ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើឲ្យ​លោក អង្គ វង្សវឌ្ឍានា អតីតរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ធ្វើជា​ប្រធាន​គណៈកម្មការ ដឹកនាំ​មន្ត្រី​នគរបាល​ជំនាញ ដើម្បី​រៀបចំ​ព្រាង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីអំពី​អន្តោប្រវេសន៍ ព្រោះ​ខ្លឹមសារ​នៃ​ច្បាប់​នេះ​ត្រូវបាន​មើលឃើញ​ថា មិន​សមស្រប​ស្ទើរតែ​ទាំងស្រុង​សម្រាប់​ប្រើប្រាស់​ពេល​ដែល​ប្រទេស​ជាតិ​កំពុងមាន​ការអភិវឌ្ឍ នៅក្នុង​យុគសម័យកាល​ទំនើប​។

លោក ស ខេង ថ្លែង​ទៅកាន់​មន្ត្រី​ក្រោម​ឱវាទ​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ.ជ.អ.ប​) កាលពី​ថ្ងៃទី​ ១៧ ខែមិថុនា​ នេះ​ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​ថា ច្បាប់​អន្តោប្រវេសន៍​នេះ​កម្ពុជា​មាន​រួចហើយ ប៉ុន្ដែ​ត្រូវ​កែ​ច្បាប់​នេះ​ឡើងវិញ ព្រោះ​ច្បាប់​នេះ​បង្កើត​ឡើង​តាំងពី​ឆ្នាំ ១៩៩៤ មក​រហូត​មក​ដល់​បច្ចុប្បន្ន ការវិវឌ្ឍ បាន​ធ្វើឱ្យ​មាន​ការប្រែប្រួល​សេចក្ដី​នៃ​ច្បាប់​នេះ​អស់​ទៅ​ហើយ​។

លោក ស ខេង បាន​ថ្លែងថា​៖ «​កម្ពុជា​ទើបតែ​កែប្រែ​ច្បាប់​សញ្ជាតិ​ជាថ្មី​រួចរាល់​។ ប៉ុន្ដែ​ឥឡូវ​ច្បាប់​អន្តោប្រវេសន៍​មាន​ការប្រែប្រួល​វិវឌ្ឍ​ច្រើន ដូច្នេះ​ត្រូវបង្កើត​គណៈកម្មការ​មួយ​ដែល​ពេលនេះ​កំពុងតែ​រៀបចំ​ការស្នើ​បង្កើត​ដើម្បី​រៀបចំ​ច្បាប់​នេះ​ឡើងវិញ​។ ដើម្បី​នឹង​រៀបចំ​ច្បាប់​នេះ​សាជាថ្មី​។ ខ្ញុំ​ជម្រាប​ជូន​មុន​ក្នុង​ហ្នឹង ខ្ញុំ​ស្នើ​ជូន​ឯកឧត្ដម អង្គវង្សវឌ្ឍានា ជា​ប្រធាន​គណៈកម្មការ (​កែប្រែ​) ច្បាប់​អន្តោប្រវេសន៍​នេះ​»​។

លោក ស ខេង ថ្លែង​ថា​៖ «​កិច្ចការ​អន្តោប្រវេសន៍​នេះ យើង​ធ្វើ​បាន​ជោគជ័យ​ល្អ​។ ការ​ស្រង់​ស្ថិតិ​ជនបរទេស​ជាដើម​យើង​ធ្វើបាន​។ ជនបរទេស​ទាំងអស់​ដូចជា​មាន​តែ ៨ ម៉ឺន​ជាង​នាក់​ទេ​»​។

ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃទី ៨ ខែ​ឧសភា​ កន្លង​ទៅ​នេះ​ បាន​បើក​កិច្ចប្រជុំ​ក្រុមការងារ​រៀបចំ​ធ្វើ​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​នេះ​ផងដែរ ដែល​ដឹកនាំ​ដោយ​លោក សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​​ប្រធាន​ក្រុមការងារ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​នេះ និង​មាន​ការចូលរួម​ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការរង ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀតផង​ដែរ​។

យោងតាម​គេហទំព័រ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា ច្បាប់​នេះ​បង្កើតឡើង​ក្នុង​គោលបំណង ធានា​ការគ្រប់គ្រង​ជនបរទេស​គ្រប់រូប​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ដើម្បី​កំណត់​អំពី​វិធាន និង​លក្ខខណ្ឌ​សម្រាប់​អនុវត្ត​ចំពោះ​ជនបរទេស​ចេញចូល ឆ្លងកាត់ និង​ស្នាក់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាមួយ​គ្នា​នេះ ច្បាប់​នេះ​ត្រូវ​អនុវត្ត​ចំពោះ​ជនបរទេស​គ្រប់រូប​លើកលែង​តែ​ក្នុងករណី​ដែល​ត្រូវ​អនុវត្តតាម​វិធាន​នៃ​ច្បាប់​អន្តរជាតិ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ភាគី​ហត្ថលេខី​។ គួរ​បញ្ជាក់ថា ច្បាប់​ស្ដីពី​អន្តោប្រវេសន៍​ត្រូវបាន​រដ្ឋសភា ប្រកាស​ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​ ២៦ ខែ​ សីហា ឆ្នាំ​ ១៩៩៤៕