
មន្ត្រីសង្គមស៊ីវិលក្នុងជំនួបនៅក្រសួងមហាផ្ទៃកន្លងមក។ រូបថត Sar Kheng Page
ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានរិះគន់អង្គការសមាគមចំនួន ១០០ ស្ថាប័ន ដែលស្នើឱ្យរាជរដ្ឋាភិបាលលុបចោលច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដោយលើកឡើងថា អង្គការសមាគមទាំងនោះអាច ៨០ ភាគរយ មិនទាន់បានចុះបញ្ជី។
ការរិះគន់របស់លោក ស ខេង ធ្វើឡើងនៅក្នុងពិធីបើកសន្និបាត ត្រួតពិនិត្យការងារឆ្នាំ ២០១៩ និងលើកទិសដៅឆ្នាំ ២០២០ របស់ក្រសួងមហាផ្ទៃកាលពីថ្ងៃពុធដែលការរិះគន់នេះធ្វើឡើង បន្ទាប់ពីមានក្រុមអង្គការ សមាគមចំនួន ១០០ បានរួមគ្នាចេញសេចក្ដីថ្លែងការណ៍មួយទាមទារឱ្យរាជរដ្ឋាភិបាលលុបចោលច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ១១ ខែកុម្ភៈ អង្គការសមាគមទាំងនេះអះអាងថា ការបន្តរក្សាទុកច្បាប់នេះឱ្យនៅដដែល ឬការធ្វើវិសោធនកម្មដោយមិនបានកែប្រែឱ្យបានត្រឹមត្រូវនោះការអនុវត្តច្បាប់នេះនឹងមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អង្គការមិនមែនរដ្ឋាភិបាលប៉ុណ្ណោះទេ គឺថែមទាំងប៉ះពាល់ដល់សមាគម និងក្រុមសហគមន៍មូលដ្ឋានទៀតផង។
ប៉ុន្តែលោក ស ខេង ថ្លែងថា៖ «គាត់ទៅប្រមូលសហគមន៍តូចៗដាក់ថា បាន ១០០ អ្នកខ្លះមិនទាន់ដឹងខ្លួនផងតាមមើល គេដាក់ឈ្មោះទៅ ដើម្បីឲ្យបានច្រើន។ ពួកគាត់ហ្នឹងខ្លាំងណាស់ ប្រឆាំងទាំងអស់ តែតាមធាតុពិតទៅអ្នកខ្លះអត់ដឹងខ្លួនផង ហើយសហគមន៍ខ្លះ ៣ នាក់ ២ នាក់អ៊ីចឹង ហើយអត់មានចុះបញ្ជីទេ។ ពួកគាត់អត់មានឈ្មោះក្នុងបញ្ជីផ្លូវការរបស់ក្រសួងមហាផ្ទៃទេ ភាគច្រើនគឺអាចថា ៧០ ទៅ ៨០ ភាគរយ»។
លោកបន្តថា៖ «វាមានចំណុចមួយខ្ញុំយល់ត្រង់ថា សហគមន៍ដែលមាន ៣-៤-៥ នាក់ គាត់អត់ចាំបាច់ចុះបញ្ជីចុះអីទេ គាត់ធ្វើតែម្តង តែអ្នកដែលចុះបញ្ជី គាត់បានលុយបានកាក់ និងជំនួយពីក្រៅមកគាត់ប្រើអ្នកទាំងហ្នឹង ដើម្បីយកលុយទៅចាយធ្វើនេះធ្វើនោះ។ ខ្ញុំចេះតែស្វែងយល់ម៉េចអង្គការហ្នឹងគាត់អត់ពាក់ព័ន្ធផងហេតុអ្វីទៅនាំគាត់មកដើម្បីប្រកាសបែបហ្នឹង ...គាត់បានលុយមកគាត់យកទៅចែកឲ្យពួកហ្នឹង ហើយគាត់យកពួកហ្នឹងមកដើម្បីគាំទ្រគាត់ឲ្យវាខ្លាំង ដើម្បីឲ្យយើងទាត់ចោលច្បាប់អង្គការសង្គមស៊ីវិលហ្នឹង»។
ពាក់ព័ន្ធនឹងការលើកឡើងរបស់អង្គការសង្គមស៊ីវិលដែលទាមទារឲ្យរាជរដ្ឋាភិបាលប្រើប្រាស់ច្បាប់ក្រមរដ្ឋប្បវេណីយកមកអនុវត្តជាជាងប្រើប្រាស់ ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះលោក ស ខេង បញ្ជាក់ថា៖ «ច្បាប់ក្រមរដ្ឋប្បវេណីបាននិយាយហើយ ប៉ុន្តែយើងយកមកមើលនិយាយតែ ១ ឃ្លាហ្នឹងយកមកធ្វើអីកើត ហើយថាតើប្រទេសណាដែលអត់មានច្បាប់ហ្នឹង វាអត់មានសូមឲ្យបង្ហាញមក តែវាអត់មាន។ បញ្ហាឥឡូវថាស្អីខ្លះ ដែលពួកគាត់ស្នើឡើងដើម្បីសិក្សាធ្វើវិសោធនកម្ម យើងមិនត្រូវតក់ក្រហល់ទេ ពីព្រោះច្បាប់នេះខ្ញុំអ្នកចាប់ផ្តើមរៀបចំធ្វើក្នុងឆ្នាំ ១៩៩៥»។
