
លោកឧបនាយករដ្ឋមន្ត្រី ស ខេង ក្នុងពិធីនៅខេត្តបាត់ដំបងកាលពីម្សិលមិញ។ សហការី
បាត់ដំបងៈ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអះអាងថា រដ្ឋាភិបាលពុំបានធ្វើឱ្យរបបលទ្ធិប្រជាធិបតេយ្យដើរថយក្រោយដូចមតិមួយចំនួនលើកឡើងឡើយ ផ្ទុយទៅវិញ បានអនុវត្តយ៉ាងត្រឹមត្រូវតាមមូលដ្ឋានគ្រឹះនៃរបបប្រជាធិបតេយ្យ។ ប៉ុន្តែអ្នកវិភាគខ្លះយល់ថា ការលើកឡើងនេះជាការការពារខ្លួន ខណៈកម្ពុជាកំពុងប្រឈមនឹងការរិះគន់ពីអន្តរជតិ។
ថ្លែងនៅក្នុងពិធីបុណ្យព្រះយេស៊ូគ្រិស្តមានព្រះជន្មរស់ឡើងវិញដែលប្រារព្ធឡើងនៅខេត្តបាត់ដំបងកាលពីម្សិលមិញ លោក ស ខេង បានបញ្ជាក់ថាការពង្រឹងរបបលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺកំពុងមានដំណើរការទៅមុខនៅឡើយដោយលោកសំអាងថា មូលដ្ឋានគ្រឹះរបស់របបលទ្ធិប្រជាធិបតេយ្យបន្តនៅមានក្នុងប្រទេសកម្ពុជា។
បើតាមលោក ស ខេង មូលដ្ឋានគ្រឹះសំខាន់ៗនៃរបបលទ្ធិប្រជាធិបតេយ្យដែលមាននៅកម្ពុជានោះ មានដូចជា គណបក្សនយោបាយបានចុះបញ្ជីនិងកំពុងធ្វើសកម្មភាពនយោបាយមានជាង ៤០ គណបក្ស និងមិនមែនជាឯកបក្សដូចការចោទប្រកាន់ឡើយ មានអង្គការ និងសមាគមជាតិ និងអន្តរជាតិក្រៅរដ្ឋាភិបាលជាង ៥ ពាន់ស្ថាប័នដែលខ្លះបានប្រឆាំងរដ្ឋាភិបាល មានសេរីភាពពេញលេញសម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទនៅក្នុងស្រុក និងការផ្សាយព័ត៌មានចេញពីសហរដ្ឋអាមេរិកតាមរយៈវិទ្យុអាស៊ីសេរីនិងវីអូអេ រួមទាំងការផ្សាយរបស់វិទ្យុអូស្ដ្រាលី វិទ្យុបារាំង និងវិទ្យុចិន ហើយចុងក្រោយ ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំជាតិ និងមូលដ្ឋានដែលធ្វើឡើងយ៉ាងទៀងទាត់។
លោកបានបញ្ជាក់ថា៖ «នេះហើយជាប្រព័ន្ធនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ហើយនេះក៏សម្ដែងឱ្យ ឃើញពីការអនុវត្ត គោរពសិទ្ធិសេរីភាព សិទ្ធិមនុស្ស។ អ៊ីចឹង! ខ្ញុំគិតថា កម្ពុជា អាចនិយាយជាចុងក្រោយថា គ្មានផ្លូវណាក្រៅពីប្រជាធិបតេយ្យទេដែលអាចឱ្យកម្ពុជា រស់ទៅមុខបាន ដូច្នេះយើងទាំងអស់គ្នា ត្រូវប្ដេជ្ញា ដើម្បីការពារនិងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតទៀត»។
លោក មាស នី អ្នកវិភាគនយោបាយលើកឡើងថា លោកមិនភ្ញាក់ផ្អើលចំពោះការលើកឡើងរបស់លោក ស ខេង ទេ ព្រោះនេះគឺជាសិទ្ធិរបស់មន្ត្រីរដ្ឋាភិបាលដើម្បីថ្លែងការពារខ្លួនពីការរិះគន់របស់អន្តរជាតិ។ ប៉ុន្តែលោក ថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាប្រាកដជាទទួលរងផលប៉ះពាល់នៅពេលគណបក្សនយោបាយត្រូវបានគេរកឃើញថា មិនទទួលបានការធ្វើសកម្មភាពដោយសេរីភាព និងស្មើភាព។
