ភ្នំពេញៈ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង ពី​ម្សិលមិញ​បាន​ប្រកាសថា ថវិកា​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅ​ឆ្នាំ​ ២០២០ នឹង​បើក​តាម​ប្រព័ន្ធ​ធនាគារ ដើម្បី​ឲ្យ​មាន​តម្លាភាព​ដែល​អាច​ទប់ស្កាត់​អំពើពុករលួយ និង​បញ្ឈប់​អ្នករត់​ការបើក​ប្រាក់ខែ​ឲ្យ​ម្ចាស់​សាមី​ក្នុង​បំណង​យក​ភាគរយ ហើយ​ព្រមាន​ថា មន្ត្រី​មិន​ត្រូវ​ប្រើ​អំណាច​រំលោភ​ទៅលើ​អំណាច​ដើម្បី​ប្រយោជន៍​បុគ្គល​នោះទេ​។

លោក ស ខេង ថ្លែង​បែបនេះ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ការអនុវត្ត​អនុក្រឹត្យ​ស្ដីពី​មុខងារ និង​រចនាសម្ព័ន្ធ​របស់​រដ្ឋបាល​ក្រុង-ស្រុក-ខណ្ឌ និង​អនុក្រឹត្យ​ស្ដីពី​ការប្រគល់​មុខងារ​គ្រប់គ្រង និង​ផ្តល់​សេវា​សុខាភិបាល​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី-ខេត្ត​នៅ​ថ្ងៃទី​ ១៧ ខែធ្នូ ដែលមាន​ការចូលរួម​ពី​ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា​តំណាង​ក្រសួង​ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជិត ១ ០០០ ​នាក់​នៅ​ក្រសួង​មហាផ្ទៃ​។

លោក​ថ្លែង​ថា​ផ្អែកលើ​គម្រោង​ប៉ាន់ស្មាន​សម្រាប់​ឆ្នាំ​ ២០២០ ខាងមុខ​រដ្ឋ​នឹង​វិភាជ​ថវិកា​ប្រមាណ​ ៨០០ ​លាន​ដុល្លារ​ ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ ចំនួន​នេះ​ពុំទាន់​គិត​បញ្ចូល​នូវ​ការវិភាជ​ពី​ថវិកា​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​នីមួយៗ​បន្ថែមទៀត​សម្រាប់​មុខងារ​ដែល​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋបាល​ទាំងនេះ​នោះទេ​។

លោក​បន្តថា ថវិកា​បន្ថែម​នេះ​កំពុង​ត្រូវ​បាន​រៀបចំ​កំណត់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ផ្ទេរ​ត្រង់​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់គ្រង​ចាត់ចែង និង​ប្រើប្រាស់​។ ដូច្នេះ​ចំនួន​ថវិកា​វិភាជ​ថវិការដ្ឋ​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​សម្រាប់​ឆ្នាំ​ ២០២០ ​នឹង​អាច​កើនឡើង​រហូត​ដល់​ទៅ​ ១ ០០០ ​លាន​ដុល្លារ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ទន្ទឹមនឹង​ការ​ត្រេកអរ យើង​ក៏មាន​ការព្រួយបារម្ភ​ដែរ ពីព្រោះ​ពេលណា​យើង​ចាយ​ផ្តេសផ្តាស​ទៅ​នឹង​មាន​រឿងរ៉ាវ​ទៀត​។ លុយ​នេះ មិនមែន​បើកដាក់​កាតាប​យកទៅ​ទេ លុយ​ហ្នឹង​គឺថា​ហោះ​តាម​រលក​ធាតុអាកាស​ (​កុង​ធនាគារ​)​។ អត់​មាន​ក្រោម​តុ អត់​មាន​ចរចា អត់​កើត​ទេ​។ បើ​ឃុំ-សង្កាត់ មួយ​បាន​ប៉ុន្មាន ស្រុក-ក្រុង មួយ​បាន​ប៉ុន្មាន​ហោះ​ទៅតាម​ហ្នុង​ហើយ​អត់​មាន​ចរចា​កាត់​ភាគរយ​ទេ​»​។

