ព្រៃវែងៈ លោក​ឧបនាយក​រដ្ឋមន្ត្រី​ ស ខេង ​ថ្លែង​កាលពីចុង​សប្តាហ៍ថា​ ការ​កសាង​វត្ត​អារាម គឺបាន​រីក​ចម្រើន​ខ្លាំងហើយ​ ប៉ុន្តែ​ត្រូវ​រក​វិធី​យ៉ាង​ណា​ពង្រីក​គុណភាព​ព្រះពុទ្ធ​សាសនា​ និង​ធ្វើ​ឲ្យ​មាន​ប្រយោជន៍​ដល់​សង្គម។

ឧបនាយក​រដ្ឋ​មន្ត្រី ​និងជា​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ លោក​ ស ខេង ​ថ្លែង​ដូច្នេះ​ក្នុង​ពេល​លោក​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌ​សីមា​ព្រះវិហារ ​និង​ឆ្លង​សមិទ្ធ​ផល​នានា នៅ​វត្ត​នទីជោត្តនារាម ​ហៅ​វត្ត​ខ្សោក​ជើង ​ស្ថិត​ក្នុង​ភូមិ​ខ្សោក​ជើង ឃុំ​ពពឹស ​ស្រុក​ស្វាយ​អន្ទរ ​ខេត្ត​ព្រៃវែង ​កាល​ពី​ថ្ងៃសៅរ៍​កន្លង​ទៅ។​

លោក​បាន​ថ្លែង​ថា​៖​ «យើង​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្នែក​រឹង ​គឺ​បាន​ឆាប់​រហ័ស​ណាស់។ ចង់​និយាយ​ថា ​យើង​ធ្វើ​វត្ត​ធ្វើ​កុដិ ធ្វើ​ព្រះ​វិហារ ​ឧបដ្ឋានសាលា​ គឺ​យើង​ធ្វើ​បាន​លឿនណាស់​ ហើយ​ចំណាយ​លុយ​រាប់​ពាន់​លាន ​រាប់​រយ​បើ​មិន​ដល់​ពាន់​លាន​ក៏​រាប់​រយ​លាន​ដុល្លារ ​បើ​គិត​ជា​លុយ​រៀល​គឺ​ថា​រាប់​ពាន់​លាន។​ និយាយ​រួម​គឺ​ថា​ជា​ការចំណាយ​ដ៏ធំ។ អ៊ីចឹង​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ផ្នែក​រឹង​នេះ​គឺ​វា​ខ្លាំង​ហើយ។ តែ​ខ្ញុំ​ករុណា​ខ្ញុំ​ចង់​បង្វែរ​អារម្មណ៍​ថែម​ទៀត​ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ព្រះ​ពុទ្ធ​សាសនា​របស់​យើង​កាន់​តែ​មាន​ឥទ្ធិ​ពល​ជ្រាល​ជ្រៅ​កាន់​តែ​រឹងមាំ​ថែម​ទៀត»។

លោក​បាន​បន្ត​ថា​ វត្ត​អារាម​ជា​ច្រើន​ត្រូវ​បាន​សាង​សង់​ហើយ​ ប៉ុន្តែ​បើ​មាន​វត្ត​អារាម​ហើយ​មិន​មាន​អ្នក​គោរព​តាម​ធម៌​ព្រះ​ពុទ្ធ​បាន​ច្រើន បាន​ល្អទេ ​វត្ត​អារាម​ក៏​អត់​មាន​ប្រយោជន៍​ដែរ។​ លោក​ក៏​បាន​លើក​ឡើង​ថា ​នៅទូ​ទាំង​ប្រទេស​ កម្ពុជា ​មាន​វត្ត​អារាម​ជាង​ ៥ ០០០​ វត្ត ​និង​ព្រះ​សង្ឃ​មាន​ចំនួន​ជាង ៦០ ០០០ អង្គ។

