ភ្នំពេញ៖ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ផ្តល់​ថវិកា​លើក​ទឹកចិត្ត​ដល់​កងកម្លាំង​សមត្ថកិច្ច ដែល​ការពារ​តាម​គោលដៅ និង​ប្រចាំ​ការត្រៀម​អន្តរាគមន៍ ក្នុង​អំឡុងពេល​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ ខណៈ​អំណោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា​ត្រូវ​បាន​ប្រគេន​ដល់​ព្រះសង្ឃ​នៅតាម​វត្ត​ចំនួន ១៤២ ទូទាំង​រាជធានី​ភ្នំពេញ។

លិខិត​ផ្ញើ​ទៅកាន់​លោក នេត សាវឿន អគ្គស្នងការ​គរបាល​ជាតិ​របស់​លោក ស ខេង នៅ​ល្ងាច​ថ្ងៃទី ២២ ខែ​មេសា ឆ្នាំ ២០២១ បាន​សរសេរ​ថា លោក​ឧបត្ថម្ភ​នូវ​ថវិកា​ចំនួន ៣៤៨ ៣២០ ០០០ រៀល ដើម្បី​ជា​ការលើក​ទឹកចិត្ត​ដល់​កងកម្លាំង​នគរបាល​ជាតិ​ចំនួន ១ ២៤៤ នាក់ ដែល​កំពុង​ការពារ​តាម​គោលដៅ និង​ប្រចាំ​ការត្រៀម​អន្តរាគមន៍​ក្នុង​ដំណាក់កាល​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល។

លោក​បញ្ជាក់ថា៖ «សូម​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ចាត់ចែង​ថវិកា​នេះ​ជូន​ដល់​បងប្អូន​កងកម្លាំង​ដោយ​ក្នុង ១ នាក់​ទទួល​បាន​ថវិកា​ចំនួន ២៨ ម៉ឺន​រៀល»។

ជាមួយ​គ្នា​នេះ​ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ ២២ មេសា ថា ក្នុងដំណាក់កាល​ដែល​ប្រទេស​កម្ពុជា​កំពុង​ទទួលរង​នូវ​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩​ចូល​ក្នុង​សហគមន៍​ដែល​តម្រូវ​ឱ្យ​រាជរដ្ឋាភិបាល​មាន​ការបិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្ដាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩​នោះ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​ភរិយា​បាន​ចាត់​ឲ្យ​តំណាង​របស់​លោក​នាំយក​នូវ​អំណោយ​ទេយ្យទាន​មួយចំនួន​ធំ​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​នៅ​គ្រប់​វត្ត​ចំនួន ១៤២ វត្ត​ក្នុង​រាជធានី​ភ្នំពេញ។

ក្រសួង​បាន​បញ្ជាក់ថា៖ «ដោយ​ថ្ងៃ​ដំបូង​នេះ​បាន​ប្រគេន​ចំនួន ៤១ វត្ត​សិន ហើយ​ក្រុម​ការងារ​នឹង​ជំរុញ​ប្រគេន​ឱ្យបាន​គ្រប់ ១៤២ វត្ត​ក្នុង​រយៈពេល ២ ឬ ៣ ថ្ងៃ​ខាង​មុខ​នេះ»៕