លោក​សង្កត់ធ្ងន់​ថា​៖ «​វា​កាត់បន្ថយ​នូវ​អំពើ​ពុករលួយ​បាន​កាន់តែ​ច្រើន​។ នេះ​ជា​អ្វី​ដែល​យើង​ចង់បាន​។ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទាំង​ខេត្ត ស្រុក ក្រុង ខណ្ឌ ទាំង​ឃុំ សង្កាត់​ពេល​ហ្នឹង​ត្រូវ​ទទួល​ខុសត្រូវ​ខ្លាំង ថា​តើ​ការចាយ​ហ្នឹង​ត្រឹមត្រូវ​ ឬ​មិន​ត្រឹមត្រូវ​ចាយ​សល់​ ឬ​អស់​។ បើ​មិន​អស់​លុយ មិន​ឲ្យ​ទៀត​ទេ តែបើ​អស់​លុយ​ហើយ តែ​មិន​បាន​សមិទ្ធផល​ជា​ដុំកំភួន​ក៏​មិន​ឲ្យ​ដែរ និយាយ​គ្នា​ឲ្យ​ច្បាស់​រឿង​ហ្នឹង​។ យក​ (​ថវិកា​) ហ្នឹង​គឺថា​មិនត្រូវ​ចាយ​ផ្តេសផ្តាស​ទេ គឺ​គូសវាស​ឲ្យ​ដើរ ចាយ​ទៅលើ​អ្វីខ្លះ​រួច​ហើយ​ធ្វើ​គណនេយ្យភាព​ជាមួយ​ប្រជាពលរដ្ឋ​ខ្លួនគេ​»​។

លោក ស ខេង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ការធ្វើ​វិមជ្ឈការ​គឺ​ដើម្បី​ផ្ទេរសិទ្ធិ​អំណាច មុខងារ និង​ធនធាន​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទទួល​ខុសត្រូវ​លើ​ការគ្រប់គ្រង​ការចាត់ចែង​សម្រាប់​ការផ្តល់​សេវាសាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន​។

ប្រការនេះ ​បាន​ធ្វើឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​នៅ​កៀក​ជិត​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​មាន​ភាពម្ចាស់ការ និង​ការទទួល​ខុសត្រូវ​ច្បាស់លាស់​ក្នុង​ការផ្តល់​សេវាសាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ និង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ជាក់ស្តែង​នានា​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​នីមួយៗ​ឱ្យ​បាន​ទាន់​ពេលវេលា​ប្រកប​ដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និង​សមធម៌​សង្គម និង​ដើម្បី​បង្កើន​ធនធាន និង​ការចូលរួម​របស់​សហគមន៍ និង​ប្រជាពលរដ្ឋ​សម្រាប់​ការអភិវឌ្ឍ​មូលដ្ឋាន​។

ជាមួយ​គ្នា​នេះដែរ​លោក​ក៏បាន​ប្រាប់​ដល់​មន្ត្រី​មូលដ្ឋាន​ថ្នាក់ក្រោម​ជាតិ​មិនត្រូវ​ឃុបឃិត អនុញ្ញាត​ឲ្យ​មាន​ការផ្ទេរ​ ឬ​ដោះដូរ​តួនាទី​តាម​ទំនើង​ចិត្ត​ចង់​។ លោក​សង្កត់ធ្ងន់​ថា មិនត្រូវ​រំលោភ​ទៅ​លើ​អំណាច​របស់ខ្លួន​ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​ខ្លួន​នោះទេ ហើយ​ព្រមាន​ថា ក្រសួងមហាផ្ទៃ​នឹង​ចាត់វិធានការ​តាមច្បាប់ ប្រសិនបើ​រកឃើញ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​បែបនេះ​។

លោក​បញ្ជាក់ថា​៖ «​ធ្វើ​អ៊ីចឹងៗ​អី​អត់​បានទេ​អាជ្ញាធរ​រដ្ឋបាល​យើង​។ គេ​ថា​ប្រើ​អំណាច​ដោយ​រំលោភ​។ វា​ជា​រឿង​ផលប្រយោជន៍ ដើម្បី​ផលប្រយោជន៍ របស់ខ្លួន​ប្រើ​អំណាច​ដោយ​រំលោភ​»​។

លោក ស ខេង ឲ្យ​ដឹងថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ (​គ.ជ.អ.ប.) ​ត្រូវ​បន្ត​ខិតខំ​សម្របសម្រួល​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ការកំណត់​អំពី​ចំនួន​ថវិកា​ជាក់លាក់​រួមមាន​ថវិកា​សម្រាប់​បន្ទុក​បុគ្គលិក ថវិកា​សម្រាប់​ប្រតិបត្តិការ និង​ថវិកា​សម្រាប់​អនុវត្ត មុខងារ​ដែល​បាន​ផ្ទេរ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​ការរៀបចំ​លិខិតបទដ្ឋាន​បច្ចេកទេស​នានា ដើម្បី​ផ្ទេរ​ធនធាន​ទាំងនេះ​ឱ្យបាន​ទាន់ពេលវេលា​ទៅឱ្យ​រដ្ឋបាល​រាជធានី ខេត្ត និង​ក្រុង ស្រុក ខណ្ឌ​ក្នុងការ​ចាប់ផ្តើម​បំពេញ​មុខងារ​ដែល​បាន​ផ្ទេរ​ឱ្យ​ទាំងនោះ​ចាប់ពី​ដើម​ឆ្នាំ​ ២០២០ ​តទៅ​។

