
ការកកស្ទះចរាចរណ៍នៅកំណាត់ផ្លូវព្រះមុនីវង្សខាងលិចស្ពានអាកាសក្បាលថ្នល់កន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានអំពាវនាវដល់សាធារណជនឲ្យចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខ ខណៈដែលគ្រាន់តែនៅក្នុងខែមីនាកន្លងមក មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍រហូតដល់ ២០៣ នាក់។
ក្នុងនាមប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ស ខេង បានចេញលិខិតអំពាវនាវមួយចុះថ្ងៃទី ៣ ខែ មេសា ដោយបានកោតសរសើរចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ ដែលមានឆន្ទៈ ក្នុងការចូលរួមគោរព និងអនុវត្ដច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស ក្នុងពេលធ្វើចរាចរណ៍ ដែលបានរួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាតទ្រព្យសម្បត្ដិដោយគ្រោះថ្នាក់ចរាចរណ៍កន្លងទៅ។
ប៉ុន្តែទោះបីយ៉ាងណា លោកកត់សម្គាល់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែង ដែលអាចកើតឡើងភ្លាមៗ ក្នុងករណីអ្នកប្រើប្រាស់ផ្លូវមានការធ្វេសប្រហែស ឬខ្ជីខ្ជាមិនគោរពច្បាប់។
លោកបានបញ្ជាក់ថា៖ «ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំនេះ យានយន្ដធ្វើចរាចរណ៍ នឹងមានកំណើនកើនឡើងខ្ពស់ខុសប្រក្រតី ដែលអាចមានកំណើនគ្រោះថ្នាក់ចរាចរណ៍ ឬការកកស្ទះចរាចរណ៍»។
ដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនាឱកាសពិធីចូលឆ្នាំខ្មែរដែលនឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃ ១៦ ខែ មេសា លោក ស ខេង បានអំពាវនាវ ដល់សាធារណជន ជាអ្នកប្រើប្រាស់ផ្លូវ ត្រូវត្រួត ពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្រ្វាំង ភ្លើងបំភ្លឺ របស់យានយន្ដជាដើម មុននឹងធ្វើដំណើរទៅទីកន្លែងណាមួយ។
លោកថ្លែងថា៖ «សូមកុំផ្ទុកអ្នកដំណើរឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្ដដឹកអ្នកដំណើរ ឬកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្ដាកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ»។
ជាមួយគ្នានេះលោកស ខេង បញ្ជាក់ទៀតថា សាធារណជន ដែលជាអ្នកប្រើប្រាស់ផ្លូវ ដោយបើកបរទោចក្រយានយន្ដ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច និងត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរដោយរថយន្ដ និងត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យគ្នា។
លោកបន្ដថា៖ «ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងបើកបរប្រកាន់ស្ដាំជានិច្ច ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ចប្រកបដោយសីលធម៌ យោគយល់អធ្យាស្រ័យគ្នា។ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត។ មិនត្រូវបត់ ឬវ៉ាជែង ក្នុងភាពប្រថុយប្រថាន ឬធ្វេសប្រហែសឡើយ និងមិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត»។
លោកស្រី លឹម សុខជា ទីប្រឹក្សាជាន់ខ្ពស់ អង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវ គឺជាបញ្ហាមួយ ដែលត្រូវការពេលវេលាយូរអង្វែងដើម្បីដោះស្រាយ ព្រោះកំណើនយានយន្ដ និងប្រជាពលរដ្ឋមានការកើនឡើងខ្ពស់ជារៀង រាល់ថ្ងៃ។
លោកស្រីបន្ដថា៖ «ទាក់ទងនឹងការអន្ដរាគមន៍ ពីពេលនេះរហូតដល់ពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ យើងមិនអាចធ្វើតែ ១-២ សប្ដាហ៍អាចចប់រួចរាល់នោះទេ គឺត្រូវការ កែសម្រួលរចនាសម្ព័ន្ធផ្លូវថ្នល់ ការបំពាក់ភ្លើងសញ្ញា ស្លាកសញ្ញាឡើងវិញដោយទាមទាររយៈពេលយូរក្នុងការធ្វើ»។
លោកស្រីបន្ថែមថា៖ «អ៊ីចឹងអ្វីដែលយើងអាចចូលរួមដោះស្រាយបញ្ហានេះបានពេលនេះ គឺមានតែប្រជាពលរដ្ឋទាំងអស់ត្រូវមានការយោគយល់ និងស្វែងយល់ឲ្យបានច្បាស់ពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ» ។
បើតាមលោកស្រី សុខជា ក្នុងរយៈពេល ៣ ខែចុងក្រោយឆ្នាំ ២០១៩ នេះ សម្ទុះគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងខ្ពស់ហើយកំណើនយានយន្ដ មានការកើនឡើងរហូតដល់ជាង ៣០ ភាគរយផងដែរ។
លោកស្រីបានឲ្យដឹងថា ក្រុមការងាររបស់លោកស្រី ក៏នឹងមានបើកយុទ្ធនាការដ៏ធំមួយដែរ នាថ្ងៃទី ១០-១១-១២ ខែ មេសា ដោយនឹងចុះទៅតាមដងផ្លូវ ដើម្បីអប់រំដល់ក្រុមអ្នកបើកបរតាក់ស៊ីតាមចំណតឡាន។ ចំណែកថ្ងៃទី ១២ និងចុះទៅតាមផ្លូវជាតិលេខ ៤-៦ ដើម្បីសហការជាមួយប៉ូលិសចរាចរណ៍ អប់រំដល់ក្រុមអ្នកបើកបររថយន្ដធុនធំឲ្យបើកបរដោយប្រុងប្រយ័ត្ន និងគោរពច្បាប់។
តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិចេញកាលពីថ្ងៃទី ១ ខែ មេសា បានឲ្យដឹងថា នៅក្នុងរយៈពេល ៣១ ថ្ងៃនៃខែមីនាកន្លងមក មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៣៨៣ លើក បណ្ដាលឲ្យមនុស្សចំនួន ២០៣ នាក់ បានស្លាប់ (ស្រី ៣០ នាក់)។ រីឯមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់ ភាគ ច្រើន គឺមកពីបើកបរក្នុងល្បឿនលឿន មិនគោរពសិទ្ធិអ្នកដទៃ ប្រជែងគ្នា ស្រវឹង ងងុយដេក និងមកពីមូលហេតុផ្សេងៗទៀត៕