កំពង់ធំៈ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ចេញ​លិខិត​ព្រមាន​ជា​លើក​ទី​ ១ ទៅ​ដល់​ស្នងការ ស្នងការរង និង​មន្ត្រី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ចំនួន​ ៥ ​រូប បន្ទាប់ពី​បាន​ប្រព្រឹត្ត​កំហុស​ដោយ​ខ្វះ​ការដឹកនាំ និង​ការធ្វេសប្រហែស​អនុវត្ត​ភារកិច្ច​របស់ខ្លួន ហើយ​ក្នុងករណី​នៅតែ​ប្រព្រឹត្ត​ផ្ទុយ​នឹង​ការណែនាំ​ទៀត​នោះ​នឹង​ទទួល​ទណ្ឌកម្ម​ធ្ងន់​ជាង​នេះ​។

លិខិត​ចំនួន​ ៥ ​ច្បាប់​ផ្សេងគ្នា​ចុះហត្ថលេខា​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី​ ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃទី​ ២៦ ​មីនា​ដែល​ទើប​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ពី​ម្សិលមិញ​ឲ្យ​ដឹងថា ក្រសួង​មហាផ្ទៃ​បាន​សម្រេច​អនុវត្ត​វិន័យ​ក្រោមរូបភាព ព្រមាន​លើក​ទី​ ១ ​ចំពោះ​លោក​ អ៊ុក កុសល ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ដោយ​មូលហេតុ​ខ្វះ​ការយកចិត្ត​ទុកដាក់​លើ​ការគ្រប់គ្រង និង​ដឹកនាំ​។

លិខិត​ទាំងនោះ​បន្ត​ទៀតថា ចំពោះ​លោក​ វ៉ា ចាន់កុសល ស្នងការរង​ទទួល​ផែនការងារ​នគរបាល​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច លោក​ អ៊ឹម សុគឿន ស្នងការរង​ទទួល​ផែន​ការងារ​ធនធាន​មនុស្ស លោក ទិត សំណាង ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពងធំ និង​លោក​ រុំ សុវិជ្ជា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ក៏​ទទួល​នូវ​ការព្រមាន​ជា​លើក​ទី​ ១ ​នេះ​ដូចគ្នា​ក្រោម​ហេតុផល​ដោយ​ការធ្វេសប្រហែស​អនុវត្ត​ភារកិច្ច​របស់ខ្លួន​។

លិខិត​បញ្ជាក់ថា​៖ «​សាមីខ្លួន​ដែល​មាន​ឈ្មោះ​ក្នុង​ប្រការ​ ១ ត្រូវ​កែប្រែ​នូវ​កំហុសឆ្គង​ឲ្យ​បាន​ត្រឹមត្រូវ​។ ក្នុងករណី​នៅតែ​ប្រព្រឹត្ត​ផ្ទុយ​ពី​ការណែនាំ​ទៀត​នោះ​នឹង​ចាត់វិធានការ​តាម​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​។ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អភិបាល​នៃ​គណៈអភិបាលខេត្ត​កំពង់ធំ ប្រធាន​នាយកដ្ឋាន​បុគ្គលិក ប្រធាន​នាយកដ្ឋាន អង្គភាព​ពាក់ព័ន្ធ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ធំ និង​សាមីខ្លួន​ដែល​មាន​ឈ្មោះ​ក្នុង​ប្រការ​ ១ ត្រូវអនុវត្ត​តាមប្រកាស​នេះ​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​តទៅ​»​។

លោក​ ប៉ែន វិបុល ប្រធាន​នាយកដ្ឋាន​បុគ្គលិក​នៃ​ក្រសួងមហាផ្ទៃ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា លិខិត​នេះ​ពិតជា​ចេញ​ដោយ​នាយកដ្ឋាន​បុគ្គលិក ក្រោយ​មាន​បទបញ្ជា​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ពិតប្រាកដ​មែន​។ លោក​ថា​៖ «​លិខិត​នេះ​គឺ​ព្រមាន​ចំពោះ​បុគ្គល​ចំនួន​ ៥ ​រូប​ខាងលើ​មាន​តែ​ ៥ ​នាក់​ហ្នឹង​ទេ​បាទ​។ ខ្ញុំ​មិនអាច​និយាយ​បាន​ច្រើនជាង​នេះ​ទេ បើ​ទោះ​លិខិត​នេះ ខ្ញុំ​អ្នក​ធ្វើ​ក៏ដោយ សូម​ទាក់ទង​ទៅ​អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ព្រោះ​ជា​សមត្ថកិច្ច​របស់គាត់​»​។

