ព្រៃវែងៈ លោក ស ខេង បាន​រៀបរាប់​លម្អិត​អំពី​អ្វី​ដែល​លោក​បាន​បើក​កិច្ចប្រជុំ​ដើម្បី​យក​លោក កឹម សុខា ពី​ការឃុំ​ខ្លួន​នៅក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ មក​ឃុំ​ខ្លួន​នៅក្នុង​ផ្ទះ​របស់​លោក​នៅក្នុង​ខណ្ឌ​ទួលគោក ខណៈ​ដែល​សហគមន៍​អន្តរជាតិ និង​អ្នកវិភាគ​បាន​ទទូច​ឲ្យ​មានការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ទាំង​ស្រុង​ទៅលើ​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូបនេះ​។

អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ស ខេង ដែលជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​សកម្មភាព​ការងារ និង​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាលពី​ខែ​កក្កដា​ដែល​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ នៅ​ទីស្នាក់ការ​បក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្ត​ព្រៃវែង​ដោយ​លោក​បាន​រៀបរាប់​ពី​ដំណើរការ​យក​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មក​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​របស់​លោក​ក្នុង​ក្រុង​ភ្នំពេញ​។

លោក ស ខេង ថ្លែង​ថា​៖ «​អ៊ីចឹង កឹម សុខា ឥឡូវ​នេះ​យើង​យក​មក​ទុក​នៅ​ផ្ទះ​។ ច្បាប់​យើង​អត់​មាន​ច្បាប់​ព្រហ្មទណ្ឌ​ហ្នឹង​ណា អត់​អនុញ្ញាត​ឲ្យ​ឃុំ​ខ្លួន​នៅផ្ទះ​ទេ អត់​មាន​ទេ​។ គេ​ថា ឃុំ​ខ្លួន​នៅក្នុង​ដែនដី​ណា​មួយ​ជា​កំណត់​។ អ៊ីចឹង​ធ្វើ​ម៉េច​ឥឡូវ​? ចន្លោះ​ដែល​អ្នក​សរសេរ​ច្បាប់​ព្រហ្មទណ្ឌ​អត់​មាន​ឃុំ​ខ្លួន​នៅ​ផ្ទះ​។ ដល់​អ៊ីចឹង​រក​វិធី​។ ខ្ញុំ​ថា ឥឡូវ​ព្រាង​ឲ្យ​ហើយ​ទៅ​ឲ្យ​ផាន​យក​ទៅ​ (​ប៉ាវ ហមផាន​)​។ ព្រាង​ឲ្យ​ហើយ កាន់​ពី​ហ្នឹង​ទៅ​ ទៅ​ដល់​ចរចា​ជាមួយ​នឹង​ កឹម សុខា ខ្លួនឯង ព្រោះ​ ផាន ហ្នឹង​ទៅ​យក​មក​។ និយាយ​​គ្នា​ម៉ោង ៣ (​ថ្ងៃ ៩ កញ្ញា​) ​ប៉ុន្តែ​ថា ធ្វើ​ម៉េច​ម៉ោង ៥ ភ្លឺ​យ៉ាង​យូរ​ត្រូវ​យក​មនុស្ស​ហ្នឹង​មក​ឲ្យ​ដល់​ភ្នំពេញ​ប្រកប​ដោយ​សុវត្ថិភាព ហើយ​ទម្រាំ​ជជែក​គ្នា​ហើយ ប្រហែល​ម៉ោង ៦ ហើយ​បាន​ចែក​ផ្លូវ​គ្នា​ធ្វើការ​»​។

