
លោក ស ខេង ថ្លែងក្នុងពិធីតែងតាំងមន្ត្រីចុះមូលដ្ឋានថ្ងៃទី ១០ មករា នៅរតនគិរី។ រូប Sar Kheng's fb
រតនគិរីៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានណែនាំមន្ត្រី និងអភិបាលខេត្ដរតនគិរីឲ្យលុបបំបាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋានរបស់ខ្លួនឱ្យអស់ ដើម្បីធានាបាននូវភូមិឃុំមានសុវត្ថិភាព និងប្រាប់ឲ្យដោះស្រាយបញ្ហាជូនពលរដ្ឋតាំងពីផ្ដើមចេញជាពន្លក កុំចាំផ្ទុះធំទើបដោះស្រាយ។
លោក ស ខេង បានថ្លែងបែបនេះនៅក្នុងកម្មវិធីប្រកាសតែងតាំងប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តរតនគិរីកាលពីព្រឹកថ្ងៃទី ១០ មករា ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ពីក្រសួងមហាផ្ទៃ និងមន្ត្រីស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។ លោក ស ខេង បានបញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ដរតនគិរីបន្ដពង្រឹងសន្ដិភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយសាធារណៈ។ ជាពិសេសគ្រឿងញៀនអំពើលួចឆក់ប្លន់ ដើម្បីបង្ការទប់ស្កាត់ និងបង្រាបបទល្មើសនានាក្នុងមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព។
លោកបញ្ជាក់ថា៖ «បន្តពង្រឹងសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ដោយត្រូវខិតខំពង្រឹងសមត្ថភាពជំនាញរបស់កងកម្លាំងមានសមត្ថកិច្ចនានាក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានា។ ពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ គ្រោះថ្នាក់ចរាចរណ៍អំពើលួចឆក់ប្លន់ ដោយខិតខំបំផុសចលនាឲ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព»។
លោក ស ខេង ថ្លែងថា ការពង្រឹងសន្ដិភាព និងសន្ដិសុខនេះដើម្បីជំរុញឱ្យខេត្ដរតនគិរីកាន់តែមានការអភិវឌ្ឍ ការទាក់ទាញការនិយោគលើដំណាំកសិឧស្សាហកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍនៅមូលដ្ឋានដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោកក៏បានណែនាំមន្ដ្រីទាំងអស់ដែលជាអ្នកផ្ដល់សេវាត្រូវដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ចៀសវាងចេះតែអូសបន្លាយ។
លោកបន្ថែមថា៖ «បញ្ហាដែលប្រជាពលរដ្ឋបានលើកឡើងតាមរយៈវេទិកាសាធារណៈ ឬក៏តាមរយៈនៃការប្រមូលព័ត៌មានផ្សេងៗទៀត ដូចជាចុះតាមផ្ទះផ្ទាល់ជាដើម យើងបូករួមជាបញ្ហាទៅវាមានប៉ុន្មាន។ អ៊ីចឹងយើងចាត់វិធានការដោះស្រាយ។ បញ្ហាខ្លះយើងឮហើយ បើមិនដោះស្រាយ យើងមិនយកចិត្តទុកដាក់ ថ្ងៃណាមួយវាអាចផ្ទុះធំឡើង ដែលនាំឲ្យមានការខាតបង់ច្រើនពិបាកដោះស្រាយ»។
លោកប្រាប់ទៅមន្ត្រីថា៖ «ក្រុមការងារថ្នាក់ជាតិត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីបញ្ហាប្រឈមនៅក្នុងខេត្តដែលខ្លួនទទួលខុសត្រូវជាប់ជាប្រចាំហើយតាមមូលដ្ឋាន ស្រុក ឃុំ ក៏ត្រូវតែធ្វើបច្ចុប្បន្នភាពដូចគ្នាផងដែរ ដើម្បីរកឲ្យឃើញថា បញ្ហាអ្វីខ្លះដែលបានដោះស្រាយរួចរាល់ ហើយបញ្ហាខ្លះទៀតដែលមិនទាន់បានដោះស្រាយចេញ»។
លោក ស ខេង ក៏បានជំរុញមន្ត្រី និងក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគិរី ខិតខំដោះស្រាយបញ្ហាដីធ្លីក្នុងនោះរួមមានការរៀបចំប្លង់ដីឲ្យបានត្រឹមត្រូវ និងការកំណត់តំបន់អាចអភិវឌ្ឍ និងការថែរក្សាការពារធនធានធម្មជាតិឱ្យបានគង់វង្ស។
លោក នាង សំអាត នាយករដ្ឋបាលខេត្តរតនគិរីថ្លែងថា ឆ្នាំ ២០១៩ កន្លងទៅនេះ បទល្មើសមានការថយចុះគួរឲ្យកត់សម្គាល់ ជាពិសេសគឺបទល្មើសព្រៃឈើ។ លោកថា អភិបាលខេត្តបានដាក់ផែនការសកម្មភាពសម្រាប់អនុវត្ដការងារជាប្រចាំ និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសផ្សេងៗ និងបានដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ដ្រខេត្ដរតនគិរីស្របតាមយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល។
លោកថា៖ «ខេត្តបានយកចិត្តទុកដាក់តាមរយៈក្រុមការងារថ្នាក់ជាតិចុះជួយ។ ខេត្តចុះជួយស្រុក ស្រុកចុះជួយឃុំ គឺយើងពង្រឹងការងារហ្នឹងជាប្រចាំ។ សម្តេច (ស ខេង) បញ្ជាក់បន្ថែមឲ្យយកចិត្តទុកដាក់បន្ថែមដើម្បីកាត់បន្ថយ និងលុបបំបាត់រាល់បទល្មើសផ្សេងៗដែលកើតមាននៅក្នុងខេត្តរតនគិរី»។
លោក ថង សាវុន អភិបាលខេត្ដរតនគិរីបដិសេធធ្វើអត្ថាធិប្បាយម្សិលមិញ។ មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សលីកាដូខេត្តរតនគិរី លោក ចេវ សុភា មិនអាចទាក់ទងសុំអធិប្បាយបានទេទាក់ទងនឹងករណីខាងលើ៕
វីដេអូ៖