ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ផ្ដល់​អនុសាសន៍​ឲ្យ​ជ្រើសរើស​អ្នក​រស់នៅ​ក្នុង​មូលដ្ឋាន​ចូល​ធ្វើ​ជា​នគរបាល និង​បាន​ក្រើន​រំឭកថា មុន​នឹង​ទទួល​យក​សិក្ខាកាម​ណាមួយ​មក​ចូលរៀន បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់ ហើយ​អង្គភាព​សាមី​ត្រូវ​ផ្ដល់​តម្លៃ​ដល់​មន្ត្រី​ដែល​ត្រូវ​បាន​បណ្ដុះបណ្ដាល​។

បណ្ឌិត្យសភា​នគរបាល​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ប្រជុំ​បូកសរុប​លទ្ធផល​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​ ៥ ​ឆ្នាំ ២០១៥-២០១៩​។

លោក សេង ផល្លី ប្រធាន​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​បាន​ថ្លែងថា ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​នេះ បណ្ឌិត្យសភា​នគរបាល​កម្ពុជា​បាន​បើក​បណ្ដុះបណ្ដាល​ចំនួន ២០៩ ​វគ្គ​ មាន​សិក្ខាកាម​ចូលរួម​ចំនួន​ ២០ ៩៩៦ ​នាក់​។ បើ​គិត​ជា​ចំនួន​មធ្យម​ក្នុង​ ១ ​ឆ្នាំ បណ្ឌិត្យសភា​នគរបាល​កម្ពុជា​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ចំនួន ៤២ វគ្គ​ដែល​មាន​អ្នកសិក្សា​ជា​មធ្យម​ចំនួន ៤ ២០០ ​នាក់​។

ក្រៅពី​លើកឡើង​ពី​សមិទ្ធផល​ជាច្រើន​ដែល​សម្រេច​បាន​លោក សេង ផល្លី ក៏បាន​លើក​ឡើង​នូវ​ការប្រព្រឹត្ត​ខុសឆ្គង​របស់​មន្ត្រីប៉ូលិស​ដែល​មន្ត្រី​ទាំងនោះ​ត្រូវ​បាន​អប់រំ ធ្វើ​កិច្ចសន្យា សម្រួល​ភារកិច្ច ដក​តួនាទី និង​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ពី​ចំនួន​ប៉ូលិស​ដែល​បាន​ប្រព្រឹត្ត​ខុស​ទាំងនោះ​ទេ​។

លោក ស ខេង ដែល​បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​បូកសរុប​ការងារ​នេះ​បាន​កោតសរសើរ​ដល់​លទ្ធផល​សម្រេច​របស់​បណ្ឌិត្យសភា​នគរបាល ជាពិសេស​ការបណ្ដុះបណ្ដាល​នរគបាល​ដោយ​ម្ចាស់ការ​ដោយ​ខ្លួនឯង​ និង​កាត់បន្ថយ​ការចេញ​ទៅ​ទទួល​វគ្គ​បណ្ដុះបណ្ដាល​នៅ​បរទេស​។ លោក​ថា មន្ត្រី​នគរបាល ដែល​មាន​សមត្ថភាព​ពី​ការបណ្ដុះបណ្ដាល​នេះ​បាន​ចូលរួម​ការពារ​បូរណភាព​ទឹកដី រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម និង​ផ្តល់​សេវាសាធារណៈ​ដល់​ពលរដ្ឋ​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ពួកគេ​មាន​សីលធម៌​វិជ្ជាជីវៈ​ក្នុង​ការបំពេញ​ការងារ​។

លោក​ក្រើន​រំឭកថា មុន​នឹង​ទទួលយក​សិក្ខាកាម​ណាមួយ​មក​ចូលរៀន បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់ ហើយ​អង្គភាព​សាមី ត្រូវ​ផ្ដល់​តម្លៃ​ដល់​មន្ត្រី​ដែល​បាន​បណ្ដុះបណ្ដាល​។ លោក​ថ្លែង​ថា កន្លងមក​ធ្លាប់មាន​មន្ត្រី​ដែល​ចេះ​ជំនាញ តែ​មិន​មាន​គុណធម៌​ហើយ​បាន​ធ្វើ​សកម្មភាព​ផ្ដេសផ្ដាស​ពេលចេញ​ទៅវិញ​។

លោក​មានប្រសាសន៍​ថា​៖ «​ជួន​អី​គឺថា ទៅ​ប្រើប្រាស់​មុខជំនាញ​ទៅ​ជា​ចោរប្លន់ ចោរលួច​អី​ក៏មាន​។ អាហ្នឹង​វា​មាន តែ​អាហ្នឹង​រឿង​ផ្សេង អ្នក​ដែល​មាន​គុណភាព​ល្អ មាន​សីលធម៌​ល្អ​ចំណេះដឹង​ល្អ​ដែល​បាន​លត់​ដំ រៀនសូត្រ​ហើយ​នោះ យើង​ត្រូវ​តែ​ប្រើប្រាស់​គេ ហើយ​ចៀសវាង​កុំ​ឲ្យ​សល់​គំនិត​ចាស់​ពីមុន​មក​ថា បើ​អញ​ប្រើ​មិនកើត ឯង​ទៅ​រៀន​ទៅ នៅ​ធ្វើការ​នាំ​ទើសមុខ​មាត់​គេ ហើយ​លើក​ក្រោយ​ឲ្យ​មក​រៀន​ទៀត​។ អ៊ីចឹង​មុខរបរ​គាត់​គិតតែ​រៀន​តែម្ដង​»​។

