
លោកស ខេង ក្នុងពិធីបញ្ចុះខណ្ឌសីមា ថ្ងៃទី ១៦ មីនា នៅខេត្តព្រៃវែង។ fb សម្តេចស ខេង
ព្រៃវែងៈ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រាប់ឲ្យខេត្ដ ស្រុក ឃុំ ត្រូវធ្វើការប្ដេជ្ញាចិត្ដលុបបំបាត់ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនជាដាច់ខាត ខណៈគ្រឿងញៀនបច្ចុប្បន្នបានរីករាលដាលដល់ទីជនបទមួយចំនួន។
លោក ស ខេង លើកឡើងបែបនេះកាលពីថ្ងៃទី ១៦ ខែ មីនា ក្នុងពិធីបញ្ចុះខណ្ឌសីមា ព្រះវិហារវត្តឧត្តមព្រឹក្សា ហៅ វត្តជ័យមុនី ស្ថិតនៅភូមិជ័យមុនី ឃុំគោកគង់កើតស្រុកកញ្រ្ចៀច ខេត្តព្រៃវែង។
លោកក៏បានអំពាវនាវពលរដ្ឋចូលរួមរាយការណ៍មកសមត្ថកិច្ច និងអាជ្ញាធរ ដូចជានគរបាលប៉ុស្តិ៍រដ្ឋបាល មេភូមិ មេឃុំជាដើម ប្រសិនបើឃើញការលក់ ឬចែកចាយគ្រឿងញៀន និងការសេពគ្រឿងញៀន នៅគ្រប់ទីកន្លែងទាំងអស់ ពិសេសនៅក្នុងភូមិ/ឃុំរបស់ខ្លួន។
ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តពលរដ្ឋចូលរួមរាយការណ៍ករណីគ្រឿងញៀន និងករណីដែលធ្វើឲ្យភូមិ/ឃុំ មិនមានសុវត្ថិភាពទៅក្នុងបណ្ដាញទំនាក់ទំនងសង្គមថ្នាក់ដឹកនាំស្រុក/ខេត្ត និងអាចផ្ញើ ឬសរសេរក្នុងប្រអប់បញ្ចេញយោបល់លើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកផងដែរ។
លោកថ្លែងថា៖ «រឿងគ្រឿងញៀនសូមមេត្តាចាប់អារម្មណ៍។ រឿងនេះប៉ុន្មានឆ្នាំមុនវាអត់អីទេ ប៉ុន្ដែឥឡូវនេះ វារីករាលដាលដល់ទីជនបទមួយចំនួន មិនមែនទាំងអស់ទេ។ វាគ្រោះថ្នាក់ណាស់ សម្រាប់អនាគតកូនចៅយើង បើសិនជាសេពគប់គ្រឿងញៀន»។
លោកបន្ដថា៖ «បើមានគ្រឿងញៀននៅមូលដ្ឋាន យើងត្រូវស្រែកភ្លាម កុំនៅស្ងៀមឲ្យសោះ ព្រៃវែងយើងដល់ មិនមែនមិនដល់ទេ។ នៅអ្នកលឿងនៅទីប្រជុំជនមួយចំនួន និងនៅទីជនបទខ្លះ ប៉ុន្ដែវាមិនទាន់ទូទាំងទេ។ ដូច្នេះ សូមឲ្យខេត្ដ/ស្រុក/ឃុំ ដាក់ការប្ដេជ្ញាចិត្ដជាយុទ្ធសាស្រ្ដរបស់ខ្លួនគឺត្រូវលុបបំបាត់ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន ដាច់ខាតតែម្ដង រឿងនេះធ្វើឲ្យច្បាស់ ហើយមិនត្រូវយោគយល់រើសមុខ ចំពោះអ្នកប្រព្រឹត្ដបទល្មើសនេះទេ»។
លោក ស ខេង បានលើកឡើងថា រាជរដ្ឋាភិបាលកំពុងខិតខំ ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។ ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះកម្ពុជាបង្រ្កាបបានគ្រឿងញៀនប្រមាណ ៦០០ គីឡូក្រាម គិតជាថវិការាប់សិបលានដុល្លារអាមេរិក។
លោកបានលើកឡើងថា ថ្នាំញៀនពេលប្រើប្រាស់ទៅហើយបើជ្រាបចូលក្នុងសរសៃឈាម អាចនាំឲ្យយុវជនក្លាយជាមនុស្សដែលលែងមានប្រយោជន៍ និងអស់អនាគត។
លោកបន្ដថា៖ «ខ្ញុំសូមស្នើថា ធ្វើម៉េចយើងហ៊ុមព័ទ្ធកន្លែងយើង គ្រប់គ្រងកន្លែងយើងកុំឲ្យគ្រឿងញៀនវាចូលមកដល់។ បើឃើញអ្នកប្រើប្រាស់ បើឃើញអ្នកចែកចាយ គឺសូមឲ្យផ្ដល់ព័ត៌មានទៅសមត្ថកិច្ច។ ខ្ញុំក៏មានហ្វេសប៊ុកផ្លូវការបស់ខ្ញុំដែរ ស្រែកតាមហ្នឹងក៏បានដែរ។ អ៊ីចឹងដឹងភ្លាមបញ្ជាភ្លាម ដើម្បីចុះមកពិនិត្យ»។
