ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានរិះគន់សមាជិកក្រុមប្រឹក្សាខេត្ត ១ រូប ពាក់ព័ន្ធនឹងការកាត់ដីទំហំ ១ ពាន់ហិកតា ទៅឲ្យបុគ្គលម្នាក់កាលពីពេលថ្មីៗនេះដែលធ្វើឲ្យប៉ះពាល់ជាមួយពលរដ្ឋ ខណៈដែលរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ដ្រីផ្សេង មិនទាំងមានសិទ្ធិធ្វើដូចនេះផងនោះ។
ការរិះគន់របស់លោក ស ខេង បែបនេះបានធ្វើឡើងនៅក្នុងពិធីបើកសន្និបាត ត្រួតពិនិត្យការងារឆ្នាំ ២០១៩ និងលើកទិសដៅឆ្នាំ ២០២០ របស់ក្រសួងមហាផ្ទៃកាលពីថ្ងៃ ១៩ ខែកុម្ភៈ ដោយមានការចូលរួមពីមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធប្រមាណ ៧០០ នាក់។ ប៉ុន្តែលោកមិនបានបញ្ចេញឈ្មោះអ្នកដែលបានប្រព្រឹត្តនោះទេ។
លោក ស ខេង បានថ្លែងថា៖ «ថ្ងៃមួយនោះខ្ញុំឃើញមានក្រុមប្រឹក្សាមួយនោះ ខ្ញុំមិនបញ្ចេញឈ្មោះទេ គាត់ទៅកាត់ដីមួយដុំ ១ ពាន់ហិកតា ហើយសួរថា តើសិទ្ធិរបស់គាត់ឬអត់? គាត់គ្មានសិទ្ធិទេ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃក៏គ្មានសិទ្ធិដែរ ហើយជឿថា រដ្ឋមន្ដ្រីផ្សេងទៀតក៏គ្មានសិទ្ធិដែរ។ ចៅហ្វាយខេត្តអត់ទាំងដឹងទៀត ហើយចៅហ្វាយខេត្ត ក៏គ្មានសិទ្ធិបែបនោះទៅទៀត។ តែគាត់ជាក្រុមប្រឹក្សាមួយគាត់មានសិទ្ធិ ដើម្បីបង្ខាំងដី ១ កន្លែងជាង ១ ០០០ ហិកតា ដើម្បីយកដីហ្នឹងទៅអភិវឌ្ឍស្អីអ៊ីចឹង។ ដល់អ៊ីចឹងទៅប៉ះជាមួយប្រជាជននៅកន្លែងណុងស្រាប់»។
លោកបន្ថែមថា៖ «ឥឡូវមិនទាន់ដឹងថា ដោះស្រាយចេញហើយឬទេ ឯកឧត្តម អ៊ំ រាត្រី។ ក្រុមក្រសួងគេទៅវាស់វែង។ ខ្ញុំថាហើយថា ឲ្យខេត្តធ្វើមិនបានទេ ទាល់តែក្រសួងទៅធ្វើបោះព្រំវាស់វែងតែម្តង។ (ក្រសួង) ធ្វើអ៊ីចឹងត្រូវហើយ។ ប៉ុន្តែធំបំផុត យោបល់ខ្ញុំលុបលិខិតរបស់ក្រុមប្រឹក្សាហ្នឹងទៅចប់ហើយ បើមិនដូច្នេះទេ ដើរតែបង្កើតហើយក្រុមប្រឹក្សាណាមួយដើរបង្ខាំងដីអ៊ីចឹងទៀត វាខុស វានឹងអន្តរធាន»។
លោក អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
រីឯលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យបានថ្លែងថា លោកមិនអាចអត្ថាធិប្បាយបានទេដោយត្រូវសិក្សាពីបញ្ហានេះឲ្យបានច្បាស់សិន។