លោក​បន្ត​ថា​៖ «​ឥឡូវ​យើង​ពិបាក​ការពារ​ណា​។ បើ​កម្លាំង​យើង ដាក់​នៅ​ផ្ទះ​អត់​កើត​ទេ ពីព្រោះ​ឃុំ​ខ្លួន​នៅផ្ទះ​វា​អត់​មាន​ច្បាប់ តែ​យើង​ដាក់​ (​គឺ​) ​ខុស​ច្បាប់​។ ​អ៊ីចឹង​វា​មាន​តែ​គូសរង្វង់​ផ្លូវ​ហ្នឹង ផ្ទះ​ កឹម សុខា នៅ​ត្រង់​ហ្នឹង​អ៊ីចឹង​ទៅ​អា​រង្វង់​ផ្លូវ​ខាង​ជើង​ខាងត្បូង​ខាងលិច​ខាងកើត ប៉ុន្មានៗ​អ៊ីចឹង​ទៅ យើង​ការពារ​ហ្នឹង​ដល់​អ៊ីចឹង​វា​នៅ​បរិវេណ​ក្នុង​រង្វង់​ហ្នឹង​វា​ទូលាយ​ពេក​។ ដល់​អ៊ីចឹង​យើង​រក​វិធី​មួយ​ថា ឥឡូវ​អី​ចេះ​ព្រាង​សំបុត្រ​មួយ​ឲ្យ​ហើយ ដើម្បី​ធានា​សន្តិសុខ​។ រដ្ឋាភិបាល​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​សន្តិសុខ​រដ្ឋាភិបាល​គ្មាន​ហេតុផល​ណា​ធ្វើបាប ចង់​និយាយ​ថា ទៅ​សម្លាប់ កឹម សុខា ទេ​»​។

លោក ស ខេង បាន​រៀបរាប់​ពី​ដំណើរការ​នៃ​ការសម្រេចចិត្ត​យក​លោក កឹម សុខា មក​ឃុំ​នៅ​ក្នុង​ផ្ទះ​ដោយ​លោក​ថ្លែង​ថា​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ មួយ​ថ្ងៃ​មុន​ពេល​នាំខ្លួន​លោក​​ កឹម សុខា ពី​ពន្ធនាគារ​ត្រពាំងផ្លុង​យក​មក​ឃុំ​នៅក្នុង​ផ្ទះ ដោយ​មាន​ការពិភាក្សា​គ្នា​ពី​ម៉ោង ៣ រហូត​ដល់​ម៉ោង​ ៦ ​ល្ងាច​ថ្ងៃទី ៩ ​ខែ​កញ្ញា និង​សម្រេច​ថា​ធ្វើ​យ៉ាង​ណា​យក​លោក កឹម សុខា មក​ដល់​ផ្ទះ​របស់​លោក​យ៉ាងយូរ​ម៉ោង ៥ ​ព្រឹក​ថ្ងៃ​ទី​ ១០​។ សូម្បីតែ​សំបុត្រ​របស់​លោក កឹម សុខា ដែល​ស្នើសុំ​ការការពារ​សន្តិសុខ​ក៏​លោក ស ខេង បាន​ទម្លាយ​ឲ្យ​ដឹង​ដែរ គឺថា​ជា​ការ​រៀបចំ​ឡើង​ដោយ​លោក​ ប៉ាវ ហមផាន ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​។