លោក ស ខេង បញ្ជាក់ថា៖ «នៅភ្នំពេញយើងក៏កំពុងតែធ្វើដែរ ប៉ុន្ដែមតិចង់បានចេះតែចង់បានថា ចុះធ្វើអាហ្នឹងហើយមិនធ្វើអានោះទៀត។ តែកាលណាយើងហ៊ានលេងកន្លែងហ្នឹងមួយ ទាល់តែយើងដឹងច្បាស់ណាស់ ព្រោះធ្វើទៅ តែមិនស្រួលសមត្ថកិច្ចហ្នឹងវាខុស ដល់តែវាខុស សមត្ថកិច្ចនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ទាល់តែមានព័ត៌មាន មានភ័ស្ថុតាងគ្រប់គ្រាន់ដល់ទៅនឹងដឹងតែជោគជ័យតែម្ដង»។
ទាក់ទងនឹងបញ្ហាគ្រឿងញៀននេះ កម្លាំងនគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនៃមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីយប់ថ្ងៃទី ១៦ ខែ មីនា នេះបានបើកប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀនក្នុងទីតាំងខារ៉ាអូខេមួយកន្លែង យីហោ «SC» ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយឃាត់ខ្លួនមនុស្ស ៣០ នាក់។
លោក អ៊ុំ អមរ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ កម្លាំងជំនាញឃាត់ខ្លួនបានមនុស្ស ៣០ នាក់ (ស្រី ៧ នាក់) ដកហូតវត្ថុតាង ថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន ២១ កញ្ចប់ ថ្នាំញៀនអិចស្តាស៊ី ៩ គ្រាប់ និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ខណៈបច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ចាត់ការបន្ដតាមនីតិវិធី។
លោកបញ្ជាក់ថា៖ «ឥឡូវយើងកំពុងស្ដាប់ចម្លើយ យើងអត់ទាន់កំណត់បានថា អ្នកប្រើប្រាស់ប៉ុន្មាន ជួញដូរប៉ុន្មានទេ យើងកំពុងតែសាកសួរសិន។ យើងនៅមិនទាន់អាចវាយតម្លៃបានទេ យើងកំពុងតែវាយតម្លៃមួយៗ មិនមែនជនសង្ស័យឆ្លើយប៉ុណ្ណឹងយើងយកទេ»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យនៃសមាគមការពារសិទ្ធិមនុស្ស (ADHOC) បានពេញចិត្ដចំពោះការលើកឡើងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលជុំវិញការប្ដេជ្ញាលុបបំបាត់គ្រឿងញៀននៅក្នុងប្រទេសនេះ ប៉ុន្ដែលោកចង់ឲ្យការអនុវត្ដនូវវិធានការនេះឲ្យបានជាប់លាប់ផងដែរ។
លោកបន្ដថា៖ «យើងមានការពេញចិត្ដចំពោះការអនុវត្ដបែបនេះ ប៉ុន្ដែអ្វីដែលយើងមានការព្រួយបារម្ភនោះ គឺការអនុវត្ដនោះខ្លាចធ្វើឡើងតែមួយខ្យល់ ឬក៏មួយពេល ដោយធ្វើឡើងទាល់តែមានបទបញ្ជាពីថ្នាក់ដឹកនាំ បាននាំគ្នាប្រឹងប្រែងធ្វើ ខណៈច្បាប់នៅក្នុងប្រទេសយើងមានស្រាប់ បែរជាសមត្ថកិច្ចអត់អនុវត្ដទៅតាមផ្លូវច្បាប់ទេ»។
លោកបន្ថែមថា៖ «ដូច្នេះយើងគួរតែធ្វើវាទៅតាមផ្លូវច្បាប់របស់ប្រទេសកម្ពុជា ហើយថ្នាក់ដឹកនាំប្រទេសគួរតែពិនិត្យ ឬក៏មានក្រុមគណៈកម្មាធិការពិសេសណាមួយ ក្នុងការតាមដានលើមន្រ្ដីអាជ្ញាធរថ្នាក់ក្រោមជាតិហ្នឹងថា តើបានបំពេញ និងអនុវត្ដអ្វីដែលជាច្បាប់ជាធរមានផង និងបទបញ្ជារបស់ថ្នាក់ដឹកនាំហ្នឹងផងថា តើពួកគេបានបំពេញ និងអនុវត្ដទៅតាមអ្វីដែលកំណត់នោះឬអត់?»៕