ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រឆាំងគ្រឿងញៀនលោក ស ខេង បានបញ្ជាឱ្យដាក់ប៉ុស្តិ៍ត្រួតពិនិត្យគឿងញៀននៅតាមព្រំដែនដើម្បីទប់ស្កាត់ចរាចរណ៍គ្រឿងញៀន និងបង្កើនសន្តិសុខក្នុងប្រទេសជាមួយនឹងការព្រមានសមត្ថកិច្ចកុំឱ្យពាក់ព័ន្ធការជួញដូរគ្រឿងញៀន ខណៈគ្រឿងញៀនកាន់តែរីករាលដាលខ្លាំងឡើងនៅស្ទើរគ្រប់ច្រកល្ហកទូទាំងប្រទេស។
ការជំរុញនេះធ្វើឡើងក្នុងកម្មវិធីប្រជុំផ្សព្វផ្សាយផែនការស្តីពីយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី ១ កាលពីម្សិលមិញនៅវិទ្យាស្ថានជាតិអប់រំដែលមានសមាសភាពមន្ត្រីនគរបាល និងអាជ្ញាធរពាក់ព័ន្ធជាច្រើនបានចូលរួម។ យុទ្ធនាការនេះនឹងចាប់ផ្តើមពីថ្ងៃទី ១ មករាដល់ថ្ងៃទី ៣០ មិថុនាឆ្នាំ ២០១៧ ដែលមានទាំងវិធានការក្តៅ និងវិធានការអប់រំ។
លោក ស ខេង បានថ្លែងថាការបង្ក្រាបគ្រឿងញៀនរបស់កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថទទួលបានលទ្ធផលកាន់តែខ្ពស់ខណៈតួលេខនៃការបង្ក្រាបឆ្នាំ ២០១៥ និងឆ្នាំ ២០១៦ មានកម្រិតកើនឡើងទ្វេគុណ ឬត្រីគុណទាំងមុខសញ្ញាល្មើសដែលចាប់បាន និងបរិមាណសារធាតុញៀន។
តែលោកថា លទ្ធផលនេះបង្ហាញភាពវិជ្ជមានផង និងអវិជ្ជមានផង។ «មានន័យថាតួលេខកើនឡើងនៃលទ្ធផលក្នុងការបង្ក្រាបកើនបានបញ្ជាក់អំពីស្នាដៃធំធេងរបស់កម្លាំងអនុវត្តច្បាប់ប៉ុន្តែវាក៏បង្ហាញឱ្យឃើញផងដែរថាសកម្មភាពចរាចរណ៍ជួញដូរគ្រឿងញៀននៅក្នុងប្រទេសយើងមិនមានការថមថយឡើយ»។
លោកបន្ថែមថាតួលេខនៃការប្រើប្រាស់គ្រឿងញៀនមានការកើនឡើងជាពិសេសក្នុងស្រទាប់យុវវ័យ។ «ខ្ញុំនឹងសើរើសមាសភាពបញ្ជីការរៀបចំទីបញ្ជាការមួយនៅកន្លែងហ្នឹងច្រកចូលដែលធំជាងគេគឺព្រំប្រទល់កម្ពុជា ឡាវ ...និងដាក់ប៉ុស្តិ៍ត្រួតពិនិត្យតាមច្រកប្រៃសណីយ៍ច្រកតាមព្រលានយន្តហោះ»។