លោក ស ខេង បាន​រៀបរាប់​ថា​៖ «​ដល់​ហើយ​សរសេរ​ថា​ដោយសារ​បញ្ហា​សន្តិសុខ អ៊ីចឹង​ទៅ​ខ្ញុំ​សុំ​ស្នើ​អគ្គស្នងការ​នគរបាល​ជាតិ​ជួយ​រៀបចំ​ការពារ​សន្តិសុខ សុវត្ថិភាព​សម្រាប់​ខ្ញុំ ហើយ​ ផាន គេ​យក​ទៅ​ចរចា​។ ដល់​ចរចា​ទៅ​ក៏​ឯកភាព​។ ឯកភាព​ប៉ុន្តែ​យើង​អត់​យក​អា​ក្រដាស​វាយ​ពុម្ពអក្សរ​ទៅ​ហើយ អូស​ពី​កុំព្យូទ័រ​ទៅ​ទេ គឺ​ឲ្យ​សរសេរ​ដៃ​។ ដំបូង​ដាក់​ថា​ការពារ​គេហដ្ឋាន ហើយ​ដល់​បងប្អូន​រាយការណ៍​មក​ថា ឥឡូវ​សុំ​លុប​ពាក្យ​គេហដ្ឋាន​ហ្នឹង ខ្ញុំ​ថា​ក៏​បាន​ដែរ ឲ្យ​តែ​ការពារ​សន្តិសុខ​ក៏​បាន​ដែរ​។ សន្តិសុខ​មិនមែន​ទៅ​ការពារ​ ២ ​គីឡូ​ទេ ការពារ​សន្តិសុខ​វា​នៅ​ជាប់​ហ្នឹង​បាន​ការពារ​បាន​។ អ៊ីចឹង​លុប​អាពាក្យ​ហ្នឹង​ដល់​លុប​ពាក្យ​ហ្នឹង​យើង មិនមែន​ថា​ដាក់​ផ្ទះ​មិន​បាន​ដើម្បី​ការពារ​សន្តិសុខ ដាក់​នៅ​នឹង​ផ្ទះ​នោះ​ហើយ​។ មាន​អី​គាត់​អត់​ចោទ​យើង​កើត​ទេ ពីព្រោះ​គាត់​អ្នក​សុំ​កម្លាំង​ការពារ​។ ព្រោះ​ច្បាប់​យើង​អ៊ីចឹង ច្បាប់​យើង​អត់​ឲ្យ​មាន​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ផង​»​។

លោក កឹម សុខា ឱប​ម្តាយ​របស់​លោក​នៅ​ផ្ទះ​ក្នុង​ខណ្ឌ​ទួលគោក​។ រូបថត ហ្វេសប៊ុក

លោក ស ខេង ​ក៏​បញ្ជាក់​ថា​ការការពារ​សន្តិសុខ​សម្រាប់​លោក​ សុខា ក៏​ជា​រឿង​ជាក់ស្ដែង​ដែល​ត្រូវ​ធ្វើ​ហើយ​លោក​ក៏​បាន​ធ្វើការ​វាយប្រហារ​ទៅ​លើ​លោក សម រង្ស៊ី ដែល​កំពុង​នៅ​ក្រៅ​ប្រទេស​។

លោក​និយាយ​ថា​ បញ្ហា​ផ្ទៃក្នុង​របស់​គណបក្ស​សង្គ្រោះជាតិ​គឺ​ការបែកបាក់​គ្នា​រវាង​លោក សម រង្ស៊ី នឹង​ក្រុម​របស់​លោក កឹម សុខា​។ លោក​ថា​លោក សម រង្ស៊ី ចង់​ធ្វើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ ហើយ​មិន​ចង់​ឲ្យ​លោក កឹម សុខា ចេញ​ពី​ពន្ធនាគារ​ទេ ខណៈ​ពេល​ដែល​លោក កឹម សុខា ក៏​មិន​ចង់​ឲ្យ​លោក សម រង្ស៊ី វិល​ត្រឡប់​ចូល​មក​ស្រុក​វិញ​ដែរ​។

