បាត់ដំប​ងៈ ឧបនាយក​រដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ ​លោក ​ស​ ខេង ​ពី​ម្សិលមិញ ​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ជឿ​ និង​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ឃោសនា ​របស់​អ្នក​នយោបាយ​ខ្លះ​អូស​ទាញ​នាំ​ឱ្យ​ចូលរួម​ធ្វើ​បាតុកម្ម ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល ​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ។

ការ​អំពាវនាវ​របស់​លោក ​ស ខេង ​ធ្វើ​ឡើង ​ក្រោយ​ពី​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​ពួក​គេ​ថា ពួក​គេ​នឹង​ទៅ​ទទួល​ស្វាគមន៍​ការ​វិល​ត្រឡប់​របស់​លោក ​សម រង្ស៊ី ​ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះជាតិ​ និង​ថ្នាក់​ដឹកនាំ​បក្ស​នេះ ​នៅ​ពេល​មេ​ដឹកនាំ​បក្ស​ប្រឆាំង​ទាំង​នេះ​ធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ​។ ម្យ៉ាង​វិញ​ទៀត ​ក៏​វា​ស្រប​ពេល​ដែល​អគ្គ​មេបញ្ជាការ កង​កម្លាំង​ប្រដាប់​អាវុធ ​មាន​ទាំង​អគ្គស្នងការ​នគរបាល​ជាតិ ​និង​អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ ​បាន​ប្រជុំ​ត្រៀម​កម្លាំង​អនុវត្ត​ដីកា​របស់​តុលាការ ​ត្រៀម​ចាប់​លោក ​សម រង្ស៊ី ​និង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​មួយ​នេះ។

ក្នុង​ពិធី​សម្ពោធ ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ​ស្ពាន​ច្រាំង​ចោត​ ខេត្ត​បាត់ដំបង ​ពី​ម្សិលមិញ ​លោក ​ស ខេង ​ថ្លែង​ថា​ ប្រទេស ​កម្ពុជា ​មាន​សុខ​សន្ដិភាព​ពេញ​លេញ ​ដូច្នេះ​ពលរដ្ឋ​ត្រូវ​គិត​រកស៊ី​បន្ថែម​ទៀត ដើម្បី​ឲ្យ​ជីវភាព​កាន់​តែ​ធូរធារ ​ដោយ​កុំ​ពាក់ព័ន្ធ​ និង​ចូលរួម​ធ្វើ​សកម្មភាព​តាម​ការ​ឃោសនា​របស់​អ្នក​នយោបាយ​មួយ​ចំនួន​។ ការ​លើក​​ឡើង​បែប​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា លោក​ចង់​សំដៅ​ទៅ​លោក ​សម រង្ស៊ី ដែល​បាន​ប្រកាស​ជា​ច្រើន​ដង​ថា ​លោក ​និង​មន្ត្រី​ជាន់​ខ្ពស់​របស់​លោក​នឹង​វិល​ចូល​ស្រុក​ក្នុង​ឆ្នាំ​នេះ។

លោក ​ស ខេង ​បញ្ជាក់​ថា​៖ «​នៅ​ក្នុង​ពេល​ដែល​យើង​កំពុង​តែ​មាន​សុខសន្តិភាព​បែប​នេះ ​យើង​គួរ​តែ​រួម​គ្នា​គិត​ដើម្បី​កសាង​ ជីវភាព​របស់​យើង​ឲ្យ​សម្បូរ​សប្បាយ។ កុំ​ទៅ​ជឿ​ការ​ឃោសនា ​អូស​ទាញ​ពី​មជ្ឈដ្ឋាន​អ្នក​នយោបាយ​ខ្លះ ​ដែល​គេ​មាន​បំណង​នឹង​កៀរគរ​ និង​ប្រមែប្រមូល​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គេ​ហើយ​ទៅ​ប្រឆាំង​រដ្ឋាភិបាល​ តាមរយៈ​មហា​បាតុកម្ម​។ល។»។

