ពោធិ៍សាត់ៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​បើកសម្ពោធ និង​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​អង្គភាព​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ទាំង​ ២៥ រាជធានី-ខេត្ត​ដែល​ធ្វើឡើង​នៅក្នុង​ខេត្តពោធិ៍សាត់​។

លោក ស ខេង ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ដោយ​អះអាង​ថា​៖ «​ការដាក់​ឱ្យ​ដំណើរការ​អង្គភាព​នេះ​នឹង​ពង្រឹង​ការទទួល​ខុសត្រូវ និង​គណនេយ្យភាព​របស់​រដ្ឋបាល​រាជធានី ខេត្ត ក្នុង​ការគ្រប់គ្រង ការចាត់ចែង និង​ការផ្តល់សេវា​មាន​ប្រសិទ្ធភាព​បាន​ទាន់ពេលវេលា និង​មាន​តម្លាភាព ហើយ​ប្រជាពលរដ្ឋ​មាន​ភាពងាយស្រួល​ក្នុង​ការមក​ទទួល​សេវា​នៅ​កន្លែង​តែមួយ​។

ទោះជា​យ៉ាងណា​ក៏ដោយ​លោក ស ខេង បាន​អះអាង​ថា ការបង្កើត​អង្គភាព​ច្រកចេញ-ចូល​តែមួយ​ថ្នាក់​រាជធានី ខេត្ត​មិនមែន​ជា​ការកាត់បន្ថយ​អំណាច​ប្រធាន​មន្ទីរ​នោះទេ ព្រោះ​មន្ទីរជំនាញ​នីមួយៗ​មាន​មន្ត្រី​ប្រចាំការ​នៅ​ការិយាល័យ​ផ្តល់​សេវា​នេះ​។

លោក ស ខេង ថ្លែង​ថា​៖ «​មិនមែន​បាន​សេចក្តី​ថា យើង​កាត់​អំណាច​ពី​ប្រធាន​មន្ទីរ​ហ្នឹង​ទេ ប៉ុន្តែ​មាន​មន្ត្រី​របស់គាត់​នៅ​ប្រចាំការ​នៅ​កន្លែង​ការិយាល័យ​មួយ​ជាមួយ​គ្នា​។ តំណាង​ឱ្យ​កសិកម្ម តំណាង​ឱ្យ​ពាណិជ្ជកម្ម តំណាងឱ្យ​ឧស្សាហកម្ម តំណាង​ឱ្យ​បរិស្ថាន តំណាង​ឱ្យ​ធនធន​ទឹក តំណាង​អី​នៅ​ម្តុំ​ជាមួយគ្នា​។

លោក ស ខេង ថ្លែង​បន្ត​ថា​៖ «​ប្រធាន​មន្ទីរ (​នៅ​) កន្លែង​មួយចំនួន ខ្ញុំ​បាន​ឱ្យទៅ​នៅ​ជាមួយ​ចៅហ្វាយ​ខេត្តហើយ​។ ទៅ​អង្គុយ​នៅ​ការិយាល័យ​ជាមួយ​ចៅហ្វាយ​ខេត្ត មិនមែន​បន្ទប់​តែមួយ​ទេ ចង់​និយាយ​ថា អគារ​តែមួយ បន្ទប់​ដោយឡែក​ពី​គ្នា ព្រោះ​យើង​ចង់​កសាង​ទៅជា​រដ្ឋបាល​ឯកភាព​មួយ​»​។

លោក ស ខេង បាន​ឲ្យ​ដឹង​ទៀតថា​៖ «​អ៊ីចឹង បើ​គាត់​ (​ចៅហ្វាយ​ខេត្ត​) ​ចង់​ជួប​មន្ទីរ​កសិកម្ម មន្ទីរ​កសិកម្ម​នៅ​ការិយាល័យ​ខាង​ណោះ ជ្រុង​ខាង​ណោះ​។ ចង់​ជួប​មន្ទីរ​បរិស្ថាន មន្ទីរ​បរិស្ថាន​នៅ​ខាង​ណោះ​។ គាត់​ហៅ​មក​ជំនុំ​គ្នា​បាន តែ​បើសិន​ណា​ឱ្យ​គាត់​នៅ​ទីទៃៗ​ក៏​បាន​ដែរ​! ពីមុន​មក​យើង​វា​អ៊ីចឹង​។ ប៉ុន្តែ​រដ្ឋបាល​​ទំនើប​សព្វថ្ងៃ គេ​ច្រើន​ធ្វើ​អ៊ីចឹង​!»​។

លោក ស ខេង ថ្លែង​ឲ្យ​ដឹងថា បច្ចុប្បន្ន​នេះ​ខេត្ត​ចំនួន​ ៣ ​ត្រូវបាន​បង្កើត​ឱ្យ​មាន​រដ្ឋបាល​ឯកភាព​រួចរាល់​ហើយ គឺ​ខេត្ត​ត្បូងឃ្មុំ ខេត្ត​សៀមរាប និង​ខេត្តព្រៃវែង ហើយ​នេះ​មិនមែន​គ្រាន់តែ​ជា​រូបភាព​នោះទេ តែ​ការសម្រេច​ចិត្ត​លើ​បញ្ហា​ណាមួយ​គឺ​មាន​ការស្រុះស្រួល​គ្នា ពីព្រោះ​រដ្ឋបាល​ខេត្ត​មាន​ក្រុមប្រឹក្សា និង​គណៈ​អភិបាល ហើយ​តំណាង​ឱ្យ​រដ្ឋាភិបាល​គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​តំណាង​ឱ្យ​គ្រប់​រដ្ឋមន្ត្រី​ទាំងអស់​។

