ធ​ចំពោះ​ឧបទ្ទវ​ហេតុ​នេះ ដោយ​អះ​អាង​ថា ហួស​ដែន​សមត្ថ​កិច្ច​របស់​លោក ហើយ​អ្វី​ដែល​អាជ្ញាធរ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​នៅ​ពេល​នេះ​ គឺ​ការ​ជួយ​សង្គ្រោះ​​ជន​រង​គ្រោះ​ពីគំនរ​អគារ ព្រោះ​រហូត​មក​ដល់​រសៀល​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ការ​ជីក​កកាយ​លើ​គំនរ​បាក់​បែក ទើប​តែ​ធ្វើ​ឡើង​ដល់​ជាន់​ទី ៥ ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា​៖ «យើង​កាយ​ដល់​ជាន់​ទី៥ ហើយ​ឥឡូវ​ កំពុង​អនុវ​ត្ត​ដល់ជាន់​ទី៤ ទៀត ព្រោះ​ជនរងគ្រោះ​មាន​ការស្នាក់​នៅ​ត្រឹម​ជាន់​ទី៤ ចុះ ហើយ​ជាន់ទី៤ មិន​សូវ​មាន​ទេ គឺមាន​ច្រើន នៅ​ជាន់​ទី៣ ជាន់់​ទី២ និង​ជាន់​ទី១»។

ជន​រង​គ្រោះ​ម្នាក់ សុំមិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​អំឡុង​ពេល​សម្រាក​នៅ​​មន្ទីរ​ពេទ្យ​ថា ពួក​គេ​ដែលមាន​គ្នា​ប្រមាណ​ ៥ នាក់​ កំពុង​តែ​សម្រាក​នៅ​ក្នុង​បន្ទប់​​មួយ​នៃ​អគារនោះ ស្រាប់​តែ​ឮសំឡេង​បាក់​ស្រុត​តែម្តង​។ យ៉ាង​ណា​ជន​រង​គ្រោះ​រូប​នោះ បាន​បញ្ជាក់​​ថា ពួក​គេនៅក្នុង​បន្ទប់ បាន​រួច​ខ្លួន​ពីការ​បាក់​រលំ​ទាំងអស់ ខណៈ​មាន​មនុស្ស​ជាច្រើន​​កំពុង​សម្រាក​ក្នុង​អគារ​នេះ។

បុរស​វ័យជា​ង ២០ ឆ្នាំរូប​នេះ បាន​រៀប​រាប់​តាម​ខ្សែរ​វីដេអូ​ដែល​ភ្នំពេ​ញប៉ុ​ស្តិ៍ទ​ទួលបាន​ថា៖ «ខ្ញុំស្មាន​តែពិ​តាន​បាក់​ធ្លាក់​ពី​លើ​មក ដល់​តែ​ពេល​ខ្ញុំងើប​ទៅ ក៏វា​រលំ​មក​តែ​ម្តង វា​ស្រុតចូល​គ្នា​តែម្ត​ង ហើយខ្ញុំ​រួចចេញ​មក​បាន ព្រោះតែ​វា​មាន​ចន្លោះ​ដែក​ ២​ ទល់​គ្នា ជា​មួយ​ធ្នីម នឹង​ប្លង់​សេ ហើយ​វា​មាន​ប្រហោងអាច​ចេញ រួច​​ ពួក​ខ្ញុំលូន​ចេញ​តាម​ហ្នឹង​ម​ក​​។ បាន​ដឹង​ថា វា​ស្រុត​បាក់​មក»។

បើតាម​មន្ត្រី​មន្ទីរ​ពេទ្យ​ខេត្ត​ព្រះសីហនុ​ម្នាក់ ដែល​សុំមិន​បញ្ចេ​ញឈ្មោះ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍ពី​ម្សិល​មិញ​ថា បន្ទា​ប់​​ពី​ក្រុម​ប្រតិ​បត្តិ​ការ​ បាន​ជួយ​សង្គ្រោះ និង​បាន​ដឹក​សាក​សព​ជន​រងគ្រោះ​បញ្ជូន​មក​តម្កល់​​ទុក​នៅ មន្ទីរពេទ្យ​ខេត្ត គឺនៅ​រសៀល ថ្ងៃ​អាទិត្យ គ្រួសារ​សព​ជន​រង​គ្រោះ​ទាំង ១៨ នាក់ បាន​មក​ទទួល​យក​សាក​សព​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​អស់​ហើយ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​ចង់​ជម្រាប​ថា រហូត​មក​ដល់​ពេល​នេះ អ្នក​ស្លាប់​ហ្នឹង​ គ្រួសា​រ​​សព​អីមក​បំពេញ​បែប​បទ ហើយ​បាន​ដឹក​ទៅ​ស្រុក​កំណើ​ត​​អស់ហើ​យ ។ យើង​មាន​ឡាន​មានអី ដឹក​ពួក​គាត់ដល់​ស្រុក​កំណើត»។