លោក​បន្ថែម​ថា​ កន្លង​ទៅ​ប្រទេស ​កម្ពុជា ​បាន​រៀន​សូត្រ​ពី​ការ​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម ​ដោយសារ​តែ​តាមរយៈ​ការ​ឃោសនា។ ប្រជាពលរដ្ឋ​ត្រូវ​ខិតខំ​ជួយ​ថែរក្សា​ការពារ​នូវ​ការអភិវឌ្ឍ ​និង​ការ​រីក​ចម្រើន​របស់​រដ្ឋាភិបាល​កម្ពុជា​សព្វ​ថ្ងៃ​នេះ​ដែល​កើត​ចេញ​​ពី​ការ​បោះ​ឆ្នោត។ ​ប្រជាជន​ជាង​ ៨០ ភាគរយ ​បាន​ទៅ​បោះឆ្នោត​ ដោយ​គ្មាន​អំពើ​ហិង្សា ​របួស​ស្នាម ​ឬ​ស្លាប់​នោះ​ទេ​ ហើយ​មាន​ការ​ទទួល​ស្គាល់​ពី​អន្តរជាតិ​ បើ​ទោះបី​ប្រទេស​តិចតួច​ខ្លះ​មិន​បាន​ទទួល​ស្គាល់​ក្តី។

លោក​បន្ថែម​ថា​៖ «ស្រុក​យើង​កំពុង​តែ​មាន​សុខសន្តិភាព​ពេញ​លេញ​ អត់​មាន​ទ័ព​ក្រៅ​ច្បាប់ ​ឬ​គេ​ហៅ​ថា​ឧទ្ទាម​ក្រៅ​ច្បាប់​ ដើម្បី​មក​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​រដ្ឋាភិបាល​ ដែល​នាំ​ឲ្យ​រដ្ឋាភិបាល​កៀរគរ​កម្លាំង​កងទ័ព​ ឬ​ក៏​រើស​ទ័ព​ពី​កូនចៅ​ប្រជាជន​ទៅ​ច្បាំង​នោះ​ទេ។ នេះ​គឺ​ជា​ភ័ព្វ​សំណាង​របស់​យើង​ល្អ​ណាស់ ​ហើយ​វា​ជា​ជោគជ័យ​របស់​យើង​ទាំង​អស់​គ្នា ​និង​របស់​ជាតិ​យើង​ដែល​យើង​មាន​មោទនភាព។ ​ប្រសិន​បើ​មក​ដល់​ពេល​នេះ ​យើង​មិន​ទាន់​មាន​សុខសន្តិភាព ​គឺ​យើង​មិន​អាច​មាន​ពេល​ធ្វើ​អ្វី​បាន​ទេ»។

លោក ​ស ខេង ​បន្ត​ថា ​បើ​មាន​ការ​តវ៉ា​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ ​វា​ហាក់​ដូច​ជា​ការ​រុះរើ​កម្ពុជា​ ហើយ​ចាប់​ផ្ដើម​កសាង​ឡើង​សារ​ជា​ថ្មី ​ហើយ​មិន​ដឹង​ថា​ពេល​ណា​ដែល​កម្ពុជា​អាច​បាន​ស្មើ​ស្ថានភាព​បច្ចុប្បន្ន​ទេ។

ដោយ​មិន​សំដៅ​ចំ​ឈ្មោះ​ លោក ​សម រង្ស៊ី ​ឬ​គណបក្ស​សង្គ្រោះជាតិ ​លោក ​ស ខេង​ ថ្លែង​ថា​៖ ​«ឧទាហរណ៍​ថា​ បើ​យើង​នាំ​គ្នា​រវល់​ថា​ អូ ​ឥឡូវ​នេះ​នាំ​គ្នា​គិតគូរ​ត្រៀម​ដើម្បី​នឹង​ស្វាគមន៍​មេ​បក្ស​នេះ​មេបក្ស​នោះ​ដែល​តុលាការ​បាន​រំលាយ​ហើយ រួច​ហើយ​មក​ធ្វើ​បាតុកម្ម​ផ្ដួល​រំលំ​រដ្ឋាភិបាល​ យើង​អត់​បាន​គិត​អី​ទេ​ក្នុង​ជីវភាព​រស់នៅ​របស់​យើង»។

លោក​បន្ត​ថា​៖«អ៊ីចឹង​ពេល​នេះ​ខ្ញុំ​ស្នើ​ថា​ យើង​គិត​ពី​រឿង​ថា កូន​យើង​បាន​រៀន ឬ​មិន​បាន​រៀន។ គិត​ពី​រឿង​មុខ​របរ​របស់​យើង​នេះ ​កសិកម្ម​ក្ដី ​ពាណិជ្ជកម្ម​ក្ដី ​សេវាកម្ម​ក្ដី​ តើ​វា​មាន​ការ​រីក​ចម្រើន​ទៅ​មុខ ​ឬ​អត់។ យើង​មាន​ផ្ទះ​សំបែង​រស់នៅ​គ្រប់គ្រាន់​ឬ​នៅ ​យើង​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​គ្រប់គ្រាន់​ឬ​នៅ។ សុខភាព​របស់​យើង​វា​យ៉ាង​ម៉េច ​ត្រូវ​ដោះស្រាយ​របៀប​ម៉េច ​ហើយ​ស្នើ​ទៅ​រដ្ឋាភិបាល ​ទៅ​ក្រុម​ការងារ​ដើម្បី​ជួយ​អន្តរាគមន៍​រឿង​អី​ខ្លះ»។​