លោក ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា អង្គភាព​ច្រក​ចេញចូល​តែមួយ​មាន​សេវា​សរុប​ចំនួន​ ៥៥៩ ​ប្រភេទ​នៃ​វិស័យ​ជំនាញ​ចំនួន​ ១៥​។ គិត​ត្រឹម​ដំណាច់​ឆ្នាំ​ ២០១៩ ក្រុង ស្រុក ខណ្ឌ​ចំនួន​ ១១៥ ក្នុងចំណោម​ក្រុង ស្រុក ខណ្ឌ​ទាំង​ ២០៣ បាន​បង្កើតឱ្យ​មាន​ការិយាល័យ​ច្រក​ចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​រួចរាល់ ហើយ​ស្រុក​ដែល​សេសសល់​ចំនួន​ ៨៨ ​ទៀត​បាន​អនុវត្ត​យន្តការ​ច្រកចេញចូល​តែមួយ​សម្រាប់​ផ្តល់​សេវា​លើ​វិស័យ​ចំនួន​ ១៤ ​ដែលមាន​ប្រភេទ​សេវា​ ២១១​។

លោក​ ប្រាក់ សំអឿន ថ្លែងថា​៖ «​ចាប់​តាំងពី​ការដាក់​ឱ្យ​ដំណើរការ​អង្គភាព​ច្រក-ចេញចូល​តែមួយ​នៅក្នុង​អំឡុង​ឆមាស​ទី​ ២ ​នៃ​ឆ្នាំ​ ២០១៨ រហូត​មក​ដល់​ចុងឆ្នាំ​ ២០១៩ កន្លងមកនេះ អង្គភាព​ច្រក​ចេញចូល​តែមួយ​ទាំង​ ២៥ ​រាជធានី ខេត្ត​បាន​ផ្តល់​សេវា​សរុប​ចំនួន​ ៦៩៤ ៩៦៧ សេវា និង​ទទួល​បាន​ចំណូល​ប្រហែល​ជាង​ ១៤ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​»​។

លោក ឡាំ សុជាតិ នាយក​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ (API) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា កាលណា​រដ្ឋបាល​ប្រមូល​ផ្តុំគ្នា​នៅ​កន្លែង​តែមួយ​គឺ​ប្រជាជន​មាន​ភាពងាយស្រួល​ក្នុង​ការមក​ស្វែងរក​សេវា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដែល​នៅ​កៀកៗ​គ្នា ហើយ​ទទួល​បាន​សេវា​ពាក់ព័ន្ធ​ជា​កញ្ចប់​បាន​រហ័ស​។ ប្រជាជន​ដែល​មក​ទំនាក់ទំនង​ការងារ ឬ​ចូលរួម​អភិវឌ្ឍ​ផ្សេងៗ​គឺ​មាន​ការចូលរួម​ពី​អង្គភាព​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល ព្រោះ​ការងារ​ជំនាញ​ជាច្រើន​មាន​ការពាក់ព័ន្ធ​នឹង​ការិយាល័យ​អន្តរ​វិស័យ​របស់​រដ្ឋ​។

លោក ឡាំ សុជាតិ ថ្លែងថា​៖ «​តែ​យើង​បារម្ភ​ខ្លាច​ថា​មន្ត្រី​ថ្នាក់ក្រោម​ហ្នឹង គាត់​ធ្លាប់តែ​ងាយស្រួល​ច្រើន​ឆ្នាំ​ហើយ​នៅ​ដាច់ដោយ​ឡែក ធ្វើអីៗ​ដោយ​តែឯងៗ ឬ​ ១ ​នាក់ ២ ​នាក់​ក្នុង​ការិយាល័យ​ជំនាញ​ខ្លួន​ហ្នឹង​ដល់​ពេល​រដ្ឋាភិបាល​គាត់​ចង់​ពង្រឹង​របៀបរបប​ធ្វើការ​អាច​មន្ត្រី​គាត់​លំបាក​ធ្វើការ​ឱ្យ​បាន​ពេញលេញ​អ៊ីចឹង​»​។

លោក ឡាំ សុជាតិ បាន​ថ្លែង​ទៀត​ថា ជាទូទៅ​វា​គឺជា​ការល្អ​ក្នុង​ការដាក់​ឱ្យ​ប្រើប្រាស់​សេវា​ច្រកចេញចូល​នេះ​។ ប៉ុន្តែ​ប្រជាជន​នៅ​មិនទាន់​បានដឹង​ពី​សេវា​ច្រកចេញចូល​តែមួយ​ដែល​រដ្ឋាភិបាល​ទើប​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ស្រុក​ថ្មី និង​ខេត្ត​ថ្មី​មួយ​ចំនួន ហើយ​ពួកគាត់​ភាគច្រើន​អាច​មិន​ទាន់​ស្គាល់​ច្រក​សេវា​នេះ យល់​ដឹង​ពី​សារៈសំខាន់ និង​ប្រើប្រាស់​ឱ្យបាន​ច្រើន​នោះទេ​។

លោក ឡាំ សុជាតិ បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា រាជរដ្ឋាភិបាល​ត្រូវ​ធ្វើ​យុទ្ធនាការ​បន្ថែមទៀត​ដោយ​ធ្វើយ៉ាងណា​ឱ្យ​ច្រក និង​ការិយាល័យ​សេវា​នេះ​បាន​ចូលរួម​លើក​កម្ពស់​គណនេយ្យភាព​ការផ្តល់​សេវា​ច្រក​នេះ​ឱ្យ​បានល្អ និង​ឱ្យ​ប្រជាពលរដ្ឋ​បានផ្តល់​យោបល់​ពី​ការពេញចិត្ត និង​ការមិន​ពេញចិត្ត​ដើម្បី​កែលម្អ​៕