ប៉ៃលិនៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​រំឭក​អាជ្ញាធរ​នៅ​ខេត្ត​ជាប់​ព្រំដែនកម្ពុជា-ថៃ ឱ្យ​ពង្រឹង​គោលការណ៍​ណែនាំ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ដាក់ចេញ​ពាក់ព័ន្ធ​នឹង​វិធានការ​ទប់ស្កាត់​កូវីដ​ ១៩ បន្ទាប់ពី​មាន​ការផ្ទុះឡើង​ជំងឺ​នេះ​នៅ​ខេត្ត​សាមុតសាខន​ប្រទេស​ថៃ​។ ប៉ុន្តែ​សភាពការណ៍​ពលករ​ខ្មែរ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​មិនទាន់​មាន​អ្វី​គួរឱ្យ​កត់សម្គាល់​ទេ​កាលពី​ម្សិលមិញ​។

លោក ស ខេង បាន​ថ្លែង​ក្នុង​ពេល​លោក​ធ្វើជា​អធិបតីភាព​នៃ​ការចូល​កាន់តំណែង​អភិបាលខេត្ត​ប៉ៃលិន​នៅ​ថ្ងៃទី​ ២១ ធ្នូ ថា ខេត្ត​ទាំង​ ៧ ​ដែល​ជាប់​ព្រំដែន​ថៃ​រួមមាន​ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និង កោះកុង ត្រូវអនុវត្ត​តាម​គោលការណ៍​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​បាន​ខ្ជាប់ខ្ជួន​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវីដ​ ១៩​។

លោក​បញ្ជាក់ថា កាលពី​មុន​វិធានការ​សម្រាប់​ពលករ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ​ មានតែ​ការពិនិត្យ​កម្ដៅ​រួច​អនុញ្ញាត​ឱ្យ​បន្តដំណើរ​ទៅ​មូលដ្ឋាន​របស់​ពួកគេ លើកលែង​តែ​អ្នក​ដែល​មាន​អាការ​គួរឱ្យ​សង្ស័យ​ប៉ុណ្ណោះ​ដែល​ត្រូវ​តាមដាន​ពិនិត្យ និង​ព្យាបាល​មុន​នឹង​អនុញ្ញាត​ឱ្យ​បន្តដំណើរ​។ ប៉ុន្តែ​លើក​នេះ ពលករ​ត្រឡប់​មកពី​ថៃ​ទាំងអស់​ត្រូវ​តែ​ធ្វើ​ចត្តាឡីស័ក​រយៈពេល​ ១៤ ​ថ្ងៃ​។

លោក ស ខេង មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ «​ប៉ុន្តែ​ឥឡូវនេះ​បញ្ហា​គឺ​ដំបូង​យើង​ខិតខំ​ធ្វើ​ម៉េច​...​ខិតខំ​យ៉ាងម៉េច​ធ្វើ​ចត្តាឡីស័ក​នៅ​ព្រំដែន​នេះ​។ បើ​ធ្វើបាន​អាហ្នឹង​គឺ​ល្អ​បំផុត​ដោយសារ​កុំឱ្យ​អ្នកជំងឺ​នាំចូល ឧបមា​ថា​វា​ឆ្លងតាម​ពលករ​យើង​នេះ​នៅ​ព្រៃវែង ស្វាយរៀង កំពង់ចាម តាកែវ​អីអ៊ីចឹង​។ បើ​យើង​ទប់​នៅ​កន្លែង​នេះ វា​នៅ​តែមួយ​កង្វល់​ហ្នឹង​ទេ ឬ​នៅ​បាត់ដំបង​ ឬ​បន្ទាយមានជ័យ​»​។

លោក​បន្តថា​៖ «​ប៉ុន្តែ​ក្នុង​ករណី​ដែល​ខេត្ត​មានមក ១០ ​ម៉ឺន​, ២០ ​ម៉ឺន ដោយសារ​ផ្ទុះ​នៅ​ទីនោះ គាត់​ខ្លាច គាត់​រត់​មក អាហ្នឹង​យើង​បាន​ត្រៀម​ហើយ​។ សម្ដេចនាយក​លោក​បាន​បញ្ជា​ហើយ​មាន​ឡាន​សម្រាប់​ដឹក មិន​ឱ្យ​គាត់​ជិះ​តាក់ស៊ី​ជិះ​អីរាយប៉ាយ​ទៅ​នាំឱ្យ​ឆ្លង​ប៉ះ​អ្នកដទៃ​ទេ​»​។

លោក ហ៊ុន សែន កាលពី​រសៀល​ថ្ងៃអាទិត្យ​បានឱ្យ​អាជ្ញាធរ​ខេត្ត​តាម​ព្រំដែន​បង្រួម​ការឆ្លងកាត់​ព្រំដែន​អន្តរជាតិ​ជាមួយ​ប្រទេស​ថៃ​មក​នៅ​ត្រឹម​ ៣ ​ប៉ុណ្ណោះ ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​ដំណើរ​វិលត្រឡប់​ចូលមក​កម្ពុជា​នៃ​ពលករ​កម្ពុជា​​ពី​ប្រទេស​ថៃ​។

លោក​បាន​បញ្ជា​ឱ្យធ្វើ​ចត្តាឡីស័ក​ដល់​អ្នកដំណើរ​ទាំងអស់ និង​បាន​បន្ថែម​ថវិកា​សម្រាប់​ការធ្វើ​កិច្ចការ​នេះ​។

យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍​គិត​ត្រឹម​រសៀល​ថ្ងៃទី​ ២១ ខែ​ធ្នូ មាន​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ​ជាង​ ៨០០ ​ករណី​ នៅ​ផ្សារ​លក់ដុំ​បង្គា​នៅ​ក្នុង​ខេត្ត​សាមុតសាខន នៃ​ប្រទេស​ថៃ​។

លោក កែវ វណ្ណថន អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ចន្ទ​ថា សភាពការណ៍​ពលករ​ខ្មែរ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ មិនមាន​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ទេ​កាលពី​ម្សិលមិញ​គឺ​មាន​សភាព​ដូច​ធម្មតា​។

ទោះយ៉ាងណា​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក៏បាន​ធ្វើការ​ណែនាំ​ដល់​នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ទាំងអស់ ជាពិសេស​ច្រកទ្វារ​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​។

អគ្គនាយកដ្ឋាន​នេះ​បាន​ណែនាំ​ឱ្យ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ-ព្រំដែន រួមសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​ក្រសួង​សុខាភិបាល​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ដំណើរ​ចូល​របស់​ភ្ញៀវ​បរទេស និង​ពលរដ្ឋ​ខ្មែរ​ដែល​ចូល​មកពី​ប្រទេស​ថៃ​ឱ្យ​បាន​ហ្មត់ចត់​ដោយ​តម្រូវ​ឱ្យ​ពួកគាត់​ធ្វើ​ចត្តាឡីស័ក​ត្រឹមត្រូវ​តាម​ការកំណត់​។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ថ្លែងថា​៖ «​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ត្រូវ​យក​ចិត្ត​ទុកដាក់​គ្រប់គ្រង និង​ល្បាត​ត្រួតពិនិត្យ​ស្លាប​ឆ្វេង​ស្លាប​ស្ដាំ​ក្នុង​ដែន​សមត្ថកិច្ច​ច្រកទ្វារ​ឱ្យបាន​ច្បាស់លាស់ និង​ត្រូវ​ឃាត់​អ្នកដំណើរ​ចូល ជាពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចូល​ពី​ប្រទេស​ថៃ​ដើម្បី​យកមក​ប្រគល់ឱ្យ​មន្ត្រី​ភ្នាក់ងារ​សុខាភិបាល​ធ្វើការ​ត្រួតពិនិត្យ​សុខភាព ធ្វើ​ចត្តាឡីស័ក ឱ្យ​បាន​ហ្មត់ចត់​»​។

អគ្គនាយកដ្ឋាន​ក៏បាន​ប្រាប់​ឱ្យ​មន្ត្រី​អន្តោប្រវេសន៍​យកចិត្ត​ទុកដាក់​វិធានការ​អនាម័យ និង​ប្រុងប្រយ័ត្ន​ការឆ្លង​ជំងឺ​នេះ​ពី​​អ្នកដំណើរ​។

ស្របពេល​ជាមួយ​គ្នា​នេះ មន្ត្រី​របស់​អង្គការ​ទេសន្តរប្រវេសន៍ (IOM) ក៏មាន​វត្តមាន​នៅ​តាម​ច្រកព្រំដែន​ផងដែរ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការជួយ​សម្រួល​ពលករ​នៅពេល​ឆ្លងកាត់​ព្រំដែន​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា ពេល​ស្នាក់នៅ​កន្លែង​ធ្វើ​ចត្តាឡីស័ក និង​នៅពេល​ពួកគេ​វិលត្រឡប់​ទៅផ្ទះ​សំបែង​។ នេះ​បើតាម​លោកស្រី Kristin Parco ប្រធាន IOM ដែល​បាន​ថ្លែង​តាម​អ៊ីមែល​កាលពី​ថ្ងៃ​ចន្ទ​។

លោកស្រី​សរសេរ​ថា​៖ «​យើង​កំពុងតែ​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​មន្ទីរ​សុខាភិបាល​នៅក្នុង​ខេត្ត​ដែល​រង​ការប៉ះពាល់​ដើម្បី​វាយតម្លៃ​ពី​តម្រូវការ​សមរម្យ​បំផុត​ដូចជា​ជំនួយ​ស្បៀងអាហារ​សម្រាប់​ពលករ​ដែល​ត្រូវធ្វើ​ចត្តាឡីស័ក ការចែក​សម្ភារ​អនាម័យ​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ដល់​ពលករ​ដែល​ត្រូវធ្វើ​ចត្តាឡីស័ក និង​សម្ភារ​ការពារ​ខ្លួន​សម្រាប់​បុគ្គលិក​ពេទ្យ​ជួរមុខ និង​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការការពារ​កូវីដ​១៩ នៅ​សហគមន៍​តាម​ព្រំដែន​»​។

លោកស្រី​ គ្រិស្ទីន ក៏បាន​ថ្លែង ទៅកាន់​ពលករ​ទាំងអស់​យ៉ាងដូច្នេះ​ថា​៖ «​ឆ្នាំនេះ​គឺជា​ឆ្នាំ​ដែល​មាន​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​សម្រាប់​យើង​ទាំងអស់​គ្នា ប៉ុន្តែ​អ្នក​ទាំងអស់​គ្នា​មិន​ត្រូវបាន​បោះបង់ចោល​ទេ​។ យើង​ពិតជា​ទទួលស្គាល់​ការចូលរួម និង​ការងារ​ដ៏ក្លាហាន​របស់​អ្នក​ទាំងអស់​គ្នា​ក្នុងពេល​មាន​កូវីដ​ ១៩ ​នេះ​។ យើង​សូម​អរគុណ​។ សូមអ្នក​ទាំងអស់​គ្នា​ប្រកាន់ខ្ជាប់​វិធានការ​ការពារ​ខ្លួន និង​ក្រុមគ្រួសារ​ដោយ​ធ្វើតាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​»៕

វីដេអូ៖