ភ្នំពេញ៖ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង បានផ្ដល់ថវិកាចំនួន ២០០ លានរៀល ទៅដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីប្រើប្រាស់សម្រាប់ការជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាកដោយគ្រោះធម្មជាតិ ដូចជាខ្យល់កន្ត្រាក់ និងការរីករាលដាលជំងឺកូវីដ ១៩។
យោងតាមលិខិត លោក ស ខេង ផ្ញើទៅលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងកាលពីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២១ ថា៖ «ខ្ញុំសូមឧបត្ថម្ភនូវថវិកាចំនួន ២០០ លានរៀល ជួយសម្រាលការខ្វះខាតជាបណ្ដោះអាសន្នរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវិដ ១៩»។
ជាមួយគ្នានេះ លោកបានប្រាប់ឲ្យអភិបាលខេត្តបាត់ដំបងចាត់ចែងថវិកាទាំងនេះឲ្យមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែករាជរដ្ឋាភិបាលក្នុងការដោះស្រាយជីវភាពប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកនាពេលបច្ចុប្បន្ន។
លោក ងួន រតនៈ នៅព្រឹកថ្ងៃទី ២៥ ខែមេសានេះ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅក្នុងជំហានបឋមនេះ លោកបានចាត់ចែងប្រើប្រាស់ថវិកានេះមួយចំនួនឲ្យក្រុមការងារទិញស័ង្កសី ១ ០០០ សន្លឹក និងអង្ករ ២០ តោន រួមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត សម្រាប់ចែកជូនដល់គ្រួសារក្រីក្រ ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ពិសេសខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ចំនួនជាង ២០០ គ្រួសារ និងគ្រួសារក្រីក្រមួយចំនួនទៀត ដែលកំពុងជួបការលំបាកក្នុងជីវភាព ដោយសារករណីឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩។
លោកបានបញ្ជាក់ថា៖ «នៅពេលនេះ ខ្ញុំកំពុងដឹកនាំកម្លាំងបញ្ជាការឯកភាព និងក្រុមការងារមនុស្សធម៌សម្ដេចក្រឡាហោមចុះអន្តរាគមន៍ចែកស្បៀងអាហារ និងសម្ភារមួយចំនួនសម្រាប់ជួសជុលផ្ទះដែលរងការខូចខាតដោយខ្យល់កន្ត្រាក់ឡើងវិញដល់គ្រួសារទីទាល់ក្រជាង ២០០ គ្រួសារ»។
បើតាមលោក រតនៈ កាលពីចុងឆ្នាំ ២០២០ កន្លងទៅនេះ លោក ស ខេង បានឧបត្ថម្ភស្បៀងអង្ករជាង ៦០០ តោន ដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ចែកជូនគ្រួសារក្រីក្ររងគ្រោះដោយជំនន់ទឹកភ្លៀង និងខ្យល់កន្ត្រាក់។ ស្បៀង អង្ករទាំងនោះ មាននៅសេសសល់ខ្លះ ដែលរហូតមកទល់ពេលនេះ កំពុងត្រូវបានយកមកប្រើប្រាស់សម្រាប់ចែកជូនដល់គ្រួសារទីទាល់ក្រមួយចំនួនក្នុងមូលដ្ឋាន ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ព្រមទាំងគ្រួសារក្រីក្រ ដែលរងប៉ះពាល់ដោយសារករណីឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩។
លោកបានថ្លែងឲ្យដឹងទៀតថា ចាប់តាំងពីមានករណីផ្ទុះឆ្លងជំងឺកូវីដ ១៩ នៅកម្ពុជា ខេត្តបាត់ដំបងមានអ្នកឆ្លងវិជ្ជមានជំងឺនេះ ១៩ នាក់ ប៉ុន្តែពួកគេបានជាសះស្បើយអស់ហើយ លើកលែងតែ ២ នាក់ ដែលទើបរកឃើញប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលជាករណីឆ្លងពីក្រៅប្រទេស [ប្រទេសថៃ] និងពីសហគមន៍ ២០ កុម្ភៈ ក្នុងរាជធានីភ្នំពេញ៕