ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃលោក ស ខេង ពីម្សិលមិញបានអំពាវនាវដល់គ្រប់សាសនានៅកម្ពុជាជួយណែនាំដល់សាសនិកទាំងអស់ឲ្យជួយបញ្ជ្រាបការយល់ដឹងអំពីគ្រឿងញៀន និងជួយទប់ស្កាត់កុំឲ្យគ្រឿងញៀនរីករាលដាលដល់សាសនិក។
ការអំពាវនាវរបស់លោកធ្វើឡើងនៅពេលដែលលោកបានអញ្ជើញជាអធិបតីក្នុងពិធីបើកអង្គសិក្ខាសាលាសន្ទនាអន្ដរជំនឿសាសនាដើម្បីពង្រឹងសុខដុមនីយកម្មសាសនានៅកម្ពុជាលើកទី ៧ ក្រោមប្រធានបទ «សាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក» កាលពីថ្ងៃទី ៦ ខែធ្នូ នៅសាលសន្និសីទចតុមុខដែលមានអ្នកចូលរួមប្រមាណជាង ៨០០ អង្គ/នាក់។
លោក ស ខេង បានគូសបញ្ជាក់ថាគ្រឿងញៀនបានបង្កបញ្ហាក្នុងសង្គមកម្ពុជាជាច្រើនហើយថា បញ្ហានេះបាននិងកំពុងតែរីករាលដាល ខណៈពេលដែលរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធបាននិងកំពុងព្យាយាមដោះស្រាយ និងទប់ការរីករាលដាលនៃបញ្ហាគ្រឿងញៀននេះ។ លោកបានអំពាវនាវដល់សាសនាទាំងអស់នៅកម្ពុជាឲ្យជួយទប់ស្កាត់នៃការរីករាលដាលនៃគ្រឿងញៀនដោយសារវាអាចបង្កគ្រោះថ្នាក់ដល់អ្នកកាន់សាសនាផ្សេងៗផងដែរ។
លោកបញ្ជាក់ថា៖ «ធ្វើម៉េចកុំឲ្យគ្រឿងញៀន វារីកសាយមកក្នុងសាសនិក នៅក្នុងសាសនានីមួយៗ និងអ្នកដែលគោរពប្រតិបត្តិរៀងរាល់ថ្ងៃជាព្រះសង្ឃក្តី ជាសាសនិក សាសនាផ្សេងៗក្តី។ វាមានទំនាក់ទំនងជាមួយគ្នា ប្រសិនបើសង្គមនៅមានបញ្ហាច្រើន គ្រឿងញៀននៅរាតត្បាត និងរីកសាយពីទីក្រុងដល់ជនបទកាន់តែច្រើន មនុស្ស និងប្រជាពលរដ្ឋយើងទទួលរងគ្រោះកាន់តែច្រើន ហើយអ្នកដែលកាន់សាសនាផ្សេងក៏មិនអាចគេចផុតដែរ»។
លោកបន្ថែមថា៖ «យើងរួមចំណែកដើម្បីនឹងបញ្ជ្រាបផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទៅដល់សង្គមរបស់យើងផងដើម្បីកុំឲ្យមានថ្នាំញៀននេះ ឬក៏កាត់បន្ថយឲ្យបានជាអតិបរមា។ កត្តាសំខាន់ឲ្យមនុស្សយល់ជ្រាប និងឲ្យយល់អំពីគ្រោះថ្នាក់នៃគឿងញៀន»។
លោកបានបន្តថាអ្នកដែលជាប់ឃុំក្នុងពន្ធនាគារគឺមានចំនួនច្រើនក្នុងនោះមានអ្នកលក់ដូរ ចែកចាយគ្រឿងញៀនដែលបានបង្កឲ្យមានភាពចង្អៀតណែននៅក្នុងពន្ធនាគារ ហើយបញ្ហានេះបង្កឲ្យមានការចោទប្រកាន់ និងការរិះគន់ តែរាជរដ្ឋាភិបាល និងក្រសួងបាននិងកំពុងដោះស្រាយបញ្ហានេះ។
