
លោកស ខេង រិះគន់ការប្រើយោធាបង្ក្រាបបាតុករ ក្នុងសន្និបាតការងារ ក្រសួងមហាផ្ទៃ ពីម្សិលមិញ។ ស្រេង ម៉េងស្រ៊ុន
ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់ទុកការប្រើកម្លាំងយោធាបង្ក្រាប ដោយហិង្សានៅខេត្តក្រចេះ និងខេត្តព្រះសីហនុ ទៅលើពលរដ្ឋ មានជម្លោះដីធ្លីថាជាការអនុវត្តដោយកំរោល និងខុសនីតិវិធីច្បាប់ ហើយលោកបានណែនាំ ដល់អាជ្ញាធរទូទាំងប្រទេស មិនត្រូវប្រើប្រាស់ហិង្សាទាំងកំរោល ក្នុងស្ថានការណ៍បច្ចុប្បន្ននេះទេ។
ថ្លែងនៅក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ ២០១៨ និងលើកទិសដៅការងារបន្ដឆ្នាំ ២០១៩ ពីម្សិលមិញ នៅក្រសួងមហាផ្ទៃ លោក ស ខេង សង្កត់ធ្ងន់ ថា៖ «ដោះស្រាយរឿងដី ចង់និយាយថា យើងអ្នកច្បាប់ផង អ្នករដ្ឋបាលផងយើងត្រូវដឹង គាត់ទៅយកកម្លាំងអនុវត្តច្បាប់ នគរបាល និងប៉េអឹមត្រូវហើយ ប៉ុន្តែបើគាត់ទៅយកកម្លាំងយោធា គឺខុស។ គេមិនយកកម្លាំងយោធា មកអនុវត្តសាលដីកាទេ រឿងហ្នឹងកើតមាននៅក្រចេះមួយ កើតនៅខេត្តព្រះសីហនុមួយ ហ្នឹងមានន័យថា យើងរដ្ឋបាលខេត្តប៉ុនណាប៉ុនណី មិនដឹងច្បាប់ តែប្រយ័ត្នខេត្តដទៃទៀត ប្រើយោធាទៅអនុវត្តបែបហ្នឹងទៀត»។
លោក ស ខេង បន្តថា៖ «មន្ត្រីអនុវត្តច្បាប់ មានតែនគរបាល ប៉េអឹម និងព្រះរាជអាជ្ញា ហើយរឿងវាមិនទាន់ត្រូវធ្វើផង មិនទាន់ចាំបាច់ត្រូវធ្វើដោយខានមិនបានផង។ ខ្ញុំមុនហ្នឹងនិយាយម្តងហើយ ប៉ុន្តែខ្ញុំនិយាយម្តងទៀតថាបើយើងមិនធ្វើវាខុស (ច្បាប់) ដល់យើងទៅធ្វើខុសច្បាប់ វាកាន់តែខុសទៀត ដល់មានព្យសនកម្ម ដែលច្បាប់អនុញ្ញាតឲ្យយើងដកខ្លួនសិន ដើម្បីពិចារណារកវិធីដោះស្រាយ តែយើងមិនអ៊ីចឹង ទៅធ្វើទាំងកំរោលតែម្តង»។
ជាមួយគ្នានេះ លោកក៏បានណែនាំដែរថា ក្នុងស្ថានការណ៍បច្ចុប្បន្ន អាជ្ញាធរ មិនអាចអនុវត្តដោយហិង្សាបែបនេះបានទេ គួរតែមានយុទ្ធសាស្ត្រល្អប្រសើរជាងនេះ ក្នុងការដោះស្រាយជម្លោះដោយកុំប្រើហិង្សា ដែលនាំប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបណ្តាលឲ្យមានបញ្ហាកាន់តែធំ និងពិបាកដោះស្រាយ។
កាលពីថ្មីៗនេះ មានហេតុការណ៍បង្ក្រាបដោយហិង្សាបានកើតឡើងនៅខេត្តព្រះសីហនុ និងក្រចេះ ក្នុងការអនុវត្តសេចក្តីសម្រេចរបស់តុលាការ រហូតឈានដល់ប្រើប្រាស់អាវុធ និងកម្លាំងយោធា ដែលបណ្តាលឲ្យពលរដ្ឋក្នុងហេតុការណ៍នោះរងរបួស ហើយទទួលរងការរិះគន់ពីសំណាក់សាធារណជន និងសង្គមស៊ីវិលជុំវិញការបង្ក្រាបដោយហិង្សានេះ។ ភ្លាមៗក្រោយការរិះគន់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីស៊ើបអង្កេតក្នុងការប៉ះទង្គិចនៅខេត្តព្រះសីហនុ។ អាជ្ញាធរ អះអាងថា មន្ត្រីនគរបាលមួយចំនួន កំពុងទទួលរងការពិន័យផ្នែករដ្ឋបាល ខណៈការស៊ើបអង្កេតនៅមិនទាន់បានបិទបញ្ចប់។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា កន្លងទៅ មន្ត្រីយោធា ពុំដែលអនុវត្តដោយផ្ទាល់ចំពោះការអនុវត្តច្បាប់តែម្នាក់ឯងនោះទេ ហើយការចូលរួមរបស់ក្រុមយោធា ក៏ព្រោះតែមានការស្នើឲ្យមានការសហការពីអាជ្ញាធរមូលដ្ឋានតែប៉ុណ្ណោះ។
