ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ថ្លែង​ទៅ​កាន់​មន្ត្រី និង​កងកម្លាំង​នៅ​ខេត្ត​ក្រចេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ឲ្យ​ពួកគេ​ប្រុងប្រយ័ត្ន​ក្នុង​ការបោះឆ្នោត​ជាតិ​ដែល​ចូល​មក​ដល់​ក្នុង​ខែ​កក្កដា​ខាង​មុខ​ចំពោះ​សកម្មភាព​ប្រឆាំង​ណា​មួយ​ ខណៈ​ដែល​លោក​ក៏​បាន​ព្រមាន​ផង​ដែរ​ថា ចលនា​ប្រឆាំង​ណា​មួយ​អាច​កើតឡើង​បាន​លុះត្រាតែ​រដ្ឋាភិបាល​មិន​បាន​បំពេញ​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​។

លោក​ថ្លែង​ថា​៖ «​យើង​ត្រូវ​តែ​រួម​គ្នា​ថែរក្សា​ការពារ និង​ពង្រឹង​សន្តិភាព​អធិបតេយ្យភាព និង​ស្ថិរភាព​នយោបាយ​។ នេះ​គឺជា​លក្ខខណ្ឌ​ចម្បង​សម្រាប់​គាំទ្រ​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​»​។

ថ្លែង​នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​របស់​អភិបាល​ខេត្ត​ក្រចេះ​ថ្មី​លោក​ វ៉ា ថន លោក ស ខេង ​បាន​ព្រមាន​ថា បដិវត្តន៍​អាច​កើតឡើង​បាន​លុះត្រា​តែ​រដ្ឋាភិបាល​មិន​បាន​បំពេញ​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​លោក​នៅ​តែ​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​ ៤៤ ភាគរយ​ក្នុង​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​ ២០១៣ នោះ​គឺជា​គណបក្ស​មួយ​ដែល​ប៉ុនប៉ង​បង្ក​ចលាចល​។

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​បង្ខំ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ដោយសារ​រដ្ឋាភិបាល​ចោទប្រកាន់​ថា​បាន​បង្កើត​បដិវត្តន៍​ពណ៌​ដែល​ទទួល​បាន​ការគាំទ្រ​ពី​បរទេស​បើ​ទោះ​ជា​មាន​ភ័ស្តុតាង​តិចតួច​ដែល​ទំនង​មិន​ច្បាស់​ត្រូវ​បាន​បង្ហាញ​ក្តី​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​លោក ស ខេង បាន​បញ្ជាក់​ថា ការសម្រេច​ចិត្ត​នេះ​គឺ​ត្រឹមត្រូវ​ហើយ​ស្រប​ច្បាប់​។

លោក​ថ្លែង​ថា​៖ «​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ការពារ និង​ចាត់​វិធានការ​ផ្លូវច្បាប់​ប្រឆាំង​នឹង​សកម្មភាព​ណា​មួយ​ដែល​ព្យាយាម​ធ្វើឱ្យ​សង្គម​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ភាពចលាចល​»​។

ទោះ​ជា​យ៉ាង​ណា​លោក​បាន​កត់សម្គាល់​ថា​ចលនា​ប្រឆាំង​រដ្ឋាភិបាល​ណាមួយ​ដែល​កើតឡើង​គឺអាច​ «​កើតចេញ​ពី​ភាព​អសកម្ម​ ឬ​ភាព​ទន់ខ្សោយ​របស់​យើង ចេញ​ពី​បញ្ហា​តូច​ដែល​ក្លាយ​ទៅ​ជា​បញ្ហា​ធំ​»​។

លោក​បាន​អំពាវនាវ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​បន្ថែម​ទៀត​នៅ​មុន​ការបោះឆ្នោត​ដែល​នឹង​ចូល​មក​ដល់​ក្នុង​ខែ​កក្កដា​ខាង​មុខ​។

លោក​ថ្លែង​ថា​៖ «​ដូច្នេះ​យើង​ត្រូវ​ពិនិត្យ​មើល​សូម្បីតែ​បញ្ហា​តូច​បំផុត​ប៉ុន​ចុង​សក់​ដល់​ចុង​ជើង​»​។

លោក​ ខេង ​នៅ​តែ​អះអាង​ថា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​គ្រប់គ្រង​ដោយ​ជោគជ័យ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​ពីព្រោះ​គណបក្ស​បាន​បម្រើ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ហើយ​មិន​បាន​ធ្វើ​ឱ្យ​មាន​កំហុស​ធំដុំ​នោះ​ទេ​។

លោក​ថ្លែង​ថា​៖ «​មាន​កំហុស​តិចតួច​ខ្លះៗ​ ប៉ុន្តែ​វា​មិន​ធ្ងន់ធ្ងរ និង​មិន​បង្ក​គ្រោះថ្នាក់​ដល់​ប្រទេសជាតិ​ទេ​»​។ លោក​ក៏​បាន​បន្ត​អំពាវនាវ​ឱ្យ​មាន​កំណែទម្រង់​នៅ​គ្រប់​កម្រិត​នៃ​រដ្ឋាភិបាល​ផង​ដែរ​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​មិន​ស្តីបន្ទោស​ទេ​ ប៉ុន្តែ​យើង​ត្រូវ​សិក្សា​អំពី​អ្វី​ដែល​យើង​បាន​ធ្វើ​ដែល​ធ្វើ​មិន​ឱ្យ​ពួកគាត់​បោះឆ្នោត​ឱ្យ​យើង​»​។

នេះ​មិនមែន​ជា​លើក​ទី​ ១ ​ទេ​ដែល​លោក ស ខេង បាន​អំពាវនាវ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ពិនិត្យ​មើល​កិច្ចការ​ខាង​ក្នុង​ដើម្បី​ស្វែងរក​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ចលាចល​នៅក្នុង​ប្រទេស​កម្ពុជា​។ កាលពី​ឆ្នាំ​ ២០១៦ លោក​ក៏​បាន​ព្រមាន​ថា អសកម្ម​របស់​រដ្ឋាភិបាល​អាច​នាំ​ឱ្យ​មាន​បដិវត្តន៍​។ នៅពេល​នោះ​ការលើក​ឡើង​របស់​គាត់​គឺ​ផ្ទុយស្រឡះ​ពី​វោហារស័ព្ទ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​បាន​ស្តីបន្ទោស​ដល់​អ្នក​ដែល​មាន​ចេតនា​អាក្រក់ និង​មហាអំណាច​បរទេស​។

លោក Paul Chambers សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ​ Naresuan ថ្លែង​ថា ការអត្ថាធិប្បាយ​នេះ​គឺ​វា​ឆ្លុះបញ្ចាំង​អំពី​ការយល់​ឃើញ​ផ្ទាល់​ខ្លួន​ដែល​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន មិន​អាច​មើល​រំលង​បាន​។

លោក​ថ្លែង​ថា​៖ «​ប្រសិន​បើ​នេះ​វា​ជា​ទស្សនៈ​របស់​លោក ​ស ខេង នោះ​ការលើក​ឡើង​បែប​នេះ​វា​អាច​ឆ្លុះបញ្ចាំង​អំពី​ទស្សនៈ​ខុសគ្នា​រវាង​រូបគាត់​ និង​លោក​ ហ៊ុន សែន​»៕ NS