ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​អំពាវនាវ​ឱ្យ​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​បន្ត​ពង្រឹង​ប្រសិទ្ធភាព​ទៅលើ​វិធានការ​ក្នុងការ​ទប់ស្កាត់​ពិការភាព ជាពិសេស​បណ្ដាល​មកពី​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​ដែល​មាន​អ្នករបួស​អាច​លើស​ពី​ ៥ ​នាក់​ ក្នុង​ ១ ​ថ្ងៃ​។

ការអំពាវនាវ​របស់​លោក ស ខេង បាន​ធ្វើឡើង​តាមរយៈ​សុន្ទរកថា​ទៅកាន់​អង្គសន្និបាត​បូកសរុប​ការអនុវត្ត​ផែនការ​​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព ២០១៤-២០១៨ និង​ប្រកាស​ជា​ផ្លូវការ​ដាក់​ឲ្យ​​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​​ពិការភាព​ ២០១៩-២០២៣ ព្រមទាំង​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​ ២១ និង​អន្តរជាតិ​លើក​ទី​ ៣៧ ដែល​បាន​ប្រារព្ធ​នៅ​សាល​មហោស្រព​កោះពេជ្រ​កាលពី​ថ្ងៃទី​ ៣ ខែ ធ្នូ ឆ្នាំ​ ២០១៩​។

លោក ស ខេង ថ្លែងថា​៖ «​ខ្ញុំ​សូម​ធ្វើការ​អំពាវនាវ​គ្រប់​ក្រសួង ស្ថាប័ន ព្រមទាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ត្រូវ​បន្ត​ពង្រឹងពង្រីក​វិធានការ​ទប់ស្កាត់​ពិការភាព​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​​ថែមទៀត​។ កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ក្នុង​សង្គម ទប់ស្កាត់​អំពើហិង្សា គ្រោះថ្នាក់​ចរាចរណ៍​»​។

លោក ស ខេង ក៏បាន​ប្រកាស​ផងដែរ​ពី​ភាពជោគជ័យ​ដែល​រាជរដ្ឋាភិបាល​បាន​ទប់ស្កាត់​ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​រហូតដល់​ដំណាច់​ឆ្នាំ​ ២០១៩ គឺមាន​អ្នកស្លាប់​ក្នុង​រង្វង់​ពី​​ ១ ៦០០ ​នាក់​ ទៅ​ ១ ៧០០ ​នាក់​។ ដូច្នេះ​ធ្វើយ៉ាងណា​កុំឱ្យ​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ឆ្នាំ​ ២០២០ ឡើងដល់​ ៣ ០០០ ​នាក់​ ក្នុង​ ១ ​ឆ្នាំ​។

លោក ស ខេង ថ្លែងថា​៖ «​វា​អត់​ទៅដល់​ ២ ០០០ (​នាក់​) ​ផង​។ នេះ​ជា​ជោគជ័យ​របស់​យើង​មួយ​ហើយ​។ ប៉ុន្តែ​សម្រាប់​ជនពិការ វា​ច្រើន​អ្នកស្លាប់​ (​គ្រោះថ្នាក់​ចរាចរណ៍​) ជា​មធ្យម​ ៥ ​នាក់​ក្នុង​ ១ ​ថ្ងៃ​។ ​(​ប៉ុន្តែ​) ​អ្នករបួស​ប្រហែល​ជា​លើស​ហ្នឹង អ្នករបួស​ហ្នឹងហើយ​ដែល​បន្សល់ទុក​នូវ​ផលវិបាក​ផ្សេងៗ​ជា​ឧបសគ្គ​រារាំង​ដល់​ជីវិត​ដល់​សង្គម​របស់​យើង​ទាំងអស់​។ ខ្ញុំ​ឧទាហរណ៍​តែ​រឿង​ចរាចរណ៍​មួយ​ទេ​»​។

ទោះ​ជា​យ៉ាងណា​ក៏ដោយ​លោក ស ខេង ក៏បាន​អះអាង​ផងដែរ​ថា កម្ពុជា​ប្រារព្ធ​ទិវា​ជន​មាន​ពិការភាព បំណង​ដើម្បី​​រំឭក​អំពី​មហា​វិនាសកម្ម​កើតឡើង​ដោយសារ​សង្គ្រាម​ជាពិសេស​ដោយ​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត ដែល​បាន​បន្សល់ទុក​នូវ​គ្រាប់មីន និង​កាកសំណល់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​សល់​ពី​សង្គ្រាម​រាប់សែន​តោន​ដែល​ជា​សោកនាដកម្ម​មួយ​របស់​កម្ពុជា ដែល​ប្រជាជន​​កម្ពុជា​ធ្លាប់​ទទួលរង​ពី​ការទម្លាក់​គ្រាប់បែក​រាប់លាន​តោន​បាន​ធ្វើឲ្យ​របួស​ពិការ និង​ស្លាប់​។

លោក ស ខេង ថ្លែងថា​៖ «​កម្ពុជា​សម្រេច​បាន​នូវ​សុខ​សន្តិភាព​ពេញលេញ​ក្នុង​ន័យ​នេះ​រាជរដ្ឋាភិបាល​ប្ដេជ្ញា​ការពារ​ឲ្យ​បាន​នូវ​សុខសន្តិភាព​នេះ ទោះជា​ត្រូវ​ចំណាយ​តម្លៃ​ណាក៏ដោយ​ពីព្រោះ​កម្ពុជា​ស្គាល់​ហើយ​រសជាតិ វិនាសកម្ម​កើត​ពី​សង្គ្រាម​»​។

លោក ស ខេង ក៏បាន​អំពាវនាវ​ផងដែរ​ឱ្យ​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​បន្ត​យកចិត្ត​ទុកដាក់ និង​គិតគូរ​ពី​ផលប្រយោជន៍ និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ជន​មាន​ពិការភាព​ឱ្យបាន​សមស្រប​។

ទោះយ៉ាងណា​ក៏ដោយ​លោក ឯម ច័ន្ទមករា អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​កម្ពុជា​បាន​ឲ្យ​ដឹងថា ពិការភាព​មិនអាច​ទប់ស្កាត់​បាន​នោះទេ ពីព្រោះ​វា​មាន​រូបភាព​ផ្សេងៗ​គ្នា​ដែល​បណ្តាល​ឱ្យមាន​ពិការភាព​។

លោក ឯម ច័ន្ទមករា ថ្លែងថា​៖ «​ពិការភាព​ពេល​ខ្លះ​មិនមែន​បង្ការ​តែ​នៅក្នុង​ពោះ​ទេ នៅពេល​ដែល​គាត់ (​កើត​) ​ចេញ​មក ជួនកាល​បាន​ ១ ​ឆ្នាំ ២ ​ឆ្នាំ​អីហ្នឹង​ គាត់​ទៅជា​មាន​បញ្ហា​អូទីសឹម​។​ល និង​ល​។​»​។

យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ត្រីមាស​ទី​ ៣ ​ឆ្នាំ​នេះ​បាន​កើតឡើង​ចំនួន ៩៨៨ ​លើក ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៤៨៨ ​នាក់ និង​របួស ចំនួន ១ ៤៩៤ ​នាក់​៕