ដោយ​ធ្វើ​ការ​ប្រៀប​ធៀប​ការគោរព​សាសនា​ព្រះ​ពុទ្ធ​នៅ​កម្ពុជា​ទៅ​នឹង​សាសនា​ផ្សេង ​លោក​ ស ខេង ​លើក​ឡើង​ថា​ អ្នក​ដើរ​តាម​សាសនា​អ៊ិស្លាម​គោរព​បាន​ខ្ជាប់ខ្ជួន​ទៀង​ពេល​វេលា ​គឺអ្នក​កាន់​សាសនា​នេះ​គោរព​នៅ​គ្រប់​ទីកន្លែង​ដូច​ជា​នៅ​កន្លែង​ធ្វើ​ការ ឬ​សូម្បី​នៅ​ពេល​ពួក​គេ​ចេញ​នេសាទ ​ដោយ​គេ​ថ្វាយ​បង្គំព្រះ​សូម្បី​នៅ​លើទូក​នេសាទ។ ឯ​សាសនា​គ្រិស្ត​វិញ​លោក​​ថា ​អ្នក​គោរព​សាសនា​នេះ​ក៏មាន​វិន័យ​របស់​គេ។

លោក​បន្ថែមថា​ ខាង​រដ្ឋា​ភិបាល​​មាន​ភារកិច្ច​កសាង​សុខ​សន្តិ​ភាព​ពង្រឹង​សន្តិសុខ ​សណ្ដាប់​ធ្នាប់​សាធារណៈ ​ប្រឆាំង​អំពើ​ឧក្រិដ្ឋ​កម្ម​ អំពើ​លួច​ អំពើ​ប្លន់ ​អំពើ​អយុត្តិធម៌​ផ្សេងៗ ​នៅ​ក្នុង​សង្គម។ បើ​មនុស្ស​គ្រប់​គ្នា​មិន​ប្រ​ព្រឹត្ត​អំពើ​អាក្រក់​ដូច​ជា​មិន​លួច​មិន​ប្លន់​ កេង​ប្រវ័ញ្ច ​អំពើ​ហិង្សា​ជា​ដើម​នោះ​មាន​ន័យ​ថា អ្នក​គោរព​ធម៌​ព្រះ​ពុទ្ធ​បាន​ខ្ជាប់​ខ្ជួន​​ហើយ​ក៏​ដើរ​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល។

បើ​ធ្វើ​ដូច្នេះ​បាន​លោក​ថា​៖ «ជា​លទ្ធផល​គឺ​សង្គម​របស់​យើង​ល្អ ប្រជា​ជន​រស់​នៅ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ហើយ​កាល​ណា​សង្គម​យើង​រស់​នៅ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច គឺ​ការ​រីក​ចម្រើន​វា​នឹង​មក​ដល់​ហើយ ​វា​នឹង​ចាប់​ផ្ដើម​មាន​ហើយ។ ប្រជាជន​មាន​ឱកាស​ដើម្បី​នឹង​ប្រកប​របរទទួល​ទាន​ដោយ​សេរី ​ស្រប​ទៅ​តាម​ច្បាប់ជា​ធរមាន។ ការ​ធ្វើ​ដំណើរ​មិន​បារម្ភ​ពី​រឿង​ហានិភ័យ ​រឿង​សន្តិសុខ​ អសន្តិសុខ​អី​ផ្សេងៗ»។

លោក ​សេង សុមុនី ​អ្នក​នាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា​ថ្លែង​ពី​ម្សិល​មិញ​ថា ​ក្រសួង​ធម្មការ​កំពុង​បំពេញ​បន្ថែម​ការ​ខ្វះ​ខាត​មួយ​ចំនួន​ទៅ​លើ​អ្វី​ដែល​មាន​ស្រាប់​ ដូច​ជា​ការ​បំពេញ​សមត្ថភាព​គណៈ​សង្ឃ ​អាចារ្យ ​គណៈ​កម្មការ ​ដោយ​មាន​ការ​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ផ្សេងៗ។

លោក​បញ្ជាក់ថា​៖ «តាម​រយៈ​វត្ត​អារាម​ គឺ​យើង​បាន​បណ្ដុះបណ្ដាល ​ឬ​បំប៉ន​ចំណេះ​ដឹង​ខាង​ផ្នែក​ផ្លូវ​ច្បាប់​រដ្ឋ​បាល​ដល់​គណៈ​សង្ឃ ​ដែល​លោក​មាន​មន្ទិល​អំពី​ច្បាប់​របស់​រដ្ឋ​ ឬ​អន្តរជាតិ​ ហើយ​តាម​រយៈ​អាចារ្យ​យើង​បណ្ដុះបណ្ដាល​អាចារ្យ​គណៈ​កម្មការ​តាម​វត្ត​នៅ​ទូទាំង​ប្រទេស​ឲ្យ​គាត់​បាន​ការ​អភិវឌ្ឍ​បន្ថែម​លើ​ចំណេះដឹង ​និង​បែប​បទ​រដ្ឋបាល​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា»។

