ភ្នំពេញៈ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង បាន​ប្រាប់​មេបញ្ជា​ការ​កង​កម្លាំង​ប្រដាប់​អាវុធ កុំ​ឲ្យ​ចាត់​តាំង​​កង​កម្លាំ​ង​របស់​ខ្លួនទៅ​​យាម​​ខារ៉ា​អូខេ ខណៈ​ដែល​នៅ​តាម​ហាង​ខារ៉ាអូខេ​មួយ​ចំនួន​​មាន​ប្រើប្រាស់​គ្រឿង​ញៀន ហើយ​លោក​ថា​​ វា​ជា​ទង្វើ​ «មហា​ខុស» ដែល​​​​ប្រើ​ស៊ីរ៉ែន​រដ្ឋ​ទៅ​ការពារ​បុគ្គល​ឯកជន​ ព្រោះ​វា​ប៉ះ​ពាល់​ដល់​កិត្តិយស ​និង​កិត្យានុភាព​ជាតិ។

លោក​ ស ខេង​ ​ថ្លែង​ដូច្នេះ​ ក្នុង​ពេល​លោក​ធ្វើ​ជា​អធិបតី​ ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែ​​ង​​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​កា​ល​ពី​ព្រឹក​ថ្ងៃ​ពុធ​​ម្សិល​មិញ នៅ​សាលា​រាជធានី​ភ្នំពេញ។

លោកបា​​ន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «ឥឡូវ ​សុំ​អំពាវ​នាវ​ ដល់​កម្លាំង​សមត្ថកិច្ច​របស់​យើង​ថា ជា​មន្ត្រី​រាជការ​ ទាំង​ស៊ីវិល ទាំង​កង​ទ័ព ទាំង​នគរ​បាល ទាំង​រាជ​អាវុធ​ហត្ថ។ អ៊ីចឹង​អ្នក​គ្រប់​គ្រង​សុំ​ឲ្យ​​មើល​ កុំ​ចាត់​តាំង​កម្លាំង​របស់​ខ្លួន​ ទៅ​យាម​ខារ៉ា​អូខេ ព្រោះពួក​អាខា​​​រ៉ាអូខេ ​វា​ប្រើ​គ្រឿង​ញៀន ដល់​យើង​យក​កម្លាំង​ទៅ​យាម ទី​១​ វា​ខុស​ទៅ​ហើយ វា​អត់​ត្រូវតាម​បទ​បញ្ជា ​(អំពី)​ កា​រប្រើ​ប្រាស់​កម្លាំង។ ទី​២ ទៅយាម​កន្លែង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ហ្នឹង​តែ​ម្ដងវាកាន់​តែ​ខុស​ធ្ងន់ធ្ងរ​ទៀត​ហើយ»។

លោក​បញ្ជាក់​ថា​ អគ្គ​ស្នងការ​​នគរ​បាល​ជាតិ​​ កំពុង​រៀប​ចំ​សេចក្តី​ណែ​នាំ​មួយ​ដែល​នឹង​ចេញ​ឆាប់​ៗ​នេះ ពាក់​ព័ន្ធ​នឹង​កា​រ​ប្រើ​ប្រាស់​កម្លាំង​ប្រដាប់អាវុធ​ជាតិ ​នៅ​តាម​ក្រុមហ៊ុន​ឯក​ជន។ លោក​ថា ក្រៅ​ពី​ការពារ​​ដល់កន្លែង​​​ខារ៉ា​អូខេ ឬ​កាស៊ី​ណូ ក៏​មាន​ការ​យក​ស៊ីរ៉ែន​ទៅ​ការពារ​ក្រុមហ៊ុន ឬ​អ្នក​រក​ស៊ី​ដែល​មាន​លុយដោយការពារ​​​ឬ​នាំ​មុខ​អ្នក​មាន​លុយ​ទាំង​នោះ​ ពី​ព្រលាន​យន្ត​ហោះ ​ពោធិ៍​ចិន​​​​តុងដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កា​របំពេញ​ការងារ​របស់​សមត្ថ​កិច្ច​ផ្សេង​ទៀត។

លោក​ថ្លែង​ថា៖ «អាហ្នឹង​ក៏​ខុស។ ខុស​នោះ​មហា​ខុស អត់​បាន​ទេ! អត់​បាន​ទេ! ខ្ញុំ​កំពុង​តែ​រក​ រក​ថ្ងៃ​ ២៧ មាន​ប្រតិភូ​មួ​យ​ គឺ​ថ្ងៃ​ ២៧ ​ខែ​ ៥ ជិះ​អា charter flight ឬ private jet (យន្ត​ហោះ​​ឯកជន) ២។ private jet មួយ គឺ​គណៈប្រតិភូផ្លូវ​ការ ប៉ុន្តែមាន​ private jet មួយ​ទៀត ដែល​ឯក​ជនរក​ស៊ីធំ​មួយ​ តែ​មាន​កម្លាំង​សមត្ថកិច្ច​​យើង​បើក​ផ្លូវ​បើក​អី ឡាន​សុីរ៉ែន ដូច​ប្រធានាធិបតី ដូច​ប្រមុខ​រដ្ឋ​អ៊ីចឹង ដូច​នាយក​រដ្ឋ​មន្ត្រី អ៊ីចឹង។ អានេះ​ដែល​គេ​មើល​មក​ថា អូ​ស្រុក​យើង​អ៊ី​ចឹង​តើ។ អានេះ​ជា​បញ្ហា។ អ៊ីចឹង​ហើ​យ​ សុំ​កុំ​ឲ្យ​មានបញ្ហា​នេះ ដើម្បី​រួម​គ្នា​លើក​កម្ពស់​កិត្យា​នុភាព​ ភា​ព​​ថ្លៃ​ថ្នូរ​របស់​យើង​របស់​ជាតិ​យើង»។

