ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ជាមួយ​លោក​នៅក្នុង​ខេត្ត​បាត់ដំបង និង​ព្រៃវែង​បាន​ជួបប្រជុំ​កាលពី​ម្សិលមិញ​នៅ​ទីស្ដីការ​ក្រសួង ដើម្បី​ពិភាក្សា​រក​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ទាំង​ ២​។

លោក សក់ សេដ្ឋា ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹងថា​លោក​រដ្ឋមន្ត្រី​ដែល​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង​ និង​ខេត្តព្រៃវែង​បាន​ដឹកនាំ​ប្រជុំ​ពិភាក្សា​អំពី​វិធីសាស្ត្រ និង​យុទ្ធសាស្ត្រ​នានា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ប្រមូល​បាន​ពី​វេទិកាសាធារណៈ​នៅ​មូលដ្ឋាន​។

លោក​ថ្លែង​ថា​៖ «​យើង​ជជែក​គ្នា​ថា​តើ​បញ្ហា​ប្រឈម​ណា​ស្ថិត​នៅក្នុង​សមត្ថកិច្ច​ថ្នាក់​ណា​ដោះស្រាយ ​ឧទាហរណ៍ ថ្នាក់ឃុំ ស្រុក ឬ​ថ្នាក់​ខេត្ត ហើយ​បើ​នៅ​សេសសល់​ត្រូវ​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់ជាតិ​ដើម្បី​ឲ្យ​ថ្នាក់ជាតិ​ពិនិត្យ​ជាមួយ​ក្រសួង និង សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ដើម្បី​ធ្វើការ​ដោះស្រាយ​»​។

លោក សេដ្ឋា បាន​ឲ្យ​ដឹងថា​កន្លងមក​ក្រុម​ការងារ​ថ្នាក់ជាតិ​របស់​ខេត្ត​បាត់ដំបង និង​ព្រៃវែង​ដែល​ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រី​បាន​ចុះ​ទៅ​ធ្វើ​វេទិកាសាធារណៈ​ជាមួយ​ប្រជាជន ហើយ​តាមរយៈ​វេទទិកា​សាធារណៈ​ក៏​ប្រមូល​បាន​នូវ​បញ្ហា​ប្រឈម​ផ្សេងៗ​ដែល​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ដោយផ្ទាល់​ពី​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា បញ្ហា​ផ្លូវ ប្រឡាយទឹក ជម្លោះដីធ្លី ភាពយឺតយ៉ាវ​ក្នុង​ការផ្តល់​សេវាកម្ម​សាធារណៈ​ជាដើម​។

លោក​បាន​ពន្យល់​បន្ថែម​ថា​បញ្ហា​ប្រឈម​ទាំងនេះ​ត្រូវការ​របៀប​ និង​វិធីសាស្ត្រ​ដោះស្រាយ​ផ្សេងៗ​គ្នា ហើយ​ក្រុម​ការងារ​ថ្នាក់ជាតិ​បាន​និង​កំពុង​ធ្វើ​ចំណាត់ថ្នាក់​ទៅ​តាម​វិស័យ​នីមួយៗ​ឲ្យ​បាន​ជាក់លាក់ ហើយ​នឹង​ធ្វើការ​បែងចែក​បញ្ហា​ទាំងនោះ​ទៅ​តាម​ថ្នាក់​សមត្ថកិច្ច​ផ្សេងៗ​ដូចជា​ថ្នាក់ឃុំ ស្រុក និង ខេត្ត​ធ្វើការ​ដោះស្រាយ ហើយ​បើ​មាន​បញ្ហា​មួយ​ចំនួន​ដែល​មិនអាច​ដោះស្រាយ​បាន​នោះ​ក្រុម​ការងារ​ថ្នាក់ជាតិ​នឹង​ធ្វើការ​ដោះស្រាយ​ជាមួយ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​។

លោក សេដ្ឋា ថ្លែង​ថា​៖ «​វិធីសាស្ត្រ​នេះ​ល្អ​ត្រង់​ថា​វេទិកា​សាធារណៈ​នេះ​មាន​ប្រជាពលរដ្ឋ​ចូលរួម​ច្រើន ហើយ​គាត់​លើក​បញ្ហា​ត្រង់​ជាមួយ​ក្រុមការងារ​អំពី​បញ្ហា​ប្រឈម​នឹង​ក្តីកង្វល់​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់ ហើយ​ចាត់ទុក​វេទិកា​នេះ​មាន​ការចូលរួម និង​គាំទ្រ​យ៉ាង​ផុលផុស​ពី​ប្រជាជន​មូលដ្ឋាន ហើយ​ការងារ​ដែល​នៅ​សេសសល់​គឺ​ការ​ប្រមូល​យក​នូវ​បញ្ហា​ប្រឈម​គិតគូរ​ដំណោះស្រាយ​ឲ្យ​បាន​សមស្រប​»​។

