មណ្ឌលគិរី: លោក ស ខេង បាន​ប្រាប់​ឱ្យ​ក្រសួង​ពាក់ព័ន្ធ និង​អភិបាលខេត្ត​ដែល​​សម្បូរ​ទៅ​ដោយ​ព្រៃឈើ​ជាពិសេស​ខេត្តមណ្ឌលគិរី ត្រូវ​ជិះ​ឧទ្ធម្ភាគចក្រ​ចុះ​ពិនិត្យ​ស្ថានភាព​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ដែល​ «ជា​ទ្រព្យសម្បត្តិ​ដូនតា​របស់​យើង» ឲ្យ​បាន​ទៀងទាត់​ ដោយ​មិនត្រូវ​ពឹងតែ​ទៅលើ​ការជិះ​រថយន្ត ឬ​ដើរមើល​ព្រៃឈើ​ដែល​គេ​កាប់បំផ្លាញ​នោះទេ។

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​នៅ​ក្នុង​​ពិធី​សម្រួល​ភារកិច្ច និង​ចាត់តាំង​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី​ ២៧ ខែ​វិច្ឆិកា​ថា ក្រសួង​ពាក់ព័ន្ធ និង​ថ្នាក់ដឹកនាំ​ខេត្តមណ្ឌលគិរី​ត្រូវតែ​ធានា​ការពារ​ឱ្យបាន​នូវ​ធនធាន​ធម្មជាតិ ដែល​ការងារ​នេះ​គឺជា​យុទ្ធសាស្ត្រ​ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​ពលរដ្ឋ ទាក់ទាញ​ទេសចរ​ ទាក់ទាញ​ការវិនិយោគ ដោយ​មិនត្រូវ​ចាត់ទុក​បញ្ហា​នេះ​ជា​បញ្ហា​ធម្មតា​ទេ ព្រោះ​ការងារ​នេះ​គឺជា​ការងារ ដើម្បី​ផលប្រយោជន៍​ជាតិ ប្រជាជន និង​កូនចៅ​ជំនាន់​ក្រោយ។

លោក​បាន​លើក​ទឹកចិត្ត​ឱ្យ​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ ព្រម​ទាំង​អភិបាល​ខេត្ត ជាពិសេស​ខេត្ត​ដែល​សម្បូរ​ធនធាន​ធម្មជាតិ​ដូចជា​ព្រៃឈើ ឬ​ដី​ដែន​ជម្រក​សត្វព្រៃអាច​ពិចារណា​រៀបចំ​ប្រតិទិន​ទៀងទាត់​ ១ ដើម្បី​រួមគ្នា​ជិះ​ឧទ្ធម្ភាគចក្រ​ពិនិត្យ​ស្ថានភាព​​ព្រៃឈើ និង​ធនធាន​ធម្មជាតិ ដោយ​មិនត្រូវ​ពឹង​ផ្អែក​ទៅលើ​ការជិះរថយន្ត ឬ​ដើរ​មើល​ព្រៃឈើ​​តែ​មួយ​មុខ​​នោះ​ឡើយ។

លោក ស ខេង បាន​​ចាត់ទុក​​ធនធាន​ធម្មជាតិ​ «ជា​ទ្រព្យសម្បត្តិ​ដូនតា​របស់​យើង» ដោយ​លោក​រំឭក​ថា «ខ្ញុំ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ចិន ហើយ​គេ​ក៏បាន​ធ្វើ​បទបង្ហាញ​ប្រាប់​ខ្ញុំ​អំពី​គម្រោង​អភិវឌ្ឍន៍ធំៗ។ ខ្ញុំ​ក៏បាន​សួរថា តើ​លុយ​នោះបាន​មកពីណា? ចម្លើយ​គឺ​លុយ​បានមកពី ៣ ប្រភព គឺ​ទី ១- លុយ​ដូនតា ទី ២-លុយ​យើង និង​ទី ៣-លុយ​កូនចៅ​យើង»។

