
ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍នៅភ្នំពេញកាលពីខែកុម្ភៈ ឆ្នាំនេះ។ ហេង ជីវ័ន
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានកោតសរសើរចំពោះការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកក្នុងត្រីមាសទី ១ ខណៈចំនួនអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍មានការថយចុះបើធៀបត្រីមាសទី១ ក្នុងឆ្នាំមុន។
តាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលបានផ្សព្វផ្សាយពីថ្ងៃ ២ មេសា បានឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ ២០២១ នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើង ៧៦៣ លើក ថយចុះ ១៥៣ លើក ស្មើនឹង ១៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០ ដែលមានគ្រោះថ្នាក់ចំនួន ៩១៦ លើក។
របាយការណ៍បង្ហាញថា «អត្រាអ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍បានថយចុះរហូតដល់ ៦០ នាក់ បើប្រៀបធៀបត្រីមាសទី១ ឆ្នាំ ២០២០ ដែលមានអ្នកស្លាប់ចំនួន ៤៩៣ នាក់ ហើយនៅត្រីមាសទី១ ឆ្នាំ ២០២១ នេះចំនួនអ្នកស្លាប់មាន ៤៣៣ នាក់។ រីឯអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍វិញនៅត្រីមាសទី១ ឆ្នាំ ២០២១ នេះមានចំនួន ១ ១១៣ នាក់ ថយចុះ ២០២ នាក់ ស្មើនឹង ១៥ ភាគរយ បើធៀបនឹងរយៈពេល ១ ត្រីមាសដូចគ្នាកាលពីឆ្នាំ ២០២០ ដែលមានអ្នករងបួស ១ ៣១៥ នាក់» ។
តាមរយៈរបាយការណ៍នេះលោក ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកក្នុងត្រីមាសទី១ គិតចាប់ពីខែមករា ដល់ដំណាច់ខែមីនា ឆ្នាំ ២០២១។
លោកបានបញ្ជាក់នៅលើហ្វេសប៊ុករបស់លោកថា៖ «ក្នុងនាមប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសូមថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ចំពោះស្មារតីយកចិត្តទុកដាក់បំពេញភារកិច្ចដឹកនាំការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងយប់ទាំងថ្ងៃរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានីខេត្ត អធិការដ្ឋាននគរបាលក្រុងស្រុក-ខណ្ឌ និងសមត្ថកិច្ចរួមសហការផ្សេងទៀត»។
ជាមួយគ្នានេះលោក ស ខេង ក៏បានថ្លែងអំណរគុណចំពោះជនរួមជាតិដែលជាអ្នកបញ្ជាមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទផងដែរចំពោះការប្រកាន់នូវឥរិយាបថជាពលរដ្ឋល្អតាមរយៈការចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងខ្ជាប់ខ្ជួនគ្រប់ពេលធ្វើដំណើរ។ «ដោយសារការគោរពច្បាប់ដ៏ខ្ជាប់ខ្ជួនពីសំណាក់បងប្អូនជនរួមជាតិនេះហើយដែលបានធ្វើឱ្យអត្រាគ្រោះថ្នាក់ចរាចរណ៍ចំនួនអ្នកស្លាប់ និងអ្នករងរបួសមានការថយចុះ»។
លោក គង់ សុវណ្ណ ជាទីប្រឹក្សាជំនាញ និងជាអនុប្រធានក្រុមកម្មវិធីសុវត្ថិភាពចរាចរណ៍សហគមន៍នៃគម្រោងអភិវឌ្ឍន៍ផ្លូវជនបទជំហានទី២ របស់ក្រសួងអភិវឌ្ឍន៍ជនបទថ្លែងថា ការថយចុះនៃចំនួនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ជាសញ្ញាណល្អ ប៉ុន្តែត្រូវតែមានការរឹតបន្តឹងបន្តទៀត ហើយរដ្ឋាភិបាលគួរតែជំរុញឱ្យមានវិនិយោគចំនួនថវិកាឱ្យច្រើនថែមទៀតលើការងារសុវត្ថិភាពចរាចរណ៍។
លោកថា៖ «កាលណារដ្ឋាភិបាល ឬប្រទេសនីមួយៗដាក់លុយធ្វើការអប់រំផ្សព្វផ្សាយលើការរឹតបន្តឹងពង្រឹងខាងផ្នែកបច្ចេកវិទ្យា ទីផ្សារ សង្គមផ្សេងៗទៅលើផ្នែកចរាចរណ៍ហ្នឹង ការវិនិយោគនោះជាការសង្គ្រោះជីវិតមនុស្ស និងធ្វើឱ្យសុខុមាលភាព ប្រជាពលរដ្ឋនឹងបានប្រសើរឡើងស្របពេលប្រទេសកំពុងវិវឌ្ឍទៅមុខ» ។
លោក សុវណ្ណ បានកត់សម្គាល់ឃើញថា ការបញ្ជ្រាបសារអប់រំពីសុវត្ថិភាពចរាចរណ៍មិនទាន់បានជ្រាបពេញលេញទេ ព្រោះកាលណាអវត្តមាននៃការរឹតបន្តឹង និងការអប់រំផ្សព្វផ្សាយនោះ ចំនួនគ្រោះថ្នាក់ចរាចរណ៍តែងតែកើនឡើងវិញ៕
វីដេអូ៖