លោកក៏ព្រមានដល់សមត្ថកិច្ចកុំឱ្យពាក់ព័ន្ធនឹងការជួញដូរគឿងញៀន។ «សមត្ថកិច្ច និងមន្ត្រីរាជការយើងទាំងអស់សូមមេត្តាត្រូវដាក់ខ្លួនឱ្យឆ្ងាយពីគ្រឿងញៀនពិសេសសមត្ថកិច្ចដែលបង្ក្រាបអ្នកអនុវត្តច្បាប់ព្រោះសមត្ថកិច្ចហ្នឹងបើយើងធ្មេចភ្នែកចុះឡើងគឺទៅហើយ (ជួញដូរហើយ) ហើយសូមកុំឱ្យមានអន្តរាគមន៍ បើសមត្ថកិច្ចធ្វើខុសត្រូវទទួលខុសមុខច្បាប់...»។ «ព្រោះកន្លងមកមានសមត្ថកិច្ចមួយចំនួន យើងបានដឹងហើយឱ្យទៅធ្វើការ (បង្ក្រាបគ្រឿងញៀន) ទៅរកស៊ីគ្រឿងញឿនវិញចាប់របស់គេមកយកទៅលក់ចឹងធ្វើម៉េចឈ្នះ»។
ក្នុងកិច្ចប្រជុំនោះដែរប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោក កែ គឹមយ៉ាន ក៏បានព្រមានដែរថានឹងដាក់ទោសកាន់តែធ្ងន់លើមន្ត្រីអនុវត្តច្បាប់ណាដែលពាក់ព័ន្ធនឹងគ្រឿងញៀនដោយលោកសង្កត់ធ្ងន់ថា «បើមន្ត្រីរបស់យើងមានឋានៈកាន់តែខ្ពស់ទោសកាន់តែធ្ងន់ក្នុងពេលប្រតិបត្តិការគឺទោសត្រូវទ្វេដងមិនមែនត្រូវបន្ថយទេ...ក្នុងករណីនាយទាហាន ឬមន្ត្រីជាន់ខ្ពស់ផ្សេងទៀតគឺមានទម្ងន់ទ្វេទោសដូចគ្នា... មួយទៀតខ្ញុំក៏មិនយល់ដែរថ្មីៗនេះខាងកងអាវុធហត្ថបង្ក្រាបជនជួញដូរគ្រឿងញៀនបាញ់សម្លាប់សមត្ថកិច្ចតែដាក់គុកតែ ៤ ឬ ៥ ឆ្នាំទេតែករណីមួយទៀតគ្រាន់តែឈ្លោះជាមួយសង្សារបាញ់ងាប់ដាក់គុកមួយជីវិតយើងមើលទោសអត់សមហេតុផល»។
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរួមមានបើកយុទ្ធនាការជាប្រចាំបោសសម្អាតពួកជួញដូរគ្រឿងញៀនជាក្រុមតូចៗអនុវត្តច្បាប់ឱ្យតឹងរ៉ឹងត្រូវតាមដានឱ្យម៉ឺងម៉ាត់នូវសកម្មភាពផលិតកែច្នៃគ្រឿងញៀន។
លោក David Harding ដែលជាអ្នកឯកទេសឯករាជ្យស្តីពីគ្រឿងញៀនបានថ្លែងថា «ការតម្រង់ទិសដៅទៅរកឈ្មួញជួញដូរទ្រង់ទ្រាយតូចដែលមិនសំខាន់នឹងមិនមានឥទ្ធិពល» ទៅលើបញ្ហាធំនៃការជួញដូរទេ។ «ទាំងនោះគឺមាននិន្នាការចាប់អ្នកជួញដូរទ្រង់ទ្រាយតូចដាក់ពេញពន្ធនាគារ និងបង្កើតនូវបញ្ហាសុខភាពធំដល់អ្នកប្រើប្រាស់គ្រឿងញៀន»។ «ប្រសិនបើរដ្ឋាភិបាលកម្ពុជាពិតជាចង់ចាប់ផ្តើមឲ្យមានផលទៅលើការកាត់បន្ថយការផ្គត់ផ្គង់ចូលមកក្នុងប្រទេសរដ្ឋាភិបាលត្រូវតែធ្វើការសង្កត់ធ្ងន់បន្ថែម និងដាក់ធនធានបន្ថែមទៀតដើម្បីឈានទៅដល់ការចាប់អ្នកដែលពិតជាកំពុងធ្វើឲ្យមានការជួញដូរ»៕ PS/រាយការណ៍បន្ថែមៈ ERIN Handley