ភ្នំពេញៈ ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ប្រគល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៨៧ គ្រឿង​ទៀត​ទៅ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី-ខេត្ត​នៅ​ទូទាំង​ប្រទេស​ដើម្បី​យក​ទៅ​ប្រើប្រាស់​ជួយ​ពន្លត់​អគ្គិភ័យ​ដែល​អាច​កើតឡើង​ជាយថាហេតុ​នៅ​តាម​បណ្តា​រាជធានី​ខេត្ត​ទាំង​នោះ​។

រថយន្ត​ពន្លត់​អគ្គិភ័យ​ទាំង ៨៧ គ្រឿង​នេះ​ជា​ប្រភេទ​រថយន្ដ ISUZU ម៉ាក FTR មាន​ចំណុះ ៦០០០ ​លីត្រ​គុណភាព​ថ្មី ១០០ ​ភាគរយ​ផលិត​នៅ​ប្រទេស​ជប៉ុន (​ឆ្នាំ​ផលិត​ ២០១៧) ​ប៉ុន្តែ​បាន​ទិញ​ពី​ក្រុមហ៊ុន​មួយ​នៅ​ចិន​។

លោក ស ខេង ថ្លែង​ក្នុង​ពិធី​នេះ​ថា ការប្រគល់​រថយន្ត​ទៅ​ដល់​អាជ្ញាធរ​គ្រប់​រាជធានី​ខេត្ត​នេះ​គឺ​ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ការជួយ​អន្តរាគមន៍ ទប់ស្កាត់​ក្នុង​ការ​ពន្លត់​អគ្គិភ័យ​ឱ្យ​បាន​ទាន់​ពេលវេលា​ដែល​កើតឡើង​ដោយ​យថាហេតុ​ផ្សេងៗ​។ ​

លោក​បាន​ផ្តាំផ្ញើ​ដល់​បណ្តា​អង្គភាព​ទាំងអស់​ដែល​ទទួល​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ត្រូវ​ខិតខំ​ប្រឹងប្រែង​បម្រើ​ដល់​អង្គភាព និង​ប្រជាពលរដ្ឋ​ដែល​បាន​រងគ្រោះ​ដោយ​អគ្គិភ័យ ហើយ​មិន​ត្រូវ​ប្រកាន់​វណ្ណ:​នោះ​ទេ ពិសេស​បំផុត​ត្រូវ​ចេះ​ថែរក្សា​រថយន្ត​ឱ្យ​បាន​ល្អ ព្រោះ​ពេល​មាន​អគ្គិភ័យ​កើតឡើង​ភ្លាម សមត្ថកិច្ច​អាច​ជួយ​សង្គ្រោះ​ទាន់​ពេល​។

លោក​សង្កត់ធ្ងន់​ថា​៖ «​ម្យ៉ាង​ទៀត​ត្រូវ​ពន្យល់​ណែនាំ​ដល់​ប្រជាពលរដ្ឋ ក្រុមហ៊ុន​សហគ្រាស​ផ្សេងៗ​ឱ្យ​យល់​ពី​ការការពារ និង​សុវត្ថិភាព​ដែល​បង្ក​ឱ្យ​មាន​អគ្គិភ័យ​»​។

រថយន្ត​ពន្លត់​អគ្គិភ័យ​ត្រូវ​ផ្តល់​ឲ្យ​អាជ្ញាធរ​រាជធានី-ខេត្ត​ពី​ម្សិលមិញ​។ ផា លីណា

លោក នេត វត្ថា ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ និង​ពន្លត់​អគ្គិភ័យ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​៖ «​រថយន្ត​ពន្លត់​អគ្គិភ័យ​ទាំងនេះ​មិនមែន​ជា​ជំនួយ​នោះ​ទេ គឺ​រាជរដ្ឋាភិបាល​បាន​ទិញ​ពី​ក្រុមហ៊ុន​ចិន ប៉ុន្តែ​វា​ជា​រថយន្ត​ដែល​ផលិត​ដោយ​ជប៉ុន​»​។

លោក​ឲ្យ​ដឹង​ថា ​រថយន្ត​ទាំងនេះ​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​រថយន្ត​ចំនួន​ ២០០ ​គ្រឿង​ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ទិញ​ពី​ក្រុមហ៊ុន​មួយ​នៅ​ប្រទេស​ចិន​ចាប់​តាំង​ពី​ថ្ងៃទី​ ២ ខែ​សីហា ឆ្នាំ​ ២០១៣ ​មក​ម្ល៉េះ ហើយ​រថយន្ត​ទាំង​នោះ​ត្រូវ​បាន​បញ្ជូន​មក​ជា​ ២ ​ជំហាន​។ ជំហាន​ទី ១ បញ្ជូន​មក ​១១៣ ​គ្រឿង​កាលពី​ថ្ងៃទី​ ១១ ខែ​ឧសភា ឆ្នាំ ២០១៦ និង​ជំហាន​ទី ២ គឺ​រថយន្ត​ ៨៧ គ្រឿង​ដែល​ត្រូវ​បាន​បញ្ជូន​មក​ដល់​នាពេល​នេះ​។

តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ភ័ស្តុភារ និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹងថា រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ​១១៣ គ្រឿង​ដែល​ត្រូវ​បាន​បញ្ជូន​មក​កាលពី​លើក​ទី​ ១ ត្រូវ​បាន​បែងចែក​ទៅ​តាម​បណ្តា​ខេត្ត​ចំនួន​ ៩៩ ​គ្រឿង និង​រក្សាទុក​នៅ​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ ១៤ ​គ្រឿង​៕