បាត់ដំបងៈ លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃសូមឱ្យមន្ត្រីបញ្ឈប់ការស្នើសុំអន្តរាគមន៍ ដើម្បីឱ្យកូនរបស់ខ្លួនបានធ្វើជាប៉ូលិស ដែលផ្ទុយពីគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល ដែលតម្រូវឱ្យមានការប្រឡងជាប់ ឬធ្លាក់អាស្រ័យលើសមត្ថភាពរបស់បុគ្គលម្នាក់ៗ។
លោក ស ខេង បានថ្លែងបែបនេះពេលធ្វើជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៃសាកលវិទ្យាល័យជាតិបាត់ដំបងក្នុងខេត្ដបាត់ដំបងកាលពីម្សិលមិញ។
លោកថ្លែងថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ ហើយប្រជាពលរដ្ឋបើចង់ធ្វើប៉ូលិសគឺត្រូវមានការប្រឡងឱ្យបានត្រឹមត្រូវ។ កន្លងមកមានបុគ្គលមួយចំនួនបានមកស្នើសុំអន្តរាគមន៍ ប៉ុន្ដែក្នុងនាមរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃមានសិទ្ធិត្រឹមអនុញ្ញាតឱ្យដាក់ពាក្យប្រឡងប៉ុណ្ណោះ គឺគ្មានសិទ្ធិឱ្យប្រឡងជាប់ជាប៉ូលិសឡើយ។
លោកឧបនាយករដ្ឋមន្ដ្រីថ្លែងថា៖ «ឥឡូវសម័យកំណែទម្រង់រួចចេះតែនាំគ្នាអន្តរាគមន៍ដែលវាខុសពីនយោបាយកំណែទម្រង់។ ខ្ញុំធ្វើមិនកើតទេ នេះគឺជាការពិត។ អ្នកខ្លះ មិនដែលធ្លាប់រៀនប៉ូលិសទេ ប៉ុន្ដែមកដល់សុំធ្វើប៉ូលិស ហើយធំទៀត (តំណែង)»។
លោក ស ខេង បានរំឭកកាលពីឆ្នាំ ១៩៧៩ ថា ការចូលធ្វើជាប៉ូលិសកាលនោះគឺមិនចាំបាច់ទៅប្រឡងទេ គឺក្រសួងប្រមូលមកធ្វើតែម្ដង។ បើអ្នកណាបានរៀន ឬរៀនបានថ្នាក់ទី ៣ គឺក្រសួងត្រេកអរ ព្រោះកាលនោះមិនមានធនធានមនុស្ស ពីព្រោះធនធានមនុស្សត្រូវរបបប្រល័យពូជសាសន៍សម្លាប់ចោលអស់ហើយ ពិសេសអ្នកដែលចេះដឹង។ លោកឧបនាយករដ្ឋមន្ដ្រីបានណែនាំដល់យុវជន សិស្ស និស្សិត ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយឪពុកម្ដាយត្រូវណែនាំឱ្យកូនទៅរៀន ព្រោះចំណេះដឹងគឺជាទ្រព្យសម្បត្ដិដែលមិនចេះរីងស្ងួតឡើយ។
លោកថ្លែងថា ដំណាក់កាលកំណែទម្រង់វិស័យអប់រំនាពេលបច្ចុប្បន្នគឺមានធនធានមនុស្សច្រើនមានអ្នកមានសមត្ថភាពក៏ច្រើន ដូច្នេះបើចង់ចូលក្របខ័ណ្ឌរដ្ឋ ឬធ្វើជាប៉ូលិស គឺត្រូវប្រឡងដោយសមត្ថភាព។
លោក ស ខេង បានបញ្ជាក់ថា៖ «បើមិនអ៊ីចឹងទេ ខ្ញុំទៅធ្វើកំណែទម្រង់យ៉ាងម៉េច ខ្ញុំទទួលខុសត្រូវដដែល។ កំណែទម្រង់ប៉ូលិសទៅប៉ូលិសធ្វើការងារមិនកើត គេមិនបន្ទោសខ្ញុំដដែល។ អ្នកណាបន្ទោសគឺប្រជាពលរដ្ឋគឺលោកបន្ទោស»។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា គាំទ្រចំពោះប្រសាសន៍របស់លោក ស ខេង ដែលបានលើកឡើងបែបនេះ។ ប៉ុន្ដែលោកទទូចសូមឱ្យការប្រឡងចូលក្របខ័ណ្ឌមន្ដ្រីសាធារណៈដែលជាមន្ដ្រីបម្រើរាស្ដ្រគឺត្រូវតែជ្រើសរើសដោយតម្លាភាព និងការទទួលខុសត្រូវខ្ពស់បំផុត។
លោកថ្លែងថា៖ «យើងគួរជ្រើសរើសក្របខ័ណ្ឌមន្ដ្រីសាធារណៈដោយផ្ដោតសំខាន់ទៅលើសមត្ថភាព បទពិសោធ និងចំណេះដឹងរបស់បេក្ខជនដែលបានដាក់ពាក្យប្រឡង ដើម្បីទទួលបានមន្ដ្រីដែលមានសមត្ថភាពមកបំពេញការងារក្នុងជួររាជរដ្ឋាភិបាល និងពង្រឹងការផ្ដល់សេវាបម្រើប្រជាពលរដ្ឋបានល្អ»។
បើតាមលោក ពិសី កន្លងមកនៅកម្ពុជាមានវប្បធម៌ និងការអនុវត្ដជាទម្លាប់អំពីការប្រើប្រាស់ខ្សែស្រឡាយបក្ខពួកនិយមក្នុងការបានតំណែង ឬការឡើងតំណែង។ ដូច្នេះនៅក្នុងដំណាក់កាលបច្ចុប្បន្ននេះគួរតែបញ្ចប់នូវទម្លាប់បែបនេះហើយដាក់បញ្ចូលគោលការណ៍ជ្រើសរើសមន្ត្រីសាធារណៈឱ្យមានតម្លាភាព គណនេយ្យភាពនៅក្នុងផែនការកែទម្រង់រដ្ឋបាលសាធារណៈរបស់ជាតិឡើងវិញ៕
វីដេអូ៖