ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​សម្រេច​ផ្អាក​ការងារ​ឧត្តមសេនីយ៍ទោ​ (​ផ្កាយ​ ២) លោក អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ជា​បណ្តោះអាសន្ន បន្ទាប់ពី​ក្រុម​ជនរងគ្រោះ​ ៤ ​រូប​ជា​មន្ត្រី​នគរបាល​នារី​ក្រោមឱវាទ​បាន​ប្តឹង​លោក​​ពាក់ព័ន្ធ​នឹង​ករណី​បៀតបៀន​ផ្លូវភេទ​ និង​បំពាន​លើ​ពួកគេ​។

យោងតាម​សេចក្តី​ប្រកាស​ស្តីពី​ការផ្អាក​ការងារ លោក អ៊ុក កុសល ជា​បណ្តោះអាសន្ន​នេះ​លោក ស ខេង បាន​តម្រូវ​ឲ្យ​សាមីខ្លួន​ត្រូវ​មក​បង្ហាញខ្លួន នៅ​នាយកដ្ឋាន​បុគ្គលិក​រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​រង់ចាំ​ការសម្រេច​ជាថ្មី​។ ជាមួយ​គ្នា​នេះ​ដែរ លោក ស ខេង ក៏បាន​ប្រកាស​ប្រគល់​ភារកិច្ច​ឱ្យ​លោក អ៊ិត គឹមស្រ៊ន ស្នងការរង​នគរបាល​ខេត្ត​កំពង់ធំ​ឲ្យ​ធ្វើ​ជា​ស្នងការ​ស្តីទី​ដែល​ត្រូវ​ទទួល​បន្ទុក​ដឹកនាំ​ការងារ​រួម​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​រហូត​ដល់​ពេល​មាន​ការសម្រេច​ជាថ្មី​។

កាលពី​ថ្ងៃ​ម្សិលមិញ​នេះដែរ លោក ស ខេង ក៏បាន​សម្រេច​ផ្ទេរ​ភារកិច្ច​លោក អ៊ឹម សុគឿន ពី​ស្នងការរង​ទទួល​ផែន​ការងារ​ធនធាន​មនុស្ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ឱ្យ​មក​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​បុគ្គលិក​វិញ​។

គួរបញ្ជាក់​ផងដែរ​ថា ក្រោយពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ក្រុម​មន្ត្រី​នគរបាល​ជា​នារី​ចំនួន​ ៤ ​រូប លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​បញ្ជា​ឱ្យ​ក្រុមការងារ​នៃ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ក្នុង​ករណី​មាន​ការចោទប្រកាន់ និង​ប្តឹង​លោក អ៊ុក កុសល ប្រព្រឹត្ត​អំពើ​មិន​គប្បី​មកលើ​ជនរងគ្រោះ​ដែល​ជា​នារី​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​កំពង់ធំ​នេះ​។

លោក ស៊ឹង សែនករុណា ​អ្នកនាំពាក្យ​សមាគម​ការពារ សិទ្ធិមនុស្ស​អាដហុក​បាន​ថ្លែង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ការសម្រេច​ផ្អាក​ការងារ​តួនាទី​ស្នងការ​រូបនេះ​ទាល់តែ​ថ្នាក់ដឹកនាំ​មាន​តម្រុយ​ ឬ​មាន​ការរកឃើញ​នូវ​ទោសកំហុស​ណាមួយ​នៃ​ការប្រព្រឹត្ត​កំហុស​។

លោក​ ស៊ឹង សែនករុណា បាន​បញ្ជាក់ថា​៖ «​វា​ជា​មធ្យោបាយ​​មួយ​ដ៏ល្អ​ដែរ​ដើម្បី​ឱ្យ​មន្ត្រី​ថ្នាក់ក្រោម​របស់ខ្លួន​មាន​ទំនុកចិត្ត​ក្នុង​ការបន្ត​នីតិវិធី​តាម​ផ្លូវ​ច្បាប់​ឱ្យ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​។ ខ្ញុំ​ចាត់ទុក​ថា នេះ​ជា​រឿង​មួយ​ល្អ​សម្រាប់​ដំណើរការ​នីតិវិធី​រក​យុត្តិធម៌​សម្រាប់​ស្ត្រី​រងគ្រោះ​ដោយសារ​ការបៀតបៀន​នេះ​»​។

លោក​បាន​បន្តទៀតថា ប្រសិន​បើ​តុលាការ​ស្រាវជ្រាវ​រកឃើញ​ថា ស្នងការ​រូបនេះ​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​មែន គួរតែ​បន្ត​អនុវត្ត​​ច្បាប់​ទៅ​តាម​ក្រមព្រហ្មទណ្ឌ​របស់​ប្រទេស​កម្ពុជា​សម្រាប់​ដាក់ទោស​ទណ្ឌ​ទៅលើ​បុគ្គល​រូបនេះ​៕