លោកបន្តថា៖ «ខ្ញុំមិនគាំទ្រចំពោះការចូលរួមរបស់យោធា បង្កជាហិង្សានោះទេ ព្រោះទាល់តែសមត្ថកិច្ច ទើបអាចធ្វើរឿងហ្នឹងបាន ដូចប្រសាសន៍របស់សម្តេច ស ខេង អ៊ីចឹង ខ្ញុំគាំទ្រ។ គ្រាន់តែកន្លងមកហ្នឹង បាតុភាពច្រើនតែកើតឡើងពីបញ្ហាដីធ្លី ច្រើនតែអាជ្ញាធរសំណូមពរឲ្យខាងយោធាយើងសហការ ប៉ុន្តែយើងនឹងគិតថាបញ្ហាលើកក្រោយនេះ យើងគួរតែដោះស្រាយបញ្ហានេះឲ្យបានច្រើនបំផុត និងទុកឲ្យខាងអាជ្ញាធរមូលដ្ឋានជាអ្នកចាត់ការវិញ»។
ចំណែកករណីដែលកម្លាំងយោធា បានប្រើហិង្សាលើជនរងគ្រោះក្នុងហេតុការណ៍ប៉ះទង្គិចនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៤ ខែមករា លោក ឈុំ សុជាតិ ថា មិនទាន់មានចំណាត់ការនោះទេ ព្រោះក្រសួងពុំទាន់ទទួលបានពាក្យបណ្តឹង។
តាមរបាយការណ៍ លោក យន្ត មីន កាលពីថ្ងៃទី ២៤ មករា ដែលជាថ្ងៃផ្ទុះការប៉ះទង្គិចនោះ បានលើកឡើងថា រដ្ឋបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមាន កម្លាំងអាវុធហត្ថចំនួន ១០០ នាក់ កម្លាំងយោធាចំនួន ១០០ នាក់ កម្លាំងនគរបាលចំនួន ១០០ នាក់ និងមន្ត្រីរដ្ឋបាលខេត្តស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធចំនួន ២០ នាក់ ដើម្បីចូលរួមសហការអនុវត្តសាលដីកាលេខ ៣៤៨ “ឈ” ចុះថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៧ របស់តុលាការកំពូល។
របាយការណ៍ដដែលនោះ អះអាងថា៖ «មានកម្លាំងសមត្ថកិច្ចខ្លះ បានបាញ់ឡើងលើ (ប្រមាណ ២០ គ្រាប់) ជាការគំរាម តែមិនមែនជាការបាញ់ដោយចេតនា ឬមានការបញ្ជាឲ្យធ្វើដូច្នេះឡើយ។ ចំពោះជនរងគ្រោះដោយគ្រាប់កាំភ្លើង សមត្ថកិច្ចកំពុងស្រាវជ្រាវរកជនបង្កព្រោះសង្ស័យថាមានជនទី ៣ បង្កប់ជាមួយក្រុមប្រជាពលរដ្ឋ»។
ចំណែកហិង្សានៅខេត្តក្រចេះឯណោះវិញ គឺបានកើតឡើងកាលពីរសៀលថ្ងៃទី ៨ មីនា ឆ្នាំ ២០១៨ រវាងប្រជាពលរដ្ឋប្រមាណ ២០០ នាក់ និងអាជ្ញាធរចម្រុះ មានកម្លាំងសមត្ថកិច្ចដែលភាគច្រើនជាទាហាន បានបាញ់ជាច្រើនគ្រាប់ឡើងលើ ក្នុងការចុះអនុវត្តសាលក្រមរបស់តុលាការរឿងជម្លោះដីធ្លី បណ្ដាលឲ្យកម្លាំងសមត្ថកិច្ចចំនួន ៧ នាក់រងរបួស ពលរដ្ឋ ២ នាក់រងរបួស និងពលរដ្ឋ ៧ នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួន។ នេះបើតាមការអះអាងរបស់អាជ្ញាធរស្រុកស្នួល នៃខេត្តក្រចេះ។
លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ និងជាអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) ថ្លែងថា ការមានវិធានការចំពោះការប្រើប្រាស់កម្លាំងខុសគោលដៅនេះ គឺជារឿងដែលប្រសើរ ហើយរដ្ឋាភិបាល គួរតែមានវិធានការយូរហើយ ព្រោះថាការប្រើប្រាស់កម្លាំងដូចជាកងយោធាឬកងសន្តិសុខ កងអង្គរក្សជាដើម។ ពួកគេពុំធ្លាប់ទទួលបានការហ្វឹកហ្វឺនក្នុងការទប់ស្កាត់ការតវ៉ា ដោយអហិង្សាពីប្រជាពលរដ្ឋ ដែលជាហេតុតែងតែមានអំពើហិង្សាកើតឡើង។
លោក សែនករុណា បញ្ជាក់ថា៖ «សង្ឃឹមថាការយល់ឃើញរបស់សម្តេចក្រឡាហោម ស ខេង ជារឿងត្រឹមត្រូវហើយមានការអនុវត្ត និងមានការកែប្រែនៅពេលមានព្រឹត្តិការណ៍ក្រោយកើតឡើងហ្នឹង ដោយប្រើប្រាស់តែកម្លាំងដែលមានបណ្តុះបណ្តាលបច្ចេកទេសទៅធ្វើការបង្ក្រាបទៅ វាជារឿងដែលល្អបំផុតដើម្បីបញ្ចៀសហិង្សាទៅលើបាតុករ ដែលធ្វើការតវ៉ាហ្នឹង»៕