ភ្នំពេញ: លោក ស ខេង កាលពី​ថ្ងៃ​ម្សិលមិញ​បានស្នើ​ដល់​ប្រទេស​ក្នុង​តំបន់ ជាពិសេស​រដ្ឋ​សមាជិក​នៅក្នុង​អនុតំបន់​ទន្លេមេគង្គ​ត្រូវតែ​បន្ត​កិច្ចសហប្រតិបត្តិការ គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នានា​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត ដើម្បី​ភាពសុខដុមរមនា​របស់​ប្រជាជន​ក្នុង​តំបន់​។

លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ស្តីពី​ការប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​លើក​ទី​ ១៤ តាម​ប្រព័ន្ធ​​វីដេអូ​ថា កម្ពុជា​សម្រេច​បាន​ក្នុង​បរិបទ​នៃ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ទាក់ទង​បញ្ហា​គ្រឿងញៀន​ដោយ​កម្ពុជា​មើលឃើញ​នូវ​គ្រោះថ្នាក់ និង​មហន្តរាយ​សង្គម​ធ្ងន់ធ្ងរ ដែល​បង្កឡើង​ដោយ​បញ្ហា​គ្រឿងញៀន​។

លោក​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​យន្តការ​ជាក់លាក់​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​តាមរយៈ​ការអនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​រៀងរាល់ ៦ ​ខែ​ម្តង​ដោយ​ចាប់តាំងពី​បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​ ២០១៧​។ យុទ្ធនាការ​នេះ​ត្រូវ​បាន​ចាត់តាំង​អនុវត្ត​ចំនួន ៥ ​លើក ដោយបាន​រឹបអូស​គ្រឿងញៀន​គ្រប់​ប្រភេទ​ជាច្រើន​តោន និង​បាន​បញ្ជូន​ជនល្មើស​ទៅ​ផ្តន្ទាទោស​ជាច្រើន​រយ​នាក់​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ស្នើ​ដល់​ប្រទេស​ក្នុង​តំបន់ ជាពិសេស​រដ្ឋ​សមាជិក​នៅក្នុង​អនុតំបន់​ទន្លេ​មេគង្គ សូម​បន្ត​កិច្ចសហប្រតិបត្តិការ​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត ដើម្បី​ឱ្យ​ប្រជាជន​យើង​រស់នៅ​សុខសាន្ដ​»​។ បើតាម​លោក ស ខេង បច្ចុប្បន្ន​ក្រុម​ឧក្រិដ្ឋជន​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ ដើម្បី​​ប្រព្រឹត្ត​បទល្មើស ដោយ​ឥត​ព្រំដែន​ទាំង​នៅក្នុង​ប្រទេស ឆ្លងកាត់​តំបន់ និង​សកលលោក​។

លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ត្រូវ​តែ​សហការ​គ្នា​ឱ្យ​បាន​ស្អិតល្មួត​ថែមទៀត​ដើម្បី​បង្ក្រាប​បទល្មើស​ទាំងអស់​នេះ​»​។

លោក ម៉ក់ ជីតូ អគ្គស្នងការរង​នគរបាលជាតិ​ទទួល​បន្ទុក​ផែន​គ្រឿងញៀន​បាន​ថ្លែង​ពី​ម្សិលមិញ​ថា កម្ពុជា​ជា​ទីកន្លែង​ដែល​ក្រុម​ជនល្មើស​បាន​ដឹកជញ្ជូន​គ្រឿងញៀន​ចេញពី​តំបន់​ត្រីកោណមាស​នៃ​ប្រទេស​ឡាវ​យកមក​លាក់ទុក​ និង​ចែកចាយ​មួយចំនួន​នៅ​កម្ពុជា បន្ទាប់មក​ពួកគេ​នាំ​បន្ត​ទៅ​ប្រទេស​ទី​ ៣ ​ដូចជា ចិន តៃវ៉ាន់ អូស្ដ្រាលី និង​ប្រទេស​គោលដៅ​មួយចំនួន​ទៀត​។

លោក​បញ្ជាក់ថា​៖ «​ចំពោះ​ឆ្នាំ​ ២០២០ ​នេះ​ករណី​គ្រឿងញៀន​ឆ្លងដែន មាន​ការថយចុះ ប៉ុន្ដែ​រាល់​ករណី​ដែល​បង្ក្រាប​បាន​នីមួយៗ គឺ​មាន​ចំនួន​គ្រឿងញៀន​ច្រើន​គួរឱ្យ​កត់សម្គាល់​»​។

លោក​បន្តថា ទោះបី​ជា​សមត្ថកិច្ច​កម្ពុជា​មើលឃើញ​ពី​ភាពជោគជ័យ​ទាំងនេះ​ក៏ដោយ ក៏​សមត្ថកិច្ច​នៅតែ​បន្ត​ដាក់​កំហិត​ក្នុង​ការបង្ក្រាប​ការជួញដូរ​គ្រឿងញៀន​បន្ថែម​ទៀត​។ លោក​ឱ្យដឹងថា កម្ពុជា​តែងតែ​ស្នើសុំ​ការសហការ​ជាមួយ​ប្រទេស​ជិតខាង ដើម្បី​ងាយស្រួល​ក្នុង​ការបង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​។

