ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ព្រមាន​ដល់​អ្នក​ដែល​បំផុស​ព័ត៌មាន​មិន​ពិត​អំពី​បញ្ហា​ជំងឺ​កូវីដ-១៩​ដើម្បី​ផ្សព្វផ្សាយ​ធ្វើឲ្យ​សង្គម​ច្របូកច្របល់​អាចនឹង​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​។ យោងតាម​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ស្ដីពី​វិធានការ​ការពារ​ជំងឺ​កូវីដ​ ១៩ កាលពី​ថ្ងៃ​សុក្រ ទី​ ២០ ខែមីនា ឆ្នាំ​ ២០២០ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។

លោក ស ខេង បាន​ថ្លែងថា​៖ «​ក្នុង​ពេលនេះ​សកលលោក​ទាំងមូល​កំពុង​សាមគ្គី​គ្នា​ដើម្បី​ទប់ស្កាត់​នឹង​ជំងឺ​កូវីដ​១៩​នេះ​។ ដូច្នេះ​ខ្មែរ​យើង​ក៏​ដូចគ្នា​ដែរ ខ្ញុំ​នៅតែ​បន្ត​អំពាវនាវ​ថា ទុកដាក់​ផលប្រយោជន៍​បុគ្គល​នោះ​នៅ​ដោយឡែក​ទៅ ប្រយោជន៍​ក្រុម បក្ខពួក ពណ៌​សម្បុរ​ដោយ​ឡែក​សិន​ទៅ​ដើម្បី​រួមគ្នា​។ វា​មាន​បញ្ហា​ ២ ​ដោយឡែក​ពីគ្នា​ទី​ ១ ទាក់ទង​នឹង​ព័ត៌មាន​ពិត យើង​សូម​ស្វាគមន៍​។ ព័ត៌មាន​ពិត​ជួន​អី​គេ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ក្នុង​ក្របខ័ណ្ឌ​ប្រជាធិបតេយ្យ គេ​ថា​រដ្ឋាភិបាល​មិន​យក​ចិត្ដ​ទុកដាក់​ ឬ​ក៏​ទិតៀន​យ៉ាងនេះ យ៉ាងនោះ វា​គឺជា​ព័ត៌មាន​ពិត​ទេ​យើង​ត្រូវ​ស្វាគមន៍​។ ប៉ុន្ដែ​មួយទៀត​ព័ត៌មាន​វា​អត់​មាន​ទេ រួចហើយ​គាត់ (​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​) បំផុស​។ អាហ្នឹង​ដែល​ខ្ញុំ​សុំ​ថា​សូម​មេត្ដា​កាត់បន្ថយ ហើយ​ឈាន​ទៅ​ដល់​ការលុបបំបាត់ ដើម្បី​យើង​រួមគ្នា​ការពារ​ជីវិត សង្គម និង​ប្រជាជន​របស់​យើង​»​។

លោក​បញ្ជាក់ថា​៖ «​ឥឡូវ​នេះ​វា​មាន​បញ្ហា​ហ្នឹង អ៊ីចឹង​ហើយ​ប្រហែល​ជា​តាមច្បាប់​យើង​ជា​អាជ្ញាធរ​អាច​ថា​អ្នក​ទាំងឡាយ​ណា​នៅតែ​ប្រើប្រាស់​វោហារស័ព្ទ​ដែល​នាំឱ្យ​ច្របូកច្របល់​អាច​នឹងត្រូវ​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​»​។ ក្រោយពី​ជំងឺ​កូវីដ​ ១៩ កំពុងមាន​កំណើន​នៃ​ការឆ្លង​នៅ​កម្ពុជា​លោក ស ខេង ក៏បាន​ធ្វើការ​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ថា កុំ​មាន​ការរើសអើង​បក្ខពួក និង​ពណ៌​សម្បុរ ចំណែក​អ្នក​បង្ហោះ​ព័ត៌មាន​មិន​ពិត ជុំវិញ​បញ្ហា កូវីដ​១៩ នឹង​ត្រូវ​ទទួលខុសត្រូវ​មុខ​ច្បាប់​ជាមិនខាន​។

លោក​ថ្លែងថា​៖ «​សម្ដេច​តេជោ​លោក​បាន​ណែនាំ​ថា មិនត្រូវ​ចែក​ខ្មែរ​អ៊ិស្លាម ខ្មែរ​នេះ ខ្មែរ​នោះទេ គឺ​បងប្អូន​ខ្មែរ​យើង​បាន​ផ្សាយ​ហើយ​។ ក្នុង​សេចក្ដីណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ទៅតាម​ខេត្ត​បញ្ជាក់​ចំណុច​នេះ​ផងដែរ គឺថា​មិនត្រូវ​រើសអើង​ទេ ហើយ​មិន​ត្រឹម​តែ​ខ្មែរ​អ៊ិស្លាម​ទេ ជនជាតិ​ណាក៏ដោយ ដែល​បាន​មក​កម្ពុជា ជួប​បញ្ហា​នឹង (​កូវីដ​ ១៩) យើង​ក៏​មិនត្រូវ​រើសអើង​ដែរ​»​។

ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃ​ពុធ ទី​ ១៨ ខែមីនា បាន​បង្ហាញ​ពី​គណនី​ហ្វេសប៊ុក និង​គេហទំព័រ​ហ្វេសប៊ុក​ចំនួន ៤៧ ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ​នៅ​កម្ពុជា ដែល​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នោះ​មាន​ចេតនា​បង្កាច់​បង្ខូចឈ្មោះ​រាជរដ្ឋាភិបាល និង​បង្ក​ឱ្យ​ពលរដ្ឋ​មានការ​ភ័យខ្លាច​។ ជាមួយ​គ្នា​នោះ​ក្រសួង​ព័ត៌មាន​ក៏បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ផងដែរ ​ប្រសិន​បើ​គណនី​ហ្វេសប៊ុក​ ឬ​គេហទំព័រ​ទាំងនោះ​មិន​ព្រម​ធ្វើការ​កែប្រែ​ឡើងវិញ​។

ក្រសួង​នេះ​ឲ្យ​ដឹងថា​៖ «​ទន្ទឹមនឹង​ការខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​សុខាភិបាល ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​សាធារណជន និង​អ្នកសារព័ត៌មាន​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ក៏មាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយចំនួន​បែរជា​បង្កើត​ព័ត៌មាន​មិន​ពិត​ក្នុង​ចេតនា​បន្លំ បំភ្លៃ បំភាន់ បង្វែរ​ស្ថានការណ៍​ដើម្បី​បង្កាច់បង្ខូច​ឈ្មោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច​»៕