ភ្នំពេញៈ លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ដាក់​បញ្ចូល​នូវ​ការអប់រំ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ទៅក្នុង​កម្មវិធីសិក្សា​នៅ​ថ្នាក់​មត្តេយ្យ ដើម្បី​បណ្តុះ​គំនិត​កុមារ​តូចៗ​ឱ្យ​យល់ដឹង​ពី​ច្បាប់​ និង​ស្លាក​សញ្ញា​ចរាចរណ៍ ខណៈ​បច្ចុប្បន្ន​មាន​ការអប់រំ​ពី​ថ្នាក់បឋមសិក្សា​ឡើងទៅ​។

ថ្លែង​ក្នុង​ទិវា​អន្តរជាតិ​រំឭក​ដល់​​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​ ១៥ ​នៅ​ខេត្តកណ្ដាល​កាលពី​ម្សិលមិញ លោក ស ខេង បានស្នើ​ដល់​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ជាតិ-អន្តរជាតិ ប្រព័ន្ធ​ផ្សព្វផ្សាយ សិល្បករ សិល្បការិនី គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត ក្រុមហ៊ុន រោងចក្រ សហគ្រាស​ និង​វិស័យ​ឯកជន​ឱ្យ​បន្ត​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ហើយ​ក៏​បានស្នើ​ឱ្យ​ក្រសួង​អប់រំ​ដាក់​ការអប់រំ​ច្បាប់​នេះ​ទៅក្នុង​កម្មវិធី​​សិក្សា​ថ្នាក់​មត្តេយ្យ​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ចំណុច​នេះ​គឺ​សំខាន់​ណាស់ ដែល​កន្លងមក​យើង​បាន​បញ្ចូល​កម្មវិធី​អប់រំ​ពី​ច្បាប់​ចរាចរណ៍​ក្នុង​កម្រិត​មធ្យមសិក្សា ប៉ុន្តែ​តាម​ខ្ញុំ​គិត​មើល គឺ​គួរតែ​បញ្ចូល​តាំងពី​កម្រិត​មត្តេយ្យ​សិក្សា​ដែល​យើង​អាច​បង្រៀន​គាត់​ពី​សញ្ញា​ ឬ​គំនូស​ចរាចរណ៍​»​។

លោក​បាន​សង្កត់ធ្ងន់​ថា​៖ «​គួរឱ្យ​រៀន​ពី​ថ្នាក់​មត្តេយ្យ​ទៅ​ដើម្បី​បណ្តុះ​គំនិត​ពី​ក្មេង​ទៅ ទោះបី​ជា​នៅ​ប្រទេស​គេ​ក៏​ធ្វើ​ដូច្នេះ​ដែរ ហើយ​បន្តិចទៀត​ស្រុក​យើង ឡាន​កាន់តែ​ច្រើន ចរាចរណ៍​​កាន់តែ​ស្មុគស្មាញ​។ ដូចនេះ យើង​ត្រូវ គិត និង​មើលឃើញ​ពី​អនាគត​ពី​ទស្សនវិស័យ​ទៅខាង​មុខ​»​។

ជាមួយ​គ្នា​នេះ​លោក ស ខេង បាន​ណែនាំ​ថា ការបង្រៀន​កុមារ​តូចៗ​កម្រិត​មត្តេយ្យ​សិក្សា​នេះ​គឺ​អាច​ទិញ​ជា​គំនូស​សញ្ញា​ចរាចរណ៍​ជា​ជ័រ​ដែល​​មាន​លក់​នៅតាម​ទីផ្សារ យក​ទៅ​ដាក់​តាម​មត្តេយ្យ​សិក្សា​ដើម្បីឱ្យ​កុមារ​ទាំងនោះ​បាន​រៀន​។ ​ចំពោះមុខ​ត្រូវ​ជ្រើសរើស​តំបន់​ដែលមាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ដូចជា នៅ​តាម​ទីប្រជុំជន ​ឬ​ទីក្រុង ឯ​នៅ​តាម​ទីជនបទ មិនទាន់​រៀន​ក៏បាន​ដែរ ឬ​ចាំ​ធ្វើ​បន្តបន្ទាប់​ទៀត​ក៏បាន​។

លោក ស ខេង បាន​មានប្រសាសន៍​​ថា​៖ «​ដូចនេះ សុំ​ស្នើ​ទៅ​ក្រសួង​អប់រំ​ឱ្យធ្វើ​ការពិចារណា​លើ​រឿងនេះ​ដោយ​ចាប់ផ្តើម​ពី​ថ្នាក់​មត្តេយ្យ​ទៅ​ដែរ ​ដោយសារ​យើង​មិនអាច​មើលស្រាល​បានទេ​»​។

នៅក្នុង​ឱកាស​នៃ​ការប្រារព្ធ​ទិវា​អន្តរជាតិ​រំឭក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នេះ​លោក ស ខេង ក៏បាន​លើកឡើង​ដែរ​ថា ទិវា​នេះ​មិន​ត្រឹមតែ​ចូលរួម​រំលែក​ទុក្ខ​ដល់​ជនរងគ្រោះថ្នាក់​ចរាចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​គឺជា​ព្រឹត្តិការណ៍​ក្រើនរំឭក​ពញ្ញាក់ស្មារតី​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ឱ្យ​មាន​ការយល់ដឹង​អំពី​ហានិភ័យ​នៃ​គ្រោះថ្នាក់​​ដែល​បណ្តាល​មកពី​ការបើកបរ​ធ្វេសប្រហែស មិន​គោរព​ច្បាប់​ជាដើម​។