លោក​បន្ថែមថា ប្រសិន​អាជ្ញាធរ​កម្ពុជា​អាច​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​ដែល​នាំចូល​ឆ្លងកាត់​ទៅ​ប្រទេស​ទី​ ៣ ​បាន​នោះ​ប្រទេស​ដែលជា​​គោលដៅ​នាំចូល​គ្រឿងញៀន​នោះ​នឹង​អាច​បាន​ធូរស្រាល​ពី​ទំនិញ​គ្រឿងញៀន ព្រោះ​កម្ពុជា​បាន​បង្ក្រាប​មុនពេល​នាំចូល​ទៅដល់​ប្រទេស​ទី​ ៣​។ «​ដូច្នេះ​ប្រទេស​ក្នុង​តំបន់​ត្រូវតែ​សហការ​គ្នា​បន្ថែមទៀត​ទាក់ទង​ការផ្លាស់ប្ដូរ​ព័ត៌មាន​ឱ្យ​គ្នា​ទៅវិញ​ទៅមក​»​។

លោក​ ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ (TI) ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ក្នុងនាម​សង្គម​ស៊ីវិល​លោក​លើកទឹកចិត្ត​ឱ្យ​កម្ពុជា​ចូលរួម​ធ្វើ​កិច្ចសហការ​លក្ខណៈ​តំបន់​អាស៊ាន ឬ​អន្តរជាតិ​ក្នុង​ការចូលរួម​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នានា​ជាពិសេស​ការលាង​លុយកខ្វក់ ការជួញដូរ​គ្រឿងញៀន និង​ការជួញដូរ​មនុស្ស​ជាដើម​ ​ដើម្បី​រក្សា​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​ក្នុងប្រទេស និង​តំបន់​អាស៊ាន​។

លោក​បន្តថា លោក​អំពាវនាវ​ឱ្យ​រដ្ឋ​ជា​សមាជិក​ក្នុង​អនុតំបន់​ទន្លេមេគង្គ​ត្រូវ​តែ​ធ្វើការ​រួមគ្នា​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដើម្បី​ងាយស្រួល​ជូនដំណឹង​ទាក់ទង​នឹង​ការផ្លាស់ប្ដូរ​ព័ត៌មាន​ឱ្យ​គ្នា​ទៅវិញទៅមក​បាន​ទាន់​ពេលវេលា ព្រោះ​កន្លងមក​រាល់​បទឧក្រិដ្ឋ តែងតែ​មាន​ភាព​ស្មុគស្មាញ​ក្នុង​ការស្រាវជ្រាវ និង​មាន​ការពិបាក​ក្នុង​ការធ្វើ​ការងារ​ជា​ឯកតោភាគី ខណៈ​បច្ចុប្បន្ន​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​បាន​ធ្វើឱ្យ​ឧក្រិដ្ឋជន​កាន់តែ​មាន​ឱកាស​ច្រើន​ក្នុង​ការប្រព្រឹត្ត​បទល្មើស​។

លោក ប៉ិច ពិសី បញ្ជាក់​ថា ដោយសារ​មាន​ការវាយតម្លៃ​របស់​អង្គការ​អន្តរជាតិ​មួយ គឺ​គាត់​រកឃើញ​ថា កម្ពុជា​យើង​មាន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​តំបន់​ក្ដី ឬ​កិច្ចការ​សកល​ក្ដី គឺ​នៅមាន​កម្រិត​នៅឡើយ​ ប៉ុន្ដែ​ដោយសារ​ពីមុន​កម្ពុជា​មិនទាន់​មាន​ច្បាប់​ ឬ​គោលការណ៍​គតិយុត្ត​ធ្វើជា​មូលដ្ឋាន​។ «​ដូច្នេះ​គេ​ផ្ដល់​អនុសាសន៍​ឱ្យ​យើង​បង្កើត​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម ប្រឆាំង​ការលាង​លុយកខ្វក់​ឱ្យ​ស្របតាម​គោលការណ៍​អន្តរជាតិ​ដើម្បី​មាន​ឱកាស​ចូលរួម​ជាមួយ​ប្រទេស​ក្នុង​តំបន់​ដែរ​»​។

ជាមួយ​គ្នា​នេះ​លោក ស ខេង ក៏បាន​លើកឡើង​ផងដែរ​ថា កម្ពុជា​សម្រេច​បាន​សមិទ្ធផល​លិខិតុបករណ៍​ច្បាប់​សំខាន់ៗ​មួយចំនួន​រួមមាន​ច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហាប្រល័យ និង​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។ ច្បាប់​ទាំងនេះ នឹង​ជួយ​ឱ្យ​កម្ពុជា​មាន​មូលដ្ឋាន​គតិយុត្ត​រឹងមាំ​ទទួលស្គាល់​ពី​អន្តរជាតិ​ក្នុង​ការជួយ​ពង្រឹង​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​ធនាគារ​ឱ្យ​មាន​ស្ថិរភាព ដើម្បី​ចូលរួម​ចំណែក​គាំទ្រ​កំណើនសេដ្ឋកិច្ច ព្រមទាំង​រក្សា​កេរ្តិ៍ឈ្មោះ​កម្ពុជា​លើ​ឆាក​អន្តរជាតិ និង​បញ្ជាក់​កាន់តែ​ច្បាស់​ពី​ឆន្ទៈ​របស់​កម្ពុជា​ក្នុង​ការចូលរួម​ជាមួយ​ប្រទេស​នានា​ទាំង​ក្នុង​តំបន់ និង​សកលលោក​៕