កាល​ពីថ្ងៃ​សៅរ៍ លោក​នាយ​ក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​សរ​សេរ​​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​របស់លោក​ដោយ​បាន​ ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារស​ព ហើយក៏​បាន​ប្រកាស​បញ្ចេញ​ថវិកាជាតិ​ជួយ​ដល់​ក្រុម​គ្រួសារ​អ្នក​ស្លាប់​ក្នុង​ ១ នាក់​ ចំនួន ​៤០ លានរៀល ​(សែសិប​លា​ន​រៀល) ១ ម៉ឺន​ដុល្លា​រ (១០ ០០​០ ដុល្លារ​)។ ចំពោះ​អ្នក​ត្រូវ​របួស​ទាំង​អស់​ គឺត្រូវទទួល​​បាន​ការ​ព្យាបាល​ដោយ​ឥតគិត​ថ្លៃ​ នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ​ និងទទួល​បាន​ជំនួយ​ឧបត្ថម្ភ​​ក្នុង​មួយ​នាក់​ចំនួន​ ៥​ លាន​រៀល (ប្រាំ​លានរៀល)។

លោកស្រី​ ជៀប សុធារី អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ ប្រចាំ​ខេត្ត​ព្រះសីហនុបាន​ថ្លែង​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍ពី​ម្សិល​មិញ​ថា ការ​ជួយ​ជន​រង​គ្រោះ គឺជា​រឿង​សំខា​​ន់ តែចំពោះ​​ការ​ស្វែង​រក​ជន​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ឧបទ្ទវ​ហេតុ​នេះ ​ក៏ជារឿង​មួយ​ចាំបាច់​ផងដែរ។

លោក​ស្រី​បញ្ជាក់​ថា លោកស្រី មិន​ចង់​ឃើញ​មាន​ចំណាត់ការ​តែលើ​ក្រុម​ជន​ជាតិ​ចិន និង​ជាន​ជាតិ​ខ្មែរ​ទាំង ​៤ រូ​ប​នេះ​នោះទេ ព្រោះ​ការ​អសម​ត្ថភាព​របស់​អាជ្ញាធ​រ ក្នុង​ករណី​នេះ ក៏ជាការ​ទទួល​ខុស​ត្រូវ​មួយ ដែល​គួរ​តែ​មាន​វិធាន​ការ​ជា​បន្ទាន់​ផង​ដែរ។

លោក​ស្រី​បញ្ជាក់​ថា៖ «ខេត្ត​នេះ យើង​ឃើញ​មានការ​ជ្រោម​ជ្រែង​ពីស្ថាប័ន​ជា​ច្រើន ហេតុ​អ្វី​បាន​បណ្តែត​បណ្តោយ​ឲ្យ​មាន​ហេតុការណ៍​នេះ ហើយ​រដ្ឋា​ភិបាល​បាន​ប្រគល់​តួនា​ទី និង​មុខ​តំណែង​ឲ្យពួក​គេ​មើល​ការ​ខុស​ត្រូវ​គ្រប់​គ្រង ហើយ​បើអគារ​នេះមិន​មាន​ការ​អនុញ្ញាត​ហេតុ​អ្វីអាច​បន្ត​សាងសង់​បាន»។

កន្លង​ទៅ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ ធ្លាប់​បាន​បញ្ជាក់​ប្រាប់​សារព័ត៌​មាន​ក្នុង​ស្រុក​ជា​បន្ត​បន្ទាប់​​ថា សំណ​ង់​អគារ​ខាង​លើ​ដែល​មាន​ម្ចាស់​ឈ្មោះ ​ជីង ​គ័ង ជាជន​ជាតិ​ចិន បាន​សា​ងសង់​លើផ្ទៃដី​ទំហំ ៥៨៣ ម៉ែត្រ​ក្រឡា មិន​មាន​ច្បាប់​អនុញ្ញាត​នោះ​ទេ ហើយ​អាជ្ញាធរ​ធ្លាប់​បាន​ហាម​ឃាត់​មិន​ឱ្យ​សាងសង់​ចំនួន ២ ដង​រួច​ទៅ​ហើយ ប៉ុន្តែ​ម្ចាស់​សំណង់​មិន​ចូលរួម​សហការ។

ជាមួយ​នឹង​ការ​លើក​ឡើង​បែប​នេះ លោក​ស្រី ជៀប សុធារី បាន​សម្តែង​ការព្រួយបារម្ភ​ដោយ​ចោទ​សួរ​ថា តើ​នឹង​មាន​សំណង់​អគារ​ប៉ុន្មាន​ទៀត​ ដែល​សាង​សង់​ឡើង​ដោយជន​ជាតិ​ចិន ហើយ​មិន​មាន​ច្បាប់​អនុញ្ញាត​បែប​នេះ៕