ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ប្រាប់​ឱ្យ​អភិបាល​រាជធានី​ខេត្ដ​រៀបចំ​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ ២០២០ និង​ត្រូវ​បញ្ចូល​សមិទ្ធផល និង​បញ្ហា​ប្រឈម​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន និង​កម្មវិធី​លម្អិត​ឯកសារ​ពាក់ព័ន្ធ​ទៅក្នុង​របាយការណ៍​ផ្ញើមក​ក្រសួង​មហាផ្ទៃ​ឱ្យបាន​មុន​ដំណាច់​ខែមករា​នេះ​ជា​កំណត់​។

យោងតាម​លិខិត​របស់​លោក​ ស ខេង ស្ដីពី​ការរៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ ២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២១ របស់​រដ្ឋបាល​រាជធានី​ខេត្ដ និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ចុះ​ថ្ងៃទី​ ១១ ខែ​មករា​នេះ​ បាន​ប្រាប់​ទៅ​រដ្ឋបាល​រាជធានី​ខេត្ត ត្រូវ​ធ្វើការ​រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ ២០២០ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​ ២០២១ ដើម្បី​ឆ្លុះបញ្ចាំង​ពី​សមិទ្ធផល​នៃ​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​របស់ខ្លួន​។

លោក ស ខេង ថ្លែងថា​៖ «​រដ្ឋបាល​រាជធានី​ខេត្ត​ត្រូវ​រៀបចំ​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ ២០២០​ និង​ត្រូវ​បញ្ចូល​សមិទ្ធផល និង​បញ្ហា​ប្រឈម​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ទៅក្នុង​របាយការណ៍​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​របស់ខ្លួន​ កម្មវិធី​លម្អិត និង​ឯកសារ​ពាក់ព័ន្ធ រួច​ផ្ញើជូន​មក​នាយកដ្ឋាន​កិច្ចការរដ្ឋបាល​រាជធានី ខណ្ឌ និង​ខេត្ត នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួង​មហាផ្ទៃ​ឱ្យបាន​មុន​ដំណាច់​ខែមករា ឆ្នាំ​ ២០២១ ​ជា​កំណត់​»​។

បើ​តាម​លិខិត​របស់​លោក ស ខេង នៅក្នុង​អំឡុងពេល​នៃ​ការរៀបចំ​ពិធី​សន្និបាត រដ្ឋបាល​រាជធានី ខេត្ត ត្រូវអនុវត្ត​នូវ​វិធានការ ការពារ​ជំងឺ​កូវីដ​ ១៩ ​ឱ្យបាន​ហ្មត់ចត់​ស្របតាម​គោលការណ៍​ណែនាំ​លេខ​ ២២៤ ចុះ​ថ្ងៃទី​ ១០ ខែវិច្ឆិកា ឆ្នាំ​ ២០២០ របស់​ក្រសួង​សុខាភិបាល​ស្តីពី​ការអនុវត្ត​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល​ដើម្បី​បង្ការ និង​ទប់ស្កាត់​ការចម្លង​វីរុស​កូវីដ​ ១៩ នៅ​កម្ពុជា និង​គោលការណ៍​ណែនាំ​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

យោងតាម​លិខិត​ដដែល​បានឱ្យដឹងថា រាជរដ្ឋាភិបាល​បាន​បង្កើត​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី ខេត្ត ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤ សំដៅ​ពង្រឹង​ការផ្តល់​សេវា​សាធារណៈ​នានា​ជូន​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ក្នុង​មូលដ្ឋាន​រាជធានី​ខេត្ត​ប្រកប​ដោយ​គុណភាព ប្រសិទ្ធភាព និង​បរិយាប័ន្ន​។

លោក ស ខេង ក៏បាន​ប្រាប់​ឱ្យ​រដ្ឋបាល​រាជធានី​ខេត្ត​ត្រូវ​ធ្វើការ​អញ្ជើញ និង​សម្របសម្រួល​ដោយផ្ទាល់​ជាមួយ​នឹង​ប្រធាន អនុប្រធាន និង​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី​ខេត្ត ដើម្បី​អញ្ជើញ​ជា​អធិបតី និង​ចូលរួម​ក្នុង​ពិធី​សន្និបាត​។ រដ្ឋបាល​រាជធានី-ខេត្ត​ត្រូវធ្វើ​ការពិភាក្សា និង​បូកសរុប​លទ្ធផល​ការងារ​ប្រឡង​ប្រណាំង​អនុវត្ត គោលនយោបាយ «​ភូមិ ឃុំ មាន​សុវត្ថិភាព​» ទៅក្នុង​របៀបវារៈ​នៃ​ពិធី​សន្និបាត​របស់ខ្លួន​ផងដែរ​។