លោកអះអាងថា ប្រទេសកម្ពុជាគឺជាឋានសួគ៌របស់អង្គការសង្គមស៊ីវិល ហើយលោកក៏បានជំរុញឲ្យអង្គការសង្គមស៊ីវិល និងក្រុមការងារអន្តរក្រសួងដែលទទួលបន្ទុកធ្វើការកែសម្រួលច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលឲ្យមានភាពអត់ធ្មត់ និងបន្តជជែក ពិភាក្សាគ្នាបន្តទៀតដើម្បីធ្វើការកែសម្រួលច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បើទោះបីជាត្រូវចំណាយពេលយូរបន្តិចក្តី។
លោកបញ្ជាក់ថា៖ «ការជជែកគ្នាមិនត្រូវគឺដោយសារតែពួកគាត់តែម្តងនិយាយឲ្យច្បាស់គឺពួកគាត់ហ្នឹងហើយ។ អានេះអ៊ីចេះ អានោះអ៊ីចុះ ហើយយើងក៏អនុលោមទៅតាមហ្នឹងហើយមិនដឹងថាត្រូវធ្វើម៉េចទៀតឥឡូវហ្នឹង? ប៉ុន្តែទោះបីជាយ៉ាងណារដ្ឋាភិបាលនៅតែតាំងខ្លួនជាដៃគូជាមួយអង្គការសង្គមស៊ីវិល គឺបន្តធ្វើទៀតដែលមាន ៥០០០ អង្គការជាងហើយមាននិន្នាការចម្រុះក្នុងហ្នឹង ដែលចូលរួមធ្វើការងារលើវិស័យជាច្រើនដូចជាវិស័យសិទ្ធិមនុស្ស អភិវឌ្ឍ សេដ្ឋកិច្ចសង្គមហើយយើងមិនបែងចែកទេ»។
នាយករងនៃអង្គការលីកាដូលោក អំ សំអាត ថ្លែងថាអង្គការសមាគមមានការលំបាកក្នុងការចុះបញ្ជី ពីព្រោះតែលក្ខខណ្ឌនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបានរឹតត្បិត និងបានធ្វើឲ្យប៉ះពាល់ដល់សិទិ្ធ សមាគម និងសហគមន៍មូលដ្ឋានក្នុងការចុះបញ្ជី និងធ្វើសកម្មភាព។
លោកបញ្ជាក់ថា៖ «សមាគមមូលដ្ឋានហ្នឹងដោយសារកន្លងមកគាត់លំបាក និងជួបប្រទះគឺរឿងហ្នឹងគឺដូចជាសមាគម ឬសហគមន៍ដីធ្លី ពេលដែលគាត់ធ្វើការការពារផលប្រយោជន៍ដីធ្លីរបស់គាត់មិនបានចុះបញ្ជីហើយពេលធ្វើទៅ យកច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទៅសង្កត់គាត់ថា មិនបានចុះបញ្ជី មិនអាចធ្វើសកម្មភាពបាន ហើយបានរារាំងនិងហាមឃាត់គាត់ កន្លែងហ្នឹងដែលអង្គការមិនមែនរដ្ឋាភិបាលតវ៉ាច្បាប់ហ្នឹង»។ លោក អំ សំអាត បញ្ជាក់ថា អង្គការសង្គមស៊ីវិលមិនបានបិទបាំងរបាយការណ៍នោះទេ គឺតែងតែដាក់ជូនទៅក្រសួងមហាផ្ទៃ។
កន្លងទៅថ្មីៗនេះលោក ស ខេង ឲ្យដឹងថាគិតត្រឹមឆ្នាំ ២០១៩ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកបានតម្កល់សំណុំឯកសារ និងចុះបញ្ជីនៅក្រសួងមហាផ្ទៃចំនួន ៥៥៦៤ ដែលក្នុងនោះមានសមាគម ២២៤៨ និងអង្គការមិនមែនរដ្ឋាភិបាល ៣៣១។ បន្ទាប់ពីច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានដាក់ឲ្យប្រើកាលពីអំឡុងឆ្នាំ ២០១៥ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកសរុប ៩៦៦ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមច្បាប់ក្នុងនោះមានសមាគមចំនួន ៤៧១ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៤៩៕