លោក ស ខេង ​បាន​លើកឡើង​ករណី​ ១ ​ដែល​ប៉ូលិស​ម្នាក់​នៅ​ភ្នំពេញ​បាន​ប្រព្រឹត្ត​បទល្មើស​ឆបោក និង​គ្រឿងញៀន ហើយ​ត្រូវ​បាន​ដេញ​ចោល​ពី​ក្របខ័ណ្ឌ​។ ប៉ុន្តែ​ប៉ូលិស​រូបនេះ​បាន​ដាក់​ពាក្យ​ចូលធ្វើ​ប៉ូលិស ហើយ​បាន​ប្រឡង​ជាប់ ធ្វើការ​នៅ​បណ្ឌិត្យ​សភានគរបាល​។ ប៉ុន្តែ​រឿងនេះ​ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដឹង ហើយ​បាន​ប្រាប់​លោក​។ តែ​ប៉ូលិស​រូបនេះ​ត្រូវ​បាន​ដក​ចោល​វិញ​ហើយ​។

លោក​លើក​ទឹកចិត្ត​ឲ្យ​ជ្រើសរើស​បេក្ខជន​មាន​សមត្ថភាព​ពី​មូលដ្ឋាន សម្រាប់​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំងអស់​ពីព្រោះ​អ្នក​នៅ​មូលដ្ឋាន​នោះ​ផ្ទាល់​បាន​ស្គាល់​មូលដ្ឋាន​របស់ខ្លួន​យ៉ាងច្បាស់​។ ពួកគេ​ងាយស្រួល​ធ្វើ​ការងារ​ជាមួយ​ប្រជាពលរដ្ឋ និង​អាច​គ្រប់គ្រង​មូលដ្ឋាន​ប្រកប​ដោយ​ប្រសិទ្ធភាព​។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ស្រុកទេស​មាន​សុខ​សុវត្ថិភាព​អាស្រ័យ​លើ​គុណភាព​នៃ​ការការពារ​សុខ​សុវត្ថិភាព​ជូន​ប្រជាជន​ពី​សំណាក់​នគរបាល និង​កងកម្លាំង​ប្រដាប់​អាវុធ​។ ប៉ុន្តែ​លោក​យល់ថា កងកម្លាំង​ប្រដាប់​អាវុធ​មួយចំនួន​មាន​សមត្ថភាព តែ​សីលធម៌​របស់​ពួកគាត់​ហាក់​ដូចជា​នៅ​ទាប​នៅឡើយ​។ ពួកគាត់​ខ្លះ​ហាក់​ដូច​មិនទាន់​យល់ច្បាស់​ពី​គោលការណ៍​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។ ការប្រើប្រាស់​អំណាច​ក៏​ហាក់​ដូចជា​ហួស​ពី​សមត្ថកិច្ច និង​មាន​អំពើ​ពុករលួយ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ចង់ឃើញ​កងកម្លាំង​ប្រដាប់​អាវុធ​ជាពិសេស​នគរបាល​គឺជា​មិត្ត​របស់​ប្រជាពលរដ្ឋ ព្រោះ​អាកប្បកិរិយា​របស់​កងកម្លាំង​មាន​សមត្ថកិច្ច​យើង​កន្លងមក ទំនាក់ទំនង​ជាមួយ​ពលរដ្ឋ​ហាក់ដូចជា​បែងចែក​ដាច់ស្រឡះ​។ ប្រជាពលរដ្ឋ​យើង​ខ្លាច​អាជ្ញាធរ​ជា​ជាង​ខ្លាច​ច្បាប់​។ បើសិន​ទំនាក់ទំនង​មាន​ភាពជិតស្និទ្ធ​ជាមួយ​គ្នា ខ្ញុំ​ជឿថា កងកម្លាំង​នគរបាល​នឹង​ទទួល​បាន​ការគោរព​ពី​ប្រជាពលរដ្ឋ​។ នៅពេល​ពលរដ្ឋ​គោរព​នគរបាល ពេល​នោះ​ការគោរព​ច្បាប់​ក៏មាន​ភាពប្រសើរ​ឡើង​»​។ លោក​ថា គុណភាព​នៃ​ការគោរព​ច្បាប់​នៅក្នុង​សង្គម​នឹង​ប្រសើរ​ឡើង​នៅពេល​ពលរដ្ឋ និង​កងកម្លាំង​នគរបាល ផ្លាស់ប្ដូរ​ទៅ​ជា​បរិយាកាស​មួយ​មាន​ការគោរព​គ្នា​ទៅវិញ​ទៅមក​៕

វីដេអូ៖