លោក ម៉ែន គុង អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ស្ទឹងត្រែង​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ចំពោះមុខ​រដ្ឋបាលខេត្ត​បាន​បូកសរុប​របាយការណ៍​នៃ​ការ​អនុវត្ដ​ការងារ​សម្រាប់​ឆ្នាំ​ ២០២០ ​បាន​រួចរាល់​ហើយ​។

លោក​ថ្លែងថា​៖ «​ការ​បូកសរុប​ការងារ​ឆ្នាំ​ ២០២០ ​យើង​បានធ្វើ​រួចរាល់​ហើយ​គ្រាន់តែ​របាយការណ៍​នេះ​មាន​ចំនួន​ច្រើន យើង​នឹងធ្វើ​របាយការណ៍​សង្ខេប​ខ្លី​បន្ថែមទៀត​នៅពេល​ខាងមុខ​»​។

លោក ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ថ្លែង​ពី​ម្សិលមិញ​ដែរ​ថា ជា​គោលការណ៍​ក្រោយពេល​រដ្ឋបាលខេត្ដ​ទទួល​បាន​លិខិត​ពី​ក្រសួងមហាផ្ទៃ រដ្ឋបាល​ខេត្ដ​នឹង​ចាត់ចែង​រៀបចំ​អនុវត្ដ​ធ្វើ​ទៅតាម​ការណែនាំ​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​មុននឹង​រៀបចំ​សន្និសីទ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០២០ យើង​នឹង​រៀបចំ​ប្រជុំ​បូកសរុប​ជាមួយ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​នៅ​ថ្នាក់​ខេត្ដ​ម្ដងទៀត​»​។

លោកស្រី ជៀប សុធារី មន្ដ្រី​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ដ​ព្រះសីហនុ​បាន​លើកឡើងថា ក្នុង​ឆ្នាំ​ ២០២០ សង្គម​ស៊ីវិល​នៅ​ខេត្ដ​ព្រះសីហនុ ទទួល​បាន​ការ​សហការ​ល្អ​ពី​រដ្ឋបាល​ខេត្ដ​។ រដ្ឋបាល​ខេត្ដ​មិនបាន​រឹតត្បិត​ចំពោះ​កិច្ចប្រជុំ​ពិភាក្សា​នានា​ដែល​រៀបចំឡើង​ដោយ​សង្គម​ស៊ីវិល​នោះទេ​។ ប៉ុន្ដែ​បញ្ហា​ដែល​កើតមាន​ច្រើន គឺ​ទាក់ទង​ទៅនឹង​វិវាទ​ដីធ្លី​ដែល​រដ្ឋបាល​ខេត្ដ​មិនទាន់​អនុវត្ដ​បានល្អ តាម​ការណែនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​តែង​ប្រាប់​មិនឱ្យ​ចាប់​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​។

លោកស្រី​ថា​៖ «​តាម​ប្រសាសន៍​របស់​សម្ដេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន គាត់​ប្រាប់​ឱ្យ​រដ្ឋបាល​ខេត្ដ ត្រូវ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​នៅ​មូលដ្ឋាន​ដោយ​ភាពទន់ភ្លន់ និង​មិនត្រូវ​ចាប់​ឃាត់ខ្លួន​ពលរដ្ឋ​ទេ​។ ប៉ុន្ដែ​នៅ​ខេត្ដ​ព្រះសីហនុ​គឺ ប្រើប្រាស់​នីតិ​វិធីតុលាការ​ឃាត់​ខ្លួន​ប្រជាពលរដ្ឋ ចំពោះ​ករណី​វិវាទ​ដីធ្លី ពិសេស​ក្នុង​ឆ្នាំ​ ២០២០៕