ភ្នំពេញ៖ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់សិទ្ធិនយោបាយពេញលេញឡើងវិញដល់អតីតមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិចំនួន ៧ រូប។
យោងតាមលិខិតរបស់លោក ស ខេង ដែលចុះហត្ថលេខានៅថ្ងៃទី ១៣ ខែមេសា បានលើកឡើងថា បុគ្គលចំនួន ៧ រូប ជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអតីតសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិបានដាក់សំណើមកក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញមុនកាលកំណត់របស់សាលដីកាតុលាការកំពូល។
បុគ្គលទាំង ៧ រូបនេះរួមមាន លោក យ៉ែម បុញ្ញឫទ្ធិ, លោក មុត ចន្ថា, លោក ជុំ ច័ន្ទដាវិន, លោក ទួត ឃឿន, លោក ឡាត់ លិតេយ្យ, លោក ឡុង គឹមឃន និងលោកស្រី យ៉ង់ ផាន់ណេត។
លោក ស ខេង បានបញ្ជាក់ថា ផ្អែកលើសំណើសុំខាងលើនេះ និងផ្អែកតាមបទប្បញ្ញត្តិមាត្រា ៤៥ ថ្មី (ស្ងួនមួយ) នៃច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ ព្រមទាំងតាមការពិនិត្យក្នុងរយៈពេលនៃការហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ គឺមានតែបុគ្គលឈ្មោះ យ៉ែម បុញ្ញឫទ្ធិ បានធ្វើសកម្មភាពការទូតក្នុងអំឡុងពេលដែលបានស្ថិតនៅក្រៅប្រទេស។
លោកបន្តថា ដោយឡែកសកម្មភាពនៅក្នុងប្រទេស បុគ្គលទាំង ៧ រូបនេះបានអនុវត្តន៍ខ្ជាប់ខ្លួនតាមអំណាចសាលដីការបស់តុលាការ ដោយពុំបានធ្វើសកម្មភាពពាក់ព័ន្ធនឹងនយោបាយ ឬបង្កការរំខានដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម គួរឲ្យកត់សម្គាល់ឡើយ។
លោក ស ខេង បានបន្ថែមថា៖ «អាស្រ័យហេតុនេះ ក្រសួងមហាផ្ទៃ សូមគោរពស្នើសុំគោលការណ៍អនុញ្ញាតផ្តល់នីតិសម្បទាឡើងវិញ មុនកាលកំណត់ឲ្យបុគ្គលខាងលើ ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ ចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧»៕