
សមត្ថកិច្ចចុះត្រួតពិនិត្យម៉ូតូដែលមានសំឡេងរំខានលើសកម្រិត កាលពីពេលថ្មីៗនេះ។ រូបថត នគរបាល
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់លុបបំបាត់ការបង្កសំឡេងរំខានលើសកម្រិតដោយយានយន្ដគ្រប់ប្រភេទ និងលុបបំបាត់កន្លែងកែច្នៃបំពង់ស៊ីម៉ាំងដែលបង្កភាពរំខានដល់អារម្មណ៍ និងសិទ្ធិរស់នៅរបស់ពលរដ្ឋ ហើយបានព្រមានឱ្យចាត់វិធានការរដ្ឋបាល និងតាមផ្លូវច្បាប់ចំពោះករណីនៅតែបន្តលួចច្នៃបំពង់ស៊ីម៉ាំងល្មើសទៀត។
យោងតាមសេចក្តីណែនាំចុះហត្ថលេខាដោយលោក ស ខេង កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ បានឱ្យដឹងថា ចំពោះម៉ូតូស៊ីឡាំងតូចជាង ១២៥CC មិនត្រូវឱ្យសំឡេងលើសពី ៨៥-dB(A)។ ចំណែកស៊ីឡាំងលើសពី ១២៥CC មិនត្រូវឱ្យលើសពី ៩០ dB(A) ឡើយ។
ចំពោះរថយន្តគ្រួសារ និងរថយន្តដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣,៥ តោន មិនត្រូវឱ្យសំឡេងលើសពី 103dB(A) ទេ។ រថយន្តដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥ តោន និងមានកម្លាំងម៉ាស៊ីនមិនលើស ១៥០KW មិនត្រូវឱ្យសំឡេងលើសពី ១០៥dB(A) ផងដែរ។
ដោយឡែករថយន្តដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥ តោន និងមានកម្លាំងម៉ាស៊ីនលើសពី ១៥០xw មិនត្រូវឱ្យសំឡេងលើសពី ១០៧dB(A) ឡើយ។ រីឯរថយន្តស្ទូច និងរថយន្តបំពាក់ឧបករណ៍ពិសេសមិនត្រូវឱ្យសំឡេងលើសពី ១១០ dB(A) នោះទេ។
ជាមួយនេះដែរលោក ស ខេង ជំរុញឱ្យគណៈបញ្ជាការឯកភាពរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ចុះត្រួតពិនិត្យ និងអប់រំណែនាំដល់ម្ចាស់ទីតាំងកែច្នៃយានយន្តឱ្យបញ្ឈប់រាល់ការកែច្នៃយានយន្តខុសបច្ចេកទេស។ ក្នុងករណីបន្តលបលួចកែច្នៃត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យម៉ឺងម៉ាត់។
លោក ស ខេង បន្តថា សមត្ថកិច្ចពាក់ព័ន្ធ ពិសេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ដ ត្រូវណែនាំសមត្ថកិច្ចក្រោមឱវាទឱ្យត្រួតពិនិត្យ និងលុបបំបាត់ឱ្យបានរាល់ការប្រើប្រាស់យានយន្ដកែច្នៃបំពង់ស៊ីមុំាង ឬដោះបំពង់ស៊ីមាំង និងណែនាំដល់អ្នកបញ្ជាយានយន្ដបង្កសំឡេងរំខានដល់ពលរដ្ឋ។ រីឯការបំពេញតួនាទីភារកិច្ចត្រូវធ្វើឱ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងគ្មានការលើកលែង។
លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានថ្លែងពីម្សិលមិញថា បន្ទាប់ពីទទួលបាននូវសេចក្តីណែនាំនេះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានចាប់ផ្តើមអនុវត្តណែនាំ និងផ្សព្វផ្សាយឱ្យពលរដ្ឋបានដឹងពីវិធានការរបស់រដ្ឋបាលដោយមិនរង់ចាំយូរទេ។
លោកបានបញ្ជាក់ថា៖ «យើងមិនបានកំណត់ ១ សប្តាហ៍ ឬ ២ សប្តាហ៍នោះទេ គឺយើងចាប់ផ្តើមអនុវត្តហើយ។ បន្ទាប់ពីមានការផ្សព្វផ្សាយ និងណែនាំ ដល់ប្រជាពលរដ្ឋនៅតាមបណ្តា ឃុំសង្កាត់របស់ពួកគាត់ដែលបានរស់នៅរួចហើយ យើងនឹងមានវិធានការតាមច្បាប់ហើយ»។
លោកបានបន្ថែមថា៖ «ចំណុចទី១ ឱ្យគណៈបញ្ជាឯកភាពខណ្ឌណែនាំដល់ប្រជាពលរដ្ឋជាមុនសិន រួចហើយសមត្ថកិច្ចដឹងតែធ្វើការទេ។ បើពលរដ្ឋនៅតែមិនគោរពតាមការណែនាំទេ នឹងនាំគាត់ឱ្យមកអប់រំជាជំហានទី១ ហើយបើនៅតែ មិនគោរពតាមទេនឹងចាត់វិធានការទៅតាមច្បាប់ដែលមានចែងនៅក្នុងច្បាប់ និងលិខិតបទដ្ឋានផ្សេង»។
លោក គង់ រតនៈ នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានថ្លែងកាលពីម្សិលមិញថា ការណែនាំឱ្យលុបបំបាត់ការបង្កសំឡេងពីយានយន្តកែច្នៃគឺជារឿងល្អក្នុងការកាត់បន្ថយការរំខានដល់ពលរដ្ឋ ប៉ុន្តែវាមិនមែនជាចំណុចដែលមានហានិភ័យខ្ពស់ក្នុងការបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្តាឱ្យបាត់បង់ជីវិតនោះទេ។
លោកថា៖ «ចំពោះការកែច្នៃបំពង់ស៊ីមុំាងខុសបច្ចេកទេសនេះ ហើយបង្កឱ្យមានការរំខានដល់ពលរដ្ឋ សមត្ថកិច្ចគួរតែធ្វើត្រឹមការផ្សព្វផ្សាយ និងអប់រំពលរដ្ឋបានហើយ ព្រោះវាមិនមានច្រើនទេ...យើងគួរតែផ្តោតជាសំខាន់លើបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលប្រឈម និងហានិភ័យដែលធ្វើឱ្យពលរដ្ឋយើងស្លាប់ និងរបួសរាល់ថ្ងៃ វាប្រសើរជាង»៕
វីដេអូ៖