ជាមួយ​គ្នា​នេះ​ក៏ត្រូវ​ពិនិត្យ និង​កែសម្រួល​នូវ​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ឱ្យ​ឆ្លើយតប​ទៅនឹង​រចនាសម្ព័ន្ធ​គ្រប់គ្រង​ថ្មី​នៃ​រដ្ឋបាល​ទាំងនោះ​ផងដែរ​។

លោក​បញ្ជាក់ថា​៖​ «​ក្នុងករណី​ទ្រព្យសម្បត្តិ​ជា​អចលនទ្រព្យ​មួយចំនួន ដែល​ពុំ​អាចមាន​លទ្ធភាព​រៀបចំ​ផ្ទេរ​ទាន់ពេលវេលា ក្រសួង ស្ថាប័ន​នានា ត្រូវ​អនុញ្ញាត​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ប្រើប្រាស់​នូវ​ទ្រព្យសម្បត្តិ​ទាំងនោះ​ជា​បណ្តោះអាសន្ន និង​ត្រូវ​បន្ត​រៀបចំ​ផ្ទេរ​ទ្រព្យសម្បត្តិ​ឱ្យ​បាន​មុន​ដំណាច់​ឆមាស​ទី ​១ ឆ្នាំ​ ២០២០ ​ខាងមុខនេះ​។

នាយក​កម្មវិធី​នៃ​អង្គការ​តម្លាភាព​លោក​ ពេជ្រ ពិសី ស្វាគមន៍​វិធានការ​របស់ គជអប ដែល​រៀបចំ​ថវិកា​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​តាម​ប្រព័ន្ធ​ធនាគារ ដោយ​ចាត់ទុកថា​ជា​ផ្នែក​មួយ​នៃ​ការជួយ​លើកស្ទួយ​តម្លាភាព និង​កាត់បន្ថយ​អំពើពុករលួយ​។

លោក​បញ្ជាក់ថា​៖ «​ពេលណា​យើង​ធ្វើការ​បើកថវិកា​ ឬ​ប្រាក់បៀវត្សរ៍ ឬ​លុយ​ចំណាយ​ផ្សេងៗ​ក្តី​តាម​ប្រព័ន្ធ​ធនាគារ វា​ធ្វើឲ្យ​មាន​តម្លាភាព​ជា​ជាង​យើង​កាន់​ជា​សាច់ប្រាក់​។ នេះ​គឺជា​ជំហាន​មួយ​ល្អ​ដែរ ប៉ុន្តែ​ពេលដែល​គេ​ដក​លុយ​ពី​ធនាគា​ទៅប្រើ​ហ្នឹង តើ​អ្នក​ដែល​ត្រួតពិនិត្យ​តាមដាន​ការចាយ​លុយ​ហ្នឹង​តាម​យន្តការ​អ្វី​?»​។

ពាក់ព័ន្ធ​ទៅនឹង​ការរំលោភ​អំណាច​វិញ​លោក​និយាយថា​៖ «​ការរំលោភ​អំណាច​យើង​ឃើញថា ជាទូទៅ​កើតមាន​ច្រើន​ចំពោះ មន្ត្រី​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែល​រំលោភ​អំណាច​ដើម្បី​ទទួលបាន​ផលប្រយោជន៍​ខ្លួនឯង​។ វា​ជា​ទម្រង់​មួយ​នៃ​អំពើពុករលួយ ហើយ​ក្រសួងមហាផ្ទៃ​គាត់​មាន​វិធានការ​ទប់ស្កាត់ ធ្វើ​ម៉េច​កុំ​ឲ្យ​មន្ត្រី​គាត់​ប្រើ​អំណាច និង​រំលោភបំពាន​អំណាច វា​ជា​ជំហាន​មួយ​ដែល​យើង​ស្វាគមន៍ តែ​ការលើក​មតិយោបល់ និង​អំពាវនាវ​សុំ វា​មិនទាន់​គ្រប់គ្រាន់​ទេ ទាល់តែ​បង្កើត​យន្តការ​តាមដាន​មន្ត្រី​របស់ខ្លួន​ដើម្បី​កុំ​ឲ្យ​មានការ​រំលោភ​អំណាច​»៕

វីដេអូ៖