កណ្តាល៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់ក្រុមការងារប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌក្នុងនាវាដែលលិចក្នុងទន្លេនៅខេត្តកណ្តាល ដោយក្នុងម្នាក់ទទួលបានថវិកា ១ លានរៀល ពីលើប្រាក់ខែរបស់ពួកគេជារៀងរាល់ខែ ចាប់ពីខែឧសភានេះ ដល់ខែធ្នូ ឆ្នាំ ២០២១។
ការប្រកាសផ្តល់ប្រាក់លើកទឹកចិត្តនេះ ធ្វើឡើងតាមរយៈលោក ជា សុគន្ធា នាយករងខុទ្ទកាល័យលោក ស ខេង និងសហការី ដែលនៅថ្ងៃទី ១៤ ខែឧសភានេះ បានចុះសួរសុខទុក្ខ និងសំណេះសំណាលដោយផ្ទាល់ជាមួយក្រុមការងារប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេនៅការដ្ឋានទី២ ស្ថិតនៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល។
លោក ជា សុគន្ធា បានថ្លែងថា៖ «ដើម្បីជាការលើកទឹកចិត្តដល់ក្រុមការងារប្រតិបត្តិការសម្ដេចក្រឡាហោម ស ខេង បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមជូនក្រុមការងារប្រតិបត្តិការជាក់ស្ដែងក្នុងម្នាក់ទទួលបានថវិកា ១ លានរៀលជារៀងរាល់ខែ ចាប់ពីខែឧសភានេះ រហូតដល់ខែធ្នូ ឆ្នាំ ២០២១»។
លោក ម៉ី សុភា មេបញ្ជាការនៃទីបញ្ជាការដ្ឋានកងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក បានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស ខេង ដែលបានផ្ដល់សេចក្ដីទុកចិត្តខ្ពស់មកលើក្រុមការងារប្រតិបត្តិការ។
លោកថា៖ «ក្នុងនាមក្រុមការងារប្រតិបត្តិការសូមថ្លែងអំណរគុណជាថ្មីម្ដងទៀត គោរពជូនសម្ដេចក្រឡាហោម ស ខេង ដែលបានចាត់តំណាងមកសួរសុខទុក្ខ និងផ្ដល់ភាពកក់ក្ដៅដល់ក្រុមការងារ ជាពិសេសបានបន្ថែមប្រាក់ឧបត្ថម្ភដែលជាការលើកទឹកចិត្តខ្ពស់មួយទៀត ដល់ក្រុមការងារដែលកំពុងបំពេញបេសកកម្មបម្រើជាតិ និងប្រជាពលរដ្ឋ»។
គួររំឭកផងដែរថា ថ្មីៗនេះក្រុមការងារប្រតិបត្តិការបានបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ប្រកបដោយជោគជ័យ។
ក្នុងប្រតិបត្តិការនោះ ស្រង់គ្រាប់យុទ្ធភណ្ឌបានជាង ១៦ តោន រួមទាំងសម្ភារសឹក បំណែកឆ្អឹងសព និងស្រង់នាវាឡើងមកលើគោកជាស្ថាពរក្នុងកិច្ចប្រតិបត្តិការរយៈពេល ៦ ខែ។
ក្នុងប្រតិបត្តិការរុករកនាពេលនោះ លោក ស ខេង ធ្លាប់បានផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមក្នុងម្នាក់ ១ លានរៀល ដល់ក្រុមការងារប្រតិបត្តិការនេះផងដែរ ដើម្បីជាការលើកទឹកចិត្ត។
ផ្អែកតាមរបាយការណ៍បឋមពីក្រុមការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានឱ្យដឹងថា សម្រាប់ការដ្ឋានទី២ នៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាលនាពេលនេះ ក្រុមការងារបានស្រាវជ្រាវរកឃើញនាវាចម្បាំងដែលបានលិចកាលពីសម័យសង្គ្រាមនោះ គឺជាប្រភេទនាវាសឹករបស់កងទ័ព លន់ នល់ ដែលមានចំណុះប្រមាណ ៨០០ តោន ហើយដែលអ្នកស្រុកហៅថា ប្លង់តុង៕