លោក ស ខេង បានថ្លែងទៀតថានៅតាមបណ្ដាប្រទេសមួយចំនួនដូចជាកាណាដា អូស្ត្រាលី និងតាមបណ្ដារដ្ឋខ្លះនៃសហរដ្ឋអាមេរិក ជាដើមបានធ្វើច្បាប់អនុញ្ញាតឲ្យជក់ ដាំដុះ និងលក់កញ្ឆា ដើម្បីកាត់បន្ថយការប្រើប្រាស់ និងចរាចរគ្រឿងញៀនហើយក្រសួងនឹងធ្វើការពិនិត្យ និងសិក្សាបញ្ហានេះ។
លោកបានបញ្ជាក់ថា៖ «តើវាមានហេតុផលអ្វីដែលរដ្ឋទាំងអស់នោះគេសម្រេចដូច្នេះ? យើងត្រូវសិក្សាសម្រាប់ពេលអនាគត។ ស្ទង់មួយរយៈមើល៍ហេតុអ្វីបានជាគេអនុវត្តច្បាប់ហ្នឹង ហើយតើវាបានលទ្ធផលយ៉ាងម៉េច ថាតើល្អឬមិនល្អ?»។
លោក ស ខេង ក៏បានជំរុញឲ្យមានការអនុវត្តនូវគោលនយោបាយបង្រួបបង្រួមជាតិក្នុងគោលបំណងធ្វើឲ្យគម្លាតទាំងឡាយដែលមាននៅក្នុងផ្ទៃក្នុងនៃការប្រតិបត្តិតាមឱវាទជំនឿសាសនានីមួយៗកាន់តែខិតចូលជិតគ្នា និងកាន់តែផ្សារភ្ជាប់គ្នាជាមួយការគោរពដើរតាមមាគ៌ានៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លោកបន្តថាអង្គសិក្ខាសាលានេះនឹងផ្ដល់ឱកាសសម្រាប់សមាជិក សមាជិកា នៃអង្គពិធីទាំងមូលបានពិភាក្សា ផ្លាស់ប្ដូរទស្សនៈ គំនិតយោបល់ និងចែករំលែកបទពិសោធល្អៗជាប្រយោជន៍ដើម្បីប្រមូលផ្ដុំនូវគំនិត និងវិធានការដ៏ហ្មត់ចត់ និងសមស្របតាមការវិវឌ្ឍរបស់សង្គម ដើម្បីរួមចំណែកលើកស្ទួយសុខដុមនីយកម្មក្នុងវិស័យសាសនានៅកម្ពុជា។
ជាមួយគ្នានេះលោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងបរិស័ទគ្រប់សាសនាទាំងអស់ចូលរួមផ្សព្វផ្សាយដល់សាសនិករបស់ខ្លួនអំពីគុណវិបត្តិនៃគ្រឿងញៀន និងបានជំរុញដល់ថ្នាក់ដឹកនាំ និងបរិស័ទគ្រប់សាសនាទាំងអស់ជួយទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍។
បើយោងតាមរបាយការណ៍ប្រចាំឆមាសទី ១ ឆ្នាំ ២០១៨ របស់ក្រសួងសុខាភិបាលស្តីពីការព្យាបាលអ្នកញៀនគ្រឿងញៀនទូទាំងប្រទេសបានឲ្យដឹងថាចំនួនអ្នកញៀនគ្រឿងញៀនដែលមកទទួលការព្យាបាលនៅតាមសេវាសុខាភិបាលមានចំនួន ៣២៣១ នាក់ដែលក្នុងនោះមានប្រុស ៣០១៩ នាក់ ស្រី ២១២ នាក់អ្នកញៀនប្រភេទអំហ្វេតាមីន ៣១០៨ នាក់ និងអ្នកញៀនប្រភេទហេរ៉ូអ៊ីន ១២៣ នាក់ ប៉ុន្តែកាលពីឆ្នាំ ២០១៧ ក្នុងឆមាសទី ១ មានអ្នកញៀនគ្រឿងញៀនដែលមកទទួលការព្យាបាលនៅតាមសេវាសុខាភិបាលមានចំនួនត្រឹមតែ ១៥៩៦ នាក់ប៉ុណ្ណោះ៕