ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានរិះគន់ច្បាប់ព្រៃឈើ និងស្តីបន្ទោសមន្ត្រីចំពោះការបណ្តោយឲ្យមានបទល្មើសព្រៃឈើ និងការប្រើលេសសម្អាតបាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោម២ ទៅបំផ្លាញព្រៃឈើខណៈសកម្មជនការពារបរិស្ថានថា វិធានការមានភាពយឺតយ៉ាវ និងគ្មានប្រសិទ្ធភាព។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារ និងលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ និងទិសដៅភារកិច្ចអនុវត្តបន្តកាលពីថ្ងៃទី ២៣ ខែកញ្ញាឆ្នាំនេះនៅខេត្តបាត់ដំបង។
លោកបានថ្លែងថាបទល្មើសព្រៃឈើនៅតែបន្តកើតមាននៅខេត្តមណ្ឌលគិរី ហើយលោកបានស្តីបន្ទោសលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីថា ប្រសិនបើនៅតែមិនបង្ក្រាបបទល្មើសព្រៃឈើនោះទេ ប្រាកដជាមានបញ្ហា។
លោក ស ខេង បានបញ្ជាក់ថា៖ «ទាក់ទងនឹងការគេថតពីផ្កាយរណបហើយមិនអាចលាក់អីជិតទេ។ គេ Live ឲ្យយើងមើលតែម្តង អាដឹកឈើពីណាចេញទៅណាគេ live ឲ្យយើងមើលតែម្តង ហើយតាមដឹងដូចជានៅខេត្តមណ្ឌលគិរី។ ឥឡូវសុំផ្តាំទៅអភិបាលខេត្តមណ្ឌលគិរីសូមឲ្យពិនិត្យមើល ហើយបើមិនមើលទេចៅហ្វាយខេត្តក៏មានរឿងដែរ ហើយមិនត្រឹមតែមើលទេត្រូវដោះស្រាយ»។
យ៉ាងណាក្ដីលោកឧបនាយករដ្ឋមន្ត្រីក៏បានរិះគន់ចំពោះច្បាប់ព្រៃឈើផងដែរ ដោយលោកថាច្បាប់នេះមិនបានផ្តល់អំណាចដល់រដ្ឋបាលដែនដីដែលមានកម្លាំងគ្រប់គ្រាន់តែបែរជាទៅប្រគល់អំណាចទាំងស្រុងឲ្យរដ្ឋបាលព្រៃឈើ ដោយលោកបានព្រលយពាក្យពីការកែច្បាប់ដើម្បីការពារផលប្រយោជន៍ជាតិ។
លោកថា៖ «ខ្ញុំថា អាច្បាប់ព្រៃឈើហ្នឹងហើយបើធ្វើ (តាមច្បាប់ព្រៃឈើ) អ៊ីចឹងវាអន្តរាយហើយដោយអត់ឲ្យអំណាចទៅឲ្យរដ្ឋបាលដែនដីដែលគេមានកម្លាំងគ្រប់គ្រាន់។ គណៈបញ្ជាការឯកភាពគេមានកម្លាំងគ្រប់គ្រាន់ដើម្បីនឹងដោះស្រាយហើយគាត់យកអំណាចផ្តាច់ទៅឲ្យរដ្ឋបាលព្រៃឈើ ហើយគាត់អត់មានអំណាចហើយគាត់មិនអាចធ្វើអ្វីកើតទេ...ដូច្នេះខេត្តក៏លូកមិនបានហើយគាត់ក៏ផុតដៃផុតជើងទីបំផុតទៅវាជាបញ្ហាអ៊ីចឹងហើយឥឡូវនេះយើងនាំគាត់កែគាត់មិនព្រមកែទៀត។ ត្រូវតែកែទាល់តែបាន។ ខ្ញុំឲ្យឯកឧត្តម សក់ សេដ្ឋា ដឹកនាំសម្របសម្រួលដើម្បីកែហ្នឹងក្នុងក្របខ័ណ្ឌគណៈកម្មាធិការជាតិកំណែទម្រង់វិមជ្ឈការវិសហមជ្ឈការកែច្បាប់ហ្នឹង ហើយកែច្បាប់ហ្នឹងមិនទាន់ចេញ។ ខ្ញុំថា បើចាំអង្វរថ្វាយបង្គំគាត់ឲ្យព្រមវាមិនងាយទេ។ ពេលខ្លះមានតែកាន់ព្រនង់ទៅតែម្តងពីព្រោះអាហ្នឹងផលប្រយោជន៍ជាតិ...»។