លោក​បាន​ហៅ​លោក សម រង្ស៊ី ថា ជា​មនុស្ស​កំសាក មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​ដែល​ខ្លួន​បាន​ធ្វើ​ដោយ​ថ្លែង​ថា​៖ «​មែនទែន សម រង្ស៊ី ជា​មនុស្ស​កំសាក​បំផុត កំសាក​គ្មាន​លក្ខណៈ​។ តែ​ខ្ញុំ​និយាយ​អ៊ីចឹង​មិនមែន​ថា វាយប្រហារ​បុគ្គល​ទេ ប៉ុន្តែ​ធម្មតា​យើង​ត្រូវ​មើល​ឃើញ​ដែរ​ថា ជា​មនុស្ស​កំសាក កំសាក​ណាស់​។ ថា​តែ​មិន​ទទួល​ខុស-ត្រូវ ធ្វើ​តែ​មិន​ទទួល​ខុសត្រូវ​។ ចង់​និយាយ​ថា​ម៉េច​? គាត់​វាយប្រហារ​និយាយ​បរិហារកេរ្តិ៍ ឬ​មួយ​ក៏​ធ្វើ​សកម្មភាព​ផ្សេងៗ​ដោយ​ខុស​ច្បាប់​ដល់​ពេល​គេ​ចោទប្រកាន់​ហ្នឹង​គឺ​ថា​ប្រូច​...​នេះ​ហើយ​ដែល​កំសាក ហើយ​ចាប់ផ្តើម​ទៅ​ដល់ អត់​មានអី​ទេ ស្រែក​ចំកោង​ពី​ក្រៅ​ហ្នឹង​មក ស្រែកជេរ​ពី​ក្រៅ​មក​»​។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ការរៀបរាប់​របស់​លោក ស ខេង គឺ​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​ឈាន​ដល់​ការសម្រេច​ផ្ទេរ​លោក កឹម សុខា ពី​ពន្ធនាគារ ម​ ៣ មក​ឃុំ​ខ្លួន​នៅក្នុង​ផ្ទះ​នោះ​ទេ ខណៈ​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សាលដីកា​របស់​តុលាការ​បាន​បញ្ជាក់​ថា​ការដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ក្រោម​លក្ខខណ្ឌ​តឹងរ៉ឹង​នេះ​គឺ​ដោយ​ផ្អែក​លើ​ហេតុផល​សុខភាព​ដែល​លោក សុខា និង​ក្រុម​មេធាវី​របស់​លោក​បាន​ស្នើ​ជាច្រើន​លើក​មក​ហើយ​។

លោក ខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​លើ​បញ្ហា​នេះ​បាន​ទេ​កាលពី​​ម្សិលមិញ ដោយ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន​។

ទោះ​យ៉ាងណា​លោក ស ខេង បាន​បញ្ជាក់​យ៉ាងច្បាស់​ថា ករណី​លោក កឹម សុខា នឹង​ត្រូវ​បញ្ចប់​តាម​នីតិវិធី​របស់​តុលាការ ដើម្បី​បញ្ចៀស​ការចោទប្រកាន់​មក​លើ​រដ្ឋាភិបាល​។ «​ប៉ុន្តែ​សម្រាប់ កឹម សុខា នេះ​យើង​ត្រូវ​តែ​ដំណើរការ​តាម​នីតិវិធី​តុលាការ​ឲ្យ​ចប់​។ ពីព្រោះ​បើ​យើង​មិន​ធ្វើ​តាម​នីតិវិធី​តុលាការ​ទេ រដ្ឋាភិបាល​ជា​អ្នក​ខុស​ការចោទប្រកាន់​គេ​គឺ​មិន​ត្រឹមត្រូវ នេះ​ហើយ​ជា​បញ្ហា​ដែល​យើង​ត្រូវ​ដឹង​ទាំងអស់​គ្នា​ថា​អ៊ីចឹង​។ ទោះបី​យ៉ាង​ណា​ក៏ដោយ​ត្រូវ​មាន​ទីបញ្ចប់​បញ្ហា​»​។

ជាមួយ​គ្នា​នេះ​លោក ស ខេង ថ្លែង​ដែរ​ថា​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក​គឺ​លោក Patrick Murphy ដែល​នឹង​មក​ជំនួស​លោក William A. Heidt ធ្លាប់​បាន​ជួប​ជាមួយ​លោក​ហើយ​និយាយ​ថា​៖ «​កាត់ទោស​យ៉ាង​ម៉េច​កាត់​ទោស​ទៅ​តែ​សុំ​កុំ​ឲ្យ​មាន​ឈ្មោះ​អាមេរិកាំង ហើយ​ខ្ញុំ​បាន​ប្រាប់​គាត់​វិញ​ថា រឿង​ឈ្មោះ​អាមេរិកាំង​ហ្នឹង កឹម សុខា ទេ​គាត់​បាន​និយាយ​មិនមែន​យើង​ខ្ញុំ​អ្នក​និយាយ​ឯណា​? គាត់​ក៏​បាត់​មាត់​ទៅ​»​។

