ភ្នំពេញ៖ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនាល្ងាចថ្ងៃនេះ បានផ្ញើសារក្រើនរំឭកដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់ ដែលកំពុងបំពេញការងារក្នុងស្ថានភាពនៃការអនុវត្តវិធានការបិទខ្ទប់ ដោយត្រូវមានការអត់ធ្មត់ និងប្រកាន់ខ្ជាប់នូវវិន័យ អាកប្បកិរិយាថ្លៃថ្នូរ និងត្រូវចៀសវាងការប្រើអំពើហិង្សាក្នុងការដោះស្រាយបញ្ហា។
តាមរយៈសារនេះ លោក ស ខេង បានក្រើនរំឭកដល់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ បន្តយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការអត់ធ្មត់ ដោយប្រកាន់ខ្ជាប់នូវវិន័យ អាកប្បកិរិយាថ្លៃថ្នូរ ម៉ឺងម៉ាត់ និងត្រូវគោរពគោលកាណ៍នៃក្រមសីលធម៌វិជ្ជាជីវៈ របស់កងកម្លាំងឲ្យបានជាដាច់ខាត ជាពិសេសត្រូវចៀសវាងការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហា នៅពេលអនុវត្តរាល់បទបញ្ជា ឬវិធានការ នានារបស់រាជរដ្ឋាភិបាល។
លោកបានថ្លែងថា៖ «ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ យើងខ្ញុំយល់ច្បាស់អំពីការលំបាក ផលប៉ះពាល់ និងបញ្ហាប្រឈមផ្សេងៗ ដែលអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ កំពុងជួបប្រទះនៅក្នុងស្ថានភាពបច្ចុប្បន្ននេះ។ ក៏ប៉ុន្តែទោះបីយ៉ាងណា ខ្ញុំសូមជំរុញទឹកចិត្តឲ្យបងប្អូនបន្តរក្សា និងប្រកាន់ខ្ជាប់នូវការអត់ធ្មត់ខ្ពស់ ដើម្បីទទួលបានការគាំទ្រ និងការចូលរួមពីគ្រប់មជ្ឈដ្ឋានក្នុងការបំពេញបេសកកម្ម ដ៏មានសារៈសំខាន់លើសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ឲ្យទទួលបានជោគជ័យ»។
លោកបន្តថា៖ «ខ្ញុំក៏សូមយកឱកាសនេះ ក្រើនរំឭកដល់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ សូមបន្តយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការអត់ធ្មត់ ដោយប្រកាន់ខ្ជាប់នូវវិន័យ អាកប្បកិរិយាថ្លៃថ្នូរ ម៉ឺងម៉ាត់ និងត្រូវគោរពគោលកាណ៍នៃក្រមសីលធម៌វិជ្ជាជីវៈ របស់កងកម្លាំងឲ្យបានជាដាច់ខាត ជាពិសេសត្រូវចៀសវាងការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហា នៅពេលអនុវត្តរាល់បទបញ្ជា ឬវិធានការ នានារបស់រាជរដ្ឋាភិបាល»។
លោក ស ខេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាសហការអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ដើម្បីបុព្វហេតុរួមនៃការកាត់ផ្ដាច់ និងឈានទៅបញ្ចប់ការឆ្លងរាលដាលក្នុងសហគមន៍នៃជំងឺកូវីដ ១៩ សំដៅនាំស្ថានការណ៍ និងគ្រប់សកម្មភាពរបស់សង្គមវិលមករកប្រក្រតីភាពឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ៕