លោក សុមុនី បន្ត​ថា ​នៅ​ពុទ្ធិកសិក្សា​ក៏​មាន​ការពង្រឹង​គុណភាព​ និង​ប្រសិទ្ធ​ភាព​នៃ​ការ​បណ្ដុះ​បណ្ដាល រួម​ទាំង​ការ​ទេសនា​ផ្សព្វ​ផ្សាយ​អំពី​យន្តការ​ច្បាប់ ​សារាចរ​នានា​ និង​ការ​អប់​រំ​រឿង​គ្រឿង​ញឿន​ ជំងឺ​អេដស៍ ​អំពើ​ហិង្សា ​និង​ការ​ប្រព្រឹត្ត​មិន​សម​រម្យ​នៅ​ក្នុង​សង្គម​ផង​ដែរ។ ការ​គោរព​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា​មិន​មាន​ការ​ធ្លាក់​ចុះ​ទេ ប៉ុន្តែ​មាន​ការវិវត្ត​យឺត​ជាង​ការ​រីកចម្រើន​ផ្នែក​វិទ្យាសាស្ត្រ​ឬ​ផ្នែក​អាណាចក្រ។

លោក​ពន្យល់​ថា​៖ «អាណា​ចក្រ​គឺអំណាច​នៃការ​អភិវឌ្ឍ​ប្រទេស​ សេដ្ឋកិច្ច​ វិទ្យាសាស្ត្រ​មាន​ការ​រីកចម្រើន​លឿន​ខ្លាំង​ ដល់​អ៊ីចឹង​ខាង​ជំនឿ​សាសនា ​ហៅថា​ស្មារតី​សន្តិ​ភាព​ ស្មារតី​ជំនឿ​ទាំង​អស់​ដែល​ជា​សីលធម៌​ក្នុង​សង្គម​ហ្នឹង​ធ្វើ​ដំណើរ​ទៅ​ដែរ​តែ​សន្សឹមៗ​។ ដោយ​ឡែក​វិទ្យាសាស្ត្រ​លឿន​ខ្លាំង​ អ៊ីចឹង​មើល​ទៅ​ហាក់​ដូច​ធ្លាក់​ចុះ​ ប៉ុន្តែ​មិន​មែន​ទេ។ ដូច​យើង​ជិះ​រថ​យន្ត​លឿន ​រថយន្ត​ដែល​វ៉ា​យើង​លឿន​ តែ​រថ​យន្ត​យើង​ក៏​លឿន​ដែរ។ អ៊ីចឹង​មើល​ទៅ​ដូច​រត់​ថយ​ក្រោយ តែ​ជាក់ស្ដែង​ទៅ​មុខ»។

លោក ឡៅ ម៉ុង​ហៃ ​អ្នក​វិភាគ​នយោបាយ​ថ្លែង​ថា​ ប្រាសាទ​និង​វត្ត​ទាំង​នោះ​ពិត​ណាស់​ដូច​ជា​សម្បកទទេនៅ​ពេល​លោក​សង្ឃ​ជា​ច្រើន​មាន​លក្ខណៈ​ដូច​ជា​មនុស្ស​ធម្មតា​មាន​ស្បង់​ជីពរ​តែ​អត់​មាន​ចំណេះ​ដឹង​មូល​ដ្ឋាន​អំពី​ធម៌​ព្រះ​ពុទ្ធ​សូត្រ​ធម៌​ដើម្បី​បាន​ទេយ្យទាន​ពី​ពុទ្ធ​បរិស័ទ។

លោក​ថា​៖ «​វត្ត​ព្រះ​ពុទ្ធ​សាសនា​​​គួរ​តែ​ចូល​រួម​នៅ​ក្នុង​សង្គម​ខ្មែរ​ឲ្យ​បាន​ល្អ​ ហើយ​​បម្រើ​សង្គម​ខ្មែរ​ឡើង​វិញ​នៅ​ពេល​​សាង​សង់​​ហើយ​ផ្តល់​ទេយ្យ​ទាន​សម្រាប់​ទំនុក​បម្រុង​ព្រះសង្ឃ»៕