ព្រៃវែងៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋយកកូនឲ្យបានជាមធ្យម ៥ នាក់ ក្នុង ១ គ្រួសារ ដើម្បីអាចធ្វើឲ្យចំនួនប្រជាពលដ្ឋកម្ពុជាកើនឡើងទ្វេដងដល់ជាង ៣២ លាននាក់ដោយសារទឹកដីកម្ពុជានៅធំ ខណៈដែលជំរឿនកាលពីពេលថ្មីៗនេះបានរកឃើញថា កម្ពុជាមានប្រជាជនសរុបចំនួន ១៥,២ លាននាក់។
នៅក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ នៅក្នុងខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី ១៣ ខែ កក្កដា លោក ស ខេង បានថ្លែងថា ព្រះរាជាណាចក្រកម្ពុជា បានធ្វើជំរឿនសរុបនៅទូទាំងប្រទេសដោយរកឃើញប្រជាជនមានចំនួន ១៥ លាន ២ សែននាក់។ លោកបន្តថា ប្រទេសមួយចំនួន នៅលើពិភពលោកគេចាប់ផ្តើមភ័យពីរឿងការមិនមានកំណើនចំនួនប្រជាជនជាពិសេសប្រទេសដែលមានសេដ្ឋកិច្ចជីវភាពរស់នៅរីកលូតលាស់ ធ្វើឲ្យមនុស្ស មួយចំនួនមិនចង់បានកូនដោយសារតែពួកគេរវល់ប្រកបការងារ។
លោកបញ្ជាក់ថា៖ «យើងអត់មានលុយថែមទេ បើមានកូនច្រើនកាលណា ល្អកាលហ្នឹង តែច្រើនពេកក៏យ៉ាប់ដែរ ត្រឹម ៥ ទៅ ៦ អីហ្នឹងល្មមហើយ ជាមធ្យមបាន ៥ ពីព្រោះនៅឆ្នាំ ១៩៧៩ ខ្មែរក្រហមសម្លាប់អស់នៅសល់ប្រហែល ៥ លាននាក់។ ប៉ុន្តែឥឡូវឡើងដល់ជាង ១៥ លាននាក់តែមិនទាន់គ្រប់»។
លោកបញ្ជាក់ថា៖ «គិតតែពីរឿងការងារ ព្រលឹមឡើងទៅបាត់ ព្រលប់ចូលមក គាត់អត់មានពេលណាថែទាំកូនទេ នេះហើយស្រុកគេ ខណៈពេលស្រុកយើង មិនទាន់ដល់ទេ ហើយយើងនៅឆ្ងាយណាស់ ពីព្រោះយើងបាត់បង់ដោយសារសង្គ្រាម និងប្រល័យពូជសាសន៍ផង ដូច្នេះហើយ យើងមិនទាន់ដល់ទេ»។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា មិនហាមឃាត់ការពន្យារកំណើតទេ ហើយថា ការពន្យារកំណើតជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ «បើគាត់ចង់ពន្យារក៏ពន្យារទៅ ហើយគាត់ចង់យកកូនក៏យកទៅ ក៏ប៉ុន្តែជាទស្សនៈបុគ្គលខ្ញុំទេ កុំឲ្យលាយឡំថា ១៥,២ សែន វាតិចពេកសម្រាប់ខ្មែរយើង យ៉ាងហោចណាស់បាន ១៥,២ សែន ២ ដង បានន័យថា ជាង ៣០ លានពីព្រោះទឹកដីវានៅធំ»។
ទន្ទឹមនឹងនេះលោក ស ខេង ក៏បានអំពាវដល់ប្រជាពលរដ្ឋឲ្យជួយកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារហើយថា អំពើហិង្សាក្នុងគ្រួសារ វាក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពសង្គម ការថែរទាំ និងការពារសុខភាពបន្តពូជផងដែរ។
លោកបានលើកឧទាហរណ៍ ករណី ១ កាលពី ១ សប្តាហ៍មុន ដែលប្តីខឹងប្រពន្ធចាប់ប្រពន្ធចង ហើយប្រពន្ធមានផ្ទៃពោះ កូនប៉ុន្មានខែទៀតនោះ ដោយប្តីបានយកសាំងចាក់ជុំវិញផ្ទះ ហើយដល់សាំងវាឆេះស្លាប់ទាំងអស់គ្នា។ «ចុះរឿងអីធ្វើដល់ថ្នាក់ហ្នឹងមុននឹងធ្វើការសម្រេចអ្វីមួយ ត្រូវតែពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយនិងពិចារណាឲ្យបានហ្មត់ចត់ប្រហែលជាមិនខុស ហើយយ៉ាងហោច ណាស់យើងកាន់ពុទ្ធសាសនា»។
កញ្ញា សេង រាសី នាយិកាប្រតិបត្តិអង្គការសីលការបានថ្លែងថា នៅពេលចំនួនប្រជាជន មានការកើនឡើងច្រើន តម្រូវការក៏មានការកើនឡើងដែរ ដូច្នេះរាជរដ្ឋាភិបាលក៏ត្រូវតែរៀបចំផែនការ ដើម្បីបំពេញតម្រូវការចម្បងៗរបស់ប្រជាពលរដ្ឋដូចជា «ទាំងតម្រូវការជីវភាពប្រចាំថ្ងៃ ការអប់រំ សេវាសាធារណៈ សេវាកម្មសុខភាពនិងសេវាកម្មផ្សេងៗ យើងក៏ត្រូវរៀបចំការផ្គត់ផ្គង់ទាំងនេះឲ្យបានរួចរាល់ផងដែរ»។
ទន្ទឹមនេះដែរ កញ្ញាបានស្វាគមន៍ការអំពាវនាវរបស់លោក ស ខេង ឲ្យពលរដ្ឋជួយកាត់បន្ថយអំពើហិង្សានៅក្នុងគ្រួសារ តែកញ្ញាបានស្នើដល់មន្ត្រីអនុវត្តច្បាប់ឲ្យជួយពង្រឹងការអនុវត្តច្បាប់ ដើម្បីជួយផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងជួយអប់រំមន្ត្រីអនុវត្តច្បាប់នៅមូលដ្ឋានឲ្យកាន់តែយល់ច្បាស់អំពីករណីអំពើហិង្សាក្នុងគ្រួសារ ដោយសារតែបច្ចុប្បន្នការយល់ដឹងរបស់មន្ត្រីមូលដ្ឋានមួយចំនួននៅមានកម្រិត។
កញ្ញាបានបញ្ជាក់ថា៖ «យើងមើលឃើញថា អំពើហិង្សានៅក្នុងគ្រួសារនៅតែកើតមានឡើង បើទោះបីមិនមានទិន្នន័យបញ្ជាក់ច្បាស់ថា តើអំពើហិង្សាក្នុងគ្រួសារ មានការកើនឡើងឬថយចុះក៏ដោយ តែយើងឃើញរូបភាពនៃអំពើហិង្សាកាន់តែមានភាពឃោរឃៅឡើង»។
លោក ណុប កនណាវុឌ្ឍ អគ្គនាយករងនៃអគ្គនាយដ្ឋានផែនការ នៃក្រសួងផែនការមិនអាចទាក់ទងសុំការបភ្លឺបន្ថែមជំុវិញលទ្ធផលនៃការធ្វើជំរឿនប្រជាជនពីពេលថ្មីៗនេះបានទេ៕