
លោកឧបនាយករដ្ឋមន្ត្រី ស ខេង នៅខេត្តព្រះសីហនុកាលពីថ្ងៃចន្ទ។ ហ្វេសប៊ុក
ព្រះសីហនុៈ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានជំរុញឲ្យអភិបាលខេត្ដព្រះសីហនុស្ដាប់មតិពីអង្គការសង្គមស៊ីវិលនិងពលរដ្ឋហើយត្រូវបង្កើតក្រុមការងារចាំទទួលសំណើនិងដោះស្រាយបញ្ហាអចិន្រៃ្តយ៍ជាមួយអង្គការសង្គមស៊ីវិលក៏ដូចជាពលរដ្ឋ។
ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងពិធីប្រកាសតែងតាំងប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តព្រះសីហនុ កាលថ្ងៃទី ១៨ ខែ មីនា នៅខេត្ដព្រះសីហនុ។
លោកបានថ្លែងថា៖ «ខ្ញុំគិតថា វេទិកាសាធារណៈនេះពិតជាមានប្រយោជន៍ណាស់ យើងស្ដាប់មតិយោបល់របស់ប្រជាពលរដ្ឋ វាអាចមានអ្នកមួយចំនួនលើកឡើងនូវមតិក្នុងន័យមានចរិតនយោបាយ ប៉ុន្ដែប្រជាជនភាគច្រើន ខ្ញុំជឿថា ពួកគាត់លើកឡើងនូវបញ្ហាពិត បញ្ហាជាក់ស្ដែង រឿងនោះដែលយើងត្រូវយកចិត្ដទុកដាក់»។
លោកបានបន្ថែមថា ចំពោះអ្នកលើកនូវមតិមានចរិតនយោបាយក៏ត្រូវបកស្រាយតាមនោះដែរ ប៉ុន្ដែត្រូវយកចិត្ដទុកដាក់ដល់មតិប្រជាជនជាក់ស្ដែងដែលគាត់ជួបប្រទះ។ មានដូចជា បញ្ហាខ្វះទឹក ខ្វះភ្លើង ខ្វះយុត្ដិធម៌ អំពើលួចប្លន់គ្រឿងញៀន នៅមូលដ្ឋាន ឬក៏បញ្ហាផ្សេងៗទៀតជាដើម។
លោក ស ខេង បានបញ្ជាក់ថា៖ «ថ្ងៃមុននេះ ខ្ញុំបានផ្ដល់មតិដល់ ឯកឧត្ដម យន្ដ មីន ដើម្បីជួបប្រជុំជាមួយអង្គការមិនមែនរដ្ឋាភិបាល។ជាវេទិកាមួយដែរ ពីព្រោះនៅថ្នាក់ជាតិយើងបានកំណត់ហើយៗយើងបានធ្វើ ២ ដងហើយ។ មានក្រុមការងារមួយដើម្បីនឹងចាំទទួលសំណើសំណូមពរនិងដោះស្រាយបញ្ហាជាអចិន្រៃ្តយ៍ជាមួយអង្គការសង្គមស៊ីវិល (NGO)»។
លោកបានកត់សម្គាល់ថា ការធ្វើបែបនេះ អាចកាត់បន្ថយបញ្ហាប្រឈមបានពិសេសចំពោះបញ្ហាមិនយល់គ្នារវាងអាជ្ញាធរនិងអង្គការសង្គមស៊ីវិលក៏ដូចជាប្រជាពលរដ្ឋ។
លោកបានបន្ថែមថា៖ «បើកាលណាយើងគ្រាន់តែឮ គ្រាន់តែស្ដាប់ ហើយស្រែកចុះឡើង ដោយមិនយល់គ្នា វាដោះស្រាយបញ្ហាអត់បានទេ។ របបយើងនេះជារបបមួយ សុខចិត្ដទទួលយកមតិផ្ទុយ។មតិរបស់ប្រជាជនដែលមិនស្របជាមួយនឹងការគិតគូររបស់យើងឬក៏មិនស្របនឹងគោលនយោបាយរបស់យើងៗសុខចិត្ដយកមតិផ្ទុយទៅ ដើម្បីយកមកត្រិះរិះពិចារណា ជួនអីមតិគេវាត្រូវហើយគំនិតរបស់យើងវាមិនត្រូវ...»។
ដោយបានរំឭកពីជំនួបរវាងអង្គការសង្គមស៊ីវិលជាង ១០ ជាមួយអភិបាលខេត្ដព្រះសីហនុកន្លងទៅ លោក ស ខេង បានលើកឡើងថា មានអង្គការខ្លះមានមតិបែបនយោបាយបន្ដិច ប៉ុន្ដែជារឿងធម្មតាទេ ពីព្រោះមតិភាគច្រើនគឺជាមតិល្អ ហើយលោកបានជំរុញឲ្យបង្កើតក្រុមការងារទទួលសំណើដើម្បីដោះស្រាយបញ្ហាប្រឈម។