លោក សម រង្ស៊ី ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​បាន​ថ្លែង​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​តាម​សារ​អេឡិចត្រូនិក​កាលពី​ម្សិលមិញ​ថា​ការលើកឡើង​របស់​លោក ស ខេង ដែល​ថា​អតីត​គណបក្ស​សង្គ្រោះជាតិ​មាន​ការ​បែកបាក់​ផ្ទៃក្នុង​គឺ​គ្រាន់តែ​ជា​ការ​ប្រឌិត​ប៉ុណ្ណោះ​។

លោក​ថ្លែង​ថា​៖ «​នេះ​ជា​រឿង​ប្រឌិត​សុទ្ធសាធ​។ នេះ​ជា​ការ​ចង់​បាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក កឹម សុខា ហើយ​និង​ខ្ញុំ បើ​ទោះបី​ជា​លោក​ត្រូវ​បាន​ចាប់​ជា​ចំណាប់ខ្មាំង​ដោយ​លោក ហ៊ុន សែន ក៏ដោយ ក៏​ពួកយើង​នឹង​ប្រយុទ្ធ​ទាំងអស់​គ្នា​ប្រឆាំង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ពីព្រោះ​យើង​ដឹង​ថា​សាមគ្គីភាព​របស់​យើង​ធានា​បាន​នូវ​ជ័យជម្នះ​»​។

ការលើកឡើង​របស់​លោក ស ខេង ត្រូវ​បាន​លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​យល់​ថា​ជា​ការ​បង្ហាញ​ពី​ភាព​មិន​ឯករាជ្យ​របស់​តុលាការ​។ លោក​បាន​រំឭក​នូវ​អនុសាសន៍​របស់​លោក Surya Subedi អតីត​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​ដែល​បាន​ថ្លែង​កាលពី​ឆ្នាំ ២០១៤ ​ថា​ «​តុលាការ​ត្រូវ​បាន​ប្រើ​ម្ដង​ហើយ​ម្ដង​ទៀត ជា​ឧបករណ៍​របស់​ស្ថាប័ន​នីតិប្រតិបត្តិ​»​។

ពាក់ព័ន្ធ​នឹង​ករណី​លោក កឹម សុខា លោក ឡៅ ម៉ុងហៃ ថ្លែង​ថា​មាន​ភាព​ខុសគ្នា​ពី​ការដោះលែង​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែល​ត្រូវ​គេ​ចោទប្រកាន់​ថា​មាន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។ «​លោក ញឹក ប៊ុនឆៃ បាន​ទទួល​ជីវិត​ជា​ជន​មាន​សេរីភាព​។ លោក កឹម សុខា ក៏​គួរ​តែ​ទទួល​បាន​ការ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដូចគ្នា​ដែរ​»​។

ចំពោះ​ការឃុំ​ឃាំង​ក្នុង​ផ្ទះ​វិញ លោក ម៉ុងហៃ ថ្លែង​ថា​ទោះបី​ជា​មិន​មាន​ច្បាប់​ក៏ដោយ ក៏​ការ​ឃុំឃាំង​បែប​នេះ​គួរ​ធ្វើ​ឡើង​ក្រោយ​ពេល​កាត់ទោស ហើយ​រកឃើញ​ថា​មាន​កំហុស​គឺ​ដូច​ករណី​លោកស្រី អ៊ុងសាន ស៊ូជី នៃ​ប្រទេស​មីយ៉ាន់ម៉ា​។

ករណី​លោក កឹម សុខា ដែរ លោក​មេធាវី ផែង ហេង បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​នឹង​មិនមាន​សវនាការ​នៅ​សាលាឧទ្ធរណ៍​ក្នុង​បណ្ដឹង​ជំទាស់​នឹង​ការពន្យារ​ការឃុំ​ខ្លួន​លោក សុខា ទេ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ដោយសារ​ក្រុម​មេធាវី​បាន​ដក​ពាក្យ​បណ្ដឹង​វិញ​រួច​ហើយ​៕