ត្បូងឃ្មុំៈ លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រំឭក​ឲ្យ​មន្ត្រីរាជការ ជាពិសេស​កងកម្លាំង​ប្រដាប់​អាវុធ​ត្រូវ​មាន​ភាពអត់ធ្មត់​ក្នុង​ការដោះស្រាយ​បញ្ហា​ដែល​កើតមានឡើង ជាមួយ​ពលរដ្ឋ​ដោយ​សន្តិវិធី ចៀសវាង​ការប្រើ​នូវ​អំពើហិង្សា​ដែល​អាច​បង្ក​ឲ្យ​ក្លាយ​ទៅ​ជម្លោះ​រ៉ាំរ៉ៃ ហើយ​ការប្រឆាំង​បដិវត្ដន៍​ពណ៌​គឺ​ត្រូវ​ផ្តើមចេញ​ដោយ​ការធ្វើ​អំពើ​ល្អ​។

ការថ្លែង​បែបនេះ​ធ្វើឡើង​ពី​ម្សិលមិញ​ក្នុង​អំឡុងពេល​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធផល​នានា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ស្របពេល​ដែល​លោក​បារម្ភ​ថា ការប្រើប្រាស់​អំពើ​ហិង្សា​របស់​កងកម្លាំង​ប្រដាប់អាវុធ​នឹង​បន្ត​កើតមាន នៅពេល​ខាងមុខ​ជាពិសេស​គឺ​ចាប់ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​ ២០២២ ឬ​ ២០២៣​។

លោក​បញ្ជាក់ថា​៖ «​យើង​ថា យើង​ប្រឆាំង​ដាច់ខាត​បដិវត្ដន៍​ពណ៌ ឥឡូវ​និយមន័យ​ពិតប្រាកដ​ប្រឆាំង​ដាច់ខាត​បដិវត្តន៍​ពណ៌​ត្រូវធ្វើ​ម៉េច មិនមែន​យក​កាំភ្លើង​ទៅ​បាញ់​គេ​ទេ​។ ធ្វើ​អ៊ីចឹង​ខុស​ហើយ គឺ​យើង​ត្រូវ​ប្រឆាំង​ខ្លួន​យើង​ជាមុនសិន​។ ចង់​និយាយ​ថា យើង​ត្រូវធ្វើ​ល្អ​ជាមួយ​ប្រជាពលរដ្ឋ​អាហ្នឹង​ហើយ ជា​អាវុធ​ដ៏ធំ​បំផុត​»​។

លោក ស ខេង សង្កត់ធ្ងន់​ថា ក្នុងករណី​ដែល​មន្ត្រី​អាង​អំណាច​ទៅ​រំលោភ​យក​ដី​ប្រជាជន​ទៅ​រំលោភសិទ្ធិ ឬ​ផលប្រយោជន៍​អ្វី​ផ្សេងទៀត​របស់​ពលរដ្ឋ​នោះ​នឹង​មាន​ការតវ៉ា​ហើយ ព្រោះ​ពលរដ្ឋ​មាន​សិទ្ធិ​តវ៉ា​។ ដូច្នេះ​លោក​ថា​ការដោះស្រាយ​បញ្ហា​ទាំងនេះ មន្ត្រី​ត្រូវតែ​មាន​ការអត់ធ្មត់ និង​ព្យាយាម​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ហើយ​មិនត្រូវ​បែងចែក​ពលរដ្ឋ​ ឬ​រើសអើង​បក្សនយោបាយ​នោះទេ គឺ​ត្រូវ​បម្រើ​ឲ្យ​បាន​ស្មើភាព​គ្នា​។

លោក​បន្ថែមថា​៖ «​កុំ​ទៅ​យក​ចាញ់​ឈ្នះ​ជាមួយ​ពលរដ្ឋ គួរតែ​ចាញ់​ពលរដ្ឋ​ទៅ ព្រោះ​បើ​ករណី​ដែល​មាន​ការប្រើ​អំពើហិង្សា នោះ​រឿង​នឹងមិន​អាច​ចប់​នោះទេ​។ ដូច្នេះ​ជា​បទពិសោធ​ក្នុង​នាម​ជា​មន្ត្រី​មុខងារ​សាធារណៈ ទាំង​ស៊ីវិល ទាំង​នគរបាល​ក្នុង​ពេល​បំពេញ​​ការងារ​គឺ​ត្រូវបំពេញ​តាម​តួនាទី​ជា​មន្ត្រី​មុខងារ​សាធារណៈ ហើយ​ប្រកាន់ខ្ជាប់​នូវ​វិជ្ជាជីវៈ​នគរបាល មន្ត្រីរាជការ​ស៊ីវិល​»​។