ទោះបីជាយ៉ាងណាលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យបានថ្លែងកាលពីម្សិលមិញថា ដីចំនួន ១ ពាន់ហិកតានោះ ស្ថិតនៅតំបន់តាបែន ២ ឃុំស្លក្រាម ស្រុកស្វាយចេក ជាប់ព្រំប្រទល់ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកថា អាជ្ញាធរខេត្តបន្ទាយមានជ័យមន្ត្រីជំនាញពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះទៅកំណត់ព្រំដីរបស់រដ្ឋនៅទីនោះហើយកាលពីថ្ងៃ ១៨ កុម្ភៈ។
បើតាមលោក វណ្ណាសេដ្ឋ ដីតំបន់នេះធ្លាប់មានជនខិលខូចមកបោះបង្គោលរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងមានពលរដ្ឋចំនួន ១ ៥០០ គ្រួសារ ក៏បានមកចាប់យកដីនេះដែរ។ ប៉ុន្ដែត្រូវក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញលិខិតឲ្យចាកចេញពីដីនេះវិញដោយក្រុមការងារអន្តរក្រសួងបានបង្កើតគណៈកម្មការចុះត្រួតពិនិត្យ និងបោះបង្គោលរក្សាដីរដ្ឋឡើងវិញ ប៉ុន្ដែពេលនេះមន្ត្រីបានវាស់វែងរួចរាល់ហើយ តែមិនទាន់បោះបង្គោលទេ។
លោកបញ្ជាក់ថា៖ «យើងអត់ទាន់បានបោះបង្គោលទេតែយើងចុះវាស់វែងរួចរាល់ពីថ្ងៃទី ១៨ ខែកុម្ភៈ ហើយដោយយើងត្រៀមបង្គោលធំៗប្រហែលជាង ១០០ បង្គោល និងបង្គោលតូចៗមានច្រើនទៀត។ កន្លងមកមានការរំលោភបំពានយកដីហ្នឹងមានទាំងពលរដ្ឋ និងមានទាំងមន្ត្រីជាន់ខ្ពស់ខេត្តខ្លះនៅពីក្រោយការយកដីហ្នឹង។ ហ្នឹងមន្ត្រីពាក់ព័ន្ធដីហ្នឹងគឺមានឋានៈខ្ពស់ៗដូចសម្ដេចក្រឡាហោមមានប្រសាសន៍អ៊ីចឹងដែរ»។
លោក លឿង សុភ័ក្ត្រ អភិបាលស្រុកស្វាយចេកបានថ្លែងថា លោកមិនបានចូលរួមក្នុងប្រតិបត្តិការវាស់វែងកំណត់ព្រំដីនេះទេ ប៉ុន្តែក្រុមមន្ត្រីជំនាញពីសាលាខេត្តបន្ទាយមានជ័យ និងអន្តរក្រសួងជាអ្នកចាត់ចែងលើករណីនេះ។ «ខ្ញុំអត់ដឹងរឿងនេះទេ ព្រោះខ្ញុំអត់បានចូលរួមវាស់វែងដីហ្នឹងខាងមន្ត្រីខេត្ត និងអន្តរក្រសួងជាអ្នកធ្វើ»។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានថ្លែងថា ករណីនេះលោកបានចុះទៅជាមួយអន្តរក្រសួង ដើម្បីពិនិត្យលើខ្លឹមសារ និងស្ថានភាពជាក់ស្ដែង។ បន្ទាប់មកតម្រូវឲ្យរដ្ឋបាលព្រៃឈើកំណត់ព្រំដីរបស់រដ្ឋឲ្យបានច្បាស់លាស់។
លោកបានបញ្ជាក់ថា៖ «ខ្ញុំអត់អាចបញ្ជាក់ថា នរណាខ្លះពាក់ព័ន្ធនឹងរឿងដីរដ្ឋនេះទេ ព្រោះបញ្ហានេះកំពុងស្មុគស្មាញខ្លាំងណាស់។ ខ្ញុំសូមបញ្ជាក់តិចថា រដ្ឋហ្នឹងយើងបានកាត់ឆ្វៀលជូនទៅប្រជាពលរដ្ឋមួយចំនួន និងនៅសល់ដីមួយចំនួនទៀត ហើយនៅឆ្នាំ ២០១៩ ដីដែលសល់នេះត្រូវបានគេរំលោភយក»៕