ឆ្លើយតប​នឹង​ការស្នើសុំ​នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្លែង​អំណរគុណ​ចំពោះ​អនុសាសន៍​របស់​លោក ស ខេង ហើយ​ថា ក្រសួង​នឹង​ពិនិត្យ​លទ្ធភាព​ជាក់ស្តែង​ក្នុង​ការឆ្លើយតប​នឹង​អនុសាសន៍​នេះ​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ ម្សិលមិញ​ថា​៖ «​ខ្ញុំ​សូម​បញ្ជាក់ជូន​ថា ទាក់ទិន​នឹង​ការអប់រំ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​និង​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួងមហាផ្ទៃ និង​អង្គការ​ជនពិការ​អន្តរជាតិ (HANDICAP INTERNATIONAL) ​ដោយ​បាន​រៀបចំ​ការអប់រំ​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ក្នុង​កម្មវិធី​សិក្សា​តាំងពី​ឆ្នាំ​ ២០០៤ ​មក​ម្ល៉េះ​​ហើយ​ក្រសួង​បាន​រៀបចំ​ជា​សៀវភៅ «​ការអប់រំ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​»​ តាំងពី​ថ្នាក់​ទី​ ១ ​ដល់ទី​ ៩ ​ដែល​យើង​បាន​បោះពុម្ពផ្សាយ​តាំងពី​ឆ្នាំ​ ២០០៦ ​មក ហើយ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ផងដែរ​»​។

លោក​បាន​បន្តថា បច្ចុប្បន្ន​ខ្លឹមសារ​​ក្នុង​សៀវភៅ​នេះ​បាន​បញ្ចូល​ពេញលេញ​ទៅក្នុង​សៀវភៅ​សិក្សា​គោល​ដែល​សិស្ស​កំពុង​រៀន​ពី​ថ្នាក់​ទី​ ១ ​ដល់​ថ្នាក់​ទី​ ៦ ​រួចហើយ​។ ចំណែក​មធ្យមសិក្សា​ពី​ថ្នាក់​ទី​ ៧ ​ដល់​ថ្នាក់​ទី​ ៩ ​គឺ​នៅ​ប្រើ​សៀវភៅ​ការអប់រំ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បន្ថែម​លើ​ខ្លឹមសារ​ដែល​បាន​បញ្ជ្រាប​ខ្លះៗ​ពីមុន​។

លោក​បាន​បន្តថា​ «​ការអប់រំ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​» ​នេះ​គឺ​មាន​ទាំង​សៀវភៅ​សិស្ស និង​សៀវភៅ​គ្រូ​ដែល​ការបណ្តុះបណ្តាល​គ្រូ​ក៏​បាន​ចប់សព្វគ្រប់​តាំងពី​ឆ្នាំ​ ២០០៩ ​មក​។

ចំណែក​ការអប់រំ​ពី​ថ្នាក់​ទី ​១០ ​ដល់​ ១២ ​ធ្វើ​ឡើងជា​វេទិកា​ផ្សព្វផ្សាយ​ដោយ​សហការ​ទាំង​ ៣ ​ភាគី​ (​ក្រសួង​អប់រំ ក្រសួងមហាផ្ទៃ និង​អង្គការ​ជនពិការ​អន្តរជាតិ​) ​ដោយ​ឯកសារ​ដែល​ប្រើ​ក្នុង​វេទិកា​មានដូចជា អនុក្រឹត្យ ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ឯកសារ​ណែនាំ​របស់​ក្រសួង និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។

បើតាម​លោក រស់ សុវាចា ថ្មីៗ​នេះ​ក្រសួង​ក៏​បាន​ចេញ​សេចក្តីណែនាំ​បន្ថែម​ ១ ​ទៀតផង​ដែរ​ ទៅលើ​ការពង្រឹង​ការអនុវត្ត​ការអប់រំ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នេះ​នៅតាម​សាលារៀន​ទូទាំង​ប្រទេស និង​បាន​ផ្សព្វផ្សាយ​រួចហើយ​ដោយ​បាន​សហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​តាមរយ:​គណៈកម្មការ​អន្តរក្រសួង​។

យោងតាម​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ​បានឱ្យ​ដឹងថា ការអនុវត្ត​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឆ្នាំ​ ២០២០ ​នៅ​ទូទាំងប្រទេស​សម្រេច​បាន​លទ្ធផល​ល្អប្រសើរ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ក្នុង​នោះបាន​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​ ៩៤២ ​លើក​ ស្មើនឹង​ ២៣ ​ភាគរយ​, កាត់បន្ថយ​អ្នកស្លាប់​ចំនួន​ ៣៣៥ ​នាក់ ស្មើ​ ១៧ ​ភាគរយ និង​អ្នករងរបួស​ថយចុះ​ចំនួន​ ១ ៤៥៥ ​នាក់ ​ស្មើ​ ២៤ ​ភាគរយ​៕