ព្រៃវែងៈ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក​ ស ខេង ពី​ម្សិលមិញ​ណែនាំ​ដល់​មន្ត្រី​កាក​បាទ​ក្រហម​ទូទាំង​ប្រទេស​ត្រូវ​ចូលរួម​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ ដោយ​មិន​ត្រូវ​រើសអើង បែង​ចែក ឬ​ប្រកាន់​និន្នាការ​នយោបាយ​នោះ​ទេ ដោយ​លោក​ចាត់​ទុកថា ពលរដ្ឋ​ទាំងអស់​សុទ្ធ​តែ​ជា​មុខ​សញ្ញា ដែល​ត្រូវការ​ការជួយ​សង្គ្រោះ។

លោក​ថ្លែង​បែបនេះ ក្នុងឱកាស ដែល​លោក​ចូលរួម​ពិធី​អបអរ​ខួប​ទី១៥៦ ទិវា​ពិភពលោក​កាក​បាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា នៅ​ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី ៩ ខែ​ ឧសភា។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «កាក​បាទ​ក្រហម​គឺជា​អង្គការ អព្យាក្រឹត​មួយ ឯករាជ្យ​មួយ មិនមែន​ជា​អង្គការ​នយោបាយ​ទេ។ ជា​យន្តការ​សាធារណៈ​មួយ អ៊ីចឹង​ប្រជា​ពលរដ្ឋ​យើង​មិន​ត្រូវ​បែង​ចែក​នេះ​ពណ៌​ខៀវ នោះ​ពណ៌​ក្រហម​ទេ ឬ​នេះ​បក្ស​នេះ នេះ​បក្ស​នោះទេ អត់​ទេ»។

លោ​ក ស ខេង បន្ថែមថា៖ «ប្រជា​ពលរដ្ឋ គឺប្រជាពលរដ្ឋ ​បាន​ន័យថា ​ប្រជាពលរដ្ឋ​ទាំងអស់ ​គឺជា​មុខសញ្ញា ​ដែល​យើង​ត្រូវ​ជួយ​ទាំងអស់ ​ដែល​កន្លងមក ​យើង​ធ្វើ​បែប​នេះ​ អ៊ីចឹ​ង​សូម​ឲ្យ​ធ្វើ​បែបនេះ​បន្ត​ទៀត។ ព្រោះ​ជា​អង្គការជួយ​សង្គម​មួយ ត្រូវ​មើល​ប្រជា​ជន​ទាំងអស់​ជា​ប្រជាជន​យើង ​បើទោះបីជា​គាត់​មាន​និន្នា-​ការ​នយោបាយ​ក្នុង​ក្របខ័ណ្ឌ​ណា​ក៏ដោយ​ ក្នុង​របប​ប្រជាធិប​តេយ្យ​ពហុបក្ស​ វា​តែងតែ​អ៊ីចឹង»។

ក្រៅពី​ណែនាំ​ឲ្យ​ធ្វើការ​ដោយ​មិនត្រូវ​រើសអើង​ពលរដ្ឋ ​លោក​ស ខេង ​ក៏​ស្នើ​ក្នុងន័យ​ក្រើន​រំឭក​ដល់​កាក​បាទ​ក្រហម​ទូទាំង​ប្រទេស​ ត្រូវមាន​តម្លាភាព​ ក្នុងការ​គ្រប់គ្រង ​ប្រើប្រាស់​ថវិកា ​របស់​កាក​​បាទក្រហម ​ដែល​បាន​មកពី​គ្រប់​ប្រភព ​ដូចជា​ទទួលបាន​ពី​ថ្នាក់​កណ្តាល​ ទទួលបាន​ពី​សប្បុរស​ជន ​ឬ​ក្នុង​ពិធី​ដូចដែល​បាន​ធ្វើ​នេះ​ជាដើម ​ចៀសវាង​បាត់បង់​ទំនុក​ចិត្ត​ពី​មជ្ឈដ្ឋាន​ទូទៅ។

លោក​បន្ថែមថា​៖ «បើ​មិន​ដូច្នោះ​ យើង​អំពាវនាវ​ឲ្យ​សប្បុរ​សជន​ជួយ​ វា​អត់​មានតម្លៃ​ទេ​ គេ​ថា​យក​ធ្វើ​អ្វី ​បើ​យកទៅ​មិន​ឃើញ​ចាយ​ផង។ ម្យ៉ាង​ទៀត ​ចាយ​ផ្តេសផ្តាស​ មិន​មាន [ភាព]​ ជាក់លាក់​ ដូច្នេះ​គេ​​អត់​មាន​ជំនឿ​ទេ។ តែ​កាលណា​គេ​មិនមាន​ជំនឿ​លើ​យន្តការ​របស់​យើង​ហើយ​ ទោះបី​គេ​មាន​លុយ​ប៉ុន្មាន​ក៏​គេ​មិន​ជួយ​ដែរ។ សុំ​ថា​ត្រូវ​គ្រប់​គ្រងឲ្យ​បាន​ហ្មត់ចត់ ​មាន​តម្លាភាព​តាម​គោល​ការណ៍»។