លោកបាន​​ថ្លែង​ថា កង​កម្លាំង​សមត្ថកិច្ច​របស់​រដ្ឋ​មិន​អាច​ ទៅ​ធ្វើ​បែប​នោះ​បាន​ទេ​ពី​ព្រោះ​ធ្វើ​បែ​ប​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ថា «​សមត្ថកិច្ច​អត់​ការងារ​ធ្វើ​ ទៅ​យាម​កាស៊ីណូ»។

លោក​ថា​ ការ​គ្រប់​គ្រង​កាស៊ី​ណូ គេ​​មាន​កម្លាំង​គ្រប់​គ្រង​របស់​គេ ហើយ​លើស​ពី​នេះ​ទៀត​ មាន​សន្តិសុខ​ឯក​ជនច្រើន​ណាស់ ​ដែល​អាច​ការពារ​ក្រុមហ៊ុន​ឯកន​បាន។

លោក​ថា៖ «តែ​បើ​យក​កម្លាំង​របស់​យើង​ទៅ យក​កាំ​ភ្លើង​របស់​រដ្ឋ​​ ស៊ី​ប្រាក់​ខែ​រដ្ឋ​ រួច​ហើយ​ទៅ​ការពារ​​ឲ្យ​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ទៀតអន្តរ​ធា​ន​​បណ្ដោយ។ វា​ខុស​ ២ ​ជាន់»។

ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន​ អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការនគរ​បាល​ជាតិ​បាន​ថ្លែង​កាលពី​ម្សិល​មិញ​ថា អគ្គ​ស្នង​ការនគ​របាល​ជាតិ ​កំពុង​រៀប​ចំ​ការណែនាំ​លើ​បញ្ហា​ទាំង​នេះ។​

លោក សន ជ័យ ប្រធាន​​អង្គការ​​សម្ព័ន្ធ​​គណនេយ្យ​​ភាព​​សង្គម​​កម្ពុជា​បាន​ថ្លែង​ថា វត្តមា​ន​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ នៅ​ស្ថាប័ន​ឯក​ជន​ មិន​ថា​ ប៉ូលិ​ស ឬ​ទាហាន​ វា​ធ្វើ​ឲ្យ​អាក្រក់​មើល​ និង​ប៉ះ​ពាល់​ដល់​មុខ​មាត់​កងកម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋា​​ភិបាល។ បន្ថែម​លើ​នេះ វា​ជា​រូប​ភាព​មួយ​ ដែល​បង្ហាញ​ពី​ការ​ប្រើ​ប្រាស់​អំណាច​​ និង​តួនាទី​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ខុស​ទិសដៅ។

លោ​ក​បន្ត​ថា វត្តមាន​របស់​កង​កម្លាំង​នៅ​ខារ៉ា​អូខេ អាច​ឲ្យ​សាធារណ​ជន​យល់​បាន​ថា ប្រហែល​ជា​មាន​ការ​ឃុប​ឃិត​គ្នា​ណា​មួយ ​រវាង​ក្រុមហ៊ុន​នោះ និង​មេ​សមត្ថកិច្ច​មួយ​ចំនួន ​ទើប​​បញ្ជូន​កូន​ចៅ​ឲ្យ​ទៅ​យាម​ទីនោះ។ លោក​ថា ករណី​បែប​នេះ​គឺ​មេ​ជា​អ្នក​ខុស។

ទោះជា​យ៉ាង​ណា​លោក​បន្ត​ថា វត្តមាន​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​​ការពារ​នៅ​កន្លែង​ឯក​ជន​ កើត​ឡើង​ក្រោម​ទិដ្ឋភាព​ ២ យ៉ាង​៖ «បើ​បាន​សមត្ថកិច្ច​ទៅ​យាម ស្ថាប័ន​ឯក​ជន​ហាក់​មាន​ភាព​កក់​ក្ដៅ​បន្តិច​ ព្រោះ​បាន​សមត្ថកិច្ច​មាន​កាំ​ភ្លើង​មាន​អី​ទៅ​ការ​​ពារ។ សន្តិសុខ​ឯកជន​គាត់​មាន​​សិទ្ធិ​ប្រើ​ត្រឹម​ដំបង​ឆក់ អ៊ីចឹង​ទៅ​ធ្វើ​ឲ្យ​ពួក​ឧក្រិដ្ឋ​ជន ​មាន​មធ្យោ​បាយ​ក្នុង​ការ​អុក​ឡុក ឬ​ប្លន់​ធនាគារ។ អ៊ី​ចឹង​រឿង​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​មិន​ទាន់​មាន​ទំនុ​ក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​សា​ធារណៈ ក្នុង​ករណី​មាន​អំពើ​ឆក់​ប្លន់​នៅ​កន្លែង​ទាំង​នោះ»។

លោក​បន្ត​ថា ការ​ប្រើ​ប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ មិន​ត្រឹម​ត្រូវ​ កើត​មាន​មិន​ត្រឹម​តែ​នៅ​តាម​ខារ៉ា​អូខេ​ ក្លិប​កម្សាន្ត ភោជនីយ​ដ្ឋាន និង​រង្គសាល ប៉ុណ្ណោះ​ទេ ថែម​ទាំង​កើត​មាន​នៅ​កន្លែង​មាន​ជម្លោះ​ដី​ធ្លី​ទៀត​ផង។

លោក​ថា៖ «វា​ច្បាស់​ណាស់ វា​កំពុង​ញាំញី​កិត្តិយស​របស់​កងកម្លាំង​ប្រដាប់​អាវុធ​របស់​កម្ពុជា»៕