លោក​ថា ​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​ គឺ​ជួយ​ឲ្យ​ពលរដ្ឋ​មាន​ខ្សែ​ក​ ខ្សែ​ដៃ ​ម៉ូតូ និង​សម្លៀក​បំពាក់​ ហើយ​ញញឹម​ទៅ​មាន​ទឹក​​មុខ​ស្រស់​ស្រាយ។ ​រដ្ឋាភិបាល​មិន​ដែល​គិត​យក​សម្បត្តិ​ទាំង​នោះ ​ទៅ​ដាក់​ជា​របស់​រួម​ដូច​កាល​សម័យ​ខ្មែរ​ក្រហម​ទេ។

លោក​ថា​ កាល​ពី​បោះ​ឆ្នោត​ឆ្នាំ ​២០១៣ ​រដ្ឋ​បាន​ខាតបង់​ថវិកា ​ធនធាន​សម្បើម​ណាស់​ដើម្បី​ការពារ​សន្តិសុខ​ពាក់ព័ន្ធ​នឹង​ការ​មិន​ទទួល​យក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ​និង​បាតុកម្ម​រយៈពេល​ជិត ​១ ​ឆ្នាំ។ លោក​បន្ត​ថា ​អាជ្ញាធរ​អាច​ការពារ​មិន​ឲ្យ​មាន​ការ​ស្លាប់​ដោយ​ការ​ធ្វើ​បាតុកម្ម ​លើកលែង​តែ​អ្នក​បះបោរ​នៅ​ផ្លូវ​វេង​ស្រេង​ដែល​រដ្ឋាភិបាល​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង។

លោក​បាន​ថ្លែង​រំឭក​ពី​ព្រឹត្តិការណ៍​ផ្លូវ​វេងស្រេង​ថា​៖ «ព្រឹក​ហ្នឹង​មាន​បញ្ហា​ ខ្ញុំ​បញ្ជា​ឲ្យ​បិទ​ទីលាន​ប្រជាធិបតេយ្យ​ អត់​ឲ្យ​មាន​ទីលាន​ប្រជាធិបតេយ្យ​ទៀត​ទេ។ មិនមែន​អត់​ឲ្យ​មាន​ទេ​ តែ​មិន​ឲ្យ​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​។ តាំង​ពី​ហ្នឹង​មក​បិទ​ឈឹង​ទៅ ​ដល់​បិទ​ទៅ​មាន​អ្នក​សួរ​ថា ​អង្កាល់​បើក​វិញ។ ខ្ញុំ​ថា ​ទាល់​តែ​គណបក្ស​ហ្នឹង​ចូល​សភា ​បើ​មិន​ចូល​សភា​ទេ ​អត់​បើក​ជូន​ទេ។ ឥឡូវ​គាត់​មក​ចង់​ធ្វើ​អារបៀប​ហ្នឹង​វិញ ​តែ​ពលរដ្ឋ​យើង​មិន​ឆោត​ដល់​ថ្នាក់​ហ្នឹង​ទេ»។

លោក ​អ៊ូ ច័ន្ទរ័ត្ន ​អតីត​​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ ​ថ្លែង​ពី​ម្សិលមិញ ​គាំទ្រ​ការ​លើក​ឡើង​របស់​លោក ​ស ខេង។ លោក​និយាយ​ថា ​ការ​អំពាវនាវ​របស់​គណបក្ស​ប្រឆាំង​អាច​នឹង​នាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​ទៅ​នឹង​រាជរដ្ឋាភិបាល​ដែល​ឈាន​ដល់​ការ​បង្ក​ឲ្យ​មាន​ការ​ចលាចល ​និង​ស្ថិរភាព​នយោបាយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ ប្រទេស​ជាតិ។