លោក​បាន​ពន្យល់​ចំពោះ​ការលើកឡើង​នេះ​ថា លុយ​ដូនតា គឺ​សំដៅ​ដល់​ធនធាន​ធម្មជាតិ​មាន​ព្រៃ ភ្នំ​ជាដើម​ដែល​អាច​ទាក់ទាញ​ការវិនិយោគ ប៉ុន្ដែ​មិនមែន​បាន​ពី​ការកាប់​ឈើ​លក់​ទេ។

លោក​បន្ត​ថា៖ «លុយ​យើង គឺ​លុយ​ដែល​បាន​មកពី​ការខិតខំ​ប្រឹងប្រែង​វិនិយោគ​បាន​ផលចំណេញ មាន​ពន្ធ មាន​ការងារ​ធ្វើ​ជាដើម និង​លុយ​កូនចៅ​យើង គឺ​សំដៅ​ដល់​លុយ​ដែល​បាន​ខ្ចី​សម្រាប់​យក​មក​អភិវឌ្ឍ ហើយ​កូនចៅ​យើង​ជា​អ្នក​បន្ត​ទទួល​ខុសត្រូវ​ដែល​ការខ្ចី​នោះ​ត្រូវ​មាន​ដែនកំណត់ ហើយ​ប្រទេស​ណា​ក៏​ធ្លាប់ និង​កំពុង​ជំពាក់​បំណុល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ​»។

លោក ស្វាយ សំអ៊ាង អភិបាល​ខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​នៅ​ថ្ងៃទី​ ២៧ វិច្ឆិកា​ថា រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​កន្លង​មក​បាន​អនុវត្ត​សេចក្ដី​ជូន​ដំណឹង និង​សារាចរណែនាំ​ពី​រាជរដ្ឋាភិបាល​ក៏ដូចជា​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​របស់​ក្រសួង​មហាផ្ទៃ​ដើម្បី​​ចុះបង្ក្រាប​បទល្មើស​នានា ជាពិសេស​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ និង​ការទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​ដែល​មាន​ជន​ខិលខូច​មួយ​ចំនួន​រំលោភ​យក​ដីព្រៃ​នៅ​តំបន់​ការពារ​​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។

បើ​តាម​លោក​ សំអ៊ាង ទន្ទឹម​នឹង​ការអនុវត្ត​ការងារ​ទាំង​នេះ រដ្ឋបាលខេត្ត​បាន​ជួប​បញ្ហា​ប្រឈម​មួយចំនួន​ជុំវិញ​ភូមិសាស្ត្រ​ខេត្ត ដោយសារ​ខេត្ត​មណ្ឌលគិរី​មាន​ព្រំដែន​ជាប់​វៀតណាម ហើយ​សម្បូរ​ទៅ​ដោយ​ព្រៃឈើ ភ្នំ ជ្រោះ ប៉ុន្ដែ​ខ្វះ​កម្លាំង​មន្ត្រី​ប្រដាប់​អាវុធ ដែល​ធ្វើឱ្យ​មាន​ការលំបាក​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ ការជួញដូរ​សត្វព្រៃ និង​ការកាប់​ទន្ទ្រាន​ដីព្រៃ​ពី​សំណាក់​ជនខិលខូច​មួយ​​ចំនួន។ លើស​ពីនេះ ប្រជាពលរដ្ឋ​ចំណាកស្រុក​មកពី​តំបន់ ឬ​ខេត្ត​ផ្សេង​ៗ​មក​តាំង​លំនៅ​ថ្មី និង​កាប់​ទន្ទ្រាន​ដីព្រៃ​ជា​ហូរហែ​ ដែល​ធ្វើឱ្យ​បទល្មើស​មានការកើនឡើង​គួរឱ្យ​កត់សម្គាល់​។