លោក​មានប្រសាសន៍​បែបនេះ​ ខណៈ​លោក​លើកឡើង​ពី​ភាពមិនប្រក្រតី​មួយចំនួន​ ដែល​លោក​បានដឹងថា កន្លែង​ខ្លះ​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ភាព​មិនប្រក្រតី​ចំពោះ​ថវិកា​ដែលជា​ជំនួយ​នេះ។

លោក​ថ្លែងថា​៖ «បើទោះជា​គេ​ចូល​តិច​ក៏​ដោយ​ បើ​ជួយ​ទៅ ចូល​ច្រក​ណា​ផ្សេង​ ខ្ញុំ​និយាយ​បែបនេះ​មិនមែន​បានន័យថា​ ខេត្ត​ព្រៃវែង​មាន​បញ្ហា​ហ្នឹង​ទេ​ ប៉ុន្តែ​កន្លែង​ខ្លះ​មាន​បញ្ហា​ហ្នឹង ​គ្រាន់​តែថា​ខ្ញុំ​មិន​បញ្ចេញ​ឈ្មោះ​តែ​ប៉ុណ្ណឹង​ទេ។ កន្លែង​ខ្លះ​វា​មាន​បញ្ហា​ហ្នឹង ​ដល់អ៊ី​ចឹ​ង​ទៅ គេ​មិន​ទុកចិត្ត​ទៅលើ​យន្តការ ​ដល់​អ៊ីចឹ​ង​ធ្វើ​ពិធី​អ៊ីចឹង​ទៅ ប្រមូល​ថវិកា​មិនបាន​ប៉ុន្មាន​ទេ។ នេះ​ហើយ​ជា​បញ្ហា​ដែល​ខ្ញុំ​គិតថា ​ជា​បញ្ហា​សំខាន់​នោះ»។

លោក​អ៊ុយ សំអាត ​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​មហន្តរាយ​កាក​បាទ​ក្រហម​កម្ពុជា​ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ម្សិលមិញ​ថា​ប្រសាសន៍​របស់​ថ្នាក់​ដឹក​នាំ គឺមាន​ចេតនា ​ចង់​ដាស់​តឿន​ដល់​សមា​ជិ​ក​កាក​បាទ​ក្រហម​ទូទាំង​ប្រទេស​ ឲ្យ​មាន​ស្មារតី​រឹងមាំ ​ស្របពេល​កន្លង​មក បាន​អនុវត្តបាន​ត្រឹមត្រូវ​ហើយ។ លោក​បន្តថា​ ជាទូទៅ​ភាពមិន​ប្រក្រតី​ គឺ​ពិត​ជាមាន ​ព្រោះតែ​មាន​បុគ្គល​មួយចំនួន​បាន​យក​ឈ្មោះ​កាក​បាទ​ក្រហម​ ប្រព្រឹត្ត​រឿង​មិនល្អ ​តែ​នៅ​ពេល​ថ្នាក់​ដឹកនាំ​បាន​លើក​ឡើង​ដូច្នេះ​ជន​ទាំង​នោះ ​ច្បាស់​ជា​មាន​ការ​កែប្រែ។

លោក​ថា​៖ «ជាធម្មតា​ទេរឿង​ហ្នឹង​ ថា​វា​ល្អ​ច្រើន​ហើយ ​ដល់​ទៅ ​៨០ ទៅ ​៩០ % ​តែបើ​ចង់​ឲ្យ​ អា​ម៉ាកញ្ចប់​តូច​ហ្នឹង វា​ទៅជា​ល្អ​អ៊ីចឹង ​នេះ​លោក​ក្រើនរំឭក ព្រោះ​លោក​ជា​ថ្នាក់​ដឹកនាំ​ ហើយ​លោក​ក៏​ជា​សមាជិក​សកម្ម​មួយរូប ​លោក​មាន​ភារកិច្ច​នឹង​និយាយ។ សម្រាប់​ខ្ញុំ​ [យល់ថា] មិនបាន​ល្អ ១០០%​ ទេ​ វា​នៅមាន​ជន​ឱកាស និយម​ឆ្លៀត​ធ្វើ​ចលនា​ក្នុង​កាក​បាទ​ក្រហម។ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា ​ក្រោយពេល​សម្តេច​ក្រឡាហោម [ស ខេង] លោក​បាន​លើក​នេះ ​សកម្មភាព​ទាំងនោះនឹង​ល្អប្រសើរ​ជាង​មុន ហើយ​អ្នក​ដែល​បាន​អនុវត្ត​ការ​ខុស​ឆ្គង​នោះ​ គេ​នឹង​ឈាន​ទៅ​រក​ការ​កែប្រែ»។

​ក្នុង​ឱកាស​ប្រារព្វ​ខួប​ទី១៥៦ ទិវា​ពិភព​លោក​កាកបាទ​ក្រហម​ និង​អឌ្ឍចន្ទ​ក្រហម​ ៨ ឧសភា កាកបាទ​ក្រហម ទទួល​ថវិកា​ពីសប្បុរសជន ​ចំនួន ២០ ៧៥៧ ៥១០ ដុល្លារ​អាមេរិក ​ដើម្បី​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌​នៅ​ប្រទេស​កម្ពុជា៕ ​