ព្រះវិហារៈ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចជាគោលការណ៍ស្នើសុំបង្កើតភូមិថ្មីនៅកន្លែងមានជម្លោះដី ខណៈលោកដឹកនាំកិច្ចប្រជុំអន្តរក្រសួងកាលពីម្សិលមិញ ស្ដីពីលទ្ធផលចុះស្រាវជ្រាវករណីទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិនៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិអន្ទិល ឃុំយាងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា អង្គប្រជុំនៅក្រសួងមហាផ្ទៃដឹកនាំដោយលោក ស ខេង បានសម្រេចឯកភាពស្នើសុំសេចក្តីសម្រេចទៅរាជរដ្ឋាភិបាលដើម្បីធ្វើអត្តសញ្ញាណកម្មពលរដ្ឋ ធ្វើផ្លូវ និងបង្កើតជាភូមិនៅកន្លែងមានជម្លោះ។
លោកថ្លែងថា៖ «អ្វីដែលបានធ្វើកន្លងមកហើយ គឺសម្ដេចលោក ឯកភាពតាមគោលការណ៍ តាមការណែនាំរបស់រាជរដ្ឋាភិបាលក្តីពីក្រសួងក្ដី ឬអាជ្ញាធរក្រោមឱវាទក្ដី។ ដោយឡែកចំពោះជនល្មើសដែលតុលាការបានឃុំខ្លួនត្រូវបន្តតាមនីតិវិធីរបស់តុលាការបន្តទៅទៀត។ មានប៉ុន្មានឲ្យតុលាការលោកបន្តនីតិវិធីទៅ»។
លោកបន្តថា៖ «ដោយឡែកចំពោះដីដែលប្រជាជនលោកបានកាន់កាប់ហើយ ទាំងប៉ុន្មាននេះដែលមានឈ្មោះក្នុងការកាន់កាប់ដោយស្របច្បាប់នឹងសុំគោលការណ៍ទៅរាជរដ្ឋាភិបាលដើម្បីឆ្វៀលដីជូនគាត់ ហើយយើងត្រូវធ្វើអត្តសញ្ញាណកម្មពលរដ្ឋទាំងនោះឲ្យបានគ្រប់គ្រាន់ត្រឹមត្រូវច្បាស់លាស់ដោយមានការចូលរួមពីសមត្ថកិច្ចបញ្ជាក់ឲ្យច្បាស់ថា ប្រជាពលរដ្ឋហ្នឹងជាអ្នកអត់ដីមែនឬអត់? ហើយសួរតាមបណ្ដាខេត្តផ្សេងទៀតទៅលើឈ្មោះទាំងនោះ»។
លោកបានបញ្ជាក់ថា អាជ្ញាធរនឹងចេញប័ណ្ណឲ្យគ្រួសារដែលមានសិទ្ធិទទួលបានដី និងចុះក្នុងបញ្ជីទទួលស្គាល់ ហើយពួកគេមិនអាចមានឈ្មោះនៅកន្លែងផ្សេងទៀតទេ។ ដោយឡែកអ្នកដែលជាប់បណ្ដឹងនៅតុលាការចំនួន ១៤ នាក់គឺជាអ្នកបានទន្ទ្រានដែលនាំអាទិ៍ដោយអ្នកស្រី សុខរ័ត្ន សុវណ្ណបញ្ចសីលា អតីតប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។
លោកថ្លែងថា ដីដែលមានវិវាទគឺស្ថិតនៅក្នុងដែនជម្រកអភិរក្សសត្វព្រៃគូលែនព្រហ្មទេព និងផ្នែកខ្លះស្ថិតក្រោមដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន អាន ម៉ារឌី។ បើស្រាវជ្រាវរកឃើញថាពលរដ្ឋដែលនៅតំបន់នោះមកពីខេត្តផ្សេង នោះពួកគេនឹងមិនទទួលបានដីទេ ប្រសិនបើអាជ្ញាធរស្រាវជ្រាវទៅរកឃើញថា ពួកគេមានដីនៅខេត្តផ្សេងទៀតហើយនោះ។ លោកស្នើឲ្យពលរដ្ឋបញ្ឈប់នូវទង្វើមួយដែលលោកហៅថា «ចាញ់បានលុយ ឈ្នះបានដី»។
លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឲ្យដឹងថា ពលរដ្ឋដែលរស់នៅនឹងកន្លែងជាក់ស្ដែង គឺមានតែជាង ១០០ គ្រួសារ ប៉ុណ្ណោះ ប៉ុន្តែនៅពេលអាជ្ញាធរចុះធ្វើអត្តសញ្ញាណកម្មកាលពីពេលថ្មីៗនេះបានឃើញរហូតដល់ជាង ៥០០ គ្រួសារដែលមកពីខេត្តផ្សេងៗ។
លោកបានបញ្ជាក់ថា៖ «គាត់មិនមែនរស់នៅទីនោះ គាត់ចេះតែមកពី ២៤ ខេត្តក្រុង ហើយចេះតែថាដីគាត់។ យើងបានធ្វើរបាយការណ៍ទៅលើរួចហើយ អាស្រ័យលើថ្នាក់ដឹកនាំខេត្ត និងក្រសួងមហាផ្ទៃលោកដោះស្រាយយ៉ាងម៉េច។ រឿងនេះវាហួសពីសមត្ថភាពរបស់ស្រុក»។
កាលពីថ្ងៃខែមករា មានមនុស្ស ១៤ នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនពាក់ព័ន្ធនឹងការទន្ទ្រានរានដីព្រៃរបស់រដ្ឋ និងដីរបស់ក្រុមហ៊ុនមេត្រីភាព។ ប៉ុន្តែនៅក្នុងមេសា ស្រី្តម្នាក់ឈ្មោះ សុខរ័ត្ន សុវណ្ណបញ្ចសីលា ប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យក៏ត្រូវបានអាជ្ញាធរខេត្តព្រះវិហារចាប់ខ្លួនផងដែរ ពាក់ព័ន្ធនឹងករណីដឹកនាំពលរដ្ឋទៅរំដោះមនុស្សទាំង ១៤ នាក់ ដែលត្រូវបានចាប់ខ្លួននោះ។ ប៉ុន្តែកាលពីចុងខែមេសា មន្ត្រីតុលាការថ្លែងប្រាប់ថា អ្នកទាំង ១៤ នឹងត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
ប៉ុន្តែ លោក ឡោ ចាន់ អ្នកសម្របសម្រួលអង្គការអាដហុកបានឲ្យដឹងកាលពីម្សិលមិញថា ក្នុងចំណោមមនុស្ស ១៤ នាក់នោះ គឺមានតែ ៤ នាក់ប៉ុណ្ណោះ ដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីពេលថ្មីៗកន្លងមកនេះ៕