
សកម្មភាពនគរបាលត្រួតពិនិត្យការធ្វើចរាចរណ៍តាមដងផ្លូវកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសរសើរដល់សមត្ថកិច្ចចំពោះការខិតខំអនុវត្តយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព ខណៈលោកបានអះអាងថា យុទ្ធនាការនេះបានធ្វើឱ្យអ្នកបើកបរទោចក្រយានយន្តដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បានថយចុះជាងមុន បើប្រៀបធៀបនឹងពេលមិនទាន់ធ្វើយុទ្ធនាការ ។
លោក ស ខេង បានលើកឡើងក្នុងហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា រយៈពេល ១៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៩ កក្កដា ដល់ថ្ងៃទី ៣១ កក្កដា នៃយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាពគឺបានធ្វើឱ្យអត្រាមរណៈរបស់អ្នកគ្រោះថ្នាក់ចរាចរណ៍ដែលប្រើទោចក្រយានយន្តថយចុះ បើប្រៀបធៀបនឹងរយៈពេល ១៣ ថ្ងៃដូចគ្នា គឺពីថ្ងៃទី ៦ កក្កដា ដល់ថ្ងៃទី ១៨ កក្កដា មុនពេលអនុវត្តយុទ្ធនាការ។
លោកថា៖ «ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះស្មារតីយកចិត្តទុកដាក់ខ្ពស់របស់កងកម្លាំងមានសមត្ថកិច្ចពិសេសនគរបាលចរាចរណ៍ទូទាំងប្រទេសដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មក្នុងយុទ្ធនាការអប់រំនិងពង្រឹងការអនុវត្តច្បាប់សំដៅធ្វើយ៉ាងណាឱ្យអ្នកដំណើរតាមមធ្យោបាយទោចក្រយានយន្តទាំងអស់ពាក់មួកសុវត្ថិភាពបានគ្រប់ៗគ្នា»។
យោងតាមតួលេខពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈបង្ហាញថា ចាប់ពីថ្ងៃទី ១៩ កក្កដា ដល់ថ្ងៃទី ៣១ កក្កដា អ្នកប្រើប្រាស់មធ្យោបាយម៉ូតូដែលបានជួបគ្រោះថ្នាក់ស្លាប់មានចំនួន ៤០ នាក់ ក្នុងនោះអ្នកស្លាប់ដោយមិនពាក់មួកសុវត្ថិភាពមានចំនួន ៣១ នាក់ ខណៈតួលេខពីថ្ងៃទី ៦ កក្កដា ដល់ថ្ងៃទី ១៨ កក្កដា អ្នកស្លាប់ដោយមធ្យោបាយដូចគ្នាមានចំនួន ៤៩ នាក់ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពមានចំនួន ៣៦ នាក់។
លោក ស ខេង បានប្រកាសដាក់ចេញយុទ្ធនាការនេះកាលពីថ្ងៃទី ១៧ ខែ កក្កដា ដោយលោកអះអាងថា ជាយុទ្ធនាការរយៈពេល ១ ខែ លើអ្នកមិនពាក់មួកសុវត្ថិភាពដោយមិនផាកពិន័យប្រាក់ ប៉ុន្តែតម្រូវឱ្យអ្នកបើកបរទាំងនោះទៅរកមួកសុវត្ថិភាពមកពាក់ទើបអនុញ្ញាតឱ្យបន្តដំណើរទៅមុខបាន។
កាលពីម្សិលមិញភ្នំពេញប៉ុស្ដិ៍មិនអាចទាក់ទងលោក ហ៊ឹម យ៉ាន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានទេ ដោយសារលោកមិនលើកទូរស័ព្ទ។ ប៉ុន្តែលោកធ្លាប់បានបញ្ជាក់កាលពីថ្ងៃទី ៣០ ខែ កក្កដា ថា ក្នុងរយៈពេល ១ សប្ដាហ៍ អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរតាមម៉ូតូដែលត្រូវបាននគរបាលចរាចរណ៍បង្ខំឱ្យពាក់មួកសុវត្ថិភាពមានជិត ២ ម៉ឺននាក់។
លោក កែវ រតនៈ នាយកស្ដីទីនៃវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានលើកឡើងថា ចាប់តាំងពីមានយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាពមកបានធ្វើឱ្យអ្នកពាក់មួកសុវត្ថិភាពពេលធ្វើដំណើរមានការកើនឡើងជាងមុនប៉ុន្តែលោកនៅបារម្ភថា សកម្មភាពនេះអាចនឹងថយចុះវិញ នៅពេលឈប់ធ្វើយុទ្ធនាការបែបនេះ។
លោក កែវ រតនៈ បានកត់សម្គាល់ថា បច្ចុប្បន្នពលរដ្ឋភាគច្រើនខ្លាចនគរបាលចរាចរណ៍ច្រើនជាងខ្លាចគ្រោះថ្នាក់តាមផ្លូវ ដូច្នោះ លោកចង់ឱ្យធ្វើយុទ្ធនាការរបៀបនេះរៀងរហូត។
លោកថា៖ «កន្លងមកសមត្ថកិច្ចធ្វើការផ្សព្វផ្សាយអប់រំរហូត ប៉ុន្តែមិនបានរឹតបន្តឹងអ៊ីចឹងទេ ដូច្នេះអ្នកពាក់មួកនៅតែមានចំនួនតិចដដែល។ ប៉ុន្តែដល់ពេលគាត់ធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំផង ហើយរឹតបន្តឹងទៀត យើងឃើញថា ធ្វើឱ្យប្រជាជនចាប់ផ្ដើមគិត ហើយអ្វីដែលខ្ញុំកត់សម្គាល់ ការធ្វើចំណាត់ការនេះ មិនមែននៅតែទីក្រុងភ្នំពេញទេ គឺខ្ញុំឃើញនៅតាមបណ្ដាខេត្តផ្សេងៗនេះគឺជាយន្តការល្អ ហើយខ្ញុំសំណូមពរឱ្យធ្វើជាប់ជាប្រចាំ»។
ទោះជាយ៉ាងណា លោក ស ខេង បានបញ្ជាក់ថា អត្រាអ្នកស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតែមានច្រើនដដែល ថ្វីដ្បិតមានយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាពនេះក្ដី។ បើតាមរបាយការណ៍នគរបាលចរាចរណ៍ក្រសួងមហាផ្ទៃ ក្នុងឆមាសទី ១ ឆ្នាំ ២០១៩ នេះ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានចំនួន ១ ០៣៣ នាក់ និងអ្នករងរបួសចំនួន ៣ ២២៤ នាក់ ហើយបើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ អ្នកស្លាប់បានកើនឡើង ១០៣ នាក់ និងរងរបួសបានកើនឡើង ៨២៧ នាក់ ៕