លោកថា៖ «តាមពិតបើយើងមើលមែនទែនទៅ ក៏មិនមែនបានន័យថា ប្រជាធិបតេយ្យនៅប្រទេសយើងវាធ្លាក់ដល់លេខសូន្យនោះដែរ ប៉ុន្តែរឿងសំខាន់ត្រង់ថា នៅក្នុងរបបលទ្ធិប្រជាធិបតេយ្យ មានសូចនាករខ្លះជាសូចនាករសំខាន់ ដែលកាលណាបាត់អាហ្នឹង គេថាយើងមិនមានប្រជាធិបតេយ្យគ្រប់គ្រាន់ ហើយសូច នាករធំៗគឺទី ១ ការបំពេញតួនាទីដោយសេរីហើយសមធម៌របស់ពហុបក្សដែលដើរតួនៅក្នុងការប្រកួតប្រជែង ហើយបើកាលណាការប្រកួតប្រជែងមិនបានស្មើគ្នា មានអ្នកមានអំណាចជិះជាន់ រឹតត្បិត អ្នកអត់អំណាច ឬគណបក្សកាន់អំណាចរឹតត្បិតធ្វើបាបគណបក្សប្រឆាំង អាហ្នឹងប្រជាធិបតេយ្យត្រូវទទួលរងផល ប៉ះពាល់ហើយ»។
លោក មាស នី បន្ថែមថា ទោះជាកម្ពុជាមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានច្រើនក្ដី ប៉ុន្តែសិទ្ធិនៃការបញ្ចេញមតិនៅតែទទួលរងការរឹតត្បិតនិងគំរាមកំហែងដដែល ដូចជា មានការលួចស្ដាប់កិច្ចសន្ទនាសម្ងាត់តាមទូរស័ព្ទជាដើម។
ចំណែកលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាសង្កេតឃើញថា ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងតែធ្វើដំណើរជាវិជ្ជមាន ដោយលោកថា ពលរដ្ឋបានប្រើសិទ្ធិផ្ទាល់ខ្លួនសម្រេចលើជោគវាសនាប្រទេសជាតិជាទៀងទាត់ចាប់តាំងពីឆ្នាំ ១៩៩៣ មក។
យ៉ាងណាក្ដី លោកថា កម្ពុជាត្រូវការការលើកទឹកចិត្តបន្ថែមទៀតដើម្បីឱ្យមានលំហសេរីភាពខាងផ្នែកសារ ព័ត៌មាន និងសិទ្ធិរបស់អ្នកនយោបាយ កាន់តែទូលំទូលាយ និងល្អប្រសើរ។
លោកថា៖ «ឥឡូវយើងឃើញថា គេតែងមានការលើកឡើងពីការរឹតត្បិតសេរីភាពសារព័ត៌មានជាដើម អ៊ីចឹង រដ្ឋាភិបាលបង្កលក្ខណៈថា តើអ្វីដែលគេចាត់ទុកថា ជារឹតត្បិតវាមានមូលហេតុអី អ៊ីចឹង!យើងអាចអនុញ្ញាតឱ្យអង្គភាពទាំងអស់ហ្នឹងគាត់អាចដំណើរការជាប្រក្រតីទៅ។ យើងឃើញថា ពលរដ្ឋគាត់មានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើនយោបាយហើយតាមយន្តការច្បាប់ថ្មីៗនេះ ដូចជាបើកឱកាសឱ្យមានការផ្ដល់នីតិសម្បទាឡើងវិញដល់អ្នកនយោបាយដែលត្រូវដកហូតសិទ្ធិនយោបាយទាំងអស់នេះ ក៏សុទ្ធតែជាមូលដ្ឋានសម្រួលលំហសេរីភាពខាងនយោបាយកាន់តែទូលំទូលាយជាងមុន»។
នៅក្នុងពិធីបុណ្យសាសនាគ្រិស្តដដែល លោក ស ខេង បន្ថែមថា មានក្រុមចង់ដឹកនាំកម្លាំងដើម្បីទម្លាក់រដ្ឋាភិបាលសព្វថ្ងៃ ដោយពួកគេលើកឡើងថាជារដ្ឋាភិបាលមិនស្របច្បាប់ ប៉ុន្តែលោកស្នើសុំឱ្យអ្នកទាំងនោះ គួរអាណិតដល់ប្រទេសជាតិខ្លួន ព្រោះការប្រើកម្លាំងដណ្ដើមអំណាចនឹងរុញឱ្យកម្ពុជាដើរថយក្រោយធ្លាក់ទៅក្នុងភក់ជ្រាំវិញដូចសម័យឆ្នាំ ៧០ ហើយនេះខុសពីអ្វីដែលប្រទេសកម្ពុជាកំពុងចង់បានគឺការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនថែមទៀត។
លោក ស ខេង ក៏បានទទួលស្គាល់ដែរថា ការដឹកនាំរដ្ឋាភិបាលពិតជាមិនបានល្អឥតខ្ចោះមែន ហេតុនេះ ទើបមានការដាក់ចេញកំណែទម្រង់ជាបន្តបន្ទាប់ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែប្រសើរជាងមុន៕