ក្រៅពីនេះលោក ស ខេង ក៏បានរិះគន់មន្ត្រីជាន់ខ្ពស់ចំពោះការអនុញ្ញាតឲ្យក្រុមហ៊ុនបន្តសម្អាតបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម ២ ដោយលោកថា គ្រាន់តែជាលេសដើម្បីកាប់ឈើ។
លោកបានបញ្ជាក់ថា៖ «យកលេសអាសម្អាតបាតអាង វាមិនមែនសម្អាតបាតអាង វាទៅកាប់អាឈើពីណាមកហើយថាសម្អាតបាតអាង។ ទៅកាប់អាឈើនៅឈរលើគោកមិនមែនឈើក្នុងទឹកទេហើយថាអាហ្នឹងសម្អាតបាតអាង។ អ៊ីចឹងអាសម្អាតបាតអាងគឺមិនចេះចប់ខណៈវារីអគ្គិសនីគេ (ធ្វើ) ហើយ ...លេងអ៊ីចឹងៗអីធ្វើម៉េច?»។
កាលពីសប្តាហ៍មុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាឲ្យមន្ត្រីរដ្ឋបាលព្រៃឈើចុះពិនិត្យមើលករណីដឹកឈើក្នុងតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម ២ ខណៈមានសកម្មភាពដឹកជញ្ជូនឈើមិនចេះឈប់ឈរ។
លោក វេង សាខុន បានថ្លែងថា៖ «ចុះទៅពិនិត្យមើលមើល៍ អាដឹកស្តុកដឹកអត់ចេះអស់ហ្មងនៅសេសាន ២ មិនដឹងថ្ងៃណាអស់ស្តុក ដឹករហូត គេជេរយើងរហូត» ។
កាលពីចុងខែសីហាឆ្នាំនេះលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានបញ្ជាឲ្យខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងស្ទឹងត្រែងចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព បន្ទាប់ពីទទួលបានលិខិតពីប្រតិភូសហភាពអឺរ៉ុបស្ដីពីរបាយការណ៍ «បទល្មើសជាប្រព័ន្ធ៖ ប្រទេសវៀតណាមបានបន្តនាំចូលឈើហុបខុសច្បាប់ពីកម្ពុជា» ដែលទីភ្នាក់ងារស៊ើបអង្កេតបរិស្ថានចេញផ្សាយកាលពីថ្ងៃទី ៣១ ខែឧសភាឆ្នាំនេះ។
ក្រុមហ៊ុន Ang & Associates Lawyer Co., Ltd បានទទួលសិទ្ធិសម្អាតបាតអាងតាំងពីឆ្នាំ ២០១២ ដែលមានផ្ទៃដី ៣៦០០០ ហិកតាក្នុងស្រុកសេសានក្នុងខេត្តស្ទឹងត្រែង ប៉ុន្តែកាលពីចុងខែកុម្ភៈឆ្នាំនេះ រាជរដ្ឋាភិបាលបានសម្រេចផ្អាកបណ្ដោះអាសន្នរហូតបោះឆ្នោតជាសកលរួច។
លោក អ៊ូច ឡេង សកម្មជនការពារបរិស្ថានបានអះអាងថាមន្ត្រីមួយចំនួនបានទទួលប្រយោជន៍ពីអ្នករកស៊ីឈើធំៗដោយបានបើកភ្លើងខៀវឱ្យមានបទល្មើស ខណៈអ្នករកស៊ីឈើភាគច្រើនគឺជាអ្នកមានអំណាច និងមានលុយ ឬមានអ្នកធំនៅពីក្រោយធ្វើឲ្យការបង្ក្រាបពុំមានប្រសិទ្ធភាព។
លោកថា៖ «ថ្នាក់ដឹកនាំដឹងរឿងថា តើនរណាជាអ្នករកស៊ីឈើ...ដើម្បីរកស៊ីឈើបានត្រូវមានការអនុញ្ញាត...ផ្ទុយទៅវិញគាត់ធ្វើជាមិនដឹងដើម្បីទារប្រយោជន៍ពីអ្នករកស៊ីឈើទាំងនោះ»។
លោកថា៖ «វាមិនឃើញមានអ្វីជាដុំកំភួនទាល់តែសោះ ផ្ទុយទៅវិញការកាប់បំផ្លាញព្រៃឈើ...បានកើតមានឡើងកាន់តែខ្លាំងឡើងៗ ហើយរឿងនេះគឺធ្វើឲ្យយើងកាន់តែបារម្ភ»៕