លោក ស្វាយ សំអ៊ាង បញ្ជាក់​ថា៖ «​ក្នុង​នាម​ខ្ញុំ​តំណាង​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​សូម​ស្នើសុំ​ឱ្យ​រាជរដ្ឋាភិបាល​ជួយ​កាត់ឆ្វៀល​ដី​ពី​ដែន​ជម្រក​សត្វព្រៃ​មួយ​ចំនួន​នៅ​ខេត្ត​មណ្ឌលគិរី ដើម្បី​ចែកជូន​ទៅ​ពលរដ្ឋ​ដែល​បានរស់នៅ​អាស្រ័យ​ផល​ជាច្រើន​ឆ្នាំ​មក​ហើយ និង​ចេញ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួកគាត់​តាមច្បាប់»។

ជាមួយ​គ្នា​នេះលោក​ សំអ៊ាង បាន​ប្ដេជ្ញាចិត្ត​អនុវត្ត​ការងារ​បន្ថែម​ទៀត​តាមរយៈ​ការចង្អុល​បង្ហាញ​ពី​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ឱ្យបាន​​ល្អប្រសើរ​ថែម​ទៀត។

លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ទោះបី​ជា​​មន្ត្រី​បាន​ចុះទៅពិនិត្យ ឬ​មិនបាន​ពិនិត្យ មិនមែន​ជា​រឿង​សំខាន់​ទេ ប៉ុន្ដែ​អ្វីដែល​សំខាន់​គឺ​ការអនុវត្ត​ច្បាប់​ជាក់ស្ដែង។ ប្រសិន​មន្ត្រី​ជំនាញ​ពង្រឹង​ការអនុវត្ត​ច្បាប់​បាន​ល្អ អំពើ​ល្មើសច្បាប់​ទាំងនេះ​នឹង​មិនមាន​កើតឡើង​ចោទ​ជា​បញ្ហា​ទេ។

លោក​​លើក​ឡើង​ថា នៅពេល​បុគ្គល​ណា​ម្នាក់​​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​ដីធ្លី​នៅ​តំបន់​ណា​មួយ​ត្រូវ​តែមាន​ការដឹងឮ ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន អាជ្ញាធរ​ស្រុក អាជ្ញាធរ​ខេត្ត ហើយ​បើ​អាជ្ញាធរ​ទាំងអស់​នេះ​ធ្វើការ​ដោយ​យកចិត្ត​ទុកដាក់ គឺ​គ្មាន​អ្នកធ្វើ​ល្មើសច្បាប់​ទេ។

លោក​បញ្ជាក់​ថា៖ «ប៉ុន្ដែ​បញ្ហា​ដែល​តែងតែ​កើតឡើង​កន្លងមក​នេះ គឺ​អាជ្ញាធរ​ភាគច្រើន​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ គឺ​គាត់​ស៊ីញ៉េ​លើ​លិខិត​ផ្សេងៗ ​ដើម្បី​បាន​លាភសក្ការៈ​តិចតួច​ដោយ​មិន​ខ្វល់​ពី​បញ្ហា​នៅ​ថ្ងៃ​ក្រោយ»។

បើ​តាម​លោក​ ប៊ុណ្ណារ៍ ប្រសិន​មន្ត្រី​ជំនាញ​ថ្នាក់ជាតិ​ បាន​រកឃើញ​ភាព​មិន​ប្រក្រតី​របស់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ត្រូវ​តែ​ចាត់វិធានការ​យ៉ាងតឹងរ៉ឹង​ទៅ​​តាម​ច្បាប់ ហើយ​ឈ្មួញ​ដែល​ពាក់ព័ន្ធ​​ក៏​ត្រូវតែ​ទទួល​ទោសទណ្ឌ​តាមច្បាប់​ដែរ។ ចំណែក​ដីធ្លី​ដែល​មាន​លិខិត​ក្លែងក្លាយ​ទាំងអស់​នោះ ត្រូវតែ​និរាករណ៍​ចោល​វិញ ដោយ​ប្រកាស​យក​ដី​ដែល​រង​ការរំលោភ​បំពាន​នោះ​​ទុកជា​សម្បត្តិរដ្ឋ​វិញ៕