លោកបន្ដថា៖ «អ៊ីចឹង សូមឲ្យធ្វើតទៅទៀត ហើយបង្កើតក្រុមការងារ។ អាហ្នឹងបានណែនាំហើយ ឲ្យបង្កើតនៅសាលាខេត្ដហ្នឹង។ ឲ្យមានមន្ដ្រីនៅសាលាខេត្ដហ្នឹងម្នាក់ឬ ២ នាក់ ឬ ៣ នាក់ ដើម្បីទទួលធ្វើការងារហ្នឹងបន្ថែម លើការងារដទៃទៀត»។
តាមរយៈក្រុមការងារនេះ លោក ស ខេង បង្ហាញថា៖ «អង្គការក្រៅរដ្ឋាភិបាលមានបញ្ហាអីគាត់មានបណ្ដាញទំនាក់ទំនង កុំឲ្យមានបញ្ហាអី ចេះតែស្រែកសាធារណៈ អាហ្នឹងពិបាក។នេះជាពិសោធន៍ ដែលយើងបានឆ្លងកាត់មកឃើញអ៊ីចឹង»។
យ៉ាងណាក្ដី លោក ស ខេង បានរំឭកថា ការបង្កើតក្រុមការងារនេះមិនមែនបានន័យថា ឲ្យមកបំពានច្បាប់ទេ ប៉ុន្ដែដើម្បីបង្កលក្ខណៈឲ្យអង្គការសង្គមស៊ីវិលក្លាយជាតួអង្គមួយ ជាដៃគូជាមួយរដ្ឋាភិបាល ពីព្រោះនៅក្នុងច្បាប់កម្ពុជាបានកំណត់បែបនេះ។
លោកបានបញ្ជាក់ទៀតថា៖ «សង្គមស៊ីវិលយករដ្ឋាភិបាលជាដៃគូ យើងក៏យកសង្គមស៊ីវិលជាដៃគូរាជរដ្ឋាភិបាល ច្បាប់យើងបាននិយាយអ៊ីចឹង»។
ទាក់ទងនឹងការបើកវេទិកា របស់ NGO លោក ស ខេង បានចាត់ទុកថា មានសារៈសំខាន់ណាស់ ដោយលោកបានស្នើឲ្យអាជ្ញាធរយកចិត្ដទុកដាក់ធ្វើនៅគ្រប់កន្លែងដើម្បីស្ដាប់មតិយោបល់របស់ពលរដ្ឋដើម្បីប្រមូលមកធ្វើសំយោគយកធ្វើជាកម្មវិធីនយោបាយ។
លោកថា៖ «កាលណាយើងអង្គុយក្នុងបន្ទប់សរសេរកម្មវិធីនយោបាយ វាមិនត្រូវទេ វាមិនស្របនឹងបំណងប្រាថ្នារបស់ពលរដ្ឋទេ ព្រោះរបបយើងរបបប្រជាធិបតេយ្យសេរីពហុបក្ស។ ដូច្នេះធ្វើអីគឺត្រូវស្ដាប់ប្រជាជន ប្រជាជនយើងចង់បានអីយើងបំពេញតាមនុ៎ង»។
លោក ស៊ិង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) ចាត់ទុកថា ការលើកឡើងរបស់លោក ស ខេង ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាលគឺជាការត្រឹមត្រូវ និងជាអ្វីដែលថ្នាក់ដឹកនាំប្រទេសគួរធ្វើ ខណៈកន្លងមកមិនសូវឃើញមានការលើកឡើងបែបនេះ។
លោកបានបន្ដថា៖ «កន្លងមកយើងកម្រឃើញមានការយកចិត្ដទុកដាក់អ៊ីចឹងណាស់.។ ឃើញថា មួយរយៈកាលនេះ មានការយកចិត្ដទុកដាក់ រហូតដល់មានការចុះទៅដល់មូលដ្ឋានផ្ទាល់ថែមទៀត»។
ទោះជាយ៉ាងណា លោកបានកត់សម្គាល់ថា កន្លងមកទោះបីមានប្រសាសន៍ពីលោក ស ខេង ក្ដី ក៏ក្រុមអាជ្ញាធរនៅមូលដ្ឋានខ្លះដូចជាមិនបានគោរពតាមទេ។
លោកថា៖ «ដូច្នេះប្រហែលសម្ដេចលោកមានការព្រួយបាម្ភចំពោះកិច្ចការងារទាំងអស់នេះបានជាលោកចុះទៅពង្រឹងផ្ទាល់ដើម្បីឲ្យអ្នកអនុវត្ដផ្ទាល់នៅមូលដ្ឋានទទួលស្គាល់នូវកិច្ចការងាររបស់អង្គការសង្គមស៊ីវិលដែលជាដៃគូរបស់រាជរដ្ឋាភិបាលនេះ»។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មិនអាចសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ ដោយអ្នកទទួលទូរស័ព្ទបញ្ជាក់ប្រាប់ថា លោកជាប់រវល់ប្រជុំ៕