ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​រំឭក​ជាថ្មី​ដល់​អាជ្ញាធរ​គ្រប់​ថ្នាក់​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​ដោះស្រាយ​ជម្លោះ និង​ការទាមទារ​តវ៉ា​នានា​របស់​ប្រជាពលរដ្ឋ ប្រកប​ដោយ​សន្តិវិធី​ផ្អែកលើ​គោលការណ៍​ច្បាប់ និង​ត្រូវ​ចៀសវាង​ដាច់ខាត​នូវ​ការប្រើប្រាស់​អំពើហិង្សា​តាម​គ្រប់​រូបភាព​។

ការណែនាំ​ជាថ្មី​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ជា​ប្រធាន​ក្រុម​លេខាធិការដ្ឋាន អនុប្រធាន សមាជិក និង​ក្រុម​ជំនួយការ​នៃ​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃទី​ ៩ ខែ​កុម្ភៈ ឆ្នាំ​ ២០២១​។

ក្នុង​ឱកាស​នោះ​លោក ស ខេង ក៏បាន​ណែនាំ​ដល់​គណៈ​បញ្ជាការ​ឯកភាព​គ្រប់លំដាប់​ថ្នាក់​ត្រូវ​បង្កើន​ការគ្រប់គ្រង​សភាពការណ៍​តាម​មូលដ្ឋាន ដើម្បី​ដាក់ចេញ​នូវ​វិធានការ​នានា​សំដៅ​ទប់ស្កាត់​ឱ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​នូវ​សកម្មភាព ឬ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ការញុះញង់​អុជអាល​ប៉ុនប៉ង​បង្កឱ្យ​មាន​អំពើ​ហិង្សា ភាពចលាចល​វឹកវរ អសន្តិសុខ​ក្នុងសង្គម​។

លោក ស ខេង មាន​ប្រសាសន៍​ថា​៖ «​មាន​ប្រជាជន​ស្រែកថា មាន​គ្រឿងញៀន មាន​ចោរប្លន់ មាន​ល្បែងស៊ីសង យើង​ត្រូវ​ចាត់ទុកថា ជា​កញ្ចក់​បាន​ឆ្លុះ​ឱ្យ​យើង​ឃើញ ទ្រឹស្ដី​នយោបាយ​ថា មហាជន និង​ប្រជាជន ជា​កញ្ចក់​។ ដូច្នេះ ការទាមទារ និង​សំណូមពរ​ទាំងឡាយ​របស់​ប្រជាជន​ត្រូវ​ចាត់ទុក​ថា ជា​កញ្ចក់ ហើយ​យើង​យកមក​ឆ្លុះ ដើម្បី​បម្រើ​ពួកគាត់​វិញ​»​។ «​យើង​ធ្វើតាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​អត់​ចេះ​ខុស​ទេ តែបើ​ធ្វើ​ខុស​បំណង ឬ​ផ្ទុយ​ពី​ការចង់បាន​របស់​ប្រជាជន​នឹង​មិន​ទទួលបាន​ជោគជ័យ​ឡើយ​»​។

មន្ត្រីជាន់ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​លោក ស៊ឹង សែនករុណា បាន​ថ្លែង​ដោយ​យល់ថា ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នាពេលនេះ ដើម្បី​រំឭក​ជាថ្មី​ដល់​អាជ្ញាធរ​មួយចំនួន​ដែល​កំពុង​អនុវត្ត​ផ្ទុយ​នឹង​ច្បាប់​។ ប៉ុន្តែ​លោក​ស្នើ​ដល់​ថ្នាក់ដឹកនាំ​គួរ​មាន​វិធានការ​តឹងរ៉ឹង​ទៅលើ​មន្ត្រី​ណា​ដែល​មិន​អនុវត្តតាម​ការណែនាំ ពោល​គឺ​ប្រព្រឹត្ត​ហួស​ព្រំដែន​កាតព្វកិច្ច​របស់ខ្លួន​។

លោក ករុណា បាន​ថ្លែងថា​៖ «​លោក (​ស ខេង​) មាន​ប្រសាសន៍​នេះ​គឺជា​រឿង​ត្រឹមត្រូវ ហើយ​លោក​ក៏​ទទួលស្គាល់​ថា មាន​មន្ត្រី​ដែល​មិនទាន់​ទទួល​ការអនុវត្ត​តាម​ការណែនាំ​របស់​រដ្ឋមន្ត្រី ឬ​អាជ្ញាធរ​ថ្នាក់លើ​។ ការរំឭក​នេះ​ដូចជា​ច្រើន​ដង​ពេក​ហើយ​គួរតែមាន​វិធាន​លើស​នេះ​មាន​ន័យថា គួរតែ​មាន​វិធានការ​លើ​មន្ត្រី​រូប​ណា​ដែល​មិន​គោរព​តាម អាច​ថា​ដាក់វិន័យ​រដ្ឋបាល ឬក៏​មានការ​ដាក់ទោស​ទណ្ឌ​តាមច្បាប់​បើ​រកឃើញថា ការអនុវត្ត​នោះ​បំពេញ​លើសពី​តួនាទី​ខ្លួនឯង​ធ្វើឱ្យ​រំលោភបំពាន​ទៅលើ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​»​។