កិច្ចពិភាក្សា​នេះ​ធ្វើ​ឡើង​ បន្ទាប់ពី​លោក ស ខេង កាលពី​ដើម​ខែកញ្ញា​បាន​ឲ្យ​ដឹងថា ក្រុម​ការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង និង​ខេត្ត​ព្រៃវែង តាមរយៈ​វេទិកាសាធារណៈ ក្រុម​ការងារ​ប្រមូល​បាន​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​បាន​ជាង​ ៩០០ ​ករណី​ដោយ​ក្នុង​នោះ​បញ្ហា​ពលរដ្ឋ​ ៣០០ ​ករណី​ នៅក្នុង​ខេត្ត​ព្រៃវែង និង​ជាង​ ៦០០ ​ករណី​ទៀត​នៅ​ខេត្ត​បាត់ដំបង​។

លោក ស ខេង ក៏បាន​បញ្ជា​មន្ត្រី​ឱ្យ​ចុះ​ប្រមូល​ព័ត៌មាន និង​បញ្ហា​ប្រឈម​ពី​ពលរដ្ឋ​ដោយ​ភាព​អត់ធ្មត់ និង​កត់ត្រា​ឱ្យ​បាន​ហ្មត់ចត់​រាល់​មតិយោបល់​របស់​ពួកគេ​ពោល​គឺ​មន្ត្រី​ទាំងអស់​មិន​ត្រូវ​ជំទាស់​មតិ និង​គំនិត​របស់​ពលរដ្ឋ​ដែល​ខ្លួន​គិតថា ជា​មតិ​ប្រឆាំង​នោះ​ឡើយ​។ សម្រាប់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​មាន​តែ​ការ​ស្ដាប់ និង​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ឱ្យ​សមរម្យ​ទេ ទើប​វា​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​គេចផុត​ពី​កំហុស និង​ការរិះគន់​។

លោក ស ខេង ថ្លែង​ថា​៖ «​ការបើក​វេទិកាសាធារណៈ​នេះ​គឺ​សុំ​ឱ្យ​មាន​សមាសភាព​ចូលរួម​ចម្រុះ​គឺ​យើង​ស្ដាប់​ទាំងអស់​បើក​ទូលាយ​ឱ្យ​គាត់​និយាយ ឱ្យ​គាត់​សម្ដែង​មតិ លើក​បញ្ហា​មក បញ្ហាដីធ្លី​យ៉ាងម៉េច​? បញ្ហា​កសិផល​របស់​គាត់​យ៉ាងម៉េច​? ការរស់នៅ​របស់​គាត់​យ៉ាងម៉េច​? មាន​សន្តិសុខ​ល្អ​ប្រសើរ​ទេ​?​។

រាល់​បញ្ហា​ដែល​ពលរដ្ឋ​លើក​ឡើង​នោះ ទោះបី​ដោះស្រាយ​បាន​ភ្លាមៗ​ក្តី ឬ​មិន​បាន​ក្តី ក៏​រដ្ឋាភិបាល​ដាក់​បញ្ហា​ទាំងនោះ​ចូល​ក្នុង​បញ្ជី​បញ្ហា​របស់​ពលរដ្ឋ​មួយ ដើម្បី​ដោះស្រាយ​ជា​ដំណាក់កាល​ពោល​គឺ​រដ្ឋាភិបាល​នឹង​ធ្វើ​បច្ចុប្បន្នភាព​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ ដើម្បី​រំកិល​បញ្ហា​ទាំង​នោះ​ទៅជា​ការអភិវឌ្ឍ​វិញ​»​។

លោក​ សឿង​ សារឿន ប្រធាន​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​បាន​ថ្លែងថា​ការព្យាយាម​ផ្តល់​អំណាច​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ក្នុងការ​ធ្វើការ​ដោះស្រាយ​ចាត់ទុក​ការប្រមូល​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​។

លោក​ថា​៖ «​ទម្រង់​ណាមួយ​ដែល​ផ្តល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​នូវ​ទុក្ខ​កង្វល់ វា​ជា​ការល្អ​សម្រាប់​ប្រជាពលរដ្ឋ​។ ​ប្រសិន​បើ​គាត់​គោរព​ទៅតាម​​ឋានានុក្រម​ និង​របៀប​នៃ​ការធ្វើ​ការងារ វា​ជា​រឿង​ប្រសើរ​ពីព្រោះ​បញ្ហា​មួយ​ចំនួន​វា​ពាក់ព័ន្ធ​នឹង​បញ្ហា​ថ្នាក់ជាតិ​»៕