ក្រៅពី​លើក​ឡើង​យ៉ាង​ដូច្នេះ​លោក ស ខេង បាន​លើក​ឧទាហរណ៍​រឿង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ព្រៃវែង និង​ខេត្ត​មួយចំនួន​ទៀត​ដែល​ទទួលបាន​ជោគជ័យ​បន្ទាប់ពី​មាន​ការចុះ​ដោះស្រាយ​ប្រកប​ដោយ​ភាពត្រឹមត្រូវ និង​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា​ដោយ​ការមិន​ប្រើប្រាស់​អំពើហិង្សា​ ខណៈ​ដែល​លោក​ក៏បាន​លើក​ពី​ឧទាហរណ៍​ដែល​មិន​ត្រូវបាន​គេ​បំភ្លេច​ក្នុង​ការបង្ក្រាប​ដោយ​ហិង្សា​នៅលើ​ផ្លូវ​វេងស្រេង​កាលពី​អំឡុង​ចុងឆ្នាំ​ ២០១៣ ដើម​ឆ្នាំ​ ២០១៤ ផងដែរ​។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការលើកឡើង​របស់​លោក​ ស ខេង ដែល​លោក​ថា ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់កំពូល​របស់​រដ្ឋ​ក្នុង​ការផ្តល់​អំណាច​ដល់​ប្រជាពលរដ្ឋ​អាច​មាន​សិទ្ធិ​ចូលរួម​សកម្មភាព​នយោបាយ​សេដ្ឋកិច្ច សង្គម វប្បធម៌​។

លោក​ថា ដូច្នេះ​គ្រប់​ពលរដ្ឋ​គឺអាច​ស្នើ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឲ្យ​ជួយ​ពិនិត្យ និង​ដោះស្រាយ​បញ្ហា​របស់​ពួកគេ​ឲ្យ​បាន​ហ្មត់ចត់​ស្រប​ពេល​ដែល​មន្ត្រី​រាជការ កងរាជអាវុធហត្ថ ត្រូវ​មាន​តួនាទី​ក្នុង​ការបម្រើ និង​ការពារ​ប្រជាពលរដ្ឋ​។ លោក​បន្ថែម​ថា មានតែ​ការបម្រើ​ប្រជាពលរដ្ឋ ដោយ​ការអត់ធ្មត់​ដោយ​មាន​ក្រមសីលធម៌​ក្នុង​ការបំពេញ​តួនាទី​របស់​ខ្លួនឯង​បាន​ត្រឹមត្រូវ​ទើប​ជា​វិធី​ដ៏ល្អប្រសើរ ហើយ​លោក ស ខេង ក៏​គួរតែ​មាន​វិធានការ​ជាក់លាក់​បន្ថែមទៀត​ពីព្រោះ​ពេល​ខ្លះ​ការអនុវត្ត​ច្បាប់​មិនមែន​ជា​ការស្នើ​នោះ​ទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​វា​គឺជា​បញ្ជា​ដែល​ទាមទារ​ឲ្យ​មាន​ការពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ដល់​កងកម្លាំង ឬ​សមត្ថកិច្ច​ណា​ដែល​ប្រើប្រាស់​អំពើហិង្សា​ទៅ​ប្រជាពលរដ្ឋ​ដោយ​ប្រយោល​ក្តី​ដោយផ្ទាល់​ក្តី ដើម្បី​ធានា​ថា មិនមាន​កងកម្លាំង​សមត្ថកិច្ច​រួមទាំង​កងរាជអាវុធហត្ថ​ណា​បាន​រំលោភច្បាប់ ប្រើប្រាស់​សិទ្ធិអំណាច​របស់​ខ្លួន​ដែល​បានប្រគល់​ឲ្យ​ហួស​ព្រំដែន​ទៅ​ធ្វើ​ទុក្ខបុកម្នេញ​ប្រជាពលរដ្ឋ​»៕