លោក​ថ្លែង​ថា​៖ «ការ​ប្រកួតប្រជែង​គ្នា​បែប​នេះ​មិន​បាន​ផ្តល់​នូវ​ផលប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ​ទេ ​ហើយ​គួរ​តែ​ងាក​មក​ការ​ជជែក​គ្នា​វិញ។ ការ​លើក​ឡើង​របស់​លោក ​សម រង្ស៊ី ​នឹង​ធ្វើ​ឲ្យ​ប្រទេស​ស្ថិត​ក្នុង​ស្ថានភាព​មិន​ល្អ​ដោយ​ប៉ះពាល់​ដល់​ដំណើរការ​សេដ្ឋកិច្ច ​ការ​វិនិយោគ ​និង​មុខមាត់​ប្រទេស​ផង»។

ទន្ទឹម​នឹង​នេះ​ដែរ​ លោក​ក៏​បាន​ស្នើ​ឲ្យ​គណបក្ស​ដឹកនាំ​ប្រទេស ​និង​គណបក្ស​ប្រឆាំង​ ងាក​មក​រក​តុ​ចរចា​ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​បាន​នឹង​កំពុង​កើត​មាន ​ដើម្បី​ផល​ប្រយោជន៍​ប្រជាជន។

លោក​ ​គិន ភា​ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែង​ថា​ សារ​របស់​លោក​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​បែប​នេះ​ ជា​ការ​ក្រើន​រំឭក​ និង​ព្រមាន​ទៅ​ដល់​អ្នក​ដែល​មាន​បំណង​ចង់​បង្កើត​ឱ្យ​មាន​ចលនា​បដិវត្តន៍​ពណ៌​ពី​មហាជន​ ដែល​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល។

លោក​បន្ត​ថា​៖ «សារ​របស់​សម្តេច​ ស ខេង ​គឺ​វា​ច្បាស់​ហើយ​ គឺ​​សំដៅ​ទៅ​លោក ​សម រង្ស៊ី ​និង​អតីត​គណបក្ស​ប្រឆាំង​ដោយសារ​យើង​ឃើញ​កន្លង​ទៅ​ថ្មីៗ​នេះ​ លោក ​សម រង្ស៊ី​ តែងតែ​បញ្ចេញ​សារ​ម្តង​ហើយ​ម្តង​ទៀត​ ដែល​មាន​លក្ខណៈ​ចាក់​ដោត បំបែក​បំបាក់​ប្រជាជន​ និង​បំបែក​បំបាក់​គណបក្ស​ប្រជាជន ​និង​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើ​អ្វីមួយ​ដែល​នាំមក​នូវ​ភាព​មហន្តរាយ​ដល់​ប្រទេស​ជាតិ។ សារ​របស់​សម្តេច​មាន​សារៈសំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ជា​មូលដ្ឋាន​ក្នុង​ការ​ពិចារណា»។

អ្នក​វិភាគ​នយោបាយ ​លោក ឡៅ ​ម៉ុងហៃ ​បាន​ថ្លែង​ថា​ ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​បូក​រួម​ទាំង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​​ផង​នោះ ​គឺ​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ ដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ ​ដរាប​ណា​ការ​អនុវត្ត​សិទ្ធិ​នោះ​មិន​ប៉ះពាល់​ដល់​សិទ្ធិ ​សេចក្ដី​ថ្លៃថ្នូរ​អ្នក​ដទៃ​ ដូច​បាន​ចែង​ក្នុង​មាត្រា ​៣១​ និង​មិន​ប៉ះពាល់​ដល់​ប្រពៃណី ​សង្គម ​សណ្ដាប់​ធ្នាប់​សាធារណៈ ​និង​សន្តិសុខ​ជាតិ ដូច​មាន​ចែង​ក្នុង​មាត្រា ​៤១។

អ្នក​វិភាគ​រូប​នេះ​បាន​ថ្លែង​ថា​៖ ​«​រដ្ឋាភិបាល​អាច​អំពាវនាវ​ដល់​ពលរដ្ឋ​មិន​ឲ្យ​ធ្វើ​បាតុកម្ម។ ប៉ុន្តែ​វា​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​ដែល​ទៅ​ហាម​ឃាត់​ពួក​គាត់​ ហើយ​ព្យួរ​សិទ្ធិ​នោះ ប្រសិន​បើ​ប្រទេស ឬ​ទីតាំង​ជាក់លាក់​ណា​មួយ​ដែល​ហាម​ធ្វើ​បាតុកម្ម​នោះ មិន​ត្រូវ​បាន​ប្រកាស​ឲ្យ​បាន​ច្បាស់​ថា ត្រូវ​បាន​ដាក់​ក្នុង​ភាព​អាសន្ន»៕