លោក ​ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ប្រាប់​ពី​ម្សិលមិញ​ថា មន្ត្រី​ទាំង​ ៥ ​រូបនេះ​ពិតជា​មាន​កំហុស​ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ធ្វើការ​ព្រមាន​យ៉ាង​ដូច្នេះ​។ លោក​បន្តថា ការព្រមាន​ជា​លើក​ទី​ ១ ​នេះ​គឺ​គ្រាន់តែ​ជា​ការព្រមាន​ឲ្យ​ដឹងខ្លួន និង​ត្រូវ​កែខ្លួន​ឲ្យ​ល្អ​ឡើងវិញ​ចៀសវាង​ប្រព្រឹត្ត​កំហុស​ដដែល​ ឬ​ផ្សេង​បន្ថែមទៀត ដែល​ឈាន​ទៅ​ដល់​ការដាក់​ទណ្ឌកម្ម​ផ្នែក​វិន័យ​ណាមួយ​ក្នុង​ច្បាប់​។ បើ​កំហុស​ឈាន​ដល់​ធ្ងន់ធ្ងរ​ដែល​មិនអាច​លើកលែង​បាន​គឺ​អាច​ឈានដល់​ការដកតំណែង​តែម្តង​។

លោក​បញ្ជាក់ថា​៖ «​មន្ត្រី​នគរបាល​ជាតិ បើ​អត់​មាន​កំហុស គេ​អត់​ព្រមាន​ទេ ខ្ញុំ​និយាយ​ឲ្យ​ខ្លី​។ ប៉ុន្តែ​ខុស​អី​ខ្លះ​គឺ​ស្ថិត​លើ​អ្នកស៊ើបអង្កេត ព្រោះ​គេ​ធ្វើការ​ស៊ើបអង្កេត​របស់​គេ រក​មន្ត្រី​មាន​កំហុស​ពី​បទបញ្ជា​របស់​នគរបាល​ជាតិ​ហើយ បាន​គេ​ដាក់ពិន័យ​»​។

មន្ត្រី​នគរបាល​ទាំង​ ៥ ​រូប​ដែល​ទទួលរង​ការព្រមាន​នេះ​ម្សិលមិញ​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន​ទេ ឯ​ខ្លះទៀត​មិនអាច​ស្វែងរក​ប្រភព​ទាក់ទង​បាន​។

លោក​ សុខ លូ អភិបាលខេត្ត​កំពង់ធំ​ប្រាប់​ម្សិលមិញ​ថា ករណី​ឈានដល់​ការព្រមាន​នេះ​គឺ​មិនមែន​កំហុស​អ្វី​ធំដុំ​នោះទេ ដោយសារ​ពួកគាត់​អនុវត្ត​ការងារ​មិនបាន​ល្អ​។ លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ត្រេកអរ​ដែលមាន​លោក​ [​ស ខេង​] បាន​ដាស់តឿន​មន្ត្រី​ឲ្យ​ធ្វើការ​ហ្នឹង​ណា ហើយ​ការដាស់តឿន​មន្ត្រី​នេះ​មិនមែន​សម្រាប់​តែ​ខេត្តកំពង់ធំ​នោះ​ទេ គឺ​សម្រាប់​មន្ត្រី​ទូទាំង​ប្រទេស​ឲ្យ​មាន​ការធ្វើការ​មាន​ឯកភាព​ផ្ទៃក្នុង​ពង្រឹង​វិន័យ​ការងារ និង​ការគ្រប់គ្រង​ការងារ​ហ្នឹង​ណា​»៕