លោក​ក៏បាន​លើក​ឧទាហរណ៍​មួយផ្នែក​នៃ​ការតវ៉ា​ដីធ្លី​របស់​ប្រជាពលរដ្ឋ​កន្លងមក​ថា មួយរយៈ​ចុងក្រោយ​ការទាមទារ​តវ៉ា​របស់​ប្រជាពលរដ្ឋ​រឿង​បញ្ហាដីធ្លី ឬ​បញ្ហា​ផ្សេងៗ វា​ទៅជា​រឿង​ចោទ​ភ្ជាប់​បញ្ហានយោបាយ ហើយ​អត់​ដោះស្រាយ​ជូន​គាត់ បែរ​ជា​អូសបន្លាយ​ប្រើ​ពេលវេលា​យូរអង្វែង​ទៅវិញ​។

លោក​ថ្លែង​ថា​៖ «​យើង​មើលឃើញ​ថា ទោះបីជា​ឆន្ទៈ​របស់​ប្រមុខ​រដ្ឋាភិបាល ក្នុង​ការជួយ​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ក្តី ក៏ដូចជា​អង្គការ​សង្គម​ស៊ីវិល​ជាដើម ប៉ុន្តែ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ដូចជា​មិន​យកចិត្ត​ទុកដាក់​គោរព​ឱ្យបាន​ល្អ​ទេ ហាក់​ដូចជា​ធ្វើ​ផ្ទុយ​ពី​បញ្ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ទៅវិញ​។ នេះ​ជា​អ្វីដែល​យើង​កត់សម្គាល់​»​។

យ៉ាងណា​ក៏ដោយ​លោក ករុណា ក៏​ទទួលស្គាល់​ថា មួយរយៈ​ចុងក្រោយ ស្ថាប័ន​មួយ​ចំនួន​បាន​អនុវត្ត​កាតព្វកិច្ច​របស់ខ្លួន​បានល្អ​គួរសម​ហើយ ប៉ុន្តែ​នៅមាន​ស្ថាប័ន​មួយចំនួនទៀត​មិនទាន់​អនុវត្តតាម​បទបញ្ជា​ថ្នាក់ដឹកនាំ​ឡើយ​។

លោក​ថ្លែងថា​៖ «​ករណីខ្លះ​ស្ថាប័ន​ហៅ​ចរចា​មែន ប៉ុន្តែ​ដំណោះស្រាយ​អត់​ទាន់​ទទួលយក​បានទេ វា​នៅមានកម្រិត​នៅឡើយ​អ៊ីចឹង​ការហៅ​ចូលជួប​ដូចជា​ហៅ​ទៅ​កុំ​ឱ្យធ្វើ​សកម្មភាព​តវ៉ា ឬ​សន្យា​រក​ដំណោះស្រាយ ប៉ុន្តែ​បញ្ហា​របស់​ពួកគាត់​នៅ​ដដែល​ដែរ​។ ករណីខ្លះ​ក៏មាន​ការដោះស្រាយ​ដែរ ដូចជា​សកម្មភាព​អង្គការ​សង្គម​ស៊ីវិល​ខាង​សហគមន៍​ ឬ​ក៏​សហជីព​ធ្វើ​សកម្មភាព​ជាដើម នៅពេល​នោះ​យើង​ក៏មាន​ការចរចា​ជជែក​ជាមួយ​អាជ្ញាធរ ករណី​ខ្លះ​ឱ្យ​យើង​បន្តសកម្មភាព​បាន តែ​ករណី​ខ្លះទៀត គឺ​មិន​អនុញ្ញាត​ទេ​រហូតដល់​មានការ​អន្តរាគមន៍​ដល់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ទើប​រក​ដំណោះស្រាយ​មកឱ្យ​យើង​»​។

លោក ស ខេង ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​ត្រូវ​យក​ចិត្ត​ទុកដាក់​អប់រំ​ណែនាំ និង​បកស្រាយ​បំភ្លឺ​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា​នូវ​ការបំផុសបំផុល ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​សកម្មភាព​ផ្សេងៗ​ដែលមាន​ចរិត​អុជអាល​បង្កឱ្យមាន​ហិង្សា​ក្នុងសង្គម​។ អាជ្ញាធរ​ត្រូវខិតខំ​បំផុស​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​ខិតខំ​គោរព​ច្បាប់ ចូលរួម​ការពារ​ផលប្រយោជន៍​សាធារណៈ ផលប្រយោជន៍​សហគមន៍ និង​ត្រូវ​ចៀសវាង​ការចូលរួម​ក្នុង​សកម្មភាព​ដែល​ផ្ទុយ​ពី​ច្បាប់ សកម្មភាព​ដែល​ប៉ះពាល់​ដល់​សន្តិភាព ស្ថិរភាព សន្តិសុខ​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ​៕