ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​សម្រេច​ផ្លាស់ប្ដូរ​មុខតំណែង និង​ផ្ទេរ​ភារកិច្ច​មន្ត្រី​នគរបាល​ជាតិ​ ២ ​រូប​នៅ​ខេត្តកណ្ដាល​នៅក្នុង​ខែមករា​នេះ ក្រោយពី​មាន​បណ្ដឹង​អនាមិក​ពី​មន្ត្រី​ថ្នាក់ក្រោម​របស់លោក អ៊ាវ ចំរើន អតីត​ស្នងការ​នគរបាល​ខេត្តកណ្ដាល​កាលពី​ខែ​ឧសភា ឆ្នាំ​ ២០១៩ បាន​ប្ដឹង​ចោទប្រកាន់​ពី​ការប្រើ​អំណាច​ផ្ដាច់ការ ប្រព្រឹត្ត​អំពើ​ពុករលួយ​ពាក់ព័ន្ធ​រថយន្ត​ ទទួល​សំណូក​ពី​ល្បែង និង​ភាពមិន​ប្រក្រតី​កាត់​ប្រាក់​ក្នុង​ក្របខ័ណ្ឌ​។

យោង​តាម​ប្រកាស​ស្ដីពី​ការផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​មន្ត្រីនគរបាល​ដែល​បាន​ចុះហត្ថលេខា​ដោយ​លោក ស ខេង កាលពី​ថ្ងៃទី​ ២៣ មករា ឆ្នាំ​ ២០២០ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើបតែ​ទទួល​បាន​ពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា​៖ «(​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​) សម្រេច​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​មន្ត្រី​នគរបាលជាតិ​ដូច​មាន​ឈ្មោះ​៖ លោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ពី​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ជា​នាយរង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ (​និង​) លោក ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរង​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​»​។

លោក ខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា យោងតាម​សេចក្ដី​សម្រេច​របស់​ឧបនាយករដ្ឋមន្ត្រី​ពី​ការផ្ទេរ​ភារកិច្ច និង​តែងតាំង​នោះ​គឺ​ការដំឡើង​ឋានន្តរស័ក្ដិ និង​ជា​ការលើក​ទឹកចិត្ត​ដល់​មន្ត្រី​នគរបាល ប៉ុន្តែ​មិន​បាន​ពាក់ព័ន្ធ​នឹង​ការព្រមាន​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ពេល​កន្លងមក​នោះទេ​។

លោក សុភ័គ ថ្លែង​ថា​៖ «​វា​មិន​ពាក់ព័ន្ធ​ទៅ​នឹង​ការព្រមាន​ហ្នឹង​នោះ​ទេ​។ ការព្រមាន​ដូចជា​ត្រូវ​បាន​បញ្ចប់​ហើយ​លោក​ស្នងការ​ក៏បាន​កែសម្រួល កំហុស​ឆ្គង​រួច​អស់ហើយ និង​លោក​បាន​បន្ត​ការងារ​រហូត​ដល់​ឥឡូវ​ហ្នឹង​។ ការផ្លាស់ប្តូរ​តំណែង​នេះ​គឺជា​ការដំឡើង​ឋានន្តរ​ស័ក្តិ និង​ជា​ការលើក​ទឹកចិត្ត​»​។

ការដោះដូរ​នេះ​កើតមានឡើង​ប៉ុន្មាន​ខែ​បន្ទាប់ពី​លោក ស ខេង ព្រមាន​ចាត់វិធានការ​តាម​វិន័យ​កងកម្លាំង​នគរបាលជាតិ ប្រសិន​ស្នងការ​ខេត្ត​កណ្ដាល​លោក អ៊ាវ ចំរើន មិន​កែប្រែ​កំហុស និង​ឥរិយាបថ​ដឹកនាំ​តាម​ការណែនាំ​របស់​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។ ការព្រមាន​ជា​លើក​ទី​ ១ របស់​រដ្ឋមន្ត្រី​ទៅ​កាន់​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​ពី​មន្ត្រី​ថ្នាក់ក្រោម ជុំវិញ​ភាពមិន​ប្រក្រតី​ការងារ​របស់​លោក អ៊ាវ ចំរើន ដែល​ខ្វះ​ការយកចិត្ត​ទុកដាក់​លើ​ការដឹកនាំ និង​ការគ្រប់គ្រង​។

ទោះ​យ៉ាងណា​ក៏ដោយ​លោក ខៀវ សុភ័គ ​បាន​ថ្លែងថា លោក អ៊ាវ ចំរើន ពុំបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ខាង​លើ​នោះ​ទេ​ហើយ​ថា ការស៊ើបអង្កេត​មិន​ដូច​ការចោទប្រកាន់​ទាំងអស់​នោះ​ទេ​ហើយ​លោក​ស្នងការ​​ក៏បាន​ធ្វើការ​កែសម្រួល​កំហុស​រួច​ផងដែរ​។

លោក ឈឿន សុចិត្ត ស្នងការ​ខេត្ត​កណ្ដាល​មិន​ទាន់​បាន​ធ្វើ​ពិធី​ចូលកាន់​មុខតំណែង​បាន​ថ្លែង​ពីថ្ងៃ​ម្សិលមិញ​ថា​៖ «​យើង​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​​ការងារ​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​យើង​ឲ្យ​អស់ពី​លទ្ធភាព​ដែល​ថ្នាក់ដឹកនាំ​បានផ្តល់​ការទុកចិត្ត​ប្រគល់​តួនាទី​ឲ្យ​​យើង​។ យើង​នឹង​ខិតខំ​ធ្វើ​យ៉ាងណា​បង្ការ​ទប់ស្កាត់ ថែរក្សា​សុវត្ថិភាព និង​សន្តិសុខ​ឲ្យ​បាន ជាពិសេស​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេងៗ​»​។

លោក អ៊ាវ ចំរើន បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​កាលពី​ថ្ងៃ​ម្សិលមិញ​ដោយ​លោក​គ្រាន់តែ​ថ្លែង​ថា លោក​មាន​អារម្មណ៍​ធម